Monday, August 11, 2014

បទអត្ថាធិប្បាយ៖ ទីបំផុត មានយុត្តិធម៌

ដោយ៖ Helen Jarvis

ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋ កម្ម​ប្រឆាំងមនុស្សជាតិកាលពី ថ្ងៃព្រហស្បត្តិ៍ ថ្ងៃ  ទី៧ ខែសីហា ឆ្នាំ២០១៤នោះ គឺជាថ្ងៃដែលត្រូវ​បាន​គេរង់​ចាំ​យូ​រម​ក​ហើយនៅ ប្រទេសកម្ពុជា។

វាគឺជាថ្ងៃដែលប្រជាជនទាំងឡាយបានគិតថានឹងមិនអាចកើតមានឡើងនោះទេ។ ដោយពិចារណា​លើ​ពេល វេលា​​ដែលបានកន្លងផុតទៅ ចាប់តាំងពីមានការប្រព្រឹត្តឧក្រិដ្ឋកម្មនេះ វាគឺជាអព្ភូត​ហេតុមួយ​ដែល​យើង​បាន ឈាន​​មក​ដល់​ថ្ងៃប្រកាសសាលក្រមនាពេលនេះ។ យុត្តិធម៌ត្រូវបានរកឃើញនៅទីបំផុត។

ការដាក់ពន្ធនាគារអស់មួយជីវិត គឺជាទោសអតិបរមាដែលអាចត្រូវបានអនុវត្តន៍ដោយតុលាការ ហើយ​ទោស​​នេះ​ ត្រូវបានប្រកាសនាពេលនេះចំពោះមេដឹកនាំរបបខ្មែរក្រហមពីររូប ដែលនៅមានជីវិត។

សាលក្រមនេះត្រូវបានប្រកាស ទោះបីជាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក បានប្រឈម​​​នឹង​បញ្ហា​ផ្នែកនយោបាយ និងហិរញ្ញវត្ថុនានាក៏ដោយ។ ការសង្ស័យជាបន្តបន្ទាប់ និងការរិៈគន់ឥឈប់ឈរមកលើ អ.វ.ត.ក បានធ្វើ ឱ្យអ្វីៗកាន់តែពិបាក។

យើងដឹងថាល្បឿននៃយុត្តិធម៌អន្តរជាតិគឺយឺតខ្លាំងណាស់ ហើយដឹងថា វាមានរយៈពេលប្រាំបីឆ្នាំហើយ ចាប់ពី តុលាការត្រូវបានបង្កើតឡើង។ ប៉ុន្តែ បញ្ហាលំបាកពិតប្រាកដ គឺពេលវេលាដែលបានកន្លងទៅ មុនពេល​ដែល​តុលាការ​ ត្រូវបានបង្កើតឡើង។

អ្នកដែលនៅរស់រានពីរបបខ្មែរក្រហមជាច្រើន បានស្លាប់ក្នុងអំឡុងចន្លោះពេលនោះ។ ឧក្រិដ្ឋជនជាច្រើនរួមទាំង ប៉ុល ពត ខ្លួនឯងផ្ទាល់ និងមេដឹកនាំជាន់ខ្ពស់ដទៃទៀត ក៏បានស្លាប់ដែរ។ ចុងក្រោយនេះ យើងនៅ​សល់​តែ​មេដឹក​នាំ​ពីររូបប៉ុណ្ណោះ។

សាលក្រមនេះបានគូសបញ្ជាក់សារៈសំខាន់នៃតុលាការនេះ ក្នុងនាមជាតុលការជាតិមួយ ដែលមានការចូលរួម និងជំនួយពីអន្តរជាតិ។

តុលាការអន្តរជាតិផ្សេងទៀត មាននិន្នាការនៅឆ្ងាយពីឧក្រិដ្ឋកម្ម និងស្ថិតនៅឆ្ងាយពីជនរងគ្រោះនៅឡើយ ដូច្នេះ ជនរងគ្រោះទាំងនោះមិនត្រូវបានគេចាប់អារម្មណ៍ និងមិនបានប៉ះពាល់ដូចនៅកម្ពុជានោះទេ។

នៅកម្ពុជា ប្រជាជន ២សែន ៥នាក់ បានមកកាន់តុលាការ ក្នុងអំឡុងពេលសវនាការកាត់ទោស ខៀវ សំផន និង នួន ជា ក៏ដូចជាសវនាការមុនដំបូងដែលកាត់ទោស កាំង ហ្គេចអៀវ ហៅឌុចផងដែរ។

