Wednesday, January 16, 2019

ពិធីបិទកិច្ចប្រជុំលើកទី២៧ APPF សម្តេចប្រធានរដ្ឋសភាលើកឡើងថា“សន្តិភាព និងការអភិវឌ្ឍ” ត្រូវដើរទន្ទឹមគ្នា

ក្នុងនាមប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត APPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយ មានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំAPPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។
ក្នុងពិធីបិទកិច្ចប្រជុំនោះ សម្តេច បានមានប្រសាសន៍ ថាកិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេច បាននូវសេចក្តីសម្រេចសំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺ កិច្ចប្រជុំសមាជិកសភាស្ត្រី វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង វិស័យនយោបាយ និងសន្តិសុខ ដែលបានចេញសេចក្តីសម្រេចចំនួន ១៤។
សម្តេចប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរយៈបីថ្ងៃមកនេះ បានសំដៅដល់ការដោះ ស្រាយបញ្ហារួមក្នុងតំបន់ ដែលមានដូចជាការកសាងសន្តិភាព កសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យពាណិជ្ជកម្មសេរី និងវិនិយោគទូលំទូលាយ ជាដើម។
សម្តេចប្រធាន APPF បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថិរភាព ជាបុរេលក្ខខ័ណ្ឌដ៏ចំាបាច់សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ ប៉ុន្តែបើប្រទេសមួយមានតែសន្តិភាព គ្មានការអភិវឌ្ឍរីកចម្រើន ប្រទេសនោះក៏មិនអាចរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។ ដូច្នេះយើង ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាព។ ក្នុងន័យនេះពាណិជ្ជកម្មសេរី និងការបើចំហរការវិនិយោគទូលំទូលាយ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង ។
ប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បន្តពីកម្ពុជាគឺប្រទេសអូស្រ្តាលី។ នៅក្នុងពិធីបិទកិច្ចប្រជុំលើកទី២៧នេះ សភាកម្ពុជាបានប្រគល់ទង់ APPF ជូនប្រទេសអូស្រ្តាលីផងដែរ។
APPF ជាបណ្តុំសភាធំមួយដែលមានសមាជិក២៧ប្រទេស តែងតែរៀបចំកិច្ចប្រជុំប្រឆ្នាំរបស់ខ្លួន ដោយសភាប្រទេសជាសមាជិកប្តូរវេនគ្នាជាទៀតទាត់ក្នុងការប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋដោះស្រាយបញ្ហារួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងគ្រួសារ APPF ក្នុងគោលបំណងកសាងសុខសន្តិភាពនៅក្នុងតំបន់និងពិភពលោកប្រកបដោយចីរភាព៕
 













កម្ពុជា-រុស្សី មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ខណៈពេលកម្ពុជាជួបការ លំបាកបំផុតបន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូរុស្ស៊ី ដឹកនាំដោយលោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងសៀមរាប ខេត្តសៀមរាប។ លោក អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទទួល ស្វាគមន៍ យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិក សភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)។
លោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ បានសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ លោក បានបញ្ជាក់ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះប្រតិភូរបស់លោក នឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែកដល់ការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូន ចំពោះលោក អ៊ីលីយ៉ាស់ និងប្រតិភូដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF។ លោក ក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី នេះ គឺត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ។ ជាងនេះទៀត លោក ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងជា ប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់កម្ពុជានៅពេលដែលកម្ពុជាជួបការពិបាកបំផុតនៅពេលដែលកម្ពុជាទើបបានរំដោះចេញពីរបប ប៉ុល ពត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រុស្ស៊ីក៏បានបន្សល់នូវ ស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះ បានបម្រើការងារជួយដល់កម្ពុជាធ្វើឱ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានជួយលើវិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូឱ្យទទួលបានជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញផងដែរ៕




កម្ពជា-រុស្ស៊ី បន្តប្តេជ្ញាបង្កើនទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំយូរអង្វែង

លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អុលហ្គា យេពីហ្វាណូវ៉ា (Olga Epifanova) អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ខណៈលោកស្រីដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំ លើកទី២៧ APPF ដែលសភាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោកស្រី បានថ្លែងអំណរគុណសភាកម្ពុជា ដែលបានជ្រើសរើសលោកស្រីធ្វើ ជាសហប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ដ៏មានសារៈសំខាន់។ លោកស្រី បានជម្រាបថា ខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF មានសារៈ សំខាន់ណាស់ក្នុងការពង្រឹងតួនាទីស្រ្តីក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពនៅក្នុងសង្គមជាតិ។
លោកស្រី អុលហ្គា យេពីហ្វាណូវ៉ា បានគូសបញ្ជាក់ថា នៅក្នុងដំណើរបំពេញ ទស្សនកិច្ចការងារនៅម្ពុជានេះ គណៈប្រតិភូសភាឌូម៉ារុស្ស៊ី ក៏បានជួបពិភាក្សា ការងារជាមួយសមាជិកស្រ្តីរដ្ឋសភាកម្ពុជាផងដែរ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។ ក្រៅពីនេះ លោកស្រី បានស្នើប្រធានរដ្ឋសភា ជួយជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំឡើងពិសេសទំនាក់ទំនងក្នុងស្រទាប់យុវជនប្រទេសទំាងពីរ។

លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយជាទីបំផុត ដែលលោកស្រី អុលហ្គា យេពីហ្វាណូវ៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំ APPF លើកទី២៧ ។ វត្តមានសភាឌូម៉ារុស្ស៊ីនៅពេលនេះ បានរួមចំណែកដល់ការបន្តរឹតបន្តឹងទំនាក់ ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងយូរអង្វែង។ លោក បានចាត់ទុកប្រទេសរុស្ស៊ី ជាមិត្តចាស់ ជាមិត្តល្អ និងជាអ្នកជិតខាងល្អ របស់កម្ពុជា នៅគ្រប់កាលៈទេសៈ។ រុស្ស៊ីបានជួយគំាទ្រ កម្ពុជាចាប់ពី ទសវត្សឆ្នាំ ១៩៨០ មកដល់បច្ចុប្បន្ននេះ។ ក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីគ្រោង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំនេះផងដែរ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា

នៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នាទឹកដីអង្គរ ខេត្តសៀមរាប ប្រតិភូជប៉ុន ដឹកនាំដោយលោក តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន បានមើលឃើញថា សេដ្ឋកិច្ច កម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនខ្លាំង ហើយជប៉ុននឹងគាំទ្រកម្ពុជាបន្ថែម ទៀត។
នៅក្នុងជំនួបនេះ លោក តាគុជិ យ៉ាណាជីម៉ូតុ បានគោរពថ្លែងអំណរគុណ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់លោក មកកាន់កម្ពុជាពេលនេះ ហើយលោកសូមសម្ដែង នូវការអបអរសាទរចំពោះជោគជ័យដែលទទួលបាននាកិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។ លោកក៏បានជម្រាបជូនថា នៅពេលនេះអ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើម មកវិនិយោគ នៅប្រទេសកម្ពុជាកាន់តែច្រើន, ប្រជាជន និងប្រជាជន ក៏មាន ទំនាក់ទំនងល្អផងដែរ។ លើសពីនោះទៅទៀតសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែ មានសន្ទុះ រីកចម្រើនយ៉ាងលឿន ដែលនេះជាការឆ្លុះបញ្ចាំងនូវកិច្ចប្រឹងប្រែង ដ៏ល្អរបស់កម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូន ចំពោះលោក តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ច ប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទី សំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូន កម្លាំងប្រតិបត្តិការថែរក្សា សន្តិភាព មកកម្ពុជាជាលើកដំបូង ហើយលើសពី នោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោត ឆ្នាំ១៩៩៣ ជប៉ុនក៏នៅតែបន្ត ជួយដល់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ប្រទេសកម្ពុជាផងដែរ៕






លោកអនុប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញភាពរីករាយក្នុងការសិក្សារៀន សូត្រពីការអភិវឌ្ឍនៅកម្ពុជា និងប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។

លោកអនុប្រធានាធិបតីរូបនេះ ក៏បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួលរាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់លោក។ ក្នុងន័យនេះ លោកក៏បានជម្រាបជូនថា លោកបានដឹកនាំគណៈប្រតិភូ មកកាន់កម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោក ម៉ូហាម៉េដ យូសុហកាឡា បញ្ជាក់បន្ថែមថា នេះគឺជាសកម្មភាពមួយដើម្បីឆ្លុះបញ្ចាំង និងចូលរួមធ្វើយ៉ាងណាពង្រឹង ទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងពីររបស់កម្ពុជា។ លោកបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។ លោក ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា នាពេលនោះ ឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលកន្លងមកបានជួយដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូនេស៊ី ហើយបានត្រទ្បប់មកធ្វើការបម្រើ ប្រទេសជាតិ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍របស់លោក ម៉ូហាម៉េដ យូសុហកាឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យការរៀបចំចាប់ ផ្ដើមក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕





 

អ្នកជំនាញអភិរក្សជាតិ-អន្តរជាតិកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្រុមការងារជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរនៅប្រាសាទប្រែរូប

អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ រួមទាំងអ្នកស្រាវជ្រាវកូរ៉េ បានពិភាក្សាផ្លាស់ប្តូរយោបល់លម្អិតតាមជំនាញនីមួយៗ ដើម្បីបំពេញការងារអភិរក្សក្នុងការប្រើប្រាស់បច្ចេកទេស និងសម្ភារៈដែលមិនប៉ះពាល់ដល់ការជួសជុលព្រះពុទ្ធរូបពីរអង្គសម័យក្រោយអង្គរស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។ លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្កាបានឱ្យថា បច្ចុប្បន្នក្រុមអ្នកជំនាញបានសម្រង់ស្ថានភាពខូចខាត រកបំណែកព្រះពុទ្ធរូបទាំងពីរអង្គដែលបាត់បង់ សម្អាត និងផ្គុំបំណែកដែលរកឃើញនោះទៅនឹងដងខ្លួនពុទ្ធរូបរួចរាល់អស់ហើយ។ ចំពោះការងារដែលនៅសល់ត្រូវធ្វើបន្តគឺ ការសិក្សា លើសមាសធាតុបន្សំនៃសម្ភារៈនីមួយៗដែលខ្មែរបុរាណយកមកធ្វើពុទ្ធរូប មានដូចជា៖ ១. ថ្មភក់៖ ពុទ្ធរូបទាំងពីរអង្គធ្វើឡើងដោយការផ្គុំថ្មភក់ច្រើនដុំប្រភេទផ្សេងៗគ្នា ដែលខ្លះសន្និដ្ឋានថាយកពីប្រាសាទនៅក្នុងតំបន់ ឯខ្លះទៀតមិនដឹងប្រភពទេ។ ២. ខ្មុកម្រ័ក្សណ៍ដែលខ្មែរបុរាណយកមកប៉ាតលាបលើរូបបដិមា។ ៣. ពហុវណ្ណភាព (ពណ៌ចម្រុះ) ៖ មានទឹកពណ៌មាសនិងក្រហមជាដើម ដែលមិនទាន់ដឹងថាខ្មែរបុរាណយកមកពីប្រទេសចិន ប្រទេសជិតខាង ឬផលិតខ្លួនឯង។ ៤. កំបោរបាយអរម្រ័ក្សណ៍៖ ពាសបាយអរដើម្បីភ្ជិតកន្លែងប្រហោង ហើយលាបម្រ័ក្សណ៍ពីលើរូប។ ៥. ដែក៖ មានមូល ស្រួច ទាល ជ្រុង ដែលបុរាណយកធ្វើជន្លួញ ធ្វើខ្ចាប់ដើម្បីតដុំថ្មមួយទៅមួយទៀតក្នុងការធ្វើរូបបដិមា ហើយមានគុណភាពល្អ ប្រើបានយូរ។ ៦. ឈើ៖ ធ្វើជាស្នៀត ពន្លួញឈើដើម្បីតថ្ម។ ៧. គ្រឿងលម្អ៖ នៅលើស្បង់ចីវរ ខ្សែក្រវ៉ាត់មានលម្អដោយសំបកសិប្បីសត្វយ៉ាង ស្រស់ស្អាត។ ចំពោះសំណាកខ្មុកម្រ័ក្សណ៍ និងគ្រឿងលម្អ ក្រុមការងារបានយកទៅពិសោធន៍នៅប្រទេសកូរ៉េ ដើម្បីដឹងពីប្រភពនិងអាយុកាលដែលបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល។ លោកបណ្ឌិត បានបន្តទៀតថា ដោយសារសម្ភារៈដែលយកមកប្រើមានភាពចម្រុះ តម្រូវឱ្យអ្នកជំនាញផ្នែកនីមួយៗត្រូវស្វែងយល់របៀបនៃការប្រើប្រាស់និងប្រភពនៃវត្ថុធាតុដើម។ ដូច្នេះ លោក ក៏បានទាមទារឱ្យក្រុមការងារសម្រង់ព័ត៌មានខូចខាតឱ្យអស់ ពិនិត្យមើលស្លាកស្នាមជាលក្ខណៈពិសេសនៃបច្ចេកទេសបុរាណលើរូបព្រះពុទ្ធ។ កំណត់កូដពណ៌ឱ្យបានច្បាស់លាស់ទៅលើភាពខូចខាតនៃសំណង់ ហើយសម្ភារៈពីបុរាណដែលអាចប្រើការបាន ត្រូវយកមកប្រើឡើងវិញ ដោយមានការពិនិត្យយ៉ាងហ្មត់ចត់ពីវិស្វករទៅលើភាពធន់ និងភាពមាំនៃការទ្រទម្ងន់បដិមា។ លើសពីនោះត្រូវមានអ្នកជំនាញ 3D Scanning ដើម្បីមានភាពងាយស្រួលនិងដឹងច្បាស់អំពីបច្ចេកទេសកាន់តែលម្អិតក្នុងការបំពេញបន្ថែមរូបដែលបាត់បង់ឱ្យត្រូវនឹងរូបពិត។ ក្នុងនោះដែរដើម្បីបន្ថែមនិងពង្រឹងសមត្ថភាព នាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលបុគ្គលិកជំនាញ ទាក់ទងនឹងការពង្រាងរូបផងដែរ ដើម្បីធ្វើឱ្យការអភិរក្សនិងជួសជុលកាន់តែល្អប្រសើរ។ សូមបញ្ជាក់ដែរថា ពុទ្ធបដិមាទាំងពីរអង្គនៅប្រាង្គកណ្តាលប្រាសាទប្រែរូប គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ក្នុងរចនាបទបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុក និងម្រ័ក្សណ៍ មានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត។ បើតាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អ និងរចនាបថបង្ហាញថា ព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា «លោកតាសៅ»៕








