Monday, June 26, 2017

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និទានរឿង​ «មន្រ្តីគ្រាប់ល្ពៅ»​ ជាគតិ​បណ្ឌិត​សម្រាប់​មន្រ្តី​ដែល​នឹងចេញទៅ​បម្រើការងារ​ជូនជាតិ​ និង​ប្រជាពលរដ្ឋ​

នៅ​ព្រឹក​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២​០១៧នេះ លោកនាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន បាននិទានរឿង​ «មន្រ្តីគ្រាប់ល្ពៅ» ជា​គតិ​សម្រាប់​មន្រ្តីដែលនឹងចេញ​ទៅបម្រើការងារ​ជូនជាតិ​ និង​ប្រជាពលរដ្ឋ។​ លោក​ បាន​ថ្លែងដូចនេះ​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រឿងនិទាននេះ គឺព្រះមហាក្សត្រ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គនោះ ព្រះអង្គបានហៅមន្រ្តី ឱ្យយកគ្រាប់ល្ពៅស្ងោរ ទៅដាំ។ ចុងក្រោយទទួលបានមន្រ្តី ៤ប្រភេទចេញពីការពិសោធន៍ទឹកចិត្តជាមួយនឹងការផ្តល់គ្រាប់ល្ពៅទៅដាំនេះ។ មន្រ្តីប្រភេទទី១ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រដែរ ប៉ុន្តែកងការពារព្រះរាជវាំងមិនឱ្យចូល។ មន្រ្តីប្រភេទទី២ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។ មន្រ្តីប្រភេទទី៣ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ។ ចុងក្រោយ មន្រ្តីប្រភេទទី៤ បានទូលស្តេចដោយត្រង់ៗថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកមន្រ្តីប្រភេទមនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសទៅលើអ្នកដទៃថែមទៀត។ សម្រាប់មន្រ្តីប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចយកប្រើបាននោះទេ។ ចំពោះមន្រ្តីប្រភេទទី៣ ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុរស៊ីមែន ឬយ៉ាងណា។ ដោយឡែក សម្រាប់មន្រ្តីប្រភេទទី៤ ត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយការពិតនិយាយត្រង់ ការនិយាយត្រង់នេះ អាចឱ្យថ្នាក់លើបានដឹងពីការពិតនៅតាមមូលដ្ឋាន៕






បន្ទាប់ពីបញ្ចប់ដំណើទស្សនកិច្ចប្រកបដោយផ្លែផ្កា នៅប្រទេសឡាវ និងវៀតណាម ប្រធានរដ្ឋសភាកម្ពុជា បានត្រឡប់មកដល់កម្ពុជាវិញហើយ

លោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា ត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង១០:៥០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ និងប្រទេសវៀតណាមរយៈពេល៥ថ្ងៃ។
ការត្រឡប់មកដល់របស់លោក ហេង សំរិន ក៏មានការទទួលស្វាគមន៍ពីមន្ដ្រីជាន់ខ្ពស់នៃរដ្ឋសភា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ នៅអាកាសយាន្ដអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅប្រទេសឡាវនាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ ឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។ លោក ហេង សំរិន បានបំពេញទស្សនកិច្ច នៅប្រទេសឡាវ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣មិថុនា។
ដោយឡែក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា លោកប្រធានរដ្ឋសភា បានបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការបំពេញទស្សនកិច្ចផ្លូវការ និងមិត្តរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសឡាវ និងប្រទេសវៀតណាម បញ្ចប់ទៅដោយភាពផ្លែផ្កាបំផុត៕





តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាសម្តែងការគាំទ្រចំណាត់ការទប់ស្កាត់ការរីករាលដាលសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

លោកស្រីAnne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែង ក្នុងសន្និសីទ សារព័ត៌មានក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការICC-Angkorថា “និយាយអំពីសំណង់ថ្មីៗនៅក្នុងតំបន់ ១និង តំបន់២ តាមពិតទៅ សំនួរមួយនេះត្រូវបាន អគ្គនាយកអាជ្ញាធរជាតិអប្សរា ឆ្លើយយ៉ាងក្បោះក្បាយល្អរួចហើយ តែយើងគ្រាន់តែ ចង់ បន្ថែមបន្តិច ពួកយើងសូមសំដែងការសាទរ ដល់អាជ្ញាធរជាតិអប្សរាដែលបានចាត់ វិធាន ការ ទប់ស្កាត់ និងធ្វើការរុះរើរសំណង់ថ្មីៗខុសច្បាប់ នៅក្នុងតំបន់១ និង តំបន់២។ នេះគឺជា ការងារ ដែលមានក្នុងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងអង្គការUNESCO”។

ស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហា បើទប់ស្កាត់មិនបានទាន់ពេលទេនោះ។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បាន ព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានលួចសាងសង់សំណង់ខុសច្បាប់ ដោយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះដោយខ្លួនឯងវិញ។
ចំពោះករណីដែល ប្រជាពលរដ្ឋមួយចំនួនទៀតមិនបានរុះរើដោយស្ម័គ្រចិត្តទេ ដើម្បីបំពេញ កាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរ អាជ្ញាធរជាតិអប្សរាមានភាពចាំបាច់ដើម្បីប្រើប្រាស់គោលការណ៍រដ្ឋបាលចុះរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ។
លោកស្រីបន្ថែមថា “ដូច្នេះយើង សូមលើកទឹកចិត្តដល់អាជ្ញាធរ អប្សរាឲ្យបន្តក្នុងកិច្ច ការពារ តំបន់១ និងតំបន់២ និងការពារច្បាប់ ឲ្យបានខ្លាំងតាមដែរអាចធ្វើទៅបាន។ អ្វីដែលយើង ត្រូវ និយាយ និងសម្រេចចិត្តគឺនៅខែធ្នូ ក្នុងកិច្ចប្រជុំ ICC-Angkor លើកក្រោយ ពួកយើងអាចនឹង មានរៀបចំសិក្ខាសិលាមួយស្ដីអំពីកិច្ចការអភិរក្សហើយខ្ញុំគិតថា សម្រាប់ពេលនេះ យើងកំពុង មាន ដំណើរការល្អប្រសើរហើយ ដូច្នេះយើងពិតជាពេញចិត្តចំពោះដំណើរការនេះ”៕





ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ស្នើអភិបាលរាជ​ធានីភ្នំពេញ សហ​ការបង្រ្កាបគ្រឿងញៀន នៅតំបន់ត្រពាំងឈូក

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានស្នើឲ្យលោក ឃួង ស្រេង ដែលនឹងត្រូវឡើងកាន់តំណែង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ក្នុងពេលឆាប់ៗខាងមុខនេះ សហការជួយបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន នៅតំបន់ត្រពាំងឈូកឲ្យអស់ និងធ្វើការអភិវឌ្ឍតំបន់នេះ ឲ្យទៅជាសហគមន៍ដ៏ល្អមួយ មានសាលារៀន មន្ទីរ ពេទ្យត្រឹមត្រូវ។ ការស្នើសុំរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន គឺធ្វើឡើងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា មន្រ្តីរាជការ និងប្រជាពលរដ្ឋរស់នៅ សហគមន៍តំបន់ត្រពាំងឈូក ស្រែកឲ្យអាជ្ញាធរជួយបង្រ្កាបគ្រឿងញៀន នៅតំបន់របស់ខ្លួន ប៉ុន្តែពួកគាត់ខ្លួនឯង មិនព្រមជួយសហការ ជាមួយសមត្ថកិច្ចទេបែរជាឆ្លៀត ឱកាសកេងចំណេញ រកស៊ីទាញផលប្រយោជន៍ ពីអ្នកប្រើប្រាស់គ្រឿងញៀនទៅវិញ ដូចជាលក់ទឹក លក់ប្រដាប់ប្រដាជក់គ្រឿងញៀន បើកកន្លែងផ្ញើកង ផ្ញើម៉ូតូយកលុយជាដើម ៕






គ.ជ.ប នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោត​អត់បានការ​ច្រើនក្នុង​ការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិទី៤នេះ​

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ចំនួនសន្លឹកឆ្នោតអត់បានការ នៅអាណត្តិទី៤នេះ ច្រើនជាងអាណត្តិមុនៗ។

អ្នកនាំពាក្យ គ.ជ.ប បានថ្លែងទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការច្រើនក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីចាត់វិធានការដោះស្រាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់បន្ថែម អំពីការគូសសញ្ញាធិចលើសន្លឹកឆ្នោត សំដៅបង្កើនចំនួនសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត។

គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។

នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប នឹងបើកកិច្ចពិភាក្សាជាមួយគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ និងចាត់វិធានការពន្យល់ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ សំដៅបង្កើនបរិមាណសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។

ចំពោះសន្លឹកឆ្នោតអត់បានការទាំងនោះ គ.ជ.ប មិនបានកំណត់ថា ប្រជាពលរដ្ឋចង់គូសនៅលើគណបក្សណាច្រើនជាងគេនោះទេ ប៉ុន្តែកំហុសឆ្គងរបស់ប្រជាពលរដ្ឋ ដែលគូសខុសលើសន្លឹកឆ្នោតនេះ គឺច្រើនមាននៅបណ្ដាតំបន់ ដែលប្រជាពលរដ្ឋមិនសូវមានការយល់ដឹងច្រើន ឬមិនទទួលបានការផ្សព្វផ្សាយបានទូលំទូលាយ ពិសេសមនុស្សចាស់។

សូមជម្រាបថា ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ មានប្រជាពលរដ្ឋទៅ បោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ លុះដល់ពេលប្រកាសផលទ្ធផលផ្លូវការ គ.ជ.ប បានរកឃើញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក៕



លិខិតចំហរពិសេសមួយផ្ញើជូនលោក សម រង្ស៊ី និង កឹម សុខា៖ យុទ្ធសាស្រ្ត «ប្រើខ្មោចឲ្យកិនម្សៅធ្វើនំឲ្យស៊ី»

អ្នក​វិភាគ​នយោបាយ​ដែល​មាន​ទស្សនៈភ្លឺ​និយមមួយ​រូប​ឈ្មោះ បក្សីចាំ​ក្រុង​ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​សរសេរ​លិខិត​ចំហរជា​ពិសេស​មួយ​ផ្ញើ​ជូន​លោក សម រង្ស៊ី និង​ កឹម សុខា ដោយ​បានដាក់​ចំណង​ជើង​ថា យុទ្ធ​សាស្ត្រ “ប្រើ​ខ្មោច​ឲ្យកិន​ម្សៅ​ធ្វើ​នំឲ្យ​ស៊ី​” ​ដែលមាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

លោក សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យ បានប្រើយុទ្ធសាស្រ្តកាត់ស្មៅក្រោមជើងលោក កឹម សុខា ដែល​ជា​មេ​​បក្សថ្មី ដោយប្រកាសដោយឯកឯង ជាសាធារណៈថា គាត់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តី​របស់​បក្ស​ព្រះ​អាទិត្យ​​សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ជាមនុស្សក្រៅបក្ស តែនៅតែមានចរិតខែងរែង ក្រអឺតក្រទម លើកខ្លួនឯង ដោយមិនក្រែងរអែងមេបក្សក្នុងតំណែងអីបន្តិចបន្តួចសោះ ដែលតាមពិតតម្លៃខ្លួន​នយោបាយ​ពិត​ប្រាកដ​របស់​លោក សម រង្ស៊ី គឺជាដៃគូប្រកួតមិនដែលឈ្នះនៅក្នុងគ្រប់សមរភូមិនយោបាយកន្លងមក។

