Tuesday, November 23, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»

(FN)៖ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ក្រោមម្លប់នៃសុខសន្តិភាពនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមួយបន្ថែមថាជា «ស្ពានភ្ជាប់និស្ស័យ» ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក។


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាមួយការបង្ហាញវត្តមានសម្ពោធសមិទ្ធផលថ្មីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រាប់ជាប្រយោជន៍សម្រាប់ប្រជាជន និងជាតិនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវគារវកិច្ចគោរពចំពោះប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងស្ទឹងត្រង់

* សម្តេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។ ភ្ជាប់និស្ស័យនេះ មានន័យទូលំទូលាយ គឺការភ្ជាប់និស្ស័យកម្ពុជា-ចិន, ភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ, ភ្ជាប់និស្ស័យកំពង់ចាម-ត្បូងឃ្មុំ ហើយភ្ជាប់និស្ស័យជាពិសេសនោះ គឺនិស្ស័យរវាងសម្តេច និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅងតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេចស្ពានភ្ជាប់និស្ស័យ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពលរដ្ឋអាយុ៦០ឆ្នាំឡើង នឹងបានដឹងពីស្ថានភាពទូកដរខ្មែរពីសង្គមចាស់ គឺចែវនឹងដៃ អត់មានម៉ាស៊ីនទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំងឺ ស្ត្រីឆ្លងទន្លេខ្លះ បានរងគ្រោះដល់អាយុជីវិត ព្រោះតែគ្មានស្ពាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ចេញនយោបាយផ្តល់អាទិភាពលើទឹក ផ្លូវ ភ្លើង និងមនុស្ស តាំងពីឆ្នាំ១៩៨៧ នៅតែជានយោបាយត្រឹមត្រូវសម្រាប់កសាងកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់សមរភូមិសង្គ្រាម ជាតំបន់ទម្លាក់គ្រាប់បែក។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងក្រុមហ៊ុនសាងសង់របស់ចិន ដែលបានរួមគ្នាសាងសង់ឱ្យបានរួចរាល់ជាស្ថាពរនៃស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលជាការលំបាកណាស់សម្រាប់ពលរដ្ឋនៅស្ទឹងត្រង់-ក្រូចឆ្មារ ទោះក្នុងស្ថានភាពចែវទូកដរ ដរប្រើម៉ាស៊ីន ឬសាឡាង។ តែក្រោយមានស្ពានលែងលំបាកទៀតហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃសាំងឡើងថ្លៃជាបញ្ហាសាកល មិនមែនជាបញ្ហាតែកម្ពុជានោះទេ។ សម្តេចតេជោ បន្តថា រអ៊ូរឿងសាំងឡើងថ្លៃ តែឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មនុស្សដើរលេងយ៉ាងចង្អៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែនេះ សម្តេចមានជំនួប និងធ្វើការជាមួយភាគីចិនចំនួន៤ដង រួមមាន៖ ជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីចិន, ទទួលវ៉ាក់សាំងជំនួយរបស់ចិន, ជួបប្រជុំជាមួយប្រធានាធិបតីចិន និងការសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាពិសោធន៍តាំងពីសម្តេចនៅជារដ្ឋមន្ត្រីការបរទេស ទំនាក់ទំនងនយោបាយ មានការកើនឡើង ដោយសារការគាំទ្រផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោ បានថ្លែងថា មានតែទំនាក់ទំនងនយោបាយ មិនមានការគាំទ្រផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទេ ទំនាក់ទំនងនយោបាយមិនអាចយូរអង្វែងបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិន បានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអាទិភាពរបស់សម្តេច គឺមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ មានសាលារៀន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើធនធានជាជំនួយ ឬកម្ចីបរទេស មកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន គឺជាការបែងចែកប្រកបដោយសមធម៌បំផុត ព្រោះថា ផ្លូវ ស្ពាន មន្ទីរពេទ្យ អ្នកមាន អ្នកក្រ គឺប្រើបានដូចគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់។ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជាវាយបំផ្លាញតែស្ពាន ខុសពីសង្គ្រាមនៅវៀតណាម អត់មានវាយកម្ទេចស្ពានទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា នាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសប្រជាធិបតេយ្យនាំគ្នាគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែពួកគេមិនដែលបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ខ្មែរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយ ហើយត្រូវបន្តអាណត្តិសម្តេចប៉ុន្មានអាណត្តិទៀត គឺសម្តេចនៅតែធ្វើរហូត មិនឱនក្បាលឱ្យនរណាមកបំផ្លាញសុខសន្តិភាព និងជីវិតពលរដ្ឋកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងលេងពួកក្រុមជ្រុលនិយមឱ្យចប់សិន ទើបសម្តេចត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអន់ខ្លាំងណាស់ ចំពោះការធ្វើនយោបាយបន់ឱ្យដៃគូខ្លួនស្លាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានសំណាង ព្រោះមានការសាងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ពីស្រុកចំការលើ ខេត្តកំពង់ចាម ទៅកាន់ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពាន មិនមែនសម្រាប់សម្តេចធ្វើដំណើរនោះទេ តែជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានបាន២០ខ្សែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២,៣០០លានដុល្លារ

* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធស្ពាន ដែលមិនអាចស្និទ្ធស្នាលដូចពេលមុន ព្រោះតែការរាតត្បាតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ១៩រយៈពេល២០ខែមកហើយ។ សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីបែបបទ និងយុទ្ធសាស្ត្រទាំងឡាយ ដែលសម្តេចបានដាក់ចេញជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាក្តីសង្ឃឹមធំសម្រាប់សម្តេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា វ៉ាក់សាំងសន្យាមានច្រើនណាស់ តែចុងក្រោយសម្តេចសម្រេចយកចិនធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាប្រើថវិកាជាតិ ទិញវ៉ាក់សាំង ២៨លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្រៃលែងសម្រាប់ភាពជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មោទនភាពនោះ គឺជនជាតិកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងរហូតដល់ជាង១៤លាននាក់ ទោះបីគេបំភ័យថា វ៉ាក់សាំងចាក់ទៅស្លាប់។ សម្តេចតេជោ បានថ្លែងថា វ៉ាក់សាំងនៅកម្ពុជា បានដើរដល់ទីជនបទ និងដល់កុមារ ហើយអត់មានប្រកាន់និន្នាការនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលស្តាប់ និងអនុវត្តន៍តាមការរៀបចំរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បានថ្លែងថា នេះគឺជាមោទនភាពដ៏ធំសម្រាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មោទនភាពទី២ គឺប្រជាជនផ្លាស់ប្តូរឥរិយាបថ ទៅជាទម្លាប់ គឺការចេះការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធានការការពារខ្លួន។

* សម្តេចតេជោ ហ៊ុន សែន មានជំនឿចិត្តថា ការបើកប្រទេសឡើងវិញនាពេលនេះ មិនមានការដើរថយក្រោយវិញនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០២១ អាចនឹងមានការកើនឡើង ក្រោយកម្ពុជាបើកប្រទេសឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំអាចសម្រេចបានក្នុងរង្វង់ជិត៣ភាគរយ ហើយនៅឆ្នាំក្រោយអាចរង្វង់៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នឹងជួយជំរុញដល់ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កបង្កើនផលស្រូវរបស់កម្ពុជានៅឆ្នាំ២០២១នេះ សម្រេចបានប្រមាណ ១១១ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យខិតខំអនុវត្តវិធានការទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានក្លាយជាទម្លាប់នៅក្នុងសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញវិធានការរាំងខ្ទប់ គឺដើម្បីការរស់រានរបស់ប្រជាពលរដ្ឋ។ បើពេលនោះមិនជ្រើសយកវិធានការនេះទេ មិនដឹងថា ពេលនេះជីវិតពលរដ្ឋកម្ពុជាជួបស្ថានភាពបែបណាទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី គឺជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រដែលក្រជាងគេលើពិភពលោក តែមានទឹកព្រះទ័យធំធេងក្នុងជួយដល់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានចលនាជាតិមួយដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសង្ឃឹមប្រទេសចម្រើនលូតលាស់ G7 នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

* សម្តេចតេជោ បានថ្លែងថា កម្ពុជា ស្វាគមន៍រាល់ការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានានៅកម្ពុជា ដើម្បីកុំឱ្យគេនិយាយថា កម្ពុជាពឹងតែចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា អត់មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោស។ ប្រទេសណាក៏ដូចប្រទេសណាដែរ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។

* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំអាវរងា ភួយ មុង ជូនចាស់ៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តំណែងនាយករដ្ឋមន្ត្របានយូរ ព្រោះតែសម្តេចមិនក្បត់រាជានិយម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់កិច្ចខិតខំជិត២ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាជួយរក្សាសន្តិសណ្តាប់ធ្នាប់សម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋនាពេលថ្មីៗនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមូលផ្តុំកម្លាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនត្រូវធ្វើឱ្យអាក់ខានដល់ការផ្តល់សេវារដ្ឋបាលនោះទេ។

* សម្តេចតេជោ បានថ្លែងថា ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មេឃុំមួយចំនួនម៉ោង៩ មិនទាន់ដល់សាលាឃុំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧ ដល់ ២២ ខែធ្នូ ឆ្នាំនេះ។

* សម្តេចតេជោ ហ៊ុន សែន ស្នើខ្មែរនៅអាមេរិកងើបឡើងប្រឆាំងនឹងទណ្ឌិត សម រង្ស៉ី ដែលព្រមានដកសញ្ជាតិអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមអ្នកនយោបាយប្រឆាំងខ្មែរ ស្គាល់នយោបាយចិន និងអាមេរិក តិចពេកហើយ គេមានវិធីសាស្ត្រគ្រប់គ្រងទំនាក់ទំនងមិនឱ្យប៉ះទង្គិចគ្នាទេ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖០៨នាទី៕


























សម្តេចតេជោ ហ៊ុន សែន៖ យើងមិនភ្លេចពីព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ និងសម្តេចម៉ែក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងជាប្រជារាស្រ្តមិនត្រូវភ្លេចពីព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលជាប្រភពនៃការលើកទឹកចិត្តតាមរយៈព្រះរាជសកម្មភាពរបស់ព្រះអង្គដែលយកព្រះទ័យទុកដាក់បំផុតដល់ប្រជារាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើសកម្មភាពលើកទឹកចិត្តដោយការបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងការទិញមន្ទីរពេទ្យ និងទិញវ៉ាក់សាំងជាដើមដែលបានក្លាយជាកម្លាំងចលនាជាតិមួយយ៉ាងធំ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបានឃើញទឹកព្រះទ័យរបស់ព្រះអង្គ មានក្រុមអ្នកមានទ្រព្យ ឧកញ៉ា អ្នកឧកញ៉ា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមបរិច្ចាគជាប្រាក់ខែដើម្បីទិញវ៉ាក់សាំងការពារអាយុជីវិតប្រជាជនយើង៕







ពិធីបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាពលោក រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង លោកស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាក្រុងស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង។ 


មានប្រសាសន៍នាឱកាសនោះ លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាពេលកន្លងមកនេះបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ចុះជាប់ជាមួយនឹងមូលដ្ឋាន ដើម្បីតាមដានរាល់ការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការផ្តល់សេវាជូនពលរដ្ឋ ដោយបានក្តាប់រាល់បញ្ហាប្រឈម ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន តាមរយៈការនៃការធ្វើវេទិកាសាធារណៈរវាងប្រជាពលរដ្ឋនិងក្រុមការងារ ។


លោក បានបញ្ជាក់ទៀតថា បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅតែបានបន្តចុះមូលដ្ឋាន ដោយបានធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនការប្រុងប្រយ័ត្នជូនប្រជាពលរដ្ឋ ។ក្រៅពីនោះបានផ្តល់ជាជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 


លោក រាជ សុភទ្ទ បានធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការងារដោយការទទួលខុសត្រូវ អនុវត្តបានតាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ លោកបានបញ្ជាក់ទៀតថា ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុក។ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យតាមដាន និងគាំទ្រការអនុវត្តកម្មវិធីគំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។ សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕






សម្តេចតេជោ ហ៊ុន សែន លើកឡើងពីចំណុចឥណនទានពិសេសរបស់មិត្តចិន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនផ្តល់ឥណទានដល់កម្ពុជា ដោយគោរពទៅតាមការចង់បានរបស់កម្ពុជា នេះជាចំណុចពិសេសរបស់មិត្តចិន ដែលខុសពីឥណទានរបស់អ្នកផ្សេងៗទៀត នៅពេលកម្ពុជា ដាក់សំណើរឱ្យជួយនៅចំណុចនេះ គេបែរជាបញ្ជាឱ្យធ្វើនៅចំណុចនោះទៅវិញ ទៅតាមអ្វីដែលគេចង់បានខ្លួនឯង ដែលនាំឱ្យផ្ទុយពីការតម្រូវចង់បានរបស់កម្ពុជា។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រទេសកម្ពុជា ស្នើសុំឱ្យមិត្តចិន បន្តជួយអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាអទិភាពសំខាន់ៗ បន្ថែមទៀត ដែលសុទ្ធសឹងជាតម្រូវការចង់បានរបស់កម្ពុជា ៕



សម្តេចតេជោ ហ៊ុន សែន៖ ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺ ផ្លូវ ស្ពាន សាលា និងមន្ទីរពេទ្យ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចជាអាទិភាពនៃនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាជនមានផ្លូវដើរ មានស្ពានសម្រាប់ឆ្លង មានសាលាសម្រាប់រៀនសូត្រ និងមានមន្ទីរពេទ្យសម្រាប់ប្រជាជនយើង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនៅតែបន្តស្នើសុំឱ្យភាគីចិនបន្តផ្តល់ជំនួយដើម្បីជួយកសាងប្រទេសកម្ពុជាដើម្បីសម្រេចចំណុចអាទិភាពរបស់កម្ពុជា។ សម្តេចបានបន្តថា ទំនាក់ទំនងនយោបាយមួយមុខក៏មិនទាន់រឹងមាំនោះដែរ ដូច្នេះត្រូវគួបផ្សំនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមទៀត។


សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចំណុចអាទិភាពទាំងនេះហើយ ដែលបានផ្តល់ផ្លែផ្កាប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាទូទៅ មិនថាអ្នកមាន ឬអ្នកក្រនោះឡើយ៕



សម្តេចតេជោ ហ៊ុន សែន៖ ទោះក្នុងតម្លៃណាក៏ដោយមិនឱនក្បាលចំពោះការគាបសង្កត់ណាមួយដែលអាចបំផ្លាញដល់សន្តិភាព និងសន្តិសុខប្រទេសជាតិនោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីម្តងទៀតថា ទោះក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនឱនក្បាលដាច់ខាតក្នុងការទទួលយកការគាបសង្កត់ណាមួយដែលអាចបំផ្លាញដល់សន្តិភាព និងសន្តិសុខប្រទេសជាតិនោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនឹងបន្តលេងជាមួយពួកក្រុមជ្រុលនិយមបន្តទៀត ពោលគឺពួកដែលកំពុងព្យាយាមបំផ្លាញប្រទេសជាតិ ហើយសម្តេចបន្តថា អ្នកថាសម្តេចចាស់នោះ គឺមនុស្សតែងចាស់ទាំងអស់គ្នាមិនមែនចាស់តែសម្តេចនោះទេ៕



ផ្សាយបន្តផ្ទាល់: ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង១១៤.៦២គ.ម

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង១១៤.៦២គ.ម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធីបតីភាពដ៏ខ្ពងខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម នៅត្រង់គីឡូ ម៉ែត្រ  លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត លេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់  ស្រុក  ស្ទឹង   ត្រង់  ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅ ចំណុច  ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធ មានប្រវែង ១.១៣១ ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាល បេតុង កៅស៊ូ កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្ត ចំនួន  ២គន្លង ផ្លូវម៉ូតូ ចំនួន  ២គន្លង ផ្លូវថ្មើរជើង ចំនួន  ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសង ខាង  ស្ពាន  តភ្ជាប់ ទៅ ផ្លូវ ជាតិ លេខ ៧១C   មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំង ស្ពាន និង ផ្លូវ តភ្ជាប់  មានប្រវែង សរុប  ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ បំផុត របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយ ត្រូវ ប្រើប្រាស់ រយៈពេលសាងសង់ ចំនួន ៤២ខែ សាងសង់ ដោយក្រុមហ៊ុន សំណង់    សៀងហៃ  (SCG) និងត្រួត ពិនិត្យ  បច្ចេកទេស  ដោយ ក្រុមហ៊ុន ទីប្រឹក្សា  បច្ចេកទេសក្វាង ចូវ វ៉ានអាន ចំណាយ ថវិកាអស់  ៥៦,៩៩៨ លាន  ដុល្លារ អាមេរិក។

