Tuesday, January 08, 2019

លោក គង់ គាំ នឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅថ្ងៃស្អែក ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយវិសោធនកម្មច្បាប់ចូលជាធរមាន

លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី នឹងដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។
លោក គង់ គាំ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះថា៖ «នៅថ្ងៃស្អែក ជំនួយការខ្ញុំ គេនឹងដាក់ពាក្យស្នើសុំហើយបាទ»។ លោកបានបន្តថា «យើងរីករាយជាមួយវិសោធនកម្មច្បាប់នេះ ហើយសុំឱ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើសេចក្តីស្នើទៅនាយករដ្ឋមន្រ្តី ដើម្បីនាយករដ្ឋមន្រ្តី លោកអាចដាក់សំណើទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយដល់រូបខ្ញុំ»។
សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្ត ចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ឯកភាព ទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាព នយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់ នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ» ៕




ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

ទីបំផុតច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យ អ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជា ផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលទើបទទួលបាននៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវ វាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖





រាជរដ្ឋាភិបាលនីតិកាលទី៦ នឹងធានាពុះពារប្រឹងប្រែងអនុវត្តសម្រេចឱ្យបាននូវកម្មវិធីគោលនយោបាយធំៗ៤យ៉ាង ជូនដល់ប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងការជឿទុកចិត្តរបស់ប្រជាជន ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៦ លោកនឹងពុះពារប្រឹងប្រែងអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានសន្យាចំពោះមុខជនរួមជាតិនៅមុនការបោះឆ្នោត ដោយសម្រេចឱ្យបាននូវការការធានាធំៗ៤យ៉ាងជូនដល់ប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះ នៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ដែលមានប្រជាជនចូលរួមប្រមាណជាង ៦ម៉ឺននាក់។
ការធានាធំៗទាំង៤យ៉ាងជូនដល់ប្រជាជនកម្ពុជា រួមមាន៖
ទី១- ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។
ទី២- ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ការបន្តផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបង្កើនភាពទាក់ទាញនិងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។
ទី៣- ការធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រឹងផលិតកម្ម និងការរកទីផ្សារលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបន្តបង្កើនប្រាក់បៀវត្ស និងប្រាក់សោធននិវត្តជូនមន្រ្តីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត ។ល។ និង
ទី៤- ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាពសម្រាប់ប្រជាជនគ្រប់រូប ពិសេសសម្រាប់អ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ៕