តើមានសមរភូមិណាដែលលោក សម រង្ស៊ី ប្រកាសថា គាត់ចាញ់!? ចម្លើយថា មិនដែលទេ គឺ​ប្រកាស​ឈ្នះ​រហូត​​​មុន​បោះឆ្នោត ប៉ុន្តែលទ្ធផលចាញ់រហូត។ សរសើរគាត់ដែរ ចាញ់ហើយនៅតែមុខក្រាស់ មិនព្រម​ទុក​ឱកាស​ឲ្យលោក កឹម សុខា ធ្វើម្តង ដោយគិតថា អាចក្រែងលោចៃដន្យបានឈ្នះម្តងនឹងគេ!!! ប៉ុន្តែ តាម​ការ​សង្កេតរបៀបធ្វើនយោបាយ និងយុទ្ធសាស្រ្តនយោបាយរបស់លោក សម រង្ស៊ី កន្លងមក ខ្ញុំសន្និដ្ឋានថា លោក សម រង្ស៊ី គឺនឹងជាប់ឯកត្តកម្ម ពីអ្នកនយោបាយចាញ់ចាស់វស្សា ទៅជាអ្នកនយោបាយ​បរាជ័យ​ជា​អមតៈ មិន​ខាន។ ហ៊ានភ្នាល់ គឺប្រាកដជាចាញ់! ហើយ ២០១៨ នេះ សម រង្ស៊ី នឹងចាញ់ទៀត ចាញ់​លើក​នេះ គឺចាញ់​អស់​សាច់ ចាញ់លើកនេះ គឺចាញ់ដោយក្អួតឈាម សូម្បីពន្លឺជោគជ័យ​ដ៏តិចតួច​ក៏គ្មាន​ទាល់​តែ​សោះ!

ស្ងានភាពនយោបាយរបស់គាត់បច្ចុប្បន្ន គឺជាស្រមោល បើជាស្រមោល គឺមានរូបធាតុដូចផ្សែងដែរ ! ស្ថាន​ភាព​របស់គាត់ គឺស្ថានភាពជាអ្នកបម្រើនយោបាយ ឲ្យលោក កឹម សុខា ហើយលោក កឹម សុខា ដែលជា​មេបក្ស​ព្រះអាទិត្យពេញផ្លូវច្បាប់ នឹងប្រើវិធីត្រជាក់លួងលោមប្រើលោក សម រង្ស៊ី ឲ្យធ្វើនយោបាយឲ្យគាត់ ក្រោម​ផ្លាក​បក្សសង្រ្គោះជាតិ និងតាមជំហានយុទ្ធសាស្រ្ត៖ ប្រើខ្មោចអោយកិនម្សៅធ្វើនំឲ្យស៊ី !

ទី១៖ សម រង្ស៊ី គិតថា ខ្លួនគាត់ជាអ្នកឆ្លាតជាងគេប៉ុន្តែ ភ្លេចខ្លួនថា នៅលើមេឃមានមេឃសោះ។ លោក កឹម សុខា ចាប់ផ្តើមរកស៊ីនយោបាយដោយអត់ចេញ ដើម ដោយបោកលុយអាមេរិក ធ្វើនយោបាយ​តាមរយៈ​ធ្វើ​អង្គការ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយខ្ចីទ័ពពីបក្សភ្លើងទៀន ដើម្បីប្រមូលកំលាំង និងឃោសនា។ លោក កឹម សុខា បានខ្ចីដៃមេបក្សទេវតា ដើម្បីបើកបក្សលោកខែ ដោយប្រើដើមទុនធនធាន​នយោបាយ​ពីបក្ស​ភ្លើង​ទៀន។ ក្រោយពីបាន ៣កៅអីនៅរដ្ឋសភា លោក កឹម សុខា បបួលលោក សម រង្ស៊ី ដែលមាន ២៦កៅអី ដើម្បី​បង្រួបប​ង្រួមគ្នាដោយឲ្យ សម រង្ស៊ី ធ្វើមេបក្សរស់នៅក្រៅប្រទេស ហើយគាត់ធ្វើជា​មេបក្ស​រងកាន់​អំណាច មេបក្ស​នៅ​ក្នុងប្រទេស ហើយសន្យាគ្នាឲ្យ សម រង្ស៊ី កាន់អំណាចរដ្ឋាភិបាល ហើយគាត់​កាន់​អំណាច​នៅរដ្ឋសភា។ ពេលឱកាសធ្លាក់ពីមេឃមក លោកកឹម សុខា បានរៀបចំផែនការយ៉ាងល្អិតល្អន់ តាំងពីពេល​ទំលាក់​លោក សម រង្ស៊ី ពីតំណែងមេបក្សព្រះអាទិត្យ តាមរយៈការបញ្ចុះបញ្ចូលផង បំភ័យផងឲ្យ សម រង្ស៊ី លាលែង​តំណែង​ដោយ​ស្ម័គ្រចិត្ត និងឡើងធ្វើប្រធានបក្សដោយខ្លួនឯង។

ទី២៖ កឹម សុខា ដឹងច្បាស់ណាស់នូវចំណុចខ្សោយរបស់ សម រង្ស៊ី គឺក្តីសុបិន្តទាំង​យប់ទាំង​ថ្ងៃចង់​ធ្វើជា​បេក្ខ​ភាព​​នាយករដ្ឋមន្រ្តី។ ឱ្យតែ កឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី អ្វីក៏ សម រង្ស៊ី សុខ​ចិត្ត​លះ​បង់ដែរ ដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា ស៉ឺម៉ាអ៉ី យ៉ាងពិតប្រាកដ! ឥឡូវ លទ្ធផលយ៉ាងម៉េចហើយ? លទ្ធផល គឺ សម រង្ស៊ី អត់បក្ស ឯ កឹម សុខា មេបក្សយ៉ាងពេញច្បាប់!

