Wednesday, July 13, 2022

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិអំពីករណីជំងឺកូវីដអូមីក្រុងបំប្លែងថ្មីដែលកំពុងកើតមានឡើង និងសូមអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្លាំងឡើង


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ អំពីករណីកើតមានឡើងនូវជំងឺប្រភេទថ្មីអូមីក្រុងបំប្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជំងឺនេះត្រូវបានរកឃើញនៅភ្នំពេញ និងបានរកឃើញឆ្លងនៅតាមខេត្តមួយចំនួនតាមរយៈការធ្វើតេស្តម៉ាស៊ីន PCR ហើយតាមរយៈការធ្វើតេស្តរហ័ស ក៏ត្រូវបានរកឃើញដែលបង្ហាញ ការព្រួយបារម្ភ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា បើទោះបីរាជរដ្ឋាភិបាល មិនមានការចាំបាច់បិទទីក្រុង បិទទីប្រជុំជុន បិទសាលារៀន បិទការលក់ដូរ ប៉ុន្តែរាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីអំពាវនាវឲ្យបងប្អូនជនរួមជាតិ បង្កើនការពារផ្ទាល់ខ្លួនតាមរយៈការវិលត្រឡប់ទៅរកកិច្ចការពារយ៉ាងខ្ជាប់ខ្ជួននោះគឺវិធានការ «៣ការពារ និង៣កុំ»។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រភេទអូមីក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស ឆ្លងគ្មានរើសមុខ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ន គ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅតាមសាលារៀន សិស្សានុសិស្ស រោងចក្រ សហគ្រាស ទីផ្សារ និងទីប្រជុំជននានា។

ជាមួយនឹងការរីករាលដាលជំងឺអូមីក្រុងប្រភេទថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទទួលយកវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ពីព្រោះមានតែជម្រើសមួយនេះទេ ដែលអាចចៀសផុត ពីមហន្តរាយពីបាត់បង់ជីវិតមនុស្ស ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត៩០ថ្ងៃហើយ ដែលមិនមានអ្នកស្លាប់ តែបើមិនប្រុងប្រយ័ត្ន និងធ្វេសប្រហែស នោះអាចនឹងមានកើតមានឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់អ្នកជំងឺមួយចំនួនមានសភាពមិនធ្ងន់ធ្ងរ នោះក៏ដោយសារតែបានចាក់វ៉ាក់សាំង ហើយបើមិនបានចាក់វ៉ាក់សាំងនោះទេច្បាស់ជាកើតឡើងចំពោះជីវិតជាក់ជាមិនខាន ដូច្នេះសូមប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ភាពជោគជ័យករបស់យើងកន្លងទៅ លើការទប់ស្កាត់ជំងឺកូវីដ១៩ គឺតាមរយៈប្រជាពលរដ្ឋដែលបានអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» និងការទទួលយកវ៉ាក់សាំង ប៉ុន្តែពេលនេះចំនួនទទួលយកវ៉ាក់សាំងដូសទី៣ នៅមានចំនួនតិច បើប្រៀបធៀបទៅប្រជាពលរដ្ឋនៅប្រមាណ ៤លាននាក់ទៀត ដែលត្រូវទទួលវ៉ាក់សាំងដូសទី៣ ដូច្នេះសម្តេចសូមអង្វរប្រជាពលរដ្ឋយកចិត្តទុកដាក់ សុខភាពផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវធ្វើការជំរុញប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំង ដើម្បីការពារសហគមន៍របស់យើង៕

កម្ពុជារាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្ស ជូនវេទិកាអង្គការសហប្រជាជាតិ នៅហ្សឺណែវ

(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥០ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស សរុបចំនួន២៣ និងវេទិកាពិភាក្សាចំនួន០៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត សរុបចំនួន២៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។


ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន ២២ លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ ផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួមចំណែកដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ផងដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

