Friday, May 04, 2018

(សូមទស្សនាវីដេអូ)៖ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្ដិ​ភាពអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង

(សូមទស្សនាវីដេអូ)៖ ចិនបន្តប្រកាសថា ខ្លួនគាំទ្រដំណើរការបោះឆ្នោតនៅ​កម្ពុជាដោយពេញលេញ

ពិធីប្រកាសទទួលស្គាល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ និងប្រកាស ទទួលស្គាល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការចូលរួមផងដែរពី លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។







មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅកម្ពុជា ទទួលស្គាល់ថា គ្រាប់មីនពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា

លោកស្រី Pauline Tamesis តំណាងរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាអ្នកសម្រប សម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទទួលស្គាល់ថា បញ្ហាគ្រាប់មីននៅកម្ពុជា ពិតជាបានធ្វើ ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាព ក្រីក្ររបស់រាជរដ្ឋាភិបាល។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី Pauline Tamesis បានប្តជ្ញាថា លោកស្រី នឹងខិតខំស្វែងរកជំនួយ ជាពិសេសជំរុញឲ្យរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតបវិញ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់លោកស្រី Pauline Tamesis អំពីការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងការអនុវត្តអនុសញ្ញា ស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងនាមជារដ្ឋភាគីផង និងដើម្បីប្រជាពលរដ្ឋកម្ពុជាតែម្តង។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឲ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានមានប្រសិទ្ធភាព ថែមទៀត នៅក្នុងតំបន់ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយ សារគ្រាប់មីន ថែមទៀត ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ លើតំបន់គោលដៅដែលមានគ្រោះថ្នាក់ខ្ពស់ និងក្មេងតូចៗដែលរស់នៅតំបន់ទាំងនោះផងដែរ ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បើតាមដំណឹងពី (គ.ជ.ប) គឺមានគណបក្ស៣ហើយដែលបាន ចុះបញ្ជីរួចរាល់ក្នុងការចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺ ១-គណបក្សប្រជាជន កម្ពុជា ២-គណបក្សសញ្ជាតិកម្ពុជា និង ៣-គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយ ពេលខ្លី។ ទន្ទឹមនឹងនោះគឺមានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋាន របស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោត នៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើស តាំងតំណាងរាស្រ្ត។

ខ្ញុំសូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។
អរគុណបងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់អាណត្តិដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ចិនបន្តប្រកាសថា ខ្លួនគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាដោយពេញលេញ

ការបោះឆ្នោតនៅកម្ពុជារំកិលកាន់តែជិតមកដល់នោះ លោក លី សៅប៊ីន (Liu Shaobin) អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន បានចេញមកអះអាងថា រដ្ឋាភិបាលចិន គាំទ្រយ៉ាងពេញលេញ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។

លោក លី សៅប៊ីន (Liu Shaobin) អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨បានអះអាងបែបនេះក្នុងពេលដឹកនាំប្រតិភូចូលសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ។

បើតាមលោក ជុំ សុន្ទរថា អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងនៅក្រោយជំនួបថា មន្ត្រីជាន់ខ្ពស់របស់ចិន រូបនេះ មិនត្រឹមតែបានប្រកាសបង្ហាញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ ថែមទាំងបាន ប្រកាសថា រដ្ឋាភិបាលចិន មានជំហរឥតងាករេក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាការពារនូវសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេស។

ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបពីដំណើរនៃការបោះឆ្នោតនៅកម្ពុជាថា កំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ហើយមានគណបក្សនយោបាយជាច្រើនកំពុងរៀបចំដាក់ បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់ប្រតិភូចិនថា គណបក្សចូលរួមប្រកួតប្រជែងការ បោះឆ្នោតនេះមានទាំងបក្សគាំទ្រ បក្សកាន់អំណាច និងបក្សនយោបាយដែលប្រឆាំងជាមួយបក្សកាន់អំណាច។ ក្រៅពីបានពិភាក្សាលើប្រធានបទស្តីពីការបោះឆ្នោតហើយនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លី សៅប៊ីន ក៏បានពិភាក្សាពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលបច្ចុប្បន្ន ឈានដល់ខួប៦០ឆ្នាំហើយនោះ។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅ ប្រទេសចិននាចុងឆ្នាំ២០១៨នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក លី ស៊ីប៊ីន បានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់កម្ពុជា-ចិនលើកទី៣ស្តីពី «បញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយ» និងកិច្ចប្រជុំក្រុមការងារការពារ សន្តិសុខនៃការអនុវត្តន៍គម្រោងខ្សែក្រវ៉ាត់ និងផ្លូវឆ្នាំ២០១៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែឧសភា ៕







