Monday, August 11, 2014

វិចារណកថា​៖ ​ប្រជាពល​​រដ្ឋ​​ដឹង​​ច្បាស់​​ថា​ គណ​បក្ស​​​សង្គ្រោះ​ជាតិ​ មិន​​មែន​​ជាជ​ម្រើស​​ល្អ​សម្រាប់​ការ​ដឹក​​នាំ​ប្រទេស​​ឡើយ​



ដោយ​ ពង្ស សុក្រឹត្យ

ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀងទី​ក្រុង​បារីស​ ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​ មក​ព្រះ​រាជាណា​ចក្រ​​​កម្ពុជា បាន​រៀប​ចំ​ការ​បោះ​ឆ្នោតជា​​សកល ​នៅ​ឆ្នាំ​១៩៩៣ ហើយ​បង្កើត​បាន​នូវ​រដ្ឋ​ធម្មនុញ្ញ​មួយ​ប្រកាន់​យក​នូវ​របបរាជានិយម​ អាស្រ័យ​ធម្មនុញ្ញ​ និង​ជ្រើស​​យក​​លទ្ធិ​​​​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ រវាង​គណបក្ស​នយោបាយទាំងអស់​។​​ ដូច្នេះ​ហើយ​ ទើប​យើង​ឃើញ​មាន​គណបក្ស​ជាច្រើន​តែង​តែ​បាន​ចូល​រួម​ប្រកួត​ប្រជែង​គ្នា​នៅ​រៀង​រាល់​ការ​បោះ​ឆ្នោត​ ទាំង​សកល​ និង​អសកល​ មិន​ដែល​ខក​ខាន​ ឬលើក​ពេល​ម្តង​ណា​ឡើយ​។​

ទាក់​ទង​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​នេះ​ ប្រជាពលរដ្ឋ​តែង​តែ​ធ្វើការ​ជ្រើស​រើសយក​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ ជាពិសេសជ្រើស​រើស​គណបក្ស​ដែល​មាន​ស្នាដៃ​ ក្នុង​ការ​ការពារ​ និង​កសាង​ប្រទេស​ជាតិ​​​​​ និង​គណបក្ស​នយោបាយ​ដែល​មាន​បទ​ពិសោធន៍​ ព្រម​ទាំង​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​ ដើម្បី​មក​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការ​អភិវឌ្ឍ​។​
​​
អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​ ​មើល​​ឃើញ​ថា​​​ ជានិច្ច​កាល​ គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​គណបក្ស​​ដែល​​មាន​បទពិសោធន៍​ដ៏យូរ​លង់​មក​ហើយ​​​ និង​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​​​​ ហើយ​តែង​តែ​​បាន​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​​នូវ​ស្នាដៃ​ពិតៗ​ មិន​សន្យា​ តែ​ធ្វើ​។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​​​សម្រេច​​ជាជំហ៊ានៗ​​របស់​ខ្លួន​ ក្នុង​​ការ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​ ដែល​បាន​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ ជា​បន្តបន្ទាប់​​ ដូចជា រាល់​ពេល​ដែល​ប្រជាពលរដ្ឋ​​មាន​ទុក្ខ​លំបាក​ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុណ្ណោះ​ ដែល​ហ៊ាន​លះបង់​ខ្ពស់​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ទោះក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​​។ ជាក់​ស្តែង​ ​គុណ​បំណាច់​ដ៏ថ្លៃថ្លា​ ក្នុង​ការ​​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ វា​​គឺ​ជាថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ ដែលបាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​៧​ មករា​ ឆ្នាំ​១៩៧៩​។​

