Tuesday, November 29, 2022

 វិភាគអន្តរជាតិ៖ លោក ពូទីន នឹងទម្លាក់គ្រាប់បែក រហូតដល់អ៊ុយក្រែនទន់ជង្គង់


(វ៉ាស៊ីនតោន)៖ ខឺសុន (Kherson) ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ បានត្រឡប់មកនៅក្នុងដៃកងទ័ពអ៊ុយក្រែនវិញហើយ បើទោះជាកំពុងស្ថិតនៅក្រោមការគំរាម ទម្លាក់គ្រាប់បែកពីរុស្ស៉ី និងការវាយប្រហារលើបណ្ដាញផ្គត់ផ្គង់អគ្គិសនីក៏ដោយ។ ក៏ប៉ុន្តែ ខណៈកងទ័ពទាំងសងខាង កំពុងត្រៀមខ្លួនសម្រាប់ «សង្រ្គាមរដូវរងា» សមរភូមិ ចំនួន២ ដាច់ដោយឡែកពីគ្នា កំពុងលេចចេញជារូបរាងឡើង នោះគឺ «សង្រ្គាមផ្លូវគោក និងសង្រ្គាមផ្លូវអាកាស»។ ដូច្នេះថាតើលោកខាងលិចអាចធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន ដោះស្រាយបញ្ហាប្រឈមបន្ទាន់ និងរក្សាជ័យជម្នះរយៈពេលវែង?

ខណៈព្រិលកំពុងធ្លាក់ដែលនឹងធ្វើឱ្យស្ថានភាពផ្ទៃដីប្រែទៅជាឧបសគ្គពន្យឺតដល់ការធ្វើប្រតិបត្តិការយោធា ទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែត្រូវការពេលសម្រាក ដើម្បី ពង្រឹងកម្លាំងទ័ព និងបំពេញបរិក្ខារយោធាឡើងវិញ។ នេះមានន័យថា សង្រ្គាម ឬប្រតិបត្តិការយោធាពេញទំហឹងទំនងជានឹងអាចធ្វើឡើងក្នុងពេលដ៏ខ្លីឡើយ ដោយនឹងត្រូវ រង់ចាំរហូតដល់ចុងរដូវងា ជាពេលផ្ទៃដីប្រែជា «ទឹកកក» ដែលអំណោយផលល្អដល់ «ភាគីណា» ដែលមានអាវុធធន់ធ្ងរ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងមានប្រៀបជាងរុស្ស៉ី នៅលើសមរភូមិសង្រ្គាមជើងគោក តែនៅក្រោយការបោះបង់ចោលទីក្រុងខឺសុន ទីតាំងការពាររបស់រុស្ស៉ីត្រូវបានបង្រួមឱ្យតូច និងពិបាកសម្រាប់អ៊ុយក្រែន ក្នុងការវាយលុក។

នៅក្នុងទ្រឹស្ដីយោធា សង្រ្គាមជើងគោក គឺអំណោយដល់ភាគីម្ខាងដែលកំពុងការពារ ជាជាងភាគីម្ខាងទៀតដែលកំពុងវាយលុក។ ពោលគឺ ដើម្បីអាចវាយលុកលើកងទ័ពដែល បានជីក «លេណដ្ឋាន» ការពារដ៏រឹងមាំមួយ ភាគីវាយលុកត្រូវការកងទ័ពច្រើនជាងភាគីការពារ ឬអាចនិយាយបានថា កងទ័ព ៣នាក់ ត្រូវប្រយុទ្ធទល់នឹងកងទ័ពម្នាក់។ យ៉ាងណាក៏ដោយ តាមរយៈការដណ្ដើមបានទីក្រុងខឺសុនមកវិញ ក្រុមអ្នកជំនាញយោធាលោកខាងលិចជឿថា កងទ័ពអ៊ុយក្រែននៅតែអាចរក្សាឧត្ដមភាពរបស់ខ្លួនខាង សង្រ្គាមជើងគោក។ តែចុះសង្រ្គាមតាមផ្លូវអាកាសវិញ? នៅក្នុងសង្រ្គាមផ្លូវអាកាសសព្វថ្ងៃ រុស្ស៉ីគឺកំពុងមានប្រៀបជាងអ៊ុយក្រែន នោះគឺដោយសារតែរុស្ស៉ីមាន កងកម្លាំងជើងអាកាសដ៏ធំ ហើយបានស្រង់បទពិសោធន៍ជាច្រើនពីសង្រ្គាមនៅស៊ីរី។