ទី៣៖ តើ កឹម សុខា បានសម្រេចគោលដៅនយោបាយរបស់ខ្លួនហើយ ឬនៅ? ចម្លើយឆ្លើយថា ត្រឹមមេបក្ស គឺ​គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ ហើយ សម រង្ស៊ី នៅមានប្រយោជន៍ធំណាស់ ដើម្បី កឹម សុខា ប្រើ​បន្ត​ឲ្យ​ធ្វើ​ជានយោបាយ ទាញសន្លឹកឆ្នោតសម្រាប់ ២០១៨ ព្រោះ សម រង្ស៊ី នៅមានប្រជាប្រិយភាពខ្លាំង ក្នុង​មជ្ឈដ្ឋាន​ប្រឆាំង។ តើប្រើ សម រង្ស៊ី ឲ្យធ្វើនយោបាយដូចម្តេច? កឹម សុខា ដែលក្នុងក្រសែភ្នែករបស់ សម រង្ស៊ី គឺជា​មេបក្ស​លេងៗ អាចប្រើយុទ្ធសាស្រ្ត ប្រើខ្មោចឱ្យកិនម្សៅធ្វើនំឲ្យស៊ីបាន! ដូចនេះ កុំទៅឆ្ងល់ តំណែង​បេក្ខភាព​នាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ គឺប្រាកដណាស់ជា សម រង្ស៊ី ព្រោះតំណែងបេក្ខភាព នាយក​រដ្ឋ​មន្រ្តី​នេះ គឺនឹងធ្វើឲ្យ សម រង្ស៊ី ហ្នឹងហ្នរក្នុងចិត្ត ហើយក្លាយជាទាសករដាច់ថ្លៃបម្រើនយោបាយឲ្យ កឹម សុខា ដោយធ្វើ​ការ​ងារមិនចេះនឿយហត់ ហើយក៏អាចធ្វើពលិកម្មគ្រប់បែបយ៉ាង ក្រោមផ្លាកបក្សព្រះអាទិត្យ ដែលមាន កឹម សុខា ជាមេបក្សយ៉ាងពេញច្បាប់។ សម្រាប់ កឹម សុខា គឺការរកស៊ីមួយនេះ មានតែចំណេញ និង​ចំណេញ គឺមិន​អាចខាតជាដាច់ខាត។

សេណារីយ៉ូទី១៖ កឹម សុខា លើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យ​ជួយ​ធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យ ដោយប្រើប្រជាប្រិយភាព សម រង្ស៊ី។ វិធីឃោសនា​សាមញ្ញៗ ដូចជា ៖ បើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញ សុំបោះឆ្នោតឱ្យបក្សព្រះអាទិត្យ ហើយទន្ទឹមនេះ ឲ្យ សម រង្ស៊ី ជួយឃោសនា ពីក្រៅស្រុកតាមហ្វេសប៊ុក ឬតាមវិទ្យុបរទេសទាំងយប់ទាំងថ្ងៃ។

សេណារីយ៉ូទី២៖ ទន្ទឹមនឹងការលើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី គឺ កឹម សុខា អាចបញ្ចុះ​បញ្ចូល​លួងលោមឲ្យ សម រង្ស៊ី ចូលស្រុកហើយជាប់គុក។ នេះគេហៅថា ខ្ចីដៃបក្សទេវតា ចាប់ សម រង្ស៊ី បញ្ចូល​ទ្រុង ហើយអំពាវនាវឃោសនាលក់ថា ចង់ឱ្យ សម រង្ស៊ី ចេញពីគុក ត្រូវបោះ​ឆ្នោតឱ្យ​បក្ស​ព្រះអាទិត្យ​ជាដើម ។ល។ គ្រោះថ្នាក់របស់ សម រង្ស៊ី ក៏ជាគ្រោះសម្រាប់បក្សទេវតា ប៉ុន្តែវាជាលាភសំណាងរបស់ កឹម សុខា ទៅវិញ។ ប៉ុន្តែ សេណារីយ៉ូនេះ សាហាវបន្តិច ហើយបើធ្វើមិនស្រួល កឹម សុខា អាចខាតបង់វិញ ព្រោះ​បើមានការ​ប្រមូល​កំលាំងប្រឆាំងការអនុវត្តច្បាប់ បង្កឲ្យមានចលាចល នោះអាចនឹងមានបញ្ហាដែល ជា​ហេតុ​ផលនាំឲ្យ​ពន្យារ​ពេល ឬព្យួរការបោះឆ្នោតមួយអន្លើសិន។

ទាំងក្នុងសេណារីយ៉ូទី១ ទាំងក្នុងសេណារីយ៉ូទី២ បើនៅទីបំផុតដោយចៃដន្យបក្សព្រះអាទិត្យឈ្នះឆ្នោត នោះតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តី សម្រាប់បក្សព្រះអាទិត្យ។ គោលដៅចុងក្រោយបានមកដល់ហើយ! ប្រាកដជា កឹម សុខា! ក្នុងសេណារីយ៉ូឈ្នះនេះ កឹម សុខា នឹងប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី កំពុង​មានទោសជាប់ខ្លួន ដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណារាស្រ្តឡើយ ដូចនេះ សម រង្ស៊ី ដែល​ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តី​ឡើយ​តាម​ផ្លូវ​ច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិវិធីនេះ នៅក្នុងឆ្នាំ ២០១៣។

នៅពេលនោះ សម រង្ស៊ី អាចចូលសភា គឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពីតំណាងរាស្រ្ត ដើម្បីអាចចូលជំនួស គួយ ប៊ុនរឿន បាន។ ក្នុងបច្ចេក​ទេស​នីតិវិធី​ច្បាប់​ដូច​នេះ ហើយ​បើចែដន្យឈ្នះមែន គឺ កឹម សុខា អាចលួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោត គាំទ្រគាត់ធ្វើជា នាយក​រដ្ឋ​មន្រ្តី​សិន ក្នុង​ហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសអោយ សម រង្ស៊ី មក​ធ្វើ​នាយក​រដ្ឋមន្រ្តី​វិញ។ ប៉ុន្តែក្រោយពេលបានធ្វើជា នាយករដ្ឋមន្រ្តីហើយ តើនរណាអាចទម្លាក់ កឹម សុខា បាន? មិន​អាច​ទេ ព្រោះ​កម្លាំង​របស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្ស ផ្សេងទៀត​នៅ​រដ្ឋសភា ដើម្បីការពាររដ្ឋាភិបាលរបស់គាត់ ក្នុងករណីគាត់ បែកបាក់ជាមួយ សម រង្ស៊ី។

