Tuesday, November 23, 2021

ពិធីបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើតលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាពលោក រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង លោកស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាក្រុងស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង។ 


មានប្រសាសន៍នាឱកាសនោះ លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាពេលកន្លងមកនេះបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ចុះជាប់ជាមួយនឹងមូលដ្ឋាន ដើម្បីតាមដានរាល់ការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការផ្តល់សេវាជូនពលរដ្ឋ ដោយបានក្តាប់រាល់បញ្ហាប្រឈម ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន តាមរយៈការនៃការធ្វើវេទិកាសាធារណៈរវាងប្រជាពលរដ្ឋនិងក្រុមការងារ ។


លោក បានបញ្ជាក់ទៀតថា បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅតែបានបន្តចុះមូលដ្ឋាន ដោយបានធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនការប្រុងប្រយ័ត្នជូនប្រជាពលរដ្ឋ ។ក្រៅពីនោះបានផ្តល់ជាជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 


លោក រាជ សុភទ្ទ បានធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការងារដោយការទទួលខុសត្រូវ អនុវត្តបានតាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ លោកបានបញ្ជាក់ទៀតថា ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុក។ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យតាមដាន និងគាំទ្រការអនុវត្តកម្មវិធីគំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។ សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕






No comments:

Post a Comment