ក្នុងសង្រ្គាមស៊ីរី កងទ័ពអាកាសរុស្ស៉ីបានទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់ស៊ីរី ជាពិសេសគឺទីក្រុងអាឡិបប៉ូ (Aleppo) ដែលបានធ្វើឱ្យអគារ និងផ្ទះខ្ទេចខ្ទីជាច្រើន សឹងតែក្លាយទៅជាផេះ ក្នុងចេតនាកាត់ផ្ដាច់ការគាំទ្រនានាសម្រាប់ក្រុមឧទ្ទាមស៊ីរី ដែលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងលោកប្រធានាធិបតី បាស្ហា អាល់អាសាដ ជាសម្ព័ន្ធមិត្ត របស់លោក ពូទីន។ យុទ្ធសាស្ត្របំផ្លិចបំផ្លាញនេះឯង កំពុងត្រូវបានរុស្ស៉ីយកមកអនុវត្តលើអ៊ុយក្រែន ក្រោមការបញ្ជាពីឧត្ដមសេនីយ៍ លោក សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលជាមេបញ្ជាការរុស្ស៉ីថ្មីដឹកនាំសង្រ្គាមនៅអ៊ុយក្រែន និងធ្លាប់ជាអ្នកដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែកនៅស៊ីរី។ ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើ បណ្ដាញផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធចែកចាយទឹកស្អាតរបស់អ៊ុយក្រែន គឺមានគោលដៅបំបាក់ស្មារតីតស៊ូប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែន តាមរយៈការបង្កកពួកគេឱ្យ ទន់ជង្គង់។

នៅក្នុងសង្រ្គាមជាង ៩ខែមកនេះ មីស៊ីលស៊េរីទំនើបរបស់រុស្ស៉ីបានធ្លាក់ចុះយ៉ាងខ្លាំងចេញពីឃ្លាំងស្ដុក រហូតដល់បង្ខំឱ្យទីក្រុងមូស្គូ ងាកទៅទិញអាវុធពីសម្ព័ន្ធមិត្តមួយចំនួន របស់ខ្លួនដូចជាអ៉ីរ៉ង់។ ប៉ុន្តែ លោក ពូទីន នៅមានគ្រាប់បែក និងមីស៊ីល សេសសល់ពីសម័យសង្រ្គាមត្រជាក់ច្រើនសន្ធឹកសន្ធាប់ ដែលអាចឱ្យរុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។ លោកប្រធានាធិបតី ហ្សេលេនស្គី ធ្លាប់បានស្នើម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិក និង NATO បង្កើត «​តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំង ស្នើសុំប្រព័ន្ធការពារដែនអាកាស Iron Dome ផលិតរួមគ្នាដោយអាមេរិក និងអ៉ីស្រាអែល, ប្រព័ន្ធមីស៊ីលអាមេរិក Patriot យន្ដហោះចម្បាំង និងរថក្រោះ។

មកទល់នឹងពេលនេះ លោកខាងលិច ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក នៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទាំងនេះឱ្យអ៊ុយក្រែន ដោយសារតែខ្លាចធ្វើឱ្យសង្រ្គាម សព្វថ្ងៃ រាលដាលកាន់តែធំ ផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកជាមួយរុស្ស៉ី។ តែបើគ្មានអាវុធទាំងនេះទេ សង្រ្គាមជើងអាកាស នៅតែផ្អៀងទៅខាងលោក ពូទីន ហើយលោកនឹងបន្តទម្លាក់គ្រាប់បែកឥតឈប់ឈររហូតដល់លោកខាងលិចព្រមធ្វើសកម្មភាព និងដូចដែលលោក ហ្សេលេនស្គី បានព្រមានថាលោក ពូទីននឹងបន្តទម្លាក់ គ្រាប់បែកបំផ្លិចបំផ្លាញអ៊ុយក្រែន រហូតទាល់តែលោកអស់មីស៊ីល និងគ្រាប់បែកពីស្ដុក៕ Fresh News

ជូនដំណឹងម្តងទៀត! រដ្ឋបាលរាជធានីភ្នំពេញ នឹងអុជកាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