* «យុទ្ធសាស្ត្រផ្ការីក» របស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោសនិងជនបរទេស បានសម្រេចនូវអត្រានៃការចាក់វ៉ាក់សាំងជាង៩៤% នៃចំនួនប្រជាជនសរុប។ កិច្ចអន្តរាគមន៍គាំពារសង្គមជាច្រើនជុំក៏ត្រូវបានផ្តល់ជូនដល់ពលរដ្ឋដែលជួបការលំបាក ក្រុមងាយរងគ្រោះ និងសហគ្រាសអាជីវកម្មដែលរងផលប៉ះពាល់ដោយការរាតត្បាតកូវីដ-១៩ ផងដែរ។ កម្ពុជាបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី កិច្ចគាំពារសង្គម។

* អង្គការសហប្រជាជាតិ បានសាទរកម្ពុជា ចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការគ្របដណ្ដប់ផ្នែកគាំពារសង្គម។ ចាប់តាំងពីការដាក់ចេញនូវ "ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម" ក្នុងឆ្នាំ២០១៦ មក ជំនួយសង្គម និងរបបសន្តិសុខសង្គម ត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដើម្បីធានាថា មិនមែនមានត្រឹមតែក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនកម្ពុជាដែលប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ក៏ទទួលបានកិច្ចគាំពារ កាន់តែប្រសើរឡើងផងដែរ។

* ការអប់រំតាមប្រព័ន្ធឌីជីថលរបស់កម្ពុជា ត្រូវបាននិងកំពុងបង្កើតឡើង សម្រាប់ការអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ។ ដើម្បីគាំទ្រដល់អាទិភាពនេះ អ៊ីនធឺណិតល្បឿនលឿននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមសាលារដ្ឋរាប់ពាន់កន្លែងនៅឆ្នាំ២០២៣។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី ជាប្រទេសដែលមានតម្លៃអ៊ីនធឺណិតតាមទូរស័ព្ទចល័តទាបបំផុត។ កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានអ៊ីនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាល នៅឆ្នាំ២០២៧។

* ជិត៨០% នៃចំនួនប្រជាជនកម្ពុជាសរុប គឺជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងសកម្ម ដែលបញ្ចេញទស្សនៈរបស់ពួកគាត់ដោយសេរី អំពីកិច្ចការសាធារណៈ។ ការសម្តែង មតិរបស់ពួកគាត់ រួមទាំងមតិផ្ទុយ ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថល ជិត២.០០០អង្គភាព ដែលកំពុងដំណើរការដោយគ្មានការត្រួតពិនិត្យជាមុន និងគ្មានការរឹតបន្តឹងឡើយ ហើយថែមទាំងត្រូវបានធានាដោយច្បាប់ស្តីពី របបសារព័ត៌មានទៀត។

* ក្នុងឱកាសចូលរួមការពិនិត្យជាសកលតាមកាលកំណត់ (UPR) កម្ពុជាបានទទួលយកអនុសាសន៍មួយចំនួន ទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTI)។ ដើម្បីលុបបំបាត់ការសម្លុតគម្រាម និងការរើសអើងក្នុងសង្គមនិងតាមកន្លែងការងារ ការអប់រំផ្លូវភេទ រួមទាំងបញ្ហាសមភាពយេនឌ័រ និងការស្រទ្បាញ់ភេទដូចគ្នា ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន ព្រមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈការអប់រំ ទាំងក្នុងនិងក្រៅប្រព័ន្ធ។

* កម្ពុជាប្តេជ្ញាដាក់បញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងកម្រិតផ្សេងៗគ្នានៃការថែទាំ នៅទូទាំងប្រព័ន្ធសុខាភិបាល ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងផែនការសកម្មភាពសកលសម្រាប់សុខភាពផ្លូវចិត្ត។

* អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលបានដាក់បញ្ចូលទិដ្ឋភាពយេនឌ័របានយ៉ាងប្រសើរ ទៅក្នុងគោលនយោបាយជាតិទាំងអស់។ ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងដល់ជិត៥០% ដែលក្នុងនោះមាន ២៦% កំពុងកាន់តួនាទីសម្រេចចិត្ត ខណៈចំនួនម្ចាស់អាជីវកម្មជាស្ត្រីបានកើនឡើងដល់ ៦១% នៅទូទាំងប្រទេស។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខវិញ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេស១២២ និងចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន ដែលបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