សមិទ្ធផលថ្មីនេះ  គឺជា ចំណង ដៃ ដ៏ ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន   របស់ រាជ រដ្ឋា ភិបាល កម្ពុជា ជូនដល់ បង ប្អូន ប្រជាពលរដ្ឋ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពល រដ្ឋ ទូទាំង ប្រទេស ដើម្បីប្រើប្រាស់ ជាប្រយោជន៍ ទូទៅ  និង យូរអង្វែង  ក្រោម ការដឹកនាំប្រកបដោយ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់  សម្ដេច អគ្គ មហា   សេនា  បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាព មកជូន ជាតិមាតុភូមិកម្ពុជា។

ដោយ: ទទក

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលខ្លាំងក្នុងសង្គមអាមេរិក?


(សិង្ហបុរី)៖ ឆ្នាំ២០២០ ត្រូវបានមនុស្សភាគច្រើនយល់ថាជាទីបញ្ចប់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានបាត់បង់ស្ទើរតែគ្រប់យ៉ាង ក្រោយបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតី ដោយសូម្បីតែគណនី Facebook និង Twitter របស់លោកក៏ត្រូវបានគេព្យួរចោលផងដែរ បន្ទាប់ពីរងការចោទប្រកាន់ថា បានញុះញង់ឱ្យក្រុមអ្នកគំាទ្រ វាយប្រហារលើវិមានសភា កាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះ ដែលបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់។


ប៉ុន្តែ ឈ្មោះដូណាល់ ត្រាំ មិនបានរលាយបាត់ទៅណាពីសង្គមអាមេរិកឡើយ ស្របពេលរូបលោកត្រូវបានគេមើលឃើញថានៅតែជាបេក្ខជនឈានមុខគេម្នាក់ សម្រាប់ ការបោះឆ្នោតបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ លោក ត្រាំ មិនទាន់បានប្រកាសជាផ្លូវការថាតើលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀតដែរ ឬក៏យ៉ាងណានោះទេ ប៉ុន្តែព្រមពេលជាមួយគ្នាមានសំណួរមួយបានលេច ឡើង នោះគឺថាតើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមអាមេរិក?


*ប្រជាជនអាមេរិកមានអារម្មណ៍ថារងការគំរាមកំហែង


ការផ្លាស់ប្ដូរសង្គម និងនយោបាយ បើទោះជាវាផ្ដល់ភាពល្អប្រសើរច្រើនក៏ដោយ ប៉ុន្តែប្រជាជនអាមេរិកមួយចំនួននៅតែមានអារម្មណ៍ថារងការគំរាមកំហែងដដែល។ តួយ៉ាង ប្រជាជនអាមេរិកស្បែកស ត្រូវបានគេបា្រប់ថាពួកគេនឹងក្លាយជាជនជាតិភាគតិចឆាប់ៗនេះ នៅចំពោះមុខការផ្លាស់សង្គមអាមេរិកសព្វថ្ងៃ ខណៈការផ្លាស់ប្ដូរនយោបាយក៏ធ្វើឱ្យពួកគេមានអារម្មណ៍ថារងការគំរាមកំហែងផងដែរ។ រាប់ចាប់ពីការលេចត្រដែតឡើងនៃឥទ្ធិពលចិន, អសន្តិសុខសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ រហូតដល់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន សុទ្ធតែជាបញ្ហាដែលធ្វើឱ្យប្រជាជនអាមេរិក ចាប់ផ្ដើមមើលឃើញថាយុគសម័យគ្រប់គ្រងពិភពលោករបស់ សហរដ្ឋអាមេរិក កំពុងរួញតូចបនិ្តចម្ដងៗ ហើយដែលទាំងនេះបង្កើតបានជា «គំនិតទុទ្ទិដ្ឋិ និយម» ពីអនាគតរបស់ពួកគេ។


