Wednesday, September 22, 2021

សេចក្តីជូនព័ត៌មាន ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២រួច ឫគ្រប់ដូស

 
 សេចក្តីជូនព័ត៌មាន លេខ៖៩៣៦/២១គ.វ.ក-១៩ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២រួច ឫគ្រប់ដូស (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១)

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូ ចុះមកសិក្សាស្វែងយល់និងពិភាក្សាការងារមួយចំនួនជុំវិញសក្តានុពលដែលមាននៅក្នុងខេត្ត និងលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិក។

ពិធីនេះត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបប្រមាណ២២រូប៕








អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរំដោះទឹកចេញនៅលើកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ នៅចំណុចស្រុកព្រៃឈរ បន្ទាប់ពីរងគ្រោះដោយសារជំនន់ទឹកភ្លៀង

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីរកវិធីសាស្ត្រជំលៀសទឹកកុំឲ្យលិចលង់បន្តទៀតដែលធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

នាឱកាសចុះពិនិត្យដល់ទីតាំងទឹកភ្លៀងជន់លិចនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរជំនាញយកគ្រឿងចក្រកាយជាប្រឡាយដាក់លូរំដោះទឹកចេញដើម្បីបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ ជាមួយនោះ  រាល់មធ្យោបាយធ្វើដំណើរ គឺអាចនៅចរាចរណ៍បានដដែល ប៉ុន្តែមិនតម្រូវឲ្យបើកបរក្នុងល្បឿនលឿនហើយក៏មានការសម្រួលចរាចរណ៍ពីកងកម្លាំងសមត្ថកិច្ចផងដែរ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ប្រវែងប្រមាណជាង១.០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ ខេត្តកំពង់ចាមបណ្ដាលឲ្យរំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕







ខេត្តកំពង់ចាម បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡេីង

កំពង់ចាម÷ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា  អភិបាលខេត្ត និងជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្តកំពង់ចាម បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ជូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១២ឆ្នាំឡើង។ ពិធីនេះត្រូវបានធ្វើឡើងនាថ្ងៃទី២១  ខែកញ្ញា  ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង សរុបចំនួន ៦៨៥,៦២៤ នាក់ ស្មើនឹង ៨៤. ៤២% នៃផែនការចំនួន ៨១២,១៣២នាក់ ដោយ យុទ្ធនាការចាក់វ៉ាក់សាំងកន្លងមកនេះ   ចំពោះព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជាបន្តបន្ទាប់  ចាប់ពីដេីមខែមិនា ឆ្នាំ២០២១។ ក្នុងនោះ  ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី  ១៨ឆ្នាំឡើងទទួលបានការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី២៩ ខែមិថុនា  ឆ្នាំ២០២១។ 

លោក អ៊ុន ចាន់ដា  បានគូសបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ 

ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន៩កន្លែង ដើម្បី ឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញមកទទួល វ៉ាក់សាំង ក្រោយពីបិទបញ្ចប់យុទ្ធនាការនេះផងដែរ។ 

ក្នុងឱកាសនោះ ដែរលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១  មាន  ៩៨,៣៣%  ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់  និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន  ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