Monday, December 19, 2016

កម្ពុជា​ធ្វើបត្យាប័ន​នាំខ្លួន​ជនសង្ស័យ​ពីវៀត​ណាម​មក​ទទួល​ទោសក្នុង​រឿង​ធ្វើ​ទារុណ​កម្ម​កុមារ​អាយុ​ពីរ​ឆ្នាំ នៅ​មណ្ឌលគីរី

ភ្នំពេញ៖ កម្ពុជានឹងជម្រុញឱ្យមានការបើកសវនាការកាត់ក្តីជនវៀតណាមក្នុងរឿងធ្វើទារុណកម្មមកលើកុមារអាយុពីរឆ្នាំ បន្ទាប់ពីភាគីវៀតណាមនៅតែមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជាសុំធ្វើបត្យាប័នជនសង្ស័យនោះ នេះជាការលើកឡើង របស់មន្ត្រីជាន់ខ្ពស់នគរបាលម្នាក់។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ជាជម្រើសចុងក្រោយនឹងបញ្ជូនសាលក្រមកាត់ក្តីនោះទៅវៀតណាមឱ្យបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) មកទទួលទោសចំពោះអំពើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តទៅលើកុមារអាយុពីរឆ្នាំនៅខេត្តមណ្ឌលគីរី ។
លោក ម៉ក់ ជីតូ បានឱ្យដឹងថា កម្ពុជាបានព្យាយាមធ្វើបត្យាប័នជនសង្ស័យវៀតណាមរូបនេះជិតពីរសប្ដាហ៍មកហើយ ដោយមានទាំងការចរចាផ្ទាល់មាត់ និងការដាក់សំណើជាលាយលក្ខអក្សរផង ប៉ុន្តែភាគីវៀតណាមនៅតែមិនទាន់ឆ្លើយតបជាវិជ្ជមានមកកម្ពុជានៅឡើយ។ លោក ម៉ក់ ជីតូ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា លោក នេត សាវឿន បានបញ្ជូនលិខិតថ្មីដោយផ្ទាល់មួយទៀតទៅកាន់មេបញ្ជាសន្តិសុខវៀតណាមក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្នើសុំជនសង្ស័យវៀតណាមរូបនេះមកកាត់ក្តីតាមច្បាប់នៅកម្ពុជា ប៉ុន្តែភាគីវៀតណាមមិនទាន់ឆ្លើយតបតាមសំណើរបស់កម្ពុជាដដែល។
លោកបានមានប្រសាសន៍ថែមទៀតថា« យើងនឹងមាននីតិវិធីចុងក្រោយមួយទៀត គឺនឹងបើកការកាត់ទោសតាមច្បាប់កម្ពុជា ហើយបញ្ជូនសាលក្រមកាត់ទោសនេះទៅវៀតណាម បើសិនជាវៀតណាមនៅតែមិនព្រមតាមសំណើ »។
សូមរំលឹកផងដែរថា ជនសង្ស័យវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង ដែលត្រូវបានសមត្ថកិច្ច   វៀតណាមចាប់ខ្លួននេះក្រោយពីមានវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសកម្មភាពធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំ  នៅខេត្តមណ្ឌលគីរី៕


No comments:

Post a Comment