សមិទ្ធផល​ ដែល​លេច​ធ្លោ ជា​បន្ត​បន្ទាប់​​នោះ​ គឺ​ ការ​កសាងប្រទេស​​តាំង​ពីបាតដៃ​ទទេ​ រហូត​ប្រទេស​ជាតិ​បាន​ទទួល​នូវ​វឌ្ឍនៈភាព​ គួរជាទី​មោទនៈ​។​ ក្រោម​ការ​ដឹក​នាំ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្តេច​តេជោ​ ហ៊ុន សែន​ ​ជាប្រមុខ​​រាជរដ្ឋាភិបាល​ កម្ពុជាបាន​​​​កសាង​​​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​ខ្ទេ​ច​ខ្ទាំដោយ​សារ​សង្គ្រាម​បាន​ល្អ​ប្រសើរ​ឡើង​​វិញ ​នៅ​​ទូទាំង​ប្រទេស​។​សាលារៀន​ វត្ត​អារាម​  និង​ទី​ប្រជុំ​ជន​នានា នៅតាម​មូលដ្ឋាន​​ មាន​ការ​អភិវឌ្ឍន៍គួរជាទី​មោទនៈ ដែល​ធ្វើ​ឲ្យ​​​កំណើន​សេដ្ឋកិច្ច​ជាតិ​ មានការ​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​។ ជាលទ្ធផល​ ភាព​ក្រីក្រ​របស់​​ប្រជាពលរដ្ឋ​​​ត្រូវ​បាន​កាត់​បន្ថយ​ជាបន្តបន្ទាប់​ និង​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ ទាំង​ក្នុង​តំបន់​ និង​លើ​​ឆាក​អន្តរជាតិ​ ជាពិសេស​ ភាព​ស្មើ​មុខមាត់​​គ្នា​របស់ជាតិ​ក្នុង​ពិភព​​លោក​​។​​

ដោយ​សារ​បទពិសោធន៍ និង​ស្នាដៃ​ដ៏ថ្លៃ​ថ្លា​កន្លង​មក​នេះហើយ​​ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​​ជាជម្រើស​នាំមុខ​គេ​ ​​​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដើម្បីដឹក​នាំ​​ប្រទេ​ស​ក្នុង​អាណត្តិ​ទី​៥ នេះ​ និង​អាណត្តិ​ក្រោយ​ៗ​​ខាង​មុខ​​​ទៀត​។​​​
អ្នក​វិភាគ​​ក៏មើលឃើញ​ផង​ដែរ​ថា​ កន្លង​មក​គណបក្ស​ ហ៊្វុនស៊ីន​ប៊ិច​ ក៏​ជាគណបក្ស​នយោបាយ​មួយ​​ដែល​មាន​ប្រវត្តិ​ចាស់​ទុំ​ផង​ដែរ​ ប៉ុន្តែ​ ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​​នេះ ក្រោយ​ពី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ហើយ​ ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ពី​ទុក្ខ​លំបាក​របស់​រាស្ត្រ​ ហើយ​​ប្រព្រឹត្ត​នូវ​អំពើ​ដែល​សង្គម​ស្អប់​ខ្ពើម​ ទើប​ប្រជាពលរដ្ឋ​ឈប់​គាំទ្រ​ រហូត​មក​ដល់​ពេល​នេះ។

រីឯ គណបក្ស​សង្គ្រោះ​ជាតិ​​ គឺ​​ជាគណបក្ស​មួ​យ​ថ្មី​​ មិន​ដែល​មាន​ប្រវត្តិ​ ឬស្នាដៃ​​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ ឬធ្វើ​​នយោបាយ​ពី​មុនៗ​មក​នោះ​ទេ​ ហើយ​មូល​ហេតុ​ដែលគណបក្ស​នេះ​ ​មាន​សម្លេង​​កើន​ឡើង​ក្នុង​អាណត្តិ​ទី​៥នេះ ក៏​​ដោយ​សារ​ការ​ប្រើ​យុទ្ធសាស្ត្រ​ សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ នូវ​ចំណុច​រាប់​រយ​ជំពូក​ដើម្បី​ទាក់​ទាញ​នូវ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​។​​​ យុទ្ធ​សាស្ត្រ​នេះ​ បើតាម​អ្នក​វិភាគ​យល់​ឃើញ​ថា​ នឹង​មិន​អាច​ទទួល​បាននូវ​​លទ្ធផល​យូរ​អង្វែង​ឡើយ​ ព្រោះទង្វើ​​បច្ចុប្បន្នរបស់​គណបក្ស​​សង្គ្រោះជាតិ​​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​មាន​ការ​ខក​ចិត្ត​គ្រប់​ៗ​គ្នា​ ដោយ​សារ​តែ​​នយោបាយ​សន្យា​ហួស​ព្រំ​ដែន​នៃ​តថៈភាពសង្គម​  និង​ការ​ភូតកុហក់​បោកប្រាស់​របស់​ខ្លួន ដែល​ប្រជាពលរដ្ឋ​​យល់​ឃើញ​ថា​ ​ជាការ​សន្យា​របៀប​​​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រំភើប​ បែប​ស្រមើស្រមៃ ហើយ​ទី​បំផុត គឺ​មេដឹកនាំ​គណបក្ស​នេះ​ជាអ្នក​ទទួល​ផល​ប្រយោជន៍​ទៅវិញ​​​។​