គណបក្សប្រជាជនកម្ពុជានៅស្រុកកោះធំ រៀបចំពិធីបញ្ចូលសមាជិកមកពីបក្សដទៃជិត ១ពាន់នាក់

កណ្តាល៖ គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បានបើកទ្វារទទួល និងបញ្ចូលសមាជិកថ្មីជិត ៩៩៦នាក់ មកពីគណបក្សសំបុក្រឃ្មុំ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអតីតគណបក្សសង្គ្រោះជាតិ។

សមាជិកថ្មីនេះមាន ៩៦៥រូប មកពីអតីតគណបក្សសង្គ្រោះជាតិ និងមួយចំនួនទៀតមកពីគណបក្សសំបុក្រឃ្មុំ និងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ថ្លែងទៅកាន់សមជិកថ្មីទាំងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានរំលឹកពីសមិទ្ធផលធំៗជាច្រើន បានកើតចេញពីមកពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលក្នុងស្រុកកោះទាំងនោះរួមមាន ការកសាងផ្លូវ ជាតិលេខ២១ ផ្លូវជាតិលេខ១១០ ស្ពានកោះធំ ស្ពានជ្រៃធំ ពហុកីឡាដ្ឋានស្រុកកោះធំ ការសាងសង់ឡើងវិញ ផ្សារកោះធំ ការកសាងផ្លូវបេតុងក្នុងភូមិ សាលារៀន និងមន្ទីរពេទ្យជាដើម។ លើសពីនេះទៅទៀតក៏មាន ការផ្តល់ជូនសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ការផ្តល់សេវាបង្រៀនភាសាអង់គ្លេង ជូនអ្នកកោះធំដោយឥតគិតថ្លៃ ព្រមទាំងការសេវាសាធារណៈផ្សេងទៀត ដែលបានជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់សេចក្តី ទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការចូលជាសមាជិកបក្ស និងការត្រៀមខ្លួនជាស្រេចបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន។
តាមរយៈនៃការចូលមករួមរស់របស់សមាជិកថ្មីមកពីបណ្តាបក្សដទៃនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋក្នុងស្រុកកោះធំកាន់តែច្រើន បានជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕









ព្រឹកនេះ ប្រធានគ.ជ.ប ចុះបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោត ដល់ប្រជាពលរដ្ឋ នៅខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ គ.ជ.ប បានដឹកនាំគណៈប្រតិភូ ធ្វើដំណើរមកខេត្តតាកែវ ដើម្បីថ្លែងបាឋកថា ផ្សព្វផ្សាយ គោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀនចំនួន៨០០នាក់ នៅខេត្តតាកែវ។

ការចុះបញ្ច្រាបនៃការយល់ដឹងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំ ចលនាសង្រ្គោះជាតិ បានអំពាវនាវតាមមណ្តាញសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែល គ.ជ.ប ចាត់ទុកថានេះគឺទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បាន ចែងថាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈ ពេល៥ឆ្នាំម្តង។

សូមជម្រាបថា ការចុះបញ្ច្រាបការយល់ដឹងអំពីច្បាប់ស្តីពីការបោះឆ្នោតខាងលើនេះ ក៏ដោយសារតែមាន សំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវផងដែរ ៕



ក្រុមការងារជំនាញត្រៀមចុះពិនិត្យព្រំដី និងធ្វើបច្ចុប្បន្នភាពកងកម្លាំងប្រដាប់អាវុធ

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំនូវកិច្ចប្រជុំគណៈកម្មការ ពិនិត្យ និងធ្វើបច្ចុប្បន្នភាព អតីតកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរពាក់ព័ន្ធនានាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន២ គឺផ្តោតទៅលើការចុះត្រួតពិនិត្យ ផ្ទៃដីសល់ក្រោយបែង ចែក ពីលើកមុន ដែលនៅសល់ចំនួន៤៧៤ ហិចតា និងត្រៀមរបៀបចំនូវផែនទី ចុះវាស់ជាក់ស្តែងរបស់មន្ទីរ ដ.ន.ស.ស ខេត្តព្រះសីហនុ។