ក្នុងសេណារីយ៉ូមួយណាក៏ដោយ សម រង្ស៊ី គ្រាន់តែចាប នៅក្នុងទ្រុងនយោបាយរបស់ កឹម សុខា ប៉ុណ្ណោះ ហើយបើចាំបាច់ខ្លាំងក្នុងដំណាក់កាលចុងក្រោយ កឹម សុខា ក៏អាចលក់ សម រង្ស៊ី បានទៀត ដើម្បី​ចរចា​ជាមួយ​បក្សទេវតា នៅក្នុងគ្រប់ស្ថានភាពទាំងអស់។

បក្សីចាំក្រុង ជឿថា យុទ្ធសាស្រ្តកំប៉ិកកំប៉ុកដូចនេះ មិនអាចលាក់បាំងភ្នែកលោក សម រង្ស៊ី បានឡើយ ប៉ុន្តែ​ការ​អនុវត្តយុទ្ធសាស្រ្តនេះ ក្រុមលោក កឹម សុខា ត្រូវធ្វើតាមវិធីទន់ និងត្រជាក់បំផុត ជាពិសេស ត្រូវ​សម្រួល​តាម​ការចង់បានរបស់ សម រង្ស៊ី គ្រប់បែបគ្រប់យ៉ាង និងត្រូវចេះលើកជើង សម រង្ស៊ី ជាអ្នកក្លាហាន។ បក្សី​ចាំក្រុង ក៏ជឿដែរថា អ្នករៀនយុទ្ធសាស្រ្ត និងចេះដឹងពីយុទ្ធសាស្រ្តនៅក្បែរលោក កឹម សុខា ក៏មានមិនតិចដែរ ហើយ​អ្នកទាំងនោះក៏ចេះអំពីរបៀបធ្វើ នយោបាយ និងរបៀបអនុវត្ត ដូចជាលោក សូរ សមយុទ្ធ ជាដើម​ដែល​ធ្លាប់​លើក​ឡើងថា ក្នុងនយោបាយអត់មានពាក្យថា ក្លាហាន ឬកំសាកទេ មានតែផលប្រយោជន៍ និងយុទ្ធ​សាស្រ្ត​តែ​ប៉ុណ្ណោះ។

វត្តភ្នំ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧

ដោយ៖ បក្សីចាំក្រុង


លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រកាសថា ​ការបោះឆ្នោត​ព្រឹទ្ធសភា​ នឹង​ធ្វើនៅថ្ងៃទី​១៤ ខែមករា ​ឆ្នាំ២០១៨

នៅព្រឹក​ថ្ងៃទី២៦ ​ខែមិថុនា​ ឆ្នាំ២០១៧នេះ​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានថ្លែងថា​ ការបោះឆ្នោត​ព្រឹទ្ធសភា នឹងធ្វើនៅថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៨ ​។ លោក បានថ្លែងដូច​នេះក្នុង​ឱកាសអញ្ជើញ​ជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសកាលបរិច្ឆេទការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០១៨នេះ គឺដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រៀមខ្លួន ហើយខាងរាជរដ្ឋាភិបាល ត្រៀមថវិកាដើម្បីជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក៏ជាការបោះឆ្នោតតំណាងរាស្រ្ត ដែលនេះជាដំណើរការប្រជាធិបតេយ្យទៀងទាត់របស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ពុំមានការពន្យាពេលការបោះឆ្នោតនោះឡើយ៕


ពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិលើកដំបូង នៅកម្ពុជា ជាង១ពាន់ក្រុមហ៊ុនចូលរួម ភាគច្រើនមកពីប្រទេសចិន

ការតាំងពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិលើកទី១បាននិងកំពុងប្រព្រឹត្តិទៅ រយៈពេលបីថ្ងៃ នៅប្រទេសកម្ពុជា ក្នុងគោលដៅគាំទ្រការអភិវឌ្ឍវិស័យកសិកម្មទំនើប រោងចក្រកែច្នៃផលិតផលកសិកម្មសម្រេចសម្រាប់នាំចេញ និងតម្រូវការដោយប្រកាន់ខ្ជាប់នូវការបង្កើតប្រសិទ្ធភាពទីផ្សារដើម្បីពង្រីកទីផ្សារអន្តរជាតិ សម្រាប់ឧស្សាហកម្ម ដើម្បីកសាងអាជីវកម្ម កសិកម្មមានភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុនមកពីប្រទេសចិនចំនួនជាង៨០០ក្រុមហ៊ុននិងក្រុមហ៊ុនជាង៣០០ទៀតមកពីប្រទេសជប៉ុន ថៃ វៀតណាម តៃវ៉ាន់ បាននិងកំពុងចូលរួមការតាំងពិព័រណ៍នេះចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