ការ​ប្រើ​នូវ​នយោបាយ​ប្រជាភិថុតិ​​ តាម​បែប​បំភ្លៃ​ការ​ពិត​ និង​ការ​សន្យាថា នឹង​ដោះស្រាយ​បញ្ហា​​​ ​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​នេះ​ គឺ​ក្នុង​បំណង​តែ​មួយ​គត់​គឺ ការ​​ច្បាម​យក​អំណាច​ និង​ផល​ប្រយោជន៍​​​ដើម្បី​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​​។​ ជាក់ស្តែង​ មក​ដល់​បច្ចុប្បន្ននេះ​ មេ​បក្ស​ទាំង​ពីរ​ ​បាន​ទទួល​លាភ​សក្ការៈយ៉ាង​ក្រាស់​ក្រែល​ ដូច​ជាបុណ្យ​សក្តិ​ តួនាទីនៅក្នុង​ស្ថាប័ន​រដ្ឋសភា​​  រថយន្ត​ទំនើប​ៗ ផ្ទះ​វីឡា និង​ដីចម្ការ​​​ម្រេច​ ឬ​ចម្ការ​ដំឡូង​មី​ រាប់​សិប​ហិកតា​ យ៉ាង​ហឺហា​។​​ បន្ថែម​លើសនេះ​ទៀត គ្រាន់​តែ​ក្នុង​រយៈ​ពេល​មិន​ដល់​១ឆ្នាំ​ផង​​ មាន​ព័ត៌មាន​ដែល​គួរឱ្យ​ជឿទុកចិត្តបាន​បង្ហាញ​ថា នៅ​ក្នុង​​គណនី​ធនាគារ​របស់មេដឹក​នាំ​គណបក្ស​ប្រឆាំង​​ មាន​លុយ​រហូត​ដល់​រាប់​លាន​ដុល្លារ​​ ទៅ​ហើយ​ ចុះទម្រាំ​ដល់​ពេល​ឡើង​​កាន់​អំណាច​​ តើ​នឹង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​​​ដល់​កម្រិតណា​?​

អ្វី​ដែល​ប្រជាពលរដ្ឋ​​គួរ​ឲ្យ​ឈឺចាប់​នោះ​គឺ​រយៈពេល​​​កន្លង​មក​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អូស​ទាញ​​កម្លាំង​គ្រប់​​ស្រទាប់ ទាំង​ប្រជាពលរដ្ឋ​នៅ​ជនបទ​ និង​ទីក្រុង​ ឲ្យ​មក​ចូល​រួម​កំដរ​ឆាក​នយោបាយ​របស់​ខ្លួន​ ហើយទីបំផុត​​​បាន​នៅ​​ត្រឹម​តែ​ការ​សន្យា​ នៅតែ​ជាការ​សន្យា​ដដែល​ ។ ប្រជាពលរដ្ឋ​ខ្លះ​ លក់​មាន់​ លក់ទា​ ខ្លះទៀត​លក់​ដល់​ឆ្កែ​ និង​​ផ្អើលតាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា​ មក​ភ្នំពេញ​ធ្វើ​បាតុកម្ម​ ។ ប៉ុន្តែ មក​ដល់​ពេលនេះ​ ប្រជាព​រដ្ឋ​បាន​សំ​ដែង​ការ​ខក​ចិត្តជាខ្លាំង​ បន្ទាប់​ពី​បានចាញ់​បោក​គេ គឺពួក​គាត់​នៅទីណា​ នៅ​ទីនោះ​ដដែល​ ជីវភាព​ពីមុន​យ៉ាងណា​ គឺ​នៅ​តែ​យ៉ាងនោះ​ដដែល​ ហើយ​អ្នក​ខ្លះ​បាន​បាត់​បង់​ជីវិត​ថែម​ទៀតផង​​ ដោយ​សារ​នយោបាយ​ញុះញង់​ បំផុស​កំហឹង​ជាតិ​សាសន៍​ និង​ការ​ទាម​ទារ​ផ្សេងៗ​ដែល​មិន​សម​ស្រប និង​មិនអាច​ធ្វើទៅរួច​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ នៅកម្ពុជា​​។

បើនិយាយពីបទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ប្រទេស​វិញ​ ទាំង​ធនធាន​មនុស្ស​ និង​ស្នាដៃ​កសាង​ជាតិ​​ គឺ​គណបក្ស​សង្គ្រោះជាតិ​ មិន​ធ្លាប់​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​​ម្តង​ណា​ឡើយ ដូច​ជាការកសាង​វត្តអារាម ផ្លូវ​ថ្នល់​ សាលារៀន ស្រះទឹក ឬសង់​ផ្ទះ​ ជូន​ជន​ក្រីក្រ​ នៅតាម​ជន​បទ​ ។ ល ។​ គឺ​​មិន​មាន​ទាល់​តែ​សោះ​។​ បើ​ចុះ​ទៅ​មូល​ដ្ឋាន​ ម្តង​ៗ​ គឺ​មាន​តែ​ការ​បំផុស​នូវ​កំហឹង​ចងអាឃាត ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​គណបក្ស​នេះ​ ឬគណបក្ស​នោះ​ និង​ឆ្កឹះឆ្លៀល​ប្រជាពលរដ្ឋ​ឲ្យ​ស្អប់​អ្នក​មាន​ ឬអ្នក​វិនិយោគទុន បង្កការ​រំខាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ធ្វើ​ឲ្យ​ប្រទេស​មាន​អសន្តិសុខ​ ប្រជាជន​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​បោះ​ទុនរក​ស៊ី​ធំ​​ដុំ​​ នៅពេល​មាន​បាតុកម្ម​ ជាដើម​។​ ​ដូច្នេះ​ អ្វីៗ​គឺគណបក្ស​សង្គ្រោះជាតិ​​មាន​តែ​ក្នុង​ទ្រឹស្តី​ ដូច​ពាក្យ​ចាស់​ពោលថា​ « សាលាថា មិន​ដូច​សាលាធ្វើ​​ »​ នោះទេ។​ រាល់​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​ មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ តែង​គេច​វេស​ទៅបរទេស​ ឬពេល​មានគ្រោះ​មហន្តរាយ​​ ដូច​ជា​​​ទឹក​ជំនន់​ ឬគ្រោះ​រាំង​ស្ងួត​ គឺ​មិន​ដែលជួយ​ដោះ​ស្រាយ​ និង​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​​សោះ​ឡើយ​។​​

សរុប​មក​ ក្រៅតែពីការ​លើក​ឡើង​នូវ​ការ​សន្យា​ដដែលៗ​​នៅ​ចំពោះ​​មុខ​ម្ចាស់ឆ្នោត​ ជំនាញ​របស់​​មេបក្ស​ទាំង​ពីរ​ ទាំង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី​ គឺ​គ្មាន​អ្វី​​ក្រៅ​តែ​ពី​ការ​ប្រកូក​ប្រកាស​ប្រជាពលរដ្ឋ​ឲ្យ​​មក​ធ្វើ​បាតុកម្ម​ និង​បង្ក​ឲ្យ​មាន​អស្ថេរភាព​សង្គម​​ម្តង​ហើយ​ម្តង​ទៀតតែប៉ុណ្ណោះ​។​​ ជាក់​ស្តែង​​ នៅ​ពេល​​ដែល​មាន​វត្ត​មាន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេសម្តងៗ​ លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ ​តែង​តែ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ បង្ក​ចលាចល​ក្នុង​សង្គម​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការ​ប្រកប​របរ​ទទួល​ទាន​ និង​គម្រាម​ដល់​អ្នក​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ថា​នឹង​លុប​ចោល​នូវ​កិច្ច​សន្យា​នានា​ នៅ​ពេល​ដែល​បក្ស​គេ​បាន​ឡើង​កាន់​អំណាច​​ និង​បង្ក​ដល់​ការ​រំខានពេល​វេលា​​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​កសិករ​ ជាប្រចាំ​។ ដូច្នេះ​ មាន​ន័យ​ថា​ « គណបក្ស​​សង្គ្រោះ​​ជាតិ​មិន​មែន​ជាជម្រើស​របស់​ប្រជាពលរដ្ឋ​ដើម្បី​យក​មក​ដឹក​នាំ​ប្រទេស​​ឡើយ » ៕​​​​