បន្ថែមពីលើនេះដែរកិច្ចប្រជុំក៏បានពិភាក្សាទៅលើការកំណត់ក្រុមការងារជំនាញ ដើម្បីចុះពិនិត្យ និងវាស់វែង ដោយផ្ទាល់នៅទីតាំងដី សម្រាប់ធ្វើការសម្បទានដល់យោធិនចូលនិវត្ត រឺបាត់បង់កាយសម្បទានេះ និងដើម្បីកំណត់ចេញនូវផែនទីព្រំដែនដី។

ជាចុងក្រោយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំបានសម្រេចជារួម ដោយរៀបចំក្រុមការងារចុះអនុវត្តន៏ការងារ ពិនិត្យនូវទីតាំងដីខាងលើនៅដើមសប្តាហ៏ក្រោយនេះ និងកំណត់ទៅតាមផែនទី ៕





លោកអភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹកភ្លៀង

ខេត្តព្រះសីហនុ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្លូវ បង្ហូរទឹក បានមានប្រសាសន៏ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លោកបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះកាយស្ដារអូរ បើកប្រព័ន្ធផ្លូវបង្ហូរទឹកភ្លៀង នៅចំណុចខាងក្រោយអង្គការម្លប់តាបាង និងចំណុចស្ពាន អ៊ិលវី (LV) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានការរំលោភចាក់ដី និងសង់សំណង់លើអូរធ្វើឲ្យផ្ទៃអូររួមតូចចង្អៀត រួមជាមួយនឹងការបោះសំរាមចោលក្នុង អូរផងនោះធ្វើឲ្យមាន កកស្ទះលំហូរនៃទឹកភ្លៀង បង្ករឲ្យមានការជន់លិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់សង្កាត់ លេខ៤នេះ។

លោកបន្ដថា គ្រាន់តែលើអូរ១នេះ សំណង់ផ្ទះអនាធិបតេយ្យមានរហូតដល់ជិត ២០០គ្រួសារ រួមទាំងកាក សំណល់សំរាមថង់ប្លាស្ទិច ដែលប្រជាពលរដ្ឋបោះចោលរាយប៉ាយធ្លាក់ចូលទៅក្នុងអូរ តាមចរន្តទឹកហូរផង នោះបណ្តាលឲ្យស្ទះផ្លូវទឹកហូរ និងបានបង្កជាការជន់លិចនៅពេលមានភ្លៀងធំម្តងៗ។ ចំពោះបញ្ហានេះក្រុម ការងារនឹងបន្ដជំរុញការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងច្បាស់អំពីបញ្ហាប្រឈមនេះ ការបំផុស ស្មារតីពីប្រជាពលរដ្ឋ ប្រធានក្រុម មេភូមិ ក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ដឲ្យកំរើក ដើម្បីចូល រួមថែរក្សអូរ អនាម័យភូមិឋាន រស់នៅជាមួយភូមិស្អាត ទីក្រុងស្អាត សុខភាពល្អ។

លោកបន្ថែមថា ដើម្បីរកវិធីដោះស្រាយ នូវបញ្ហាប្រឈមនេះ គណៈកម្មការក្រុមការងារ បានឲ្យអាជ្ញាធរ មូលដ្ឋានភូមិ/សង្កាត់ចុះស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់សាល់ជាក់ស្ដែង ថាត្រូវដោះស្រាយគោល នយោបាយ ឬក៍ចាត់វិធានការរដ្ឋបាល។ តែបញ្ហាទាំងនេះត្រូវឆ្លងរបាយការណ៍ និងយោបល់គណៈបញ្ជាការ ឯកភាពខេត្ដរួមនិង កិច្ចប្រជុំជជែកពិភាក្សាដោះស្រាយជាមួយមន្ត្រី អង្គភាព ស្ថាប័នជំនាញសិន ចំពោះសំណង់ចាស់យូរហើយ ប៉ុន្ដែសំណង់ថ្មីៗ គឹហាមផ្ដាច់មិនឲ្យមានការសាង់សង់ឡើយ។

ប៉ុន្ដែទោះជាយ៉ាងណាក៍ដោយគណៈកម្មការក្រុមការងារព្យាយាមរកដំណោះស្រាយប្រកបដោយសុខដុមរមនាជាមួយប្រជាពលរដ្ឋ ដោយខិតខំស្វែងរកអង្គការដែគូរដោះស្រាយរឿងលំនៅដ្ឋាន ជាពិសេសគឺ អគ្គនាយក ដ្ឋានលំនៅដ្ឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរបៀបគោលនយោបាយ ដីសង្គមកិច្ច ៕