មានប្រសាសន៍អំឡុងពិធីបើកសម្ពោធពិព័រណ៍ កាលពីព្រឹកថ្ងៃទី ២៥ មិថុនា ២០១៧ លោកស្រី Bridget Lau ប្រធានសហព័ន្ធអន្តរជាតិ គាំទ្រ សហគ្រាស ខ្នាតតូច និងមធ្យម បានមានប្រសាសន៍លើកឡើងថា ចិននិងកម្ពុជាមានមិត្តភាពជាយូរលង់មកហើយ ដោយលោកស្រីសង្ឃឹមថា ទំនាក់ទំនងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត ជាក់ស្តែង ការតាំងពិព័រណ៍នាពេលនេះគឺជាសមិ្មទ្ធផលកើតចេញពីការសហការដ៏ល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេស លើវិស័យកសិកម្ម ក្នុងនោះមានផលិតផលចំនួន៦ពាន់មុខ នាំយកពីបណ្តាខេត្តនៃប្រទេសចិននិងប្រទេសមួយចំនួនទៀត មានទឹកប្រាក់សរុបប្រមាណ២១លានដុល្លារអាមេរិកបានមកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ កម្មវិធីនេះគឺជាឱកាសល្អសម្រាប់កម្ពុជា ព្រោះថាមានសហគ្រិនចិន ប្រមាណ១០០០នាក់បានមកចូលរួម ហើយបានសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនបរទេស ជាពិសេស ក្រុមមកពីប្រទេសចិនដែលបានចូលរួមរៀបចំពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើង។ ពិព័រណ៍និងជំនួបពាណិជ្ជកម្មក្នុងពេលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំថ្នាក់ដឹកនាំមកពីបណ្តាក្រសួងកម្ពុជា វិស័យឯកជន និងពាណិជ្ជករអន្តរជាតិជាពិសេសមកពីប្រទេសចិនបានជួបប្រជុំពិភាក្សាគ្នា ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការវិនិយោគដើម្បីប្រយោជន៍សម្រាប់សង្គមជាតិ។ លោកបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៦ គឺ៤,៨ពាន់លានដុល្លារ ហើយគ្រោងនឹងឈានដល់៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ហើយនៅ២០២០ខាងមុខ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីររំពឹងថា នឹងមាន៦ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា តាមរយៈការចូលរួមពិព័រណ៍ផលិតកសិកម្មអន្តរជាតិលើកដំបូងនៅកម្ពុជានេះ ខេត្តរបស់ប្រទេសចិនចំនួន៣០និងមានក្រុមហ៊ុនជាង១០០០បានមកចូលរួម និងមកបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម សិក្សាបង្កើតរោងចក្រកែច្នៃ ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន៕







ក្រសួងធនធានទឹក បង្ហាញស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ ប្រចាំថ្ងៃទី២៦ ខែមិថុនានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៧ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


គណ​បក្ស​ប្រជាជន​កម្ពុជា​ បានសង្រ្គោះ​អាយុ​ជីវិតជាតិ​ពិតប្រាកដ ​កម្ពុជាពេលនេះ​គឺត្រូវការ​បន្តនិរន្តរភាព​នៃការអភិវឌ្ឍឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់​នៅក្នុងទំព័រហ្វេស​ប៊ុកផ្លូវ​ការរបស់លោ​កកាលពីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៧ ​ថា ​គណបក្សប្រជាជនកម្ពុជា ​គឺជា​គណបក្សដែលបាន​ជួយសង្រ្គោះអាយុ​ជីវិតជាតិ​​ពិតប្រាកដ ហើយកម្ពុជាពេលនេះគឺត្រូវការបន្តនិរន្តរភាពនៃការអភិវឌ្ឍឱ្យកាន់​តែរីកចម្រើនទៅមុខជាបន្តទៀត។

 នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រវត្តិសាស្រ្តពិត គឺបានលាតត្រដាងបង្ហាញច្បាស់ដល់ប្រជាពលរដ្ឋឱ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាចប្រឌិតបាន។ ទន្ទឹមនឹងនេះកូនខ្មែរត្រូវយល់ដឹង និងចងចាំឱ្យបានច្បាស់ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។ ជាក់​ស្តែង នៅក្នុងពេលដែលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹង និងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះកម្ពុជា ត្រូវបានធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានដកសិទ្ធិសេរីភាពទាំងស្រុង សាសនាត្រូវបានកំទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកំទេចចោលដែរ។ ក្រុមគ្រួសារប្តីប្រពន្ធកូនចៅបងប្អូនត្រូវបានបំបែកចាប់បង្ខំឱ្យធ្វើការហួសកម្លាំង លើសពីសត្វធាតុ និងត្រូវបានសម្លាប់ចោលរាប់លាននាក់។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្រ្តីរាជការ ទាហាន ព្រះសង្ឃ និស្សិតបញ្ញវ័ន្ត និងកូនសិស្សគ្រប់កម្រិតត្រូវបានប្រមូលហើយកំទេចចោលនៅពាសពេញប្រទេស។

កម្ពុជា ពេលនោះគឺត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីពិភពលោក ដែលគ្មានឮសម្លេងអ្វីក្រៅពីការភ័យខ្លាច រន្ធត់ ឈឺចាប់ កាប់សម្លាប់ ជាមួយទឹកភ្នែករាប់លានដំណក់ហើយម្នាក់ៗ រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។ រយៈពេលជាង៣ឆ្នាំ ៨ ខែ ២០ថ្ងៃពេលនោះ តើមានអ្នកណា ឬបក្ស​​នយោបាយណាដែលបានចេញមុខមកជួយសង្រ្គោះកម្ពុជា? ប្រជាពលរដ្ឋរងគ្រោះមានតែការបន់ស្រន់ដល់ព្រះ និងបន់ស្រន់បារមីស័ក្តិសិទ្ធិសុំបានរស់រានមានជីវិតចាកផុតពីការស្លាប់។ កម្ពុជានៅពេលនោះ គឺត្រូវការសង្រ្គោះបន្ទាន់បំផុត។