  រដ្ឋបាលរាជធានីភ្នំពេញ នឹងអុជកាំជ្រួចជាច្រើនគ្រាប់ ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន  ទទួលបានបញ្ជាក់ថា ការអុជកាំជ្រួចនេះ នឹងធ្វើឡើងចាប់ពីម៉ោង០៧យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ៕



ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក គឹម វាសនា ជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ 




រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦

 រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ៩៨រូប៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖










លោក ខាត់​ សុធី ប្រកាសលាលែងពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

 លោក ខាត់ សុធី ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចលាលែងពីគណបក្សនេះ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រធានគណបក្ស។

ក្នុងលិខិតសំណើទៅកាន់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២នេះ លោក ខាត់ សុធី បានរៀបរាប់ថា លោកបានប្រឡូកក្នុងនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីឆ្នាំ២០១៥មក ជាមួយក្រុមបញ្ញវន្តខ្មែរ ក្នុងចេតនាកសាងប្រជាធិបតេយ្យឱ្យកាន់តែរស់រវើក និងមានឱកាសចូលរួមជាមួយ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាបញ្ញវន្តខ្មែរមួយរូប មានជំនាញច្បាស់លាស់ លើវិស័យសេដ្ឋកិច្ចជនបទ និងកសិកម្ម ដោយរំពឹងថានឹងបានរួមចំណែកកសាងសង្គមជាតិ ដោយលើកស្ទួយជីវភាពកសិករខ្មែរដែលមានចំនួនដ៏ច្រើនលើសលប់ ឲ្យមានជីវភាព កាន់តែប្រសើរឡើង។ ប៉ុន្តែ មកដល់ពេលនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ លទ្ធិប្រជាធិបតេយ្យកំពុងតែរស់រវើក ប្រជាពលរដ្ឋខ្មែររស់នៅក្រោមដំបូលសន្តិភាពដ៏ត្រជាក់ ក៏ញ៉ាំងឱ្យពលរដ្ឋគ្រប់រូប ផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ជានិរន្តរ៍តទៅមុខទៀតដោយភាពកក់ក្ដៅជាទីបំផុត។

លោកបានបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំបាទ បានកត់សម្គាល់ឃើញកាន់តែច្បាស់ពីអត្តចរិតនៃក្រុមអ្នកប្រឆាំងដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ នូវ ភាពគ្មានសណ្តាប់ធ្នាប់ គ្មានវិន័យ អំនួត តួឯក ចេះតែដាក់បន្ទុក ប្រឆាំងជាន់ពន្លិច កេងចំណេញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ....។ តាមរយៈលទ្ធផលបោះឆ្នោតឃុំ សង្កាត់ ២០២២ កន្លងទៅនេះ ខ្ញុំយល់ថា ពលរដ្ឋលែងត្រូវការបក្សប្រឆាំងរបៀបដូចសព្វថ្ងៃនេះទៀត ហើយ។ ដូច្នេះ មានតែការចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ទើបមានឱកាសបានបម្រើជាតិមាតុភូមិឱ្យកាន់តែរីក ចម្រើនថែមទៀត»

លោកបានបន្តថា «ថ្មីៗនេះ ដោយឃើញនូវគោលនយោបាយរបស់សម្តេចតជោលើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាស ក្នុងនោះមាន គោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដែលរំពឹងថា នឹងបានជាប្រយោជន៍ដល់ប្រជាកសិករ យើង»

លោកបានសូមការអនុញ្ញាតពីសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕




លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ តែងតាំងជាអនុរដ្ឋលេខាធិការ

 (ភ្នំពេញ)៖ លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា  ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជំរាបថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ ដែលជាថ្នាក់ដឹកនាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងការស្នើសុំនេះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូន សម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។

បន្ទាប់ពីស្នើសុំចូលរួមជីវភាពនយោបាយនេះ លោក យ៉ង សាំងកុមារ និង លោក ឡឹក សុធារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយក្នុងនោះក៏មានការចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ក្រោយបញ្ចប់ជំនួប លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញចំណាប់អារម្មណ៍របស់លោក បា នលើកឡើងថា ភាគីទាំងអស់ មានទស្សនវិស័យដូចគ្នា ទាក់ទងនឹងវិស័យកសិកម្ម ដែលអាចធ្វើការជាមួយគ្នាបាន។

«ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត នៅលើបណ្តាញសង្គមហ្វេសប៊ុក៕