ជោគជ័យមួយរបស់លោក ដូណាល់ ត្រាំ គឺលោកពូកែចាក់ចំ ចំណុចរសើប និងអ្វីដែលប្រជាជនអាមេរិកកំពុងត្រូវការ។ ជាឧទាហរណ៍គឺពាក្យស្លោក «ធ្វើឱ្យអាមេរិក អស្ចារ្យម្ដងទៀត ឬ «Make America Great Again» ដែលបង្ហាញថាលោកមើលឃើញប្រយោជន៍ជាតិ និងប្រជាជនអាមេរិកជាធំ នៅតែមានប្រជាប្រិយភាពនៅក្នុង ចំណោមប្រជាជនអាមេរិក ជាពិសេសអ្នកគាំទ្ររបស់លោក ត្រាំ ដែលតែងតែមើលឃើញថាលោក ត្រាំ នៅតែមានឱកាសត្រឡប់មកវិញ ហើយអាចដោះស្រាយបញ្ហា ប្រឈមនានា។


ពិតមែនទៅ, រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនទាន់អាចដោះស្រាយនូវកង្វល់ដែលក្រុមអ្នកគាំទ្រលោក ត្រាំ បានលើកឡើងនោះទេ ដោយ COVID-19 នៅតែបន្តឆ្លងរាតត្បាតនៅក្នុងសង្គមអាមេរិក ហើយសម្រាប់ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ វ៉ាក់សាំងបង្ការសព្វថ្ងៃដែលអាមេរិកមាន ក៏មានចំណែករបស់ អតីតប្រធានាធិបតីអាមេរិករូបនេះដែរ។


*ធ្វើឱ្យគេមើលឃើញខ្លួនឯងជាវីរបុរស


សមត្ថភាពដ៏ពូកែមួយរបស់លោក ដូណាល់ ត្រាំ នោះគឺការឆ្លៀតកេងចំណេញពីបញ្ហា។ នេះក៏ជាហេតុផលមួយធ្វើឱ្យលោក ត្រាំ នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គម អាមេរិក បន្ថែមពីលើភាពប៉ិនប្រសប់ក្នុងការនិយាយកុហក និងកេងចំណេញពី «នយោបាយប្រជានិយមរបស់លោក»។ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៦, លោក ត្រាំ បានធ្វើព្យាយាមបង្ហាញឱ្យមនុស្សគ្រប់គ្នាមើលឃើញលើថាជា «វីរបុរស» ទោះជាត្រូវនិយាយកុហកក៏ដោយ។


បើតាមកាសែត Washington Post អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកុហក ឬបង្កឱ្យមានការយល់ច្រឡំរហូតដល់ ៣០,៥៧៣លើក ហើយដែលការកុហកនេះបានក្លាយជាការឃោសនាដ៏មានប្រសិទ្ធភាព រហូតដល់ធ្វើឱ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋភាគច្រើនជឿជាក់ថាការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ត្រូវបានលួចបន្លំដូចដែលលោក ត្រាំ ធ្លាប់លើកឡើង ឬដែលលោកផ្ទាល់ដាក់ឈ្មោះឱ្យថា «The Big Lie» ដែលជាការឃោសនាមួយថាអាណត្តិទី២ ជាប្រធានាធិបតីរបស់លោកត្រូវបានគេលួចយកទៅបាត់។


ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះរបស់វិទ្យាស្ថាន Brookings និងវិទ្យាស្ថានសិក្សាស្រាវជ្រាវសាសនាសាធារណៈ (Public Religion Research Institute) បានបង្ហាញថាអ្នកគាំទ្រគណបក្សសាធាណរដ្ឋ ៦៨ភាគរយ ជឿជាក់លើ «The Big Lie» របស់លោក ដូណាល់ ត្រាំ ហើយអ្នកដែលជឿលើការឃោសនានេះយល់ថា លោក ត្រាំ គឺជាប្រធានាធិបតីស្របច្បាប់របស់សហរដ្ឋអាមេរិក។


ម្លោះហើយ ដរាបណា នយោបាយប្រជានិយម (populism) នៅតែចាក់ឫសក្នុងសង្គមអាមេរិក ហើយលោក ដូណាល់ ត្រាំ និងក្រុមអ្នកគាំទ្ររបស់លោកនៅតែអាចកេងចំណេញការឃោសនានយោបាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នោះលោក ត្រាំ នឹងនៅតែបន្តមានឥទ្ធិពលលើនយោបាយ និងសង្គមអាមេរិក៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News