Wednesday, January 11, 2023

វិភាគអន្តរជាតិ៖ តើចិន បោះបង់ចោលយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» ឬ?


(តូក្យូ)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិនត្រូវផ្ទេរឱ្យទៅកាន់ មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។

បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារមានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ Twitter កាលពីខែមីនា ឆ្នាំ២០២០ លោក ចៅ បានសរសេរថា យោធាអាមេរិកប្រហែលជា អ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន ប្រទេសចិន បន្ទាប់ពីក្រុមមន្ត្រីអាមេរិកមួយចំនួនអះអាងថាវីរុសកូរ៉ូណានេះមានប្រភពចេញពីមន្ទីរពិសោធន៍ចិន។ ជាគោលការណ៍ ចិនអះអាងថាមិនមានឡើយយុទ្ធសាស្ត្រការទូតចចកចម្បាំង ដោយវាគ្រាន់តែជាការឆ្លើយតបប្រកបដោយហេតុផល ទៅនឹងការវាយប្រហារចោទប្រកាន់របស់លោកខាងលិច ចំពោះចិនប៉ុណ្ណោះ។

ក្រសួងការបរទេសចិន មិនបានបញ្ជាក់លម្អិតពីហេតុផលនៅពីក្រោយការផ្ទេរតំណែងនេះឡើយ ប៉ុន្តែ វាហាក់ដូចជាសញ្ញាមួយបង្ហាញថាចិនកំពុងពិចារណាឡើងវិញពីយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» របស់ខ្លួន ដែលកំពុងបង្កើតជាចម្ងល់ថាតើចិនកំពុងបោះបង់ចោលយុទ្ធសាស្ត្រនេះដែរ ឬក៏យ៉ាងណា? ចិនបានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» យ៉ាងពេញទី នៅក្រោយពេលដែលទីក្រុងប៉េកាំងរងការចោទប្រកាន់ពីលោកខាងលិច ជុំវិញការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។ ពាក្យ «ចចកចម្បាំង» ដែលគេយកមកដាក់ឈ្មោះ យុទ្ធសាស្ត្រការទូតរបស់ចិន គឺត្រូវបានស្រង់ចេញពីខ្សែភាពយន្ដបែបជាតិនិយមដ៏ល្បីល្បាញរបស់ចិនមានចំណងជើងថា «ចចកចម្បាំង»។ ខ្សែភាពយន្ដនេះមានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងភាពយន្ដហូលីវូតរុំាបូរបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីសកម្មភាពកុម្ម៉ង់ដូចិនបំពេញភារកិច្ចការពារប្រជាជនចិន និងផលប្រយោជន៍ជាតិចិនពីការវាយប្រហារពីសត្រូវ ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស។ ខ្សែភាពយន្ដ «ចចកចម្បាំងនេះ» មានគោលដៅចម្បងបណ្ដុះគំនិតស្នេហាជាតិ និងជាតិនិយមតាមគោលគំនិតលោក ស៊ី ជិនពីង ជាមួយការប្រកាន់ភ្ជាប់នូវពាក្យ ស្លោកចិនមួយឃ្លាថា «នរណាក៏ដោយឱ្យតែហ៊ានបំពានចិន ទោះជាទៅដល់ជើងមេឃក៏ដោយ ក៏មិនអាចរួចខ្លួនបាននោះដែរ។

ដោយឡែក នៅក្នុងវិស័យការទូត យុទ្ធសាស្ត្រ «ការទូតចចកចម្បាំង» ត្រូវបានគេនិយាយសំដៅទៅលើការទូតប្រឈមមុខដាក់គ្នា ការនិយាយផាំងទៅផាំងមក ដែលនេះគឺផ្ទុយពីយុទ្ធសាស្ត្រ ការទូតដែលចិនធ្លាប់បានប្រកាន់យកពីមុន។ យុទ្ធសាស្ត្រការទូតចិនកាលពីដើមឡើយ គឺមន្ត្រីការទូតចិនត្រូវផ្ដោតទៅលើការនិយាយស្ដីទន់ភ្លន់ រក្សាភាពស្ងៀមស្ងាត់ ហើយសេចក្ដីថ្លែងការណ៍គឺ ធ្វើយ៉ាងវែងអន្លាយ។ ប៉ុន្តែនៅក្រោមយុទ្ធសាស្ត្រការទូតចចកចម្បាំង មន្ត្រីទូតចិនទាំងអស់បានប្រើសម្ដីផាំងទៅផាំងមក រីឯសេចក្ដីថ្លែងការណ៍ដែលធ្លាប់តែធ្វើយ៉ាងវែងអន្លាយ ត្រូវប្ដូរមកជា សេចក្ដីថ្លែងការណ៍ខ្លីៗ និងចំៗ។ ជាឧទាហរណ៍ នៅពេលដែលក្រុមមន្ត្រីអាមេរិកចោទប្រកាន់ថាវីរុសកូរ៉ូណាកូវីដ១៩ លេចធ្លាយចេញពីមន្ទីរពិសោធន៍មួយក្នុងទីក្រុងវូហាន លោក ចៅ លីជៀន បានចោទត្រង់ៗថាយោធាអាមេរិកប្រហែលជាអ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន។