* ប្រទេសកម្ពុជា គឺជារដ្ឋមួយក្នុងចំណោមរដ្ឋលេចធ្លោ ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា មូលដ្ឋាននានារបស់អង្គការអន្តរជាតិខាងការងារ រួមមានអនុសញ្ញាស្តីពី អាយុអប្បបរមា និងអនុសញ្ញាស្តីពី ការហាមឃាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ។ នៅឆ្នាំ២០២១ យុទ្ធនាការសរុបជាង១០០ ស្តីពីពលកម្មកុមារ ត្រូវបានធ្វើឡើង នៅតាមប្រភេទកន្លែងធ្វើការផ្សេងៗគ្នា ដោយមានការចូលរួមពីនិយោជិត និយោជក និងឪពុកម្តាយ សរុបជិត ៣.០០០ នាក់។

* កម្ពុជាគាំទ្រការអំពាវនាវឱ្យបង្កើនសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំក្នុងតំបន់ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នា ទៅតាមការទទួលខុសត្រូវនិងសមត្ថភាពរៀងៗខ្លួន»។ ធនាគារជាតិនៃកម្ពុជា បានអនុម័តគោលនយោបាយ ដែលដាក់ចេញនូវក្រមសីលធម៌សម្រាប់ការផ្តល់ប្រាក់កម្ចីហានិភ័យទាប ដល់សកម្មភាពរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

* ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវប្រកាន់ខ្ជាប់នូវករណីយកិច្ច ទំនួលខុសត្រូវ និងការកំហិតជាពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងក្នុងមាត្រា១៩ (៣) មាត្រា២១ និងមាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ។ មនុស្សគ្រប់រូប រួមទាំងបុគ្គលដែលតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស មានកាតព្វកិច្ចអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងរង្វង់ព្រំដែននៃច្បាប់។

* ប្រទេសកម្ពុជាចូលរួមជាមួយគណៈប្រតិភូជាច្រើនដទៃទៀត អំពាវនាវសាជាថ្មីឱ្យការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការប្រកបដោយយុត្តិធម៌ និងមិនធ្វើនយោបាយូបនីយកម្ម ដោយឈរលើគោលការណ៍នៃសកលភាព ភាពមិនលម្អៀង សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ព្រមទាំងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនា ផ្អែកលើប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

ក្នុងសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្តួចផ្តើម (co-sponsor) លើសេចក្តីថ្លែងការណ៍រួមចំនួន១០ ពាក់ព័ន្ធនឹងប្រធានបទស្តីពី ការលើកកម្ពស់ពហុភាគីនិយម គ្រួសារនិងតុល្យភាពការងារ ជំនួយបច្ចេកទេស ការប្រែប្រួលអាកាសធាតុ ការផ្សារភ្ជាប់បច្ចេកវិទ្យាទៅនឹងអភិបាលកិច្ចល្អ សិទ្ធិស្ត្រីជាដើម៕


អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន រួមគ្នា ទប់ ទល់ ជាមួយ វិបត្តិសកល

  

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត មានរយៈ ពេល ជាង១៣ នាទី ក្រោមចំណងជើងថា ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល។


វីដេអូនេះ បានរំលេចនូវការ ងើបឡើងវិញ នៃរោគ រាត ត្បាតកូវីដ-១៩នៅកម្ពុជា ហើយជាពិសេស «បញ្ហាប្រឈមនៃ វិបត្តិប្រេង ឥន្ទនះ» ដែលបច្ចុប្បន្ន ពិភពលោកបាននិងកំពុងឆ្លងកាត់ព្យុះសង្ឃរាដ៏គ្រោះថ្នាក់ ដែលបង្កើតជាវិបត្តិសាកលយ៉ាងធំធេង ដោយ គ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ មិន ថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេស អ្នក មាន នោះទេ គឺសុទ្ធសឹង តែកំពុង ទទួល រងនូវ ឥទ្ធិពល ក្នុងកំរិត និង ទំហំ ខុសៗ គ្នាពី វិបត្តិ សាកល នោះ។