រោងចក្រថ្មីចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត២០លានដុល្លារ បង្កើតការងារជាង១ពាន់កន្លែង។

នៅក្នុងគេហទំព័រ Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន MASSFLAME ENERGY (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត ជីវម៉ាសឥន្ធនៈ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ១០១កន្លែង។
២- ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រអប់ ផ្លាស្ទិក គ្រប់ប្រភេទ និងបង្គុំសម្ភារៈបរិក្ខារអេឡិចត្រូនិក, មានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ច ពិសេសប៉ោយប៉ែត អូរនាង ខេត្តបន្ទាយមានជ័យ, មានទុនវិនិយោគប្រមាណ ៣.៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧២កន្លែង។
៣- ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត ទឹកពិសាបរិសុទ្ធ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។
៤- ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតផលប្រដាប់ដាក់បំពង់ទឹក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគ ចំនួន ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦កន្លែង។

សូមជម្រាបថា ក្នុងខែមេសា ឆ្នាំ២០១៨ CDC បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រ ចំនួនថ្មីចំនួន១០ទៀត បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគ ១៣០.៣៣លានដុល្លារអាមេរិក ដោយបង្កើត ការងារបាន ១១,៩១៥កន្លែង ៕


លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា នៃសាលាបឋមសិក្សអង្គពន្លឺ ស្ថិតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត

កំពត៖ លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ស្មើ៥បន្ទប់ កសាងពីបេតុងប្រក់ក្បឿងចំណាយថវិកា ចំនួន៣៨.០០០ដុល្លារ និងមានការភ្ជាប់សម្ពោធស្រះទឹក ១កន្លែងមានបណ្ដោយ ៧០ម៉ែត្រ ទទឹង ៣៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ បាតក្រោម ២៦ម៉ែត្រ ស្ថិតនៅភូមិប្រាល ឃុំតានី ចំណាយថវិកាអស់ ៦.០៤៥ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ដល់ជូនតាមរយៈលោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន និងលោកស្រី។

លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានីហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាលលោកទាំងពីរតែងតែ​បានយក​ចិត្ត​ទុក​ដាក់ពីសុខទុក្ខក៏ដូចជា ក្ដីកង្វល់រួមនឹងបញ្ហាប្រឈមនានា និងសំណូមពររបស់ប្រពលរដ្ឋ និងបានខិតខំ​ដោះស្រាយ​រាល់ការលំបាកផ្សេងៗ ព្រមទាំងជំរុញល្បឿននៃការភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន ក៏បានចាត់ទុកអគារសិក្សាថ្មីនេះគឺជាសមិទ្ធផលថ្មីមួយ​បន្ថែមទៀតក្នុងការ​រួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកអង្គរជ័យផងដែរ។ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សានូវសមិទ្ធផលនានាដែលមានក្នុង​មូលដ្ឋាន​កន្លងមក ជាពិសេសអគារសិក្សាដែលសម្ពោធ ដាក់អោយប្រើប្រាស់នាពេលនេះ ដើម្បីជាប្រយោជន៍ទុក​អោយកូនចៅ បានចូលសិក្សារៀនសូត្រយូរអង្វែង។

លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន មានប្រសាសន៍ទៀតថា តាមរយៈគោលនយោបាយយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជន ដែលក្នុងនោះលោកបានខិតខំយកចិត្តទុកដាក់​បង្កើតការងារជូនប្រជាពលរដ្ឋឲ្យបាន​កាន់​តែច្រើនឡើងដើម្បីបង្កើនជីវភាពអោយបានល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុន និង ទាក់ទាញដៃគូវិនិយោគ បង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាដើម្បី​ការ​គាំទ្រលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្តទៀត។

លោកទេសរដ្ឋមន្រ្ដី ប៉ែន ស៊ីម៉ន បានឧបត្ថម្ភកម្មវិធីចំនួន ២លាន៨សែនរៀល កម្លាំងការពារចំនួន ៧សែន៥ម៉ឺនរៀល ក្រុមគ្រូពេទ្យ ១សែន២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យអង្គសុភី ៨សែនរៀល ចូលរួមកសាងរបងសាលាបឋមសិក្សា អង្គពន្លឺ ១.៨៥៦ដុល្លារ ចូលរួមកសាងផ្លូវចូលវត្តរលាំង ៥លានរៀល កសាងផ្លូវភូមិដើមស្លែង ៥.២៦៧ដុល្លារ ស្តារស្រះទឹកភូមិប្រាល ៦ពាន់ដុល្លារ ប្រគេនព្រះសង្ឃជយន្តោ ស្លាដក់១ បច្ច័យសរុប ៣សែន៥ម៉ឺនរៀល កសាងវត្តពន្លឺ ៥លានរៀល ជូនសាលាបឋមសិក្សា ត្រពាំងចក​៥លានរៀល ជួយកសាងផ្លូវចូលភូមិកាន់ទ្រង់ ត្រពាំងខ្វា ៦ពាន់ដុល្លារ និងចំណាយផ្សេងៗសរុប ៦៩.០៣៣.០០០រៀល ៕