លោក ចៅ លីជៀន គឺជាមនុស្សម្នាក់មានគំនិតជាតិនិយម ដែលស័ក្តិសមទៅនឹងយុទ្ធសាស្ត្រការទូតចចកចម្បាំង។ ដូច្នេះហើយការផ្ទេរតួនាទីរបស់លោកពីអ្នកនាំពាក្យក្រសួងការបរទេសចិន ឱ្យទៅកាន់មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ ចង់ ឬមិនចង់ វាបានបង្ហាញពីការផ្លាស់ប្ដូរក្នុងនយោបាយការទូតរបស់ចិននៅក្នុង ឆ្នាំ២០២៣នេះ។ ការផ្ទេរតំណែងរបស់លោក ចៅ កើតឡើងក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិនបានប្រកាសពីការតែងតាំងលោក Qin Gang ជាអគ្គរដ្ឋទូតចិនប្រចាំ សហរដ្ឋអាមេរិក ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក វ៉ាង យី និងបន្ទាប់ពីលោក ស៊ី ជិនពីង បានជួបជាមួយលោក ចូ បៃដិន នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោក បៃដិន បានប្រាប់លោក ស៊ី ជិនពីងថា សហរដ្ឋអាមេរិក និងចិនគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលលោកដែលប្រទេសទាំង២ អាចនឹងធ្វើ កិច្ចសហប្រតិបត្តិការនឹងគ្នាបាន។ រីឯ លោក ស៊ី ក៏បានប្រាប់លោក បៃដិនវិញដែរថាតៃវ៉ាន់គឺជាបន្ទាត់ក្រហមដែលសហរដ្ឋអាមេរិកមិនត្រូវដើររំលងនោះទេ ស្របពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថាជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់សហរដ្ឋអាមេរិក និងចិនបើកកិច្ចសហប្រតិបត្តិការនឹងគ្នាឡើងវិញ។ មែនទែនទៅ ក្រុមអ្នកជំនាញភាគច្រើនយល់ថាជំនួបរវាងមេដឹកនាំទាំង២ គ្រាន់តែធ្វើឱ្យទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកធូរស្រាលបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ស្ថានភាពធូរស្រាលមួយដែលត្រូវ បានគេប្រដូចទៅនឹងស្ថានភាពធូរស្រាលសម័យសង្រ្គាមត្រជាក់ ឬគេហៅថាជាភាសាបារាំងថា «ឡាដេតង់» (La Détente) មានសារៈសំខាន់សម្រាប់ចិន ហើយលោក Kurt Campbell ជាអ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃសេតវិមានលោក ចូ បៃដិន ក៏បានទទួលស្គាល់ដែរថាចិនចង់មានស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី នៅក្នុងបរិបទ ដែលចិនកំពុងមានបញ្ហានៅក្នុងស្រុកដូចជាសេដ្ឋកិច្ច កូវីដ១៩ និងការកើនឡើងនៃការរិះគន់លើការទូតចចកចម្បាំងចិន ពីសំណាក់បណ្ដាប្រទេសក្នុងតំបន់អាស៊ី។

ក្នុងពេលដែលបើកប្រទេសឡើងវិញ និងលុបចោលគោលនយោបាយ «ហ្សេរ៉ូកូវីដ» ច្បាស់ណាស់ ចិនចង់ធ្វើឱ្យទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចត្រឡប់ទៅរកភាពប្រក្រតី ឡើងវិញ និងបិទបញ្ចប់ភាពតានតឹងការទូតសម័យកូវីដពីឆ្នាំ២០២១​ ដល់ឆ្នាំ២០២២។ ខណៈសង្រ្គាមអ៊ុយក្រែនបន្តអូសបន្លាយ វិបត្តិសេដ្ឋកិច្ចនៅតែបន្ត បណ្ដាប្រទេសមួយចំនួន ក្នុងនោះមានទាំងសម្ព័ន្ធមិត្តអាមេរិកដូចជា អាល្លឺម៉ង់ និងអូស្រ្តាលី បានចាប់ផ្ដើមសម្លឹងឃើញការស្ដារឡើងវិញនូវប្រយោជន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន តាមរយៈការបំពេញ ទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ និងរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីក្នុងទីក្រុងប៉េកាំងកាលពីចុងឆ្នាំ២០២២។