បញ្ហាទី១៖ គឺជំងឺកូវីដ-១៩ ដែលរហូតមក ទល់ ពេលនេះ ពិភពលោក នៅមិនទាន់ អាច ប្រយុទ្ធ យក ឈ្នះ លើជំងឺនេះ បាននៅឡើយ។ ជំងឺឆ្លង លាក់ មុខ ដ៏កាច សាហាវនេះ បានធ្វើ ឲ្យសេដ្ឋកិច្ច ពិភព លោក ស្ទើរ តែទប់ខ្លួនមិនជាប់។

បញ្ហាទី២៖ ខណៈដែល ពិភពលោក កំពុងប្រយុទ្ធ តទល់ ជាមួយ កូវីដ-១៩ យ៉ាងសកម្ម ក្លៀវក្លា ដោយ ចំណាយ ទាំងថវិកា និងកម្លាំងធនធាន មនុស្ស យ៉ាង សម្បើម ស្ទើរតែអូសជើងទៅហើយនោះ ស្រាប់តែ សង្គ្រាម នៅអ៊ុយក្រែន ក៏បាន និង កំពុង ផ្ទុះ កក្រើក ឡើង មួយទៀត។ ប៉ុន្តែ ងាកមក មើល ព្រះរាជា ណាចក្រ កម្ពុជាយើងវិញ គឺពិតជាភ័ព្វ សំណាង ល្អណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ហា កូវីដ- ១៩ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេច តេជោ ហ៊ុន សែន ទប់ទល់និងគ្រប់គ្រងបានយ៉ាងល្អ និងមាន ប្រសិទ្ធិភាពខ្ពស់។ លទ្ធផលដ៍គាប់ ប្រសើរ ដែល ទទួលបាន នេះ ក៍ដោយ សារការ បោះ ជំហាន ដើរពី ដំណាក់ កាលមួយ ទៅដំណាក់ កាលមួយ ក៍ដូចជាវិធានការឆ្លើយតបនានាត្រូវបានដាក់ចេញយ៉ាងត្រឹមត្រូវ និងទាន់សភាពការណ៍ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះនយោបាយចាក់ស្រោចវ៉ាក់សាំង គឺជា យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។

បទពិសោធន៍ដ៏ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា មាន កត្តា សំខាន់២ រួមបញ្ចូលគ្នាទើបអាច សម្រេចលទ្ធផល ល្អប្រសើរ បែបនេះបាន៖ទី១ គឺរាជរដ្ឋា ភិបាល សម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងទី២៖ ការជឿទុកចិត្ត និងការចូលរួមគាំទ្រ ពីសំណាក់ ប្រជា ពលរដ្ឋ។

ដោយសារការទប់ទល់ជាមួយជំងឺកូវីដ-១៩ បានល្អ សេដ្ឋកិច្ចកម្ពុជា ក៍បានចាប់ផ្តើមស្ទុះងើប ឡើងវិញ ជា បណ្តើរៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវប្រឈម មុខ ដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលជាឥទ្ធិពល នៃសង្គ្រាម អូសបន្លាយ នៅអ៊ុយក្រែន។ វិបត្តិនេះក៍កំពុងតែវាយលុកនៅពេញពិភពលោក ដែលធ្វើឲ្យប្រទេសនានាជួបប្រទះការលំបាក យ៉ាងខ្លាំង ដោយសារតែតម្លៃប្រេង និងឧស្ម័ន ដែល ជាតម្រូវការចាំបាច់របស់មនុស្សជាតិនៅលើពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ។

ដូច្នេះ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈក្នុងកាលៈទេសៈនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម គឺជាកត្តាចាំបាច់និងមិនអាចខ្វះបានឡើយ។ ពេលនេះរាជរដ្ឋាភិបាលបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈតាមរយៈការបង្កើនស្តុកប្រេងឲ្យបានច្រើន និងការធានាឲ្យមានប្រេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ និងសុទិដ្ឋិ និយម ថា ដោយមានការគាំទ្រដ៍រឹងមាំ និង ការចូលរួម យ៉ាង សកម្ម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យើងពិត ជានឹង អាច ទប់ ទល់ និងពុះពារ ដោះស្រាយ ឆ្លងកាត់ នូវវិបត្តិ សកល នេះបានដោយជោគជ័យជាក់ជាមិនខាន ដើម្បីរួម គ្នាបន្ត ដំណើរកសាង និងអភិវឌ្ឍ មាតុភូមិ កម្ពុជា និងក្រុមគ្រួសារ យើងតទៅ មុខទៀត ក្រោម ម្លប់ នៃសុខសន្តិភាព៕
សូមអញ្ជើញទស្សនាវីដេអូ៖

ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ


(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។


កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារ ស វិមានរដ្ឋចំការមន។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ  នៅក្រោយកិច្ចប្រជុំថា ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជា ឯកច្ឆន្ទដោយ ០៩សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសរុបចំនួន ០៩រូប ដោយទូលថ្វាយមតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ គឺអាចធ្វើទៅបាន។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានបានបន្ថែមថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន។

លោកបណ្ឌិត បានបន្ថែមថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺផ្អែកលើមាត្រា ១៥៣ថ្មី មាត្រា ១៥៤ថ្មី និងមាត្រា១៥៥ថ្មី នៃរដ្ឋធម្មនុញ្ញ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័តកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ៕

គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ចំនួនពីរ ទី១៖ ធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២៖ ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធការធ្វើវិសោធនកម្មទាំង៨នេះ មិនទាន់មានការបញ្ជាក់លំអិតនៅឡើយទេ។ គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទព័ត៌មាន ដើម្បីបញ្ជាក់ទៅលើការធ្វើវិសោធនកម្មនេះ៕












ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាថ្មីមួយចំនួន នៅថ្ងៃស្អែក

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

សន្និសីទសារព័ត៌មាននេះនឹងរៀបចំឡើងនៅវេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖








វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន និងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅអាស៊ី

(កង់បេរ៉ា)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅមិនទាន់មានសញ្ញាថាបញ្ចប់នៅពេលណានោះទេ ហើយ «ហ្គេមបញ្ចប់» របស់លោកប្រធានាធិបតី ពូទីន នៅក្នុងសង្រ្គាមនេះក៏គ្មាននរណាម្នាក់ដឹងឱ្យប្រាកដនោះដែរ។ ប៉ុន្តែ អ្វីដែលអ្នកជំនាញភាគច្រើនមើលឃើញ នោះគឺថាសង្រ្គាម សព្វថ្ងៃ បានបញ្ជូនសារមួយឃ្លាយ៉ាងច្បាស់ថា «ប្រសិនបើអ្នកមានអាវុធនុយក្លេអ៊ែរ គ្មាននរណាហ៊ានរករឿងអ្នកឡើយ»។

ប៉ុន្មានថ្ងៃ បន្ទាប់ពីការចេញបញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន លោក ពូទីន បានបង្គាប់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់លោកស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ហើយបទបញ្ជានេះទៀតសោត ត្រូវបានគេមើលឃើញថាជាសារព្រមានដែលបុរសខ្លាំងក្រឹមឡាំងរូបនេះ ចង់ប្រាប់ទៅបណ្ដាប្រទេសលោកខាងលិចថា «កុំធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន» ឱ្យសោះ។

ការព្រមាននេះពិតជាដំណើរការពិតមែន ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទោះបីជាបានផ្ដល់អាវុធដូចទឹកបាក់ទំនប់ឱ្យអ៊ុយក្រែនក៏ពិតមែន តែលោក បានបញ្ជាក់ម្ដងហើយម្ដងទៀតថាការបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ គឺជាអាទិភាពចម្បងមួយនៃរដ្ឋបាលរបស់លោក ជាមួយការសន្យាថា នឹងមិនបញ្ជូនកងទ័ពអាមេរិកឱ្យទៅជួយអ៊ុយក្រែន ហើយក៏បានច្រានចោលសំណើរបស់លោក ហ្សេលេនស្គី ដែលស្នើឱ្យមានការបង្កើតតំបន់គ្មានការហោះហើរ (no-fly zone) នៅអ៊ុយក្រែនផងដែរ។

