Monday, June 26, 2017

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និទានរឿង​ «មន្រ្តីគ្រាប់ល្ពៅ»​ ជាគតិ​បណ្ឌិត​សម្រាប់​មន្រ្តី​ដែល​នឹងចេញទៅ​បម្រើការងារ​ជូនជាតិ​ និង​ប្រជាពលរដ្ឋ​

នៅ​ព្រឹក​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២​០១៧នេះ លោកនាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន បាននិទានរឿង​ «មន្រ្តីគ្រាប់ល្ពៅ» ជា​គតិ​សម្រាប់​មន្រ្តីដែលនឹងចេញ​ទៅបម្រើការងារ​ជូនជាតិ​ និង​ប្រជាពលរដ្ឋ។​ លោក​ បាន​ថ្លែងដូចនេះ​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រឿងនិទាននេះ គឺព្រះមហាក្សត្រ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គនោះ ព្រះអង្គបានហៅមន្រ្តី ឱ្យយកគ្រាប់ល្ពៅស្ងោរ ទៅដាំ។ ចុងក្រោយទទួលបានមន្រ្តី ៤ប្រភេទចេញពីការពិសោធន៍ទឹកចិត្តជាមួយនឹងការផ្តល់គ្រាប់ល្ពៅទៅដាំនេះ។ មន្រ្តីប្រភេទទី១ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រដែរ ប៉ុន្តែកងការពារព្រះរាជវាំងមិនឱ្យចូល។ មន្រ្តីប្រភេទទី២ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។ មន្រ្តីប្រភេទទី៣ បានទូលស្តេចថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ។ ចុងក្រោយ មន្រ្តីប្រភេទទី៤ បានទូលស្តេចដោយត្រង់ៗថា គ្រាប់ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកមន្រ្តីប្រភេទមនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសទៅលើអ្នកដទៃថែមទៀត។ សម្រាប់មន្រ្តីប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចយកប្រើបាននោះទេ។ ចំពោះមន្រ្តីប្រភេទទី៣ ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុរស៊ីមែន ឬយ៉ាងណា។ ដោយឡែក សម្រាប់មន្រ្តីប្រភេទទី៤ ត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយការពិតនិយាយត្រង់ ការនិយាយត្រង់នេះ អាចឱ្យថ្នាក់លើបានដឹងពីការពិតនៅតាមមូលដ្ឋាន៕






No comments:

Post a Comment