Monday, September 03, 2018

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ»

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ថា ក្រសួងនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងផ​លិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ» ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវបានរៀបចំអមជាមួយផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា វេទិកាស្តីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្តីពីការជំរុញសកម្មភាពាណិជ្ជកម្ម ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគជាដើម។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏នឹងដាក់តាំងបង្ហាញផលិតផលស្រូវ-អង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំចេញអង្ករកម្ពុជាផងដែរ៕


គណៈកម្មការប្រឹក្សាការងារនឹងចាប់ផ្តើមប្រជុំពិភាក្សាការចរចាប្រាក់ឈ្នួលអប្បបរមាចាប់ពីថ្ងៃទី១០ កញ្ញា តទៅ

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការប្រឹក្សាការងារ បានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា ភាគីទាំងបីរួមមានភាគី កម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាលបានសម្រេចបន្តប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាសភាពចំនួន១៦រូប មកពីភាគីនីមួយៗដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាដែលក្រុមការងារនេះនឹងចាប់ផ្តើមពិភាក្សាចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តទៅ៕








តុលាការចេញដីកាបង្គាប់ឱ្យលោក គឹម សុខ ចូលខ្លួននៅថ្ងៃទី១៤ ខែកញ្ញា, លោក គឹម សុខ បានរត់គេចខ្លួនទៅដល់ប្រទេសថៃ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានចេញដីកាបង្គាប់ឱ្យលោក គឹម សុខ ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះបើយោងតាមដីបង្គាប់ឱ្យចូលខ្លួនរបស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃត្រង់ទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ បានបញ្ជាក់យ៉ាងដូច្នេះថា «បង្គាប់មកឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អាសយដ្ឋានចុងក្រោយ) ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ «ឈ» ជាន់ទី៤ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បី៖ មកសាកសួរយកចម្លើយពីដំណើររឿង៖ បរិហាកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»
ជាមួយគ្នានេះ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ដែលទើបត្រូវដោះលែងចេញពីពន្ធនាគារ បានរត់គេចខ្លួនទៅដល់ប្រទេសថៃបាត់ហើយ។ នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានប្រាប់អង្គភាពព័ត៌​មាន Fresh News នៅថ្ងៃត្រង់នេះ លោក គឹម សុខ ពិតជាបានរត់គេចខ្លួនទៅដល់ប្រទេសថៃហើយ តាមច្រករបៀង ហើយនៅពេលនេះ សមត្ថកិច្ចកម្ពុជារបស់យើងកំពុងសហការជាមួយជាមួយសមត្ថកិច្ចរបស់ថៃដើម្បីតាមស្វែងរកលោក គឹម សុខ។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ពោលបានជាប់ពន្ធនាគារ អស់​រយៈពេលប្រមាណ ១៨ខែ។ លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន ៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឱ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍។
ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី។ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាន​ព្រមានខ្លាំងៗថា នឹងប្ដឹងអ្នក​វិភាគសង្គម លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិន​បើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារមកឱ្យគណបក្សប្រជាជនកម្ពុជាទេនោះ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ចេញរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអមជាមួយរូបថតមួយសន្លឹករបស់លោកនៅកោះដាច់កាលពីឆ្នាំ១៩៨៣ ដោយបានបញ្ជាក់ខ្លឹមសារថា នៅល្ងាចនេះលោកនឹងផ្តល់កិត្តិយសទទួលជួបកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅល្ងាចនេះខ្ញុំនឹងផ្តល់កិត្តិយសទទួលកូនក្មួយកីឡាករ កីឡាការិនីកម្ពុជាដែលបានទទួលមេ​ដាយមាសនៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ សូមអរសាទរ និងកោតសរសើរដល់កីឡាករឆ្នើម និងគ្រូបង្វឹកទាំងអស់។
ខ្ញុំសូមជូនរូបថត១សន្លឹកនេះដែលបានថតកាលពីឆ្នាំ១៩៨៣ នៅកោះដាច់។ ប្រទេសយើងកាលនៅពេលនោះ និង​ពេលនេះ គឺពិតជាខុសគ្នាឆ្ងាយណាស់!​ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព»

ម្ចាស់មេដាយមាស Asian Games មកដល់មាតុភូមិល្ងាចនេះ, លោកនាយករដ្ឋមន្រ្ដី ត្រៀមទទួលស្វាគមន៍ នៅវិមានសន្ដិភាពភ្លាមៗ!

ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយគ្រោងនឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥:៣៥នាទីល្ងាចនេះ ខណៈលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានត្រៀមទទួលស្វាគមន៍ និងជួបសំណេះសំណាលភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានខិតខំដណ្ដើម ជោគជ័យជាប្រវត្តិសាស្ដ្រជូនជាតិពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។
ដំណើរនិវត្តន៍អមដោយសមិទ្ធផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍ យ៉ាងពិសេស តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្ដ្រី ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ។
យ៉ាងណាមិញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋរស់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរ សូមត្រៀមចូលរួមអបអរសាទរឲ្យបានច្រើនកុះករនូវក្បួនដង្ហែរខាងលើ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ជូនជាតិ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បើគិតតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៨។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាអាស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជា ម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួម ខណៈលទ្ធផលកម្ពុជាដណ្ដើម បានមេដាយមាស ២ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងកីឡាជឺជិតស៊ូ ដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ១ ហើយតាម គម្រោងល្ងាច នេះ នៅក្នុងឱកាសលោកនាយករដ្ឋមន្រ្ដី អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជា ចូលជួបសម្ដែងការគួរសម្យ លោកក៏នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់ជ័យលាភីភ្លាមៗផងដែរ។
ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games នេះ យោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ។ លើសពីនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស លោកឧបត្ថម្ភថវិកាផ្ទាល់របស់ លោកចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង ៕





លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបន្តដឹកនាំក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំ និងដាំដើមឈើ នៅបរិវេណវិមានឈ្នះ-ឈ្នះ

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់​វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំ និងដាំដើមឈើមានតម្លៃ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ, លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ យ៉ាងច្រើនកុះករផងដែរ។
វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែល​រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
រហូតមកដល់ពេលនេះ វិមានឈ្នះ-ឈ្នះ បានសាងសង់ផ្នែកតួវិមានជិតរួចរាល់ហើយ។ ពិធីសម្ពោធនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វ បុរសខ្មែរគ្រប់សម័យ កាលដែល​បានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុ ភូមិកម្ពុជា។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូបនៃសុខ សន្តិភាព​ដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរ្ត៍មរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕






ស្រុកគិរីវង់មានភាគរយអ្នកបោះឆ្នោតជូនCPPជាប់ចំណាត់ថ្នាក់ជាស្រុកលេខ១ ក្នុងចំណោមក្រុង​-​ស្រុកទាំង១០ នៃខេត្តតាកែវ

តាកែវ៖​ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានសម្តែងនូវការកោតសរសើរ និងថ្លែងនូវការអបអរសាទរដោយក្តីមោទនៈជូនដល់ក្រុមការងារនិងគណបក្សស្រុក-ឃុំនៃស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចជោគជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុង-ស្រុកទាំង១០ នៃខេត្តតាកែវ ដោយទទួលបានសម្លេងគាំទ្រគណបក្សខ្ពស់ជាងគេបំផុត 43,354 ស្មើនឹង 85.78% ធៀបនឹងសម្លេងបានសរុប។ ជោគជ័យជាប្រវត្តិសាស្ត្រនេះបានបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរកតស្នាដៃដ៏ថ្លៃថ្លារបស់លោកឧប​នាយករដ្ឋមន្ត្រី​ សុខ ​អាន។
លោកបានថ្លែងឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ នាថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅការិល័យគណបក្សស្រុកគិរីវង់ ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ដឹកនាំគណបក្សស្រុកនិងឃុំទាំង១២ នៃស្រុកគិរីវង់ សរុបអ្នកចូលរួមប្រមាណជា៥០០នាក់។
លោក​បានរំលឹកថា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦កន្លងមក ប្រទេសកម្ពុជាគឺជាប្រទេសដែលមានភាគរយអ្នកចូលរួមបោះឆ្នោត(83.02%)ខ្ពស់ជាងគេលំដាប់ទី២នៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសបែលហ្សិក ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងភាពជោគជ័យនៃដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ហើយផ្អែកតាមលទ្ធផលបោះឆ្នោតផ្លូវការរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីប្រមាណជា 76.85% ធៀបនឹងសន្លឹកឆ្នោតបានការសរុប ដែលនេះបង្ហាញពីការគាំទ្រនិងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករ​ដ្ឋ​មន្រ្តី ហ៊ុន សែន ជាប្រមុខ។
ថ្លែងក្នុងឱកាសនោះ លោកបានបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះកំណែទម្រង់ស៊ីជម្រៅ ក៏ដូចជាការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់យុវជនកម្ពុជាកាន់តែច្រើនឡើងក្នុងការចូលរួមសកម្មភាពអភិវឌ្ឍប្រទេសជាតិ។ ដូចនេះ លោកក៏សង្ឃឹមថា ថ្នាក់ដឹកនាំមូលដ្ឋានភូមិ ឃុំ នៅស្រុកគិរីវង់នឹងអនុវត្តតាមលំនាំរាជរដ្ឋាភិបាល ដោយផ្តល់ឱកាស ក៏ដូចជាបណ្តុះបណ្តាលយុវជនមូលដ្ឋានដែលមានសមត្ថភាពនិងអត្តចរិកល្អឱ្យ​បានច្រើនអំពីកិច្ចការដឹកនាំនៅមូលដ្ឋាន​ដើម្បីក្លាយជាអ្នកបន្តវេណនិងជាកំលាំងស្នូលដ៏សំខាន់នាពេលខាងមុខ។
លោកក៏បានថ្លែងជំរុញឱ្យមន្ត្រីបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងទ្វេដង រួមសហការគ្នាជាមួយក្រុមការងារស្រុក-ឃុំ ក្នុងការពង្រឹងរចនាសម្ព័ន្ធបក្ស ពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបន្តអនុវត្តកម្មវិធីសំខាន់ៗមួយចំនួនដូចជា សហគមកសិកម្ម និងមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ជាដើម និងត្រូវសកម្មជាងមុនក្នុងការចូលរួមដោះស្រាយនូវរាល់បញ្ហា សំណូមពរផ្សេងៗដែលពួកគាត់មានតម្រូវការ ដើម្បីតបស្នងចំពោះពលរដ្ឋម្ចាស់ឆ្នោតដែលបានផ្តល់ការជឿជាក់និងទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកបានរៀបចំឱ្យ​មានការជួបជុំពិសារបាយសាមគ្គី និងបានផ្តល់នូវវត្ថុអនុស្សាវរីយ៍របស់លោក​ឧប​នាយករដ្ឋមន្ត្រី​ សុខ អាន រួមទាំងលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមការងារនិងថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ផងដែររាប់ចាប់ពីប្រធានក្រុមបក្សសរុបចំនួន៥២៩២នាក់ ដើម្បីជាការថ្លែងអំណរគុណ និងអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់៕