ជាការពិតណាស់ គោលនយោបាយបែបនេះជារឿងល្អសម្រាប់ពិភពលោកទាំងមូល តែវាជារឿងអកុសលមួយសម្រាប់អ៊ុយក្រែន ហើយវាក៏កំពុងបង្ហាញដែរពី ការបាត់បង់ទំនុកចិត្តបន្តិចម្ដងៗលើ «ឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក» ជាពិសេសនៅក្នុងចំណោមប្រទេសដែលត្រូវការឆត្រនេះជាចាំបាច់ដូចជា កូរ៉េខាងត្បូង និងជប៉ុន។ នៅក្នុងរបាយការណ៍សិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០២០ ដោយមជ្ឈមណ្ឌសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security) បានឱ្យដឹងថាឆត្រនុយក្លេអ៊ែរអាមេរិកបានថយចុះឥទ្ធិពល នៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ តែសំខាន់នៅត្រង់ថាសង្រ្គាមនេះ វាកាន់តែធ្វើឱ្យប្រទេសដែល ពឹងផ្អែកលើខ្លាំងលើសហរដ្ឋអាមេរិកនាំគ្នាចោទថាខ្លួនឯងថា «តើពួកគេគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរឬទេ»?

ក្នុងឆ្នាំ១៩៩៤ ក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់ អ៊ុយក្រែនដែលធ្លាប់ជាមហាអំណាចនុយក្លេអ៊ែរទី៣ នៅលើពិភពលោកបន្ទាប់ពីសូវៀត និងសហរដ្ឋអាមេរិក នៅពេលនោះ បានសម្រេចចិត្តប្រគល់អាវុធនយក្លេអ៊ែរឱ្យសូវៀតវិញ ដើម្បីជាថ្នូរនឹងពាក្យសន្យាមិនឈ្លានពានពីសូវៀត និងការធានាសន្តិសុខពីអាមេរិក និងចក្រភព អង់គ្លេស។ តែនៅទីបំផុតទៅ អ៊ុយក្រែននៅតែត្រូវបានរុស្ស៉ីដែលជាអតីតបងធំ ក្នុងសហភាពសូវៀតឈ្លានពានដដែល ហើយមេរៀននេះអ្នកដែលរៀនឆាប់ចេះ ជាងគេ គ្មាននរណាផ្សេងក្រៅពីកូរ៉េខាងជើងនោះទេ។ ជាក់ស្ដែង មួយរយៈពេលខ្លី ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់ លោកពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំង និងចេញបញ្ជាឱ្យធ្វើតេស្ដមីស៊ីលផ្លោងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មី។

ក៏ប៉ុន្តែ ប្រទេសមានអាវុធនុយក្លេអ៊ែរដែលគេតាមមើលមិនដាក់ភ្នែក នោះគឺចិនឯណោះទេ។ ចាប់តាំងពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង កាលពីឆ្នាំ១៩៦៤ មក ចិនបានអនុវត្តរបបនុយក្លេអ៊ែរ គឺត្រឹមតែមានអាវុធនុយក្លេអ៊ែរគ្រប់គ្រាន់ ទុកដើម្បីកំញើញ ឬទប់ស្កាត់ប្រឆាំងនឹងការវាយប្រហារនុយក្លេអ៊ែរណាមួយ តែប៉ុណ្ណោះ។ ចិនសព្វថ្ងៃ ត្រូវបានគេរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣៥០គ្រាប់ រីឯសហរដ្ឋអាមេរិកមាន ៥,៥៥០គ្រាប់ និងរុស្ស៉ីមានជាង ៦,០០០គ្រាប់។

តែខណៈកំពុងប្រជែងឥទ្ធិពលកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ចិនបានកែប្រែយុទ្ធសាស្ត្រនុយក្លេអ៊ែរ ជាមួយការប្រឹងប្រែងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ទ្វេដង។ កាលពីខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិ អាមេរិកផ្ទាល់បានវាយតម្លៃថាចិននឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយនឹងផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០ ហើយសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថានឹងជំរុញឱ្យចិនកាន់តែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដ្បិតមេរៀនមួយ ដែលទីក្រុងប៉េកាំងបានរៀន នោះគឺអាវុធនុយក្លេអ៊ែររបស់លោក ពូទីន បានកំញើញកុំឱ្យសហរដ្ឋអាមេរិកលូកដៃចូលជួយអ៊ុយក្រែន ដែលនេះទុកត្រៀមសេណារីយ៉ូ កោះតៃវ៉ាន់ នៅពេលអនាគត។