គ្មានអ្វីដូចនេះធ្លាប់បានកើតឡើងក្នុងទីណាផ្សេងទៀតនៅលើពិភពលោកនោះទេ ហើយនេះគឺមានលក្ខណៈ ពិសេសតែមួយគត់។

ទិដ្ឋភាពដែលមិនធ្លាប់កើតមានពីមុននៅកន្លែងផ្សេងទៀត គឺការចូលរួមដោយផ្ទាល់នៃភាគីស៊ីវិល។ យើងមាន​ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួនប្រមាណ៤០០០នាក់នៅក្នុងសំណុំរឿងនេះ។ ពួកគេអាចរៀបរាប់​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​ក្នុងតុលាការ ពន្យល់ អំពីការរងទុក្ខវេទនារបស់ខ្លួន និងទាមទារសំណងការខូតខាត។

សេចក្តីសម្រេចរបស់តុលាការចំពោះសំណងការខូតខាត ត្រូវបានស្វាគមន៍យ៉ាងខ្លាំង។ វិធានការផ្សេងៗដែល ភាគីស៊ីវិលស្នើឡើងរួមការកំណត់យកថ្ងៃទី២០ ខែឧសភា​ ជាទិវាចងចាំជាតិ និងសាងសង់ស្តូបរំលឹក វិញ្ញាណ​ខ័ន្ធ​​ដែល​រួ​ម​ទាំងស្តូបមួយនៅរាជធានីភ្នំពេញ ដែលឧទ្ទិសដល់ប្រជាជនទាំងអស់ដែលត្រូវបានជម្លៀសចេញពី ទីក្រុង​ក្នុង​ឆ្នាំ​១៩៧៥។

សំណងការខូតខាតផ្សេងទៀត គ្របដណ្ដប់ទៅលើវិស័យនានាដូចជា សៀវភៅសិក្សាតាមសាលា សក្ខីកម្ម និងវិធីសាស្ត្រជួយខ្លួន ឯង ដើម្បីជួយដល់ជនរងគ្រោះដែលនៅតែទទួលរងនូវជម្ងឺតានតឹងផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ជាមួយនឹង​ការតាំងពិពណ៌ចល័ត ដែលពន្យល់បង្ហាញអំពីអ្វីដែលបានកើតឡើងក្រោមរបបខ្មែរក្រហម និងកិច្ចកា​ររបស់​តុលាការ​ខ្លួនឯង។

ទាំងនេះគឺជាសំណងការខូតខាតជាច្រើនដែលមានលក្ខណៈឆ្នៃប្រឌិត និងវិជ្ជមាន ដែលស្នើជាពិសេសដោយ ជនរងគ្រោះ។

ប្រជាជនជាច្រើននាក់ដែលមានការសង្ស័យអំពីដំណើរការ បានចោទសួរអំពីចំនួន​ទឹក​ប្រាក់​ដែល​ត្រូវបាន​ចំណាយ​​ដោយកម្ពុជា និងសហគមន៍អន្តរជាតិទៅលើដំណើរការនីតិវិធី។

ទឹកប្រាក់ស្មើទៅនឹងចំនួនប្រហែល១០០ដុល្លារក្នុងម្នាក់​ សម្រាប់ប្រជាជនជិតពីរលាននាក់ដែលបានស្លាប់នៅ ក្រោមរបបខ្មែរក្រហមនោះ វាហាក់ដូចជាការចំណាយដ៏តិចតួចសម្រាប់គ្រួសារជនរងគ្រោះ និងប្រជាជន​កម្ពុជា​ជំនាន់ ក្រោយ ដែលរហូតមកទល់ពេល​នេះមិនទាន់យល់​ច្បាស់អំពី​សម័យដ៏​ខ្មៅងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជានេះ។
____

អ្នកនិពន្ធ ដែលបាននិងកំពុងបំរើការងារជាមួយនឹងក្រុមការងាររាជរដ្ឋាភិបាលស្តីពីការកាត់ទោសក្រុមខ្មែរក្រហម ចាប់ តាំង​ពីឆ្នាំ១៩៩៩នោះ គឺជាអតីតប្រធានផ្នែកកិច្ចការសាធារណៈ និងផ្នែក​គាំទ្រ​ជន​រង​គ្រោះ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ក្នុងតុលាការកម្ពុជា។

No comments:

Post a Comment