លោក គង់ គាំ រីករាយជាមួយនឹងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយចាត់ទុកថា ជារឿងយុត្តិធម៌ (មានវីដេអូ)

លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៊ី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានសម្តែងភាពរីករាយចំពោះការទទួលបាននីតិសម្បទាន ដើម្បីធ្វើនយោបាយ ឡើងវិញ។ ទន្ទឹមនឹងនេះ លោកចាត់ទុកថា ការផ្តល់នីតិសម្បទា គឺជារឿងយុត្តិធម៌សម្រាប់រូបលោក និងលោក គង់ បូរ៉ា។
លោក គង់ គាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ការផ្តល់នីតិសម្បទានពេលនេះ ជាឱកាសសម្រាប់រូបលោក និងលោក គង់ បូរ៉ា ដើម្បីចូលរួមបម្រើជាតិ ដែលជាលំហប្រជាធិបតេយ្យ និងគោលដៅពហុបក្ស នៅក្នុងប្រទេសកម្ពុជាបន្តទៀត។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនចំពោះតែរូបខ្ញុំ និង គង់ បូរ៉ា ទេ ច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) គឺបានបើកច្រកឱ្យអ្នកជាប់បម្រាមទាំងអស់ទទួលបានសិទ្ធិ បម្រើប្រជាធិបតេយ្យ និងបម្រើឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលចង់ឱ្យមានការផ្លាស់ប្តូរ នៅកម្ពុជាយើងនេះ ដូច្នេះនេះ គឺជាការផ្តល់សិទ្ធិសេរីភាព អ្នកជាប់បម្រាមផង និងជាច្បាប់មួយសម្រាប់បម្រើអ្នករងការចោទប្រកាន់ និងអ្នកជាប់ការចោទប្រកាន់ជាទូទៅផង»។
សូមបញ្ជាក់ថា លោក គង់ គាំ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួួយអតីតថ្នាក់ដឹកនាំ CNRP ១១៦នាក់ផ្សេងទៀតនោះ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទា ដើម្បីបន្តសកម្មភាពនយោបាយឡើងវិញ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។
ការផ្តល់សិទ្ធិធ្វើយោបាយឡើងវិញ របស់អ្នកនយោបាយទាំង២រូបនេះ ធ្វើឡើងបន្ទាប់ពួកគេ បានដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ដែលជាច្រកតែមួយគត់ សម្រាប់អ្នកដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ា ចូលជាធរមាន។
លោក គង់ គាំ បានបញ្ជាក់ថា បន្ទាប់ពីមានសិទ្ធិធ្វើនយោបាយឡើងវិញស្របតាមច្បាប់នោះ លោកនឹងចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សកូនប្រុសរបស់លោក ហើយគណបក្សនេះ នឹងរៀបចំពិធីទទួលរូបលោកយ៉ាងអធឹកអធមផងដែរ ៕