យ៉ាងណាក៏ដោយ ការបង្កើនឃ្លាំងនុយក្លេអ៊ែរមិនមែនបញ្ឈប់ត្រមចិនទេ ដោយប្រទេសក្នុងតំបន់អាស៊ីសំខាន់ៗមួយចំនួនក៏កំពុង ឬអាចនឹងធ្លាក់ចូលក្នុងការរត់ប្រណាំង អាវុធនុយក្លេអ៊ែរដែរ ដែលនឹងកាន់តែធ្វើឱ្យតំបន់អាស៊ីទាំងមូលលែងសូវមានសុវត្ថិភាព។ ពោលគឺ ប្រសិនបើចិនបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរទៅហើយនោះ សួរថាតើ ឥណ្ឌាដែលជាគូជម្លោះទឹកដី និងភូមិសាស្ត្រនយោបាយរបស់ចិន អាចនឹងនៅស្ងៀមដែរឬទេ? ហើយបើឥណ្ឌាមិននៅស្ងៀមផង ចុះប៉ាគីស្ថានដែលជារដ្ឋនុយកេ្លអ៊ែរ និងជាសត្រូវតជំនាន់របស់ឥណ្ឌា អាចនៅស្ងៀមបានដែរទេ?

ដូច្នេះបើបណ្ដាប្រទេសទាំងនេះនាំគ្នារត់ប្រណាំងអាវុធនុយក្លេអ៊ែរ វាអាចនឹងធ្វើឱ្យប្រទេសគ្មានអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ីបូព៌ា ដូចជាជប៉ុន និងកូរ៉េខាងត្បូង ស្ថិតនៅ ក្នុងហានិភ័យដ៏ស្មុគស្មាញ។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដានេះ ធ្លាប់បានអំពាវនាវឱ្យជប៉ុនពិចារណា អនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ។ បើទោះជានាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ គឺលោក គីស៊ីដា ហ្វូមីអុ បដិសេធគំនិតនេះ ក៏ដោយ តែគំនិតរបស់លោក អាបេ នៅតែបន្តត្រូវបានជជែកដេញដោលនៅក្នុងចំណោមអ្នកបង្កើតគោលនយោបាយជប៉ុន នៅក្នុងបរិបទដែលឥទ្ធិពលចិននៅអាស៊ី រីកកាន់តែធំ។ ម្យ៉ាងទៀត គំនិតចង់បានអាវុធនុយក្លេអ៊ែរនេះក៏ត្រូវបានគេលើកយកមកនិយាយយ៉ាងផុលផុសដែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលោក យូន ស៊ុកយុល ដែលមាននយោបាយតឹងតែងចំពោះកូរ៉េខាងជើង ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងមក។

ទំាងនៅជប៉ុន និងកូរ៉េខាងត្បូង អាវុធនុយក្លេអ៊ែរគឺជាបញ្ហានយោបាយមួយដ៏ស្មុគស្មាញ។ តែប្រឈមមុខនឹងការកើនឡើងនៃគំនិតអភិរក្សនិយម និងការគំរាមកំហែងពី កូរ៉េខាងជើង ការកើនឡើងឥទ្ធិពលចិន គួបផ្សំនឹងការថយចុះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ប្រទេសទាំង២ ប្រហែលជាពិបាកនឹងគេចផុតណាស់ ពីការចង់បានអាវុធនុយក្លេអ៊ែរ ឬអាវុធមានសមត្ថភាពប្រហាក់ប្រហែលដើម្បីការពារសន្តិសុខខ្លួនឯង។

ពិភពលោកបានពឹងផ្អែកជាយូរណាស់មកហើយលើគោលការណ៍ធានាឱ្យគ្នាទៅវិញទៅមក ក្នុងការរាំងកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ តែសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថានឹងបំផ្លាញសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរសកល ដែលនេះនឹងបង្កឧបសគ្គដល់ការទប់ស្កាត់ការរីកសាយអាវុធ នុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី៕