បទអត្ថាធិប្បាយ៖ ទីបំផុត មានយុត្តិធម៌

ដោយ៖ Helen Jarvis

ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋ កម្ម​ប្រឆាំងមនុស្សជាតិកាលពី ថ្ងៃព្រហស្បត្តិ៍ ថ្ងៃ  ទី៧ ខែសីហា ឆ្នាំ២០១៤នោះ គឺជាថ្ងៃដែលត្រូវ​បាន​គេរង់​ចាំ​យូ​រម​ក​ហើយនៅ ប្រទេសកម្ពុជា។

វាគឺជាថ្ងៃដែលប្រជាជនទាំងឡាយបានគិតថានឹងមិនអាចកើតមានឡើងនោះទេ។ ដោយពិចារណា​លើ​ពេល វេលា​​ដែលបានកន្លងផុតទៅ ចាប់តាំងពីមានការប្រព្រឹត្តឧក្រិដ្ឋកម្មនេះ វាគឺជាអព្ភូត​ហេតុមួយ​ដែល​យើង​បាន ឈាន​​មក​ដល់​ថ្ងៃប្រកាសសាលក្រមនាពេលនេះ។ យុត្តិធម៌ត្រូវបានរកឃើញនៅទីបំផុត។

ការដាក់ពន្ធនាគារអស់មួយជីវិត គឺជាទោសអតិបរមាដែលអាចត្រូវបានអនុវត្តន៍ដោយតុលាការ ហើយ​ទោស​​នេះ​ ត្រូវបានប្រកាសនាពេលនេះចំពោះមេដឹកនាំរបបខ្មែរក្រហមពីររូប ដែលនៅមានជីវិត។

សាលក្រមនេះត្រូវបានប្រកាស ទោះបីជាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក បានប្រឈម​​​នឹង​បញ្ហា​ផ្នែកនយោបាយ និងហិរញ្ញវត្ថុនានាក៏ដោយ។ ការសង្ស័យជាបន្តបន្ទាប់ និងការរិៈគន់ឥឈប់ឈរមកលើ អ.វ.ត.ក បានធ្វើ ឱ្យអ្វីៗកាន់តែពិបាក។

យើងដឹងថាល្បឿននៃយុត្តិធម៌អន្តរជាតិគឺយឺតខ្លាំងណាស់ ហើយដឹងថា វាមានរយៈពេលប្រាំបីឆ្នាំហើយ ចាប់ពី តុលាការត្រូវបានបង្កើតឡើង។ ប៉ុន្តែ បញ្ហាលំបាកពិតប្រាកដ គឺពេលវេលាដែលបានកន្លងទៅ មុនពេល​ដែល​តុលាការ​ ត្រូវបានបង្កើតឡើង។

អ្នកដែលនៅរស់រានពីរបបខ្មែរក្រហមជាច្រើន បានស្លាប់ក្នុងអំឡុងចន្លោះពេលនោះ។ ឧក្រិដ្ឋជនជាច្រើនរួមទាំង ប៉ុល ពត ខ្លួនឯងផ្ទាល់ និងមេដឹកនាំជាន់ខ្ពស់ដទៃទៀត ក៏បានស្លាប់ដែរ។ ចុងក្រោយនេះ យើងនៅ​សល់​តែ​មេដឹក​នាំ​ពីររូបប៉ុណ្ណោះ។

សាលក្រមនេះបានគូសបញ្ជាក់សារៈសំខាន់នៃតុលាការនេះ ក្នុងនាមជាតុលការជាតិមួយ ដែលមានការចូលរួម និងជំនួយពីអន្តរជាតិ។

តុលាការអន្តរជាតិផ្សេងទៀត មាននិន្នាការនៅឆ្ងាយពីឧក្រិដ្ឋកម្ម និងស្ថិតនៅឆ្ងាយពីជនរងគ្រោះនៅឡើយ ដូច្នេះ ជនរងគ្រោះទាំងនោះមិនត្រូវបានគេចាប់អារម្មណ៍ និងមិនបានប៉ះពាល់ដូចនៅកម្ពុជានោះទេ។

នៅកម្ពុជា ប្រជាជន ២សែន ៥នាក់ បានមកកាន់តុលាការ ក្នុងអំឡុងពេលសវនាការកាត់ទោស ខៀវ សំផន និង នួន ជា ក៏ដូចជាសវនាការមុនដំបូងដែលកាត់ទោស កាំង ហ្គេចអៀវ ហៅឌុចផងដែរ។

