Monday, December 19, 2016

អាជ្ញាធរជាតិអប្សរា​ក្រើន​រំឭក​ប្រជាពល​រដ្ឋក្នុង​ឧទ្យាន​អង្គរ​​ឱ្យរួម​គ្នា​ប្រើ​ប្រាស់​ទឹក​មាន​សុវត្ថិ​ភាព

“ទឹកដែលគ្រាន់តែថ្លា គ្មានក្លិន គ្មានពណ៌ ដែលប្រជាពលរដ្ឋខ្លះគ្រាន់តែដងពីអណ្តូងមកភ្លាមៗនោះ មិនទាន់ចាត់ទុកថាជាទឹកមានសុវត្ថិភាពទេ ពោលគឺ មិនទាន់អាចបរិភោគបាននៅឡើយ។ ការបរិភោគទឹកដែលគ្មានសុវត្ថិភាពបែបនេះ នឹងបណ្តាលឱ្យមានជំងឺជាប់ខ្លួន រ៉ាំរ៉ៃ ខាតបង់ទ្រព្យសម្បត្តិជាមិនខាន។ ត្រូវរួមគ្នាបរិភោគទឹកដែលមានសុវត្ថិភាព ដោយការដាំឲ្យឆ្អិន ឬដោយចម្រោះត្រឹមត្រូវ”។ នេះជាសារដ៏មានន័យ ដែលមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានក្រើនរំឭកដល់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងបទបង្ហាញទៅកាន់ប្រជាពលរដ្ឋភូមិរហាល និងភូមិស្រះស្រង់ខាងជើង ក្នុងកម្មវិធីផ្សព្វផ្សាយអំពី “វិធីសាស្រ្តបន្សុទ្ធទឹក នឹងរក្សាទឹកឱ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ” លោក មាន់ ផានិត ដែលជាគ្រូបង្គោលនៃកម្មវិធីនេះលើកឡើងថា ការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពត្រឹមត្រូវនឹងជំរុញឱ្យមានជំងឺរាករូស ចុះក្អួត រ៉ាំរ៉ៃ នឹងរហូតដល់ជំងឺមហារីកទៀតផង ជាពិសេស ចំពោះកូនក្មេង និងមនុស្សចាស់។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាប្រើប្រាស់ទឹកដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីសុខភាព សេចក្តីសុខក្នុងគ្រួសារទាំងមូល។

គ្រូបង្គោលរូបនេះបន្ថែមថា ដើម្បីឱ្យទឹកមានសុវត្ថិភាពត្រឹមត្រូវ គេត្រូវធ្វើវិធីបន្សុទ្ធទឹក រក្សាទឹកទុកឱ្យបានត្រឹមត្រូវ។ វិធីបន្សុទ្ធទឹកគេអាចធ្វើតាមរយៈការដាំទឹកឱ្យពុះរយៈពេល១នាទីទៅ៥នាទី ឬអាចច្រកដបទៅហាលកម្តៅថ្ងៃឱ្យបាន៦ម៉ោងយ៉ាងតិចទើបអាចប្រើប្រាស់បាន។ ក្រៅពីនេះ គេអាចប្រើប្រាស់ទឹកមានសុវត្ថិភាពបានតាមរយៈការប្រើប្រាស់ធុងចម្រោះទឹកត្រឹមត្រូវ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយអំពី វិធីសាស្រ្តបន្សុទ្ធទឹក នឹងរក្សាទឹកឱ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក នឹងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង។ បច្ចុប្បន្ន គម្រោងនេះកំពុងតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ ហើយគ្រោងនឹងបន្តទៅកាន់ភូមិដទៃទៀតរហូតគ្រប់ទាំង១១២ភូមិក្នុងឧទ្យាន­­អង្គរទាំងមូល៕








ប្រធានរដ្ឋសភា ជាតិកម្ពុជា និងទូតប្រទេស អាល្លឺម៉ង់ រំពឹងថា នឹងមានកិច្ច សហប្រតិបត្តិការ កាន់តែល្អថែមទៀត

ប្រធានរដ្ឋសភាជាតិកម្ពុជា លោក ហេង សំរិន និងលោកបណ្ឌិត អិនហ្គូ កាស្តិន( Ingo Karsten) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចំានៅកម្ពុជា បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងអាល្លឺម៉ង់ នឹងមានការរីកចម្រើនជាលំដាប់។
សុទិដ្ឋិនិយមបែបនេះ បានលើកឡើងក្នុងឱកាសដែលប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អិនហ្គូ កាស្តិន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
លោកឯកអគ្គរដ្ឋទូត មានសង្ឃឹមថានៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ និងបានជួបសម្តែងការគួរសម និងសវនការជាមួយប្រធានរដ្ឋសភាជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីព្រោះថាលោកជាឥស្សរជនសំខាន់នៅកម្ពុជា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជារហូតមក។
លោក ហេង សំរិន បានអបអរសាទរ និងស្វាគមន៍ចំពោះលោកបណ្ឌិត អិនហ្គូ កាស្តិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តពង្រឹងពង្រីក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យកាន់តែរឹងមំា ខ្លាំងក្លាទ្វេដងថែមទៀត។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ, កំណែទម្រង់ដីធ្លី, ធនធានមនុស្ស, សុខាភិបាល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។
លោកក៏បានលើកឡើងដែរថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរកន្លងមក ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការរបស់ខ្លួននៅកម្ពុជា ដែលមានមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ GIZ ជាដើម បានផ្តល់ជំនួយជាបច្ចេកទេស និងសម្ភារៈក្នុងការពង្រឹងសមត្ថភាពសមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តបន្ទាប់។
ជាមួយគ្នានេះលោកបានបន្តរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ
គណៈប្រតិភូសភាសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់មួយក្រុម ដែលមានសមាសភាពចូលរួម គ្រប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីចុងទស្សវត្សទី៦០មកម្ល៉េះ។ លោកបណ្ឌិត អិនហ្គូ កាស្តិន បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់លោក នៅកម្ពុជានាពេលនេះ លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យរឹងមាំឡើងថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានទំាងទំនាក់ទំនងការទូត, នយោបាយ, ពាណិជ្ជកម្ម និងវប្បធម៌ផង។
ចំពោះទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរវិញ លោករំពឹងថា ក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរនឹងបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាបន្ថែមទៀត។
ជាចុងបញ្ចប់ ទំាងប្រធានរដ្ឋសភាកម្ពុជា និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាងទំនងដ៏ល្អនៃប្រទេសទំាងពីរ និងមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕


កម្ពុជា​ធ្វើបត្យាប័ន​នាំខ្លួន​ជនសង្ស័យ​ពីវៀត​ណាម​មក​ទទួល​ទោសក្នុង​រឿង​ធ្វើ​ទារុណ​កម្ម​កុមារ​អាយុ​ពីរ​ឆ្នាំ នៅ​មណ្ឌលគីរី

ភ្នំពេញ៖ កម្ពុជានឹងជម្រុញឱ្យមានការបើកសវនាការកាត់ក្តីជនវៀតណាមក្នុងរឿងធ្វើទារុណកម្មមកលើកុមារអាយុពីរឆ្នាំ បន្ទាប់ពីភាគីវៀតណាមនៅតែមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជាសុំធ្វើបត្យាប័នជនសង្ស័យនោះ នេះជាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់នគរបាលម្នាក់។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ជាជម្រើសចុងក្រោយនឹងបញ្ជូនសាលក្រមកាត់ក្តីនោះទៅវៀតណាមឱ្យបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) មកទទួលទោសចំពោះអំពើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តទៅលើកុមារអាយុពីរឆ្នាំនៅខេត្តមណ្ឌលគីរី ។
លោក ម៉ក់ ជីតូ បានឱ្យដឹងថា កម្ពុជាបានព្យាយាមធ្វើបត្យាប័នជនសង្ស័យវៀតណាមរូបនេះជិតពីរសប្ដាហ៍មកហើយ ដោយមានទាំងការចរចាផ្ទាល់មាត់ និងការដាក់សំណើជាលាយលក្ខអក្សរផង ប៉ុន្តែភាគីវៀតណាមនៅតែមិនទាន់ឆ្លើយតបជាវិជ្ជមានមកកម្ពុជានៅឡើយ។ លោក ម៉ក់ ជីតូ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា លោក នេត សាវឿន បានបញ្ជូនលិខិតថ្មីដោយផ្ទាល់មួយទៀតទៅកាន់មេបញ្ជាសន្តិសុខវៀតណាមក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្នើសុំជនសង្ស័យវៀតណាមរូបនេះមកកាត់ក្តីតាមច្បាប់នៅកម្ពុជា ប៉ុន្តែភាគីវៀតណាមមិនទាន់ឆ្លើយតបតាមសំណើរបស់កម្ពុជាដដែល។
លោកបានមានប្រសាសន៍ថែមទៀតថា« យើងនឹងមាននីតិវិធីចុងក្រោយមួយទៀត គឺនឹងបើកការកាត់ទោសតាមច្បាប់កម្ពុជា ហើយបញ្ជូនសាលក្រមកាត់ទោសនេះទៅវៀតណាម បើសិនជាវៀតណាមនៅតែមិនព្រមតាមសំណើ »។
សូមរំលឹកផងដែរថា ជនសង្ស័យវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង ដែលត្រូវបានសមត្ថកិច្ច   វៀតណាមចាប់ខ្លួននេះក្រោយពីមានវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសកម្មភាពធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំ  នៅខេត្តមណ្ឌលគីរី៕


លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតី កិច្ច​ប្រជុំ​ស្តី​ពី​វឌ្ឍនភាពរបស់គណៈចលនាមហាជន

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះដែរលោកស្រី ក៏បានកោតសរសើរដល់ស្មារតី និងការប្តេជ្ញារបស់ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃគណៈចលនាស្ត្រី គណៈចលនាអង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ គណៈចលនាសហជីព និងគណៈចលនាយុវជន បានខិតខំបំពេញការងារសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់កន្លងមក ។
លោកស្រីក៏បានមានប្រសាសន៍ថា ការងារមហាជនគឺមានសារៈសំខាន់ណាស់ វាគឺជាចំណងយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ និងមហាជន។ ជាពិសេស យើងទាំងអស់គ្នាត្រូវបន្តផ្សព្វផ្សាយនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ត្រូវផ្សព្វផ្សាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាលបាន សម្រេចកន្លងមក និងភាពជោគជ័យរបស់រាជរដ្ឋាភិបាល នៅលើឆាកអន្តរជាតិ រួមទាំង សកម្មភាព ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចុះតាមបណ្តាខេត្ត ក្រុង កន្លងមក ដើម្បីស្តាប់នូវការលំបាក និងសំណូមពរ ហើយបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