ប្រភពព័ត៌មាន៖ Fresh News



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់និងពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមប្រឹក្សា ACC ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជាដែលស្ថិតនៅចំចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ីដែលជាភាពសម្បូរដោយវប្បធម៌ចម្រុះដែលប្រជាពលរដ្ឋអាចរស់នៅជាមួយគ្នាបាន ជាពិសេស គឺបានលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។ លោកបានថ្លែងដូចនេះ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសបើកជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលប្រារព្ធធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានអញ្ជើញថ្នាក់ដឹកនាំក្រុមប្រឹក្សាវប្បធម៌អាស៊ី មកចូលរួមនិងរួមគ្នាសហការល្អបំផុតជាមួយអង្គការយូណេស្កូ ក្នុងគោលបំណងដើម្បីគ្រប់គ្រងថែរក្សាអភិរក្សបេតិកភ័ណ្ឌវប្បធម៌កម្ពុជាប្រកបដោយជោគជ័យ បន្ទាប់ពីយើងទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ។

តាមរយៈការអភិវឌ្ឍន៍ផ្នែកវប្បធម៌នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងឈរលើកគោលការណ៍នៃការយោគយល់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជាពិសេសសូមសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ល្អក្នុងការស្នាក់នៅលើកទឹកដីអង្គដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា៕





ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកម្មប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសុខសន្តិភាព

នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី -Asian Cultural Council (ACC) ត្រូវបានប្រកាសជាផ្លូវការហើយនៅទីលានជល់ដំរី ខេត្តសៀមរាបក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អមដោយពិធីជប់លៀងអបអរសាទរនៃការប្រកាសជាផ្លូវការនេះផងដែរ។ ការប្រកាសជាផ្លូវការនៃ ACC គឺធ្វើឡើងស្របពេលនៃកិច្ចកិច្ចប្រជុំ ប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី ២៧ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ -១៧ ខែមករា ឆ្នាំ២០១៩ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប។
មុននឹងពិធីចាប់ផ្ដើមពិធី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញទទួល ស្វាគមន៍ដល់បណ្តាថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញមកចូលរួមអបអរសាទរក្នុងពិធីប្រកាសជាផ្លូវការ «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» (ACC) ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសផ្សេងៗដូចជា ប្រទេសបង់ក្លាដេស, កម្ពុជា, ចិន, ហ្សកហ្ស៊ី, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីរ៉ាក់, ឡាវ, កូរ៉េខាងត្បូង, ឡេបាណន់, ម៉ាឡេស៊ី, ម៉ុនហ្គោលី, មីយ៉ានម៉ា, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន, រុស្ស៊ី, សិរីលង្កា, ថៃ, វៀតណាម, អាហ្វ្រិក, អាមេរិកឡាទីន, អាមេរិកខាងជើង, អឺរ៉ុប, អង្គការអ្នកប្រជាធិបតេយ្យនិយម និងបណ្តាអង្គការអន្តរជាតិ (CDI-IDC), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការយូណេស្កូ (UNESCO)។
នៅក្នុងឱកាសនៃពិធីអបអរសាទរ និងប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) គឺមានការអញ្ជើញឡើងថ្លែងសុន្ទរកថាអបអរសាទរពីក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសហប្រធានស្ថាបនិកកិត្តិយសរបស់ ACC រួមមាន លោក Muhammad Jusuf Kalla អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី, លោក Jose de Venecia អតីតអ្នកនាំពាក្យនៃសភាតំណាងរាស្រ្តហ្វីលីពីន, លោក KP Shama Oli នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់, លោក Andrés Pastrana Arango អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡំប៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC)។ ថ្នាក់ដឹកនាំទាំងអស់បានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ និងចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជាដែលមានការវិវត្តន៍រីកចម្រើន ជាពិសេសអបអរសាទរដែលកម្ពុជាមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ព្រមទាំងបានកោតសរសើរពីសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាដែលបានផ្តល់នូវតម្លៃជាសាកល។
នៅរាត្រីយប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយក្រៃលែង ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) ដោយបានស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះដែលនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។ បន្ទាប់មកភ្ញៀវកិត្តិយសទាំងអស់បានពិសារអាហារ និងទស្សនាការសម្តែងសិល្បៈមកពីប្រទេសជាសមាជិកនៃក្រុមប្រឹក្សា ACC នៅក្នុងបរិយាកាសស្និទ្ឋស្នាលរីករាយ និងអធិកអធមក្រៃលែង៕