ក្នុងន័យនេះ ចិនអាចនឹងបន្ធូរបន្ថយយុទ្ធសាស្ត្រការទូតចចកចម្បាំងរបស់ខ្លួន ឱ្យទន់ភ្លន់ជាងមុន ដើម្បីស្វែងរកមិត្តត្រឡប់មកវិញ ដែលនេះអាចនឹងជួយឱ្យចិនរឹតត្បិតលើសហរដ្ឋអាមេរិកតាម នយោបាយការទូត ហើយក៏អាចឱ្យចិនធ្វើការឆ្លើយតបដ៏ប្រុងប្រយ័ត្នទៅនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងនោះរួមមានការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីខិន មកកាន់ទីក្រុងប៉េកាំង នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣នេះ និងការបោះឆ្នោតអនុម័តច្បាប់ Taiwan Policy Act ដោយសភាអាមេរិក និងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅខែមករា ឆ្នាំ២០២៤ខាងមុខ។ នយោបាយការទូតចចកចម្បាំង ជាការពិតណាស់ វាបានបង្កឱ្យមានភាពតានតឹងរវាងចិន និងលោកខាងលិច ហើយកាន់តែច្បាស់ទៅទៀតនោះ គឺសហរដ្ឋអាមេរិកកំពុង ទាញយកផលពីនយោបាយការទូតនេះ ដោយកៀងគរប្រទេសលោកខាងលិចឱ្យចូលរួមប្រឆាំងនឹងចិន៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ


នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមពិតជារីករាយចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយអ្វីដែលឯកឧត្តមកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានកន្លងទៅនេះ។ 

ក្នុងជំនួបនេះផងដែរ ឯកឧត្តម Park Byeong-Seug ក៏បានជំរាបជូនសម្ដេចតេជោផងដែរថាកាលពីឆ្នាំកន្លងទៅ សម្ដេចតេជោបានដាក់ការងារឱ្យឯកឧត្តមធ្វើចំនួន៣ ទី១)គឺការផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ,ទី២)ការគាំទ្រផ្ដល់ហិរញ្ញប្បទាន សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣)ការបង្កើនកូតាសម្រាប់ពលករកម្ពុជាបានទៅធ្វើការនៅឯប្រទេសកូរ៉េ។ ហើយការងារទាំង៣នេះ ឯកឧត្តមបានធ្វើ និងប្រកបដោយផ្លែផ្កាសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមាន, ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានចុះហត្ថលេខាក្នុងការសាងសង់ផងដែរ និងកូតាសម្រាប់ការអនុញ្ញាតឲ្យពលករកម្ពុជាបានទៅបម្រើការងារនៅប្រទេសកូរ៉េក៏បានកើនឡើងចំនួន ៤០% ហើយអ្វីដែលឯកឧត្តម និងប្រតិភូត្រូវធ្វើបន្តទៀតនោះ ទី១ ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឲ្យកាន់តែរីកធំធាត់ និងរឹងមាំបន្ថែមទៀត ,ទី២ស្វែងរកការគាំទ្រជួយដល់កម្ពុជា លើវិស័យដោះមីន និងទី៣ លើកទឹកចិត្តឲ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដោយផ្ទាល់ ឬតាមរយៈ១+ ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងអស់នោះមានដូចជា កម្លាំងយុវជនប្រកបដោយថាមពល និងគុណភាពខ្ពស់, កម្ពុជាប្រើប្រាស់លុយដុល្លារ,កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនឹងសក្តានុពលជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Park Byeong-Seug ចំពោះការវាយតម្លៃលើវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងអរគុណឯកឧត្តមដែលបានអបអរសាទរចំពោះភាពជោគជ័យក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលកន្លងទៅថ្មីៗនេះ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េផងដែរ ដែលបានបំពេញការងារទាំង៣ ដែលសម្ដេចបានស្នើសុំឲ្យជួយនាពេលកន្លងមកបានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀតតាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង, ការស្វែងរកជំនួយជួយដល់កម្ពុជាក្នុងការដោះមីន និងការជំរុញអ្នកវិនិយោគ កូរ៉េឲ្យមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ តាមរយៈការវិនិយោគដោយផ្ទាល់ និងតាមរយៈការវិនិយោគ១+បូក ជាដើមនោះ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ទទួលបាននូវភាពជោគជ័យការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕















សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់នៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុញាតិឱ្យឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព។



ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ។
ឯកឧត្តម វ៉ាហ៊ីត ក៏បានគោរព ជំរាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
ឯកឧត្តម វ៉ាហ៊ីត បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរ កម្ពុជា-តួគី មានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ហើយសម្ដេចតេជោក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ។
ជាមួយនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសម្ដែងនៅការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ានកន្លងមក ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្ដានុពលដូចដែលឯកឧត្តម វ៉ាហ៊ីត បានលើកឡើងខាងលើនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនឯកឧត្តម វ៉ាហ៊ីត ថា គប្បីណាលើកទឹកចិត្តឱ្យមានអ្នកវិនិយោគតួគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។ សម្ដេចបន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរទៀតផង ៕



សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមការងារ ICRG-JG ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា។ លោកស្រី ម៉ាលីន បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយបានបើកប្រទេសជាតិ និងបើកសេដ្ឋកិច្ចឡើងវិញ។

លោកស្រី ម៉ាលីន ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជាឲ្យនាំមុខប្រទេសដទៃទៀតលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូលមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាកន្លងមកនេះ៕