នៅពេលនោះហើយដែល សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិរបស់គណបក្សប្រជាជន បានយកជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុនមកចំណាយក្នុងការសង្រ្គោះកម្ពុជាពីរបបកាប់ស​ម្លាប់​។ ដំណាក់កាលពេលនោះ គឺជាដំណាក់កាលសង្រ្គោះអាយុជីវិតជាតិពិតប្រាកដ។ បើគ្មានការចំណាយអាយុជីវិតជាដើមទុនរបស់គណបក្សប្រជាជនទេ គឺកម្ពុជាគ្មានថ្ងៃនេះដែរ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានចំណាយអាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ធ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុសង្រ្គោះជាតិ។ យើងទាំងអស់គ្នាចងចាំនូវគម្រូវីរភាពជាប្រវត្តិសាស្រ្តនេះគ្រប់ពេលជានិច្ច»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា «នៅពេលនេះ គឺកម្ពុជាកំពុងមានសុខសន្តិភាព រីកចម្រើនបោះជំហានទៅមុខ ដែលពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរធ្វើការតូចធំគ្រប់កម្រិត ក្មួយៗចៅៗសិស្សា​នុសិស្ស មានឱកាសសិក្សារៀនសូត្រគ្រប់ទីកន្លែង វត្តអារាម ព្រះវិហារតូចធំត្រូវបានកើតឡើងព្រោងព្រាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានតូចធំត្រូវបានកសាងជាបន្តបន្ទាប់ រថយន្តតូចធំចរាចរណ៍ពាសពេញប្រទេស ទេសចរបរទេសរាប់លាននាក់បានមកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ។ កម្ពុជាពេលនេះមិនមែននៅក្នុងភ្នក់ភ្លើងសង្រ្គាមឬរបបប្រល័យពូជសាសន៍ដែលត្រូវការការសង្រ្គោះអ្វីឡើយ។ កម្ពុជាពេលនេះ គឺត្រូវបន្តនិរន្តរភាពនៃការអភិវឌ្ឍឱ្យកាន់​តែរីកចម្រើនរុងរឿងទៅមុខ ហើយយើងទាំងអស់គ្នាបន្តចូលរួមថែរក្សាការពារសន្តិភាពជាមួយ សម្តេច​តេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់តែមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើង»៕


គ្រឿងញៀនជិត១៣០គីឡូក្រាម ដែលបានមកពីការបង្ក្រាបកន្លងទៅ ត្រូវ​សមត្ថកិច្ចដុតបំផ្លាញចោល​​

គណៈកម្ម​ការបំផ្លាញគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ រៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង១២៦គីឡូក្រាម ដែលបង្ក្រាបបានក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។

ពិធីដុតបំផ្លាញគ្រឿងញៀនដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្យនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលបន្ទុកការងារគ្រឿងញៀន​ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

លោក ម៉ក់ ជីតូ បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ មានចំនូន​​១២៦.៣០គីឡូក្រាម គឺបង្ក្រាបបានចាប់តាំងពីឆ្នាំ២០១៦មក ហើយក្នុងយុទ្ធនាការឆ្នាំ២០១៧នេះ ចាប់បាន​១១៣គីឡូ ឃាត់ខ្លួន ៩,០០០នាក់​។​

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការនេះ ធ្លាប់បានធ្វើការដុតបំផ្លាញគ្រឿងញៀន អស់មួយចំនួនធំ ហើយបរិមាណគ្រឿងញៀននេះ ក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀនធ្វើជាជំនួញរបស់ខ្លួន ដែលបានពង្វក់ស្មារី អូសទាញដល់ជនស្លួតត្រង់ដែលបានប្រើប្រាស់ដោយបំពាន ពិសេសក្នុងស្រទាប់យុវវ័យឱ្យហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ៕






លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន៖​ ការ​សិក្សា​គ្មាន​ទីបញ្ចប់​នោះ​ឡើយ​

នៅ​ព្រឹក​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៧នេះ ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បានថ្លែងថា​ ការសិក្សា​គ្មាន​ទីបញ្ចប់នោះឡើយ។ ​លោកបានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រគល់វិញ្ញា​បនបត្រជូន​ដល់​កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសជាតិនៅតែត្រូវទាមទារនូវការពង្រឹងសមត្ថភាពរបស់មន្រ្តី ហើយមន្រ្តីនោះទៀតសោត គឺគ្មានទេទីបញ្ចប់នៃការសិក្សា អ្វីដែលថ្មីនិងជឿនលឿនដើម្បីលូតលាស់នៃចិត្តគំនិតដើម្បីគ្រប់គ្រង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ភាពអភិរក្សនិយមនោះហើយ ធ្វើឱ្យការរីកលូត លាស់ថ្នាក់ក្រោមជួយឧបសគ្គ។ ដូចនេះហើយ គឺទាមទារឱ្យមន្រ្តីគ្រប់គ្រងផ្នែកខាងក្រោម ត្រូវមានភាពជឿនលឿនផ្នែកគិតគូរពិចារណា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕


លោក​នាយ​ករដ្ឋមន្ត្រី ហ៊ុន​ សែន៖ មន្រ្តី​ ជាខ្ញុំបម្រើប្រជាជន​មិនមែន​ជាចៅហ្វាយនាយ​របស់ប្រជាពលរដ្ឋ​នោះឡើយ

នៅព្រឹក​ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ២០១៧នេះ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានថ្លែងថា​ មន្រ្តី​ ជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន​មិន​មែនជាចៅ​ហ្វាយនាយ​របស់​ប្រជាពលរដ្ឋនោះឡើយ ។ ​លោក​ បានថ្លែងដូច​នេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មន្រ្តីទាំងអស់ត្រូវបន្តបម្រើប្រជាជន ត្រូវយល់ ថា យើងជាខ្ញុំបម្រើរបស់ប្រជាជន មិនមែនចៅហ្វាយនាយរបស់ប្រជាជននោះទេ។ ស្ថានភាពនេះជាស្ថានភាពដែលយើងតែងតែរំលឹកដល់មន្រ្តីឱ្យបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា មន្រ្តីត្រូវរៀបចំឥរិយាបថបែបណាឆ្លើយតបទៅនឹងចៅហ្វាយនាយ (ប្រជាពលរដ្ឋ) ឱ្យបានទាន់ពេលវេលាពេលគេត្រូវការ។ ឥរិយាបថមន្រ្តី មិនមែនចេះតែត្រឹមចងក្រវ៉ាត់ក ស្លៀកពាក់ស្អាតបាត វាយឬកដើម្បីចូលសាលាស្រុក ឬសាលាខេត្តនោះឡើយ៕



លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ថ្លែង​អំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ និង​ផ្តល់ទំនុកចិត្ត​លើគណបក្ស​ប្រជាជន​កម្ពុជា

