Friday, May 04, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បើតាមដំណឹងពី (គ.ជ.ប) គឺមានគណបក្ស៣ហើយដែលបាន ចុះបញ្ជីរួចរាល់ក្នុងការចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺ ១-គណបក្សប្រជាជន កម្ពុជា ២-គណបក្សសញ្ជាតិកម្ពុជា និង ៣-គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយ ពេលខ្លី។ ទន្ទឹមនឹងនោះគឺមានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋាន របស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោត នៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើស តាំងតំណាងរាស្រ្ត។

ខ្ញុំសូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។
អរគុណបងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់អាណត្តិដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

No comments:

Post a Comment