ឱកាសទទួលបាន​ការងារ​សមរម្យ និងកម្មសិក្សាការងារ​ នៅក្នុង​វេទិកាការងារ របស់​ក្រសួងការងារ​ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ នៅ​មជ្ឈមណ្ឌលការងារ​រាជធានី​ភ្នំពេញ

ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល




ភស្តុតាងនៃព្រះរាជពិធីច្រត់ព្រះនង្គ័លពីបុរាណកាល

ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។

នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។

មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។


ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប
នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។
ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។
មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
១- រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
២- រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
៣- រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
៤- រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល
ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល
សែនក្រុងព្រះពលី
ការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។

នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។
ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។
វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។
សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។
ត្រណមរបស់ព្រាហ្មណ៍
ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។
ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។
គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍
ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។
រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី
ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។

រណ្ដាប់តង្វាយទេវរូបក្នុងរោងពិធី
រណ្ដាប់សម័យបុរាណចម្លងតាមក្បួនព្រះរាជពិធីទ្វារទសមាសមួយ ច្បាប់ ដែលគេស្មានថារៀបរៀងឡើងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះជ័យចេស្ដាដូច្នេះ៖
ចៅហ្វាយឃ្លាំងមណីរ័តន៍ ត្រូវដាក់ប្រាក់តង្វាយទេវតា៥តម្លឹងគ្រប់រោងមណ្ឌលទាំង៥ និងយកកន្ទេល២ ថ្លាង២ ក្អម២ ទៅរៀបដាក់គ្រប់រោងមណ្ឌល។
ចៅហ្វាយឃ្លាំងកោសេយ្យភស្ដុត្រូវដាក់សំពត់សក្រាលអាសនៈអាវ២ សំពស់វ័ន្ធពុង១ សំពត់អាវថ្វាយទេវតា៨ ឆ្វេង៤ ស្ដាំ៤ កន្ទេល២ ស្លាធម៌៨ ស្លាត្រួយ១០ ជម២ ដូងឡៅ១ ល្ងសណ្ដែកកន្ទោង១ ឲ្យរៀបដាក់ដូចគ្នាដូច្នេះគ្រប់មណ្ឌល។
ចៅហ្វាយឃ្លាំងភោជន៍សាលីឲ្យដាក់ផ្លែឈើតោក៨ មានអង្ករទ្រាបក្រោមបាយបញ្ជតាបសម្រាប់១ បាយយិជ ៦០ ពានលាជ១ ម្សៅកន្ទោង១ របស់អម្បាលនេះឲ្យរៀបតាំងដូចគ្នាគ្រប់រោងមណ្ឌលទាំង៥ តាំងគ្រប់៣ថ្ងៃ។
របៀបសម័យបច្ចុប្បន្ន តាមបែបដែលបានសួរ និងកត់អំពីសម្ដេចឥសីភទ្វាធិបតី(ម៉ាំង) មានចំនួនដូច្នេះ៖
ប្រាក់ព្រះពិស្ណុការ៣រៀល សំពត់ស២០ត្បូង (ក្នុង១ត្បូង១០ហត្ថ)ទៀនក្រមួនឃ្មុំ (ក្រមួនទម្ងន់៣គីឡូក្រាមលញ់ជាទៀន) ៣០០ដើម ដូងឡៅ១៥ផ្លែឈើ (មាននំអន្សមលាយផង) ១២០តោក ម្សៅ១៥កន្ទោង បាយព្រះ៧៥កញ្ចប់ ធូប៥ខ្សុក ថ្លាង១០ ក្អម១០កន្ទេល ទឹកខ្មៅ៥កន្ទេលចចូត៥។