នៅ​ថ្ងៃ​ទី២៦ ខែមិថុនា​ ឆ្នាំ២០១៧​នេះ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន បាន​បង្ហោះផ្សាយ​នៅក្នុង​ទំព័រហ្វេសប៊ុករបស់ខ្លួនដោយថ្លែង​អំណរអរគុណដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតទាំងអស់ដែលបាន​បោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជារហូតទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee –(NEC) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលលទ្ធផលជាផ្លូវការគឺបានបញ្ជាក់ច្បាស់ថា «គណបក្សប្រជាជនកម្ពុជា-CPP» គឺជាគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតខាងលើនេះ។ គ​ណ​​បក្សប្រជាជនកម្ពុជា ទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១,១៥៦ ដែលលើសជាង២ ភាគ៣ នៃឃុំ សង្កាត់នៅទូទាំងប្រទេស។ លទ្ធផលផ្លូវការនេះគឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាពលរដ្ឋ និងយុវជន បានគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនយ៉ាងច្រើនលើសលប់បំផុត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមា​ជិការគណបក្ស និងជនរួមជាតិនៅទូទាំងប្រទេស ដែលបានគាំទ្រនិងបានបោះឆ្នោតឱ្យគណប​ក្ស​ប្រជាជនដើម្បីថែរក្សាការពារសន្តិភាព និងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកច​ម្រើនទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជា គឺនៅតែជាគណបក្សជាទីទុកចិត្តរបស់ប្រជាជននាំមុខដ៏រឹងមាំបំផុតនៅកម្ពុជា។ ជ័យជំនះនៅពេលនេះ គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់បំ​ផុតថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគឺ គណបក្សប្រជាជនកម្ពុជា នឹងទទួលនូវជ័យជំនះជាបន្តទៀតជាក់ជាមិនខាន៕


គណបក្សប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួលបានជោគជ័យជាថ្មីទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ!

បន្ទាប់ពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះដាច់លើគួរប្រកួត ដោយគណបក្សប្រជាជនកម្ពុជាឈ្នះ និងគ្រប់គ្រងឃុំសង្កាត់ចំនួន១១៥៦ ខណៈដែលបក្សប្រឆាំងទទួលបានតែចំនួន៤៨៩នោះ ភ្លាមៗគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ និងបានប្រកាសថាការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ នឹងទទួលបានជ័យជម្នះជាថ្មីទៀត។
គណបក្សប្រជាជនកម្ពុជា បានហៅជ័យជម្នះនេះ ថា ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបន្តទៅមុខទៀត។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាដែលបានចេញផ្សាយភ្លាមៗនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ទុកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថាបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ ប៉ុន្តែ ទោះយ៉ាងណា គណបក្សប្រជាជនកម្ពុជាក៏នៅមិនភ្លេចទេនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិនៅគ្រប់ឃុំសង្កាត់ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទេសជាតិទាំងមូល។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកជ័យជម្នះនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនាពេលកន្លងមកពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនកម្ពុជា ហើយដែលគណបក្សនឹងបន្តខិតខំទ្វេឡើងថែមទៀត។
តាមរយៈជ័យជម្នះនេះ គណបក្សប្រជាជនកម្ពុជាមាននូវសុទិដ្ឋិនិយមថា នឹងធានាបាននូវមូលដ្ឋានយ៉ាងរឹងមាំ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែ ជ័យជម្នះនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ទុកថា បានធ្វើឲ្យបរាជ័យទាំងស្រុងនូវការប៉ុនប៉ងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលមានគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា៕



លោក សុខ ឥសាន៖ ២២ឆ្នាំ សម រង្សី បានរត់ទៅក្រៅប្រទេស ៤ដង

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៤មិថុនានេះ ថ្លែងថា ដោយសារនយោបាយអរិភាពនៅក្នុងសង្គមជាតិ និងធ្វើសកម្មភាពល្មើសច្បាប់ សម រង្ស៊ី បានរត់ភៀសខ្លួនទៅក្រៅប្រទេសជាបន្តបន្ទាប់ ចាប់តាំងពីបង្កើតគណបក្សជាតិខ្មែរពីឆ្នាំ១៩៩៥មក។

បើតាមលោក សុខ ឥសាន ការរត់ភៀសខ្លួននេះ មិនមែនដើម្បីរកមធ្យោបាយរំដោះប្រទេសឲ្យរួចផុតពីការឈ្លានពាន ឬជិះជាន់ណាមួយទេ តែគឺជាការរត់ភៀសខ្លួនគេចចេញពីសំណាញ់ច្បាប់ដែល សម រង្ស៊ី បានប្រព្រឹត្តល្មើសរំលោភច្បាប់ ហើយខ្លាចជាប់គុកតែប៉ុណ្ណោះ។ ដូច្នេះ សកម្មភាពរត់ចោលស្រុករបស់ សម រង្សី មិនមែនជាវីរភាពស្អីទេ តែគឺជាទង្វើកំសាក ប្រព្រឹត្តខុសច្បាប់ ហើយ មិនហ៊ានទទួសខុសត្រូវ បែរជារត់ផាស់ក្រញ៉ាំយករួចខ្លួនទៅវិញ។

លោក សុខ ឥសាន បញ្ជាក់ថា ដូច្នេះ សរុបមក សម រង្សី ត្រូវបានមហាជនដាក់ឈ្មោះឲ្យថា ជាជន កំសាកបំផុត ដោយសារបង្កើតបញ្ហា ហើយរត់យករួចខ្លួន មិនហ៊ាននៅទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន អាងអី មានសញ្ជាតិ២ លិខិតឆ្លងដែន២ ជាមធ្យោបាយល្អសម្រាប់ជាជម្រើស រត់ទៅក្រៅប្រទេស។

លោក សុខ ឥសាន អះអាងថា សកម្មភាពរបស់ សម រង្ស៊ី ខាងលើនេះ ជាគំរូអាក្រក់របស់មេដឹកនាំបក្សប្រឆាំង ដែលខ្វះស្មារតីទទួលខសត្រូវចំពោះទង្វើ និងសកម្មភាពរបស់ខ្លួន ៕





គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍​ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវកា នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ​-​សង្កាត់ដែលប្រកាសដោយ គ.ជ.ប.