គ្មានអ្វីដូចនេះធ្លាប់បានកើតឡើងក្នុងទីណាផ្សេងទៀតនៅលើពិភពលោកនោះទេ ហើយនេះគឺមានលក្ខណៈ ពិសេសតែមួយគត់។

ទិដ្ឋភាពដែលមិនធ្លាប់កើតមានពីមុននៅកន្លែងផ្សេងទៀត គឺការចូលរួមដោយផ្ទាល់នៃភាគីស៊ីវិល។ យើងមាន​ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួនប្រមាណ៤០០០នាក់នៅក្នុងសំណុំរឿងនេះ។ ពួកគេអាចរៀបរាប់​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​ក្នុងតុលាការ ពន្យល់ អំពីការរងទុក្ខវេទនារបស់ខ្លួន និងទាមទារសំណងការខូតខាត។

សេចក្តីសម្រេចរបស់តុលាការចំពោះសំណងការខូតខាត ត្រូវបានស្វាគមន៍យ៉ាងខ្លាំង។ វិធានការផ្សេងៗដែល ភាគីស៊ីវិលស្នើឡើងរួមការកំណត់យកថ្ងៃទី២០ ខែឧសភា​ ជាទិវាចងចាំជាតិ និងសាងសង់ស្តូបរំលឹក វិញ្ញាណ​ខ័ន្ធ​​ដែល​រួ​ម​ទាំងស្តូបមួយនៅរាជធានីភ្នំពេញ ដែលឧទ្ទិសដល់ប្រជាជនទាំងអស់ដែលត្រូវបានជម្លៀសចេញពី ទីក្រុង​ក្នុង​ឆ្នាំ​១៩៧៥។

សំណងការខូតខាតផ្សេងទៀត គ្របដណ្ដប់ទៅលើវិស័យនានាដូចជា សៀវភៅសិក្សាតាមសាលា សក្ខីកម្ម និងវិធីសាស្ត្រជួយខ្លួន ឯង ដើម្បីជួយដល់ជនរងគ្រោះដែលនៅតែទទួលរងនូវជម្ងឺតានតឹងផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ជាមួយនឹង​ការតាំងពិពណ៌ចល័ត ដែលពន្យល់បង្ហាញអំពីអ្វីដែលបានកើតឡើងក្រោមរបបខ្មែរក្រហម និងកិច្ចកា​ររបស់​តុលាការ​ខ្លួនឯង។

ទាំងនេះគឺជាសំណងការខូតខាតជាច្រើនដែលមានលក្ខណៈឆ្នៃប្រឌិត និងវិជ្ជមាន ដែលស្នើជាពិសេសដោយ ជនរងគ្រោះ។

ប្រជាជនជាច្រើននាក់ដែលមានការសង្ស័យអំពីដំណើរការ បានចោទសួរអំពីចំនួន​ទឹក​ប្រាក់​ដែល​ត្រូវបាន​ចំណាយ​​ដោយកម្ពុជា និងសហគមន៍អន្តរជាតិទៅលើដំណើរការនីតិវិធី។

ទឹកប្រាក់ស្មើទៅនឹងចំនួនប្រហែល១០០ដុល្លារក្នុងម្នាក់​ សម្រាប់ប្រជាជនជិតពីរលាននាក់ដែលបានស្លាប់នៅ ក្រោមរបបខ្មែរក្រហមនោះ វាហាក់ដូចជាការចំណាយដ៏តិចតួចសម្រាប់គ្រួសារជនរងគ្រោះ និងប្រជាជន​កម្ពុជា​ជំនាន់ ក្រោយ ដែលរហូតមកទល់ពេល​នេះមិនទាន់យល់​ច្បាស់អំពី​សម័យដ៏​ខ្មៅងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជានេះ។
____

អ្នកនិពន្ធ ដែលបាននិងកំពុងបំរើការងារជាមួយនឹងក្រុមការងាររាជរដ្ឋាភិបាលស្តីពីការកាត់ទោសក្រុមខ្មែរក្រហម ចាប់ តាំង​ពីឆ្នាំ១៩៩៩នោះ គឺជាអតីតប្រធានផ្នែកកិច្ចការសាធារណៈ និងផ្នែក​គាំទ្រ​ជន​រង​គ្រោះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ក្នុងតុលាការកម្ពុជា។