របស់អម្បាលនេះបែងចែកជា៥ភាគ ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់បូជាទេវតា (របស់តង្វាយទេវតាទាំងប៉ុន្មាន របស់ណាដែលនៅប្រើការបានវេលាលើកលែងធ្វើ ត្រូវបានព្រាហ្មណ៍អ្នកធ្វើពិធីទាំងអស់) កាលរៀបពលិការថ្វាយទេវតារួចដូច្នេះហើយ ពួកព្រាហ្មណ៍អ្នកធ្វើពិធីដែលក្នុងរោងមណ្ឌលទាំង៥អន្លើ ក៏ផ្ដើមសូត្រមន្តបូជាទេវតា។
ឈ្មោះមន្តសម្រាប់សូត្រក្នុងរោងពិធី
ដំបូងគ្រប់រោងពិធីឲ្យសូត្រមន្តឈ្មោះព្រះស្រីរតនត្រ័យ១ ព្រះភូមិ១ ព្រះពិស្ណុការ១ ស្រេចហើយក្នុងរោងពិធីនីមួយៗត្រូវសូត្រផ្សេងគ្នាដូចតទៅគឺ៖
រោងពិធីទិសបូព៌សូត្រមន្តកំពូលត្រៃវេទ
រោងពិធីទិសអាគ្នេយ៍សូត្រមន្តព្រះព្រហ្ម
រោងពិធីទិសនិរតីសូត្រមន្តអធិកាល
រោងពិធីទិសពាយ័ព្យ សូត្រមន្តកម្រាបមារ មហារនាំង
រោងពិធីទិសឦសាន សូត្រមន្តរតនជង្គុលី
រួចសូត្រធម៌ចម្រើន (ឫទ្ធិតេជោ)១០៨ចប់។
អស់វេលាក៏សមគួរហើយ ដល់យប់ជ្រៅស្ងាត់ ទើបផ្ដើមធ្វើហោមពិធីក្នុងមួយយប់ម្ដងរៀងរាល់យប់។
តែសូមជ្រាបថា ហោមពិធីនោះពួកព្រាហ្មណ៍ក្នុងកម្ពុជរដ្ឋបានលើកលែងធ្វើមកយូរ ឆ្នាំហើយ ពួកព្រាហ្មណ៍ដែលមានជីវិតនៅសព្វថ្ងៃនេះ គ្មានអ្នកណាមកធ្លាប់ធ្វើហោមពិធីនេះទេ ក្នុងសម័យនេះគេធ្វើសង្ខេបត្រឹមតែពលីការទេវរូប និងសូត្រមន្តប៉ុណ្ណោះជាការស្រេច ឯហោមពិធីសូម្បីមានចេញឈ្មោះនៅក្នុងព្រះរាជកំណត់ (កម្មវិធី) ដូចពោលមកខាងលើក៏ពិត តែឥតមានធ្វើដល់ទេ គឺគេសំដៅយកពិធីសូត្រមន្តនោះឯងជាហោមពិធី។
អ្នកមិនដឹងអាចសន្និដ្ឋានថា របៀបនេះហើយជាហោមពិធី តែសេចក្ដីពិតហោមពិធីនៅមានផ្សេងចេញទៅទៀត។
ព្រះគោ ឬគោឧសភរាជ

ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើម គេយកទៅតាំងក្នុងរោងមួយដែលទើបសង់ថ្មី នៅក្នុងទីព្រះស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែមើលថែរក្សា ដាក់ស្មៅ ដាក់ទឹកឲ្យព្រះគោស៊ី ផឹក ឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឲ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពី បុរាណ ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឲ្យមានក្រុមក្សត្រ និងមិនឲ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងទិសនិរតី រហូតដល់សព្វឆ្នាំនេះការតាំងដូច្នោះដើម្បីឲ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង។
ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល
អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័ល
កាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

ការតែងខ្លួនអ្នកតំណាងព្រះអង្គ
របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុកសព្វគ្រប់ទេ តែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។
អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។

ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
ពាក់សំពត់សារបាប់សំឡុយ
ពាក់អាវប្រែបំពង់វែងពណ៌លឿងទុំ
ពានាក្រមាព្រែ ពណ៌លឿងបៃតង
ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
ស្លៀកពាក់ហូលមានជរ
ពានាផាហ៊ុមខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
ស្លៀកពាក់សារបាប់សំឡុយ
ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
ពាក់ស្បៃឆៀងដូចកូនល្ខោន
និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការច្រត់ព្រះនង្គ័ល
ការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។

លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។
ការផ្សងគោឧសភរាជ
លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រា នឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