Friday, February 19, 2021

សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១

 






កម្ពុជាស្នើទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា ចំនួន៥លានដូស

 លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានប្រាប់ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។

ការបញ្ជាក់អំពីផែនការទិញវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាទ្វេភាគីតាមទូរស័ព្ទ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរ នៅម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលទទួលបាន។

សេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចសន្ទនាខាងលើបានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់»។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូសដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែង និងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។

ជាការឆ្លើយតប លោក ចៃហ្សានកា បានបញ្ជាក់ថា បច្ចប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ លោកបានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅ នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព។ លោកនឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូសនេះ ជូននាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង។

ឥណ្ឌាបានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ប្រភេទ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់រួចហើយដែរ ក្នុងនោះមានទី១ គឺវ៉ាក់សាំងឈ្មោះ Covaxin របស់មន្ទីរពិសោធន៍ឥណ្ឌា BharatBiotech និងទី២ គឺវ៉ាក់សាំងឈ្មោះ Covishield ដែលមានការរួមសហការពីមន្ទីរពិសោធន៍អង់គ្លេស AstraZeneca។ វ៉ាក់សាំងទាំងពីរប្រភេទនេះ ផលិតដោយវិទ្យាស្ថាន Serumឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេក្នុងលោក ៕






ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងចូលរួមក្នុងពិធីរៀបចំសម្ពោធដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២

 លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងអភិបាលនខេត្ត នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) ក្រោមអធិបតីភាពលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) ដែលប្រព្រឹត្តទៅនៅសណ្ធាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលជាដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន (គ.គ.អ.ស) បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ស្ថាប័ន និងភាគីពាក់ព័ន្ធដែលបានរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌សង្គម និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន។

សូមជម្រាបផងដែរថា គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលត្រូវបានសម្ពោធដាក់ឲ្យអនុវត្តនាពេលនេះមាន ចំនួន០២គម្រោង រួមមាន៖
១-គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងទី២-គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម អនុវត្តដោយអង្គការទស្សនៈពិភពលោក។ ទទួលបានការគាំទ្រពីថវិកាពីមូលនិធិបរធនបាលកិច្ចគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ក្រោមការផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស សរុបចំនួន ៩,៦លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងទាំងនេះ នឹងជួយគាំទ្រដល់ការអនុវត្តរយៈពេល០៥ឆ្នាំ ដល់ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់ (២០១៩-២០២៣)។

ដែលមានគោលបំណង បង្កើនការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវា សាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជា ពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតលើ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលដើរតួដ៏សំខាន់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ហើយផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ។

គម្រោងនេះគ្រោងនឹងអនុវត្តនៅរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងនឹងត្រូវអនុវត្តនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបន្តការយក ចិត្តទុកដាក់លើក្រុមគោលដៅជាស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះនានាបន្តពីការអនុវត្តផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ ព្រមទាំងលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្នដែល រួមមាន៖ ជនជាតិដើមភាគតិច មនុស្សចាស់ ជនពិការ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា (LGBTQI) និងសិស្សានុសិស្ស ព្រមទាំងជ្រើសរើសក្រុមជនងាយរងគ្រោះនានាធ្វើជាអ្នក សម្របសម្រួលគណនេយ្យភាពសហគមន៍ផងដែរ ៕






ក្រសួងប្រៃសណីយ៍៖ មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ

 នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួង សង្កេតឃើញថាមានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន។

ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ការចោទប្រកាន់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះគឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យនេះ ហើយច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់មិនមែនមានតែការគ្រោងរៀបចំបង្កើតនៅកម្ពុជានោះទេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការរៀបចំអនុក្រឹត្យស្តីពី ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។ ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករព្រមទាំងជួយទប់ស្កាត់ការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជាថ្មីថា មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ទន្ទឹងនឹងនេះ ក្រសួងគ្រោងនឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ៕




ក្រុមការងាររាជរដ្ឋាភិបាល​ បើកវេទិកាសាធារណៈជួយដោះស្រាយទុក្ខកង្វល់​ និងបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន​

 កំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ ដែលដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករលាប្អៀរ បានប្រារព្ធរៀបចំឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវត្តសំបួរមាស ស្ថិតនៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយ និងកង្វល់របស់ប្រជាពលរដ្ឋ។

ក្នុងវេទិការនោះ ក៏មានការចូលរួមពី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុក លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្ត អាជ្ញាធរដែនដី និងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។

នៅក្នុងអង្គវេទិកាក៏មានបើកឱ្យប្រជាពលរដ្ឋសួរនូវសំណួរ និងសំណូមពរ ហើយលោកនាយឧត្ដមសេនីយ៍ សឹង សំណាង ប្រធានក្រុមការងារបានបញ្ជាក់ថា ចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងដែលនៅសេសសល់អាជ្ញាធរដែនដី សហការជាមួយជំនាញពាក់ព័ន្ធត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយស្របតាមនីតិវិធីច្បាប់៕





ពិធីសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងឱកាសអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជា

 កោះកុង៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងឱកាសអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២១ ក្រោមភាពលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាកក្រក ក្រុងខេមរភូមិន្ទ ក្រុមប្រតិបត្តិសាខា ក្រុមការងារមន្ទីរសាធារណៈការ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ ។

ចាប់ផ្តើមកម្មវិធី លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូលបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ វិធានការការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅដល់សាលារៀន មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ។

មានមតិសំណេះសំណាលក្នុងពិធីនោះដែរ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានឱ្យដឹងថានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាខួបលើកទី៦៦ឆ្នាំដែលកាកបាទក្រហមកម្ពុជាបានបង្កើតឡើងតាំងពីថ្ងៃទី១៨ កុម្ភៈ១៩៥៥ – ១៨ កុម្ភៈ ២០២១។កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជាដោយមានលោកស្រី រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដើម្បសុខុមាលភាព
ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត។

នៅក្នុងឆ្នាំ ២០២០កាកបាទក្រហមកកម្ពុជាមានសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ត អនុសាខាតាមស្រុក ក្រុង ឃុំសង្កាត់បណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រមាណជាង៥ម៉ឺននាក់ នៅតាមសហគមន៍ក្នុងរាជធានី-ខេត្តទាំង២៥ ដែលបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត ។

ចុងបញ្ចប់នៃពិធីអបអរខួបទី៦៦ ទិវាខួបកំណើតកាកបាទក្រហមកម្ពុជានេះដែរ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ក៏បានផ្តល់ជូនមួកសុវត្ថិភាពចំនួន ៨១មួក ខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ចំនួន ៦២០ច្បាប់ (ឧបត្ថម្ភដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង) និងថវិការបស់សាខា មួយចំនួន ជូនដល់អ្នកស្ម័គ្រចិត្ត និងយុវជន ផងដែរ ៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែម២.៣ពាន់លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះបានសម្រេចផ្តល់ជំនួយថវិកាបន្ថែម ២,៣០០លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន ខេត្តបាត់ដំបង ទទួលបានជំនួយថវិកា៧០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបានជំនួយថវិកា៩០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានជំនួយថវិកា៧០០លានរៀល។

បើតាមលោកស្រី យក់ សម្បត្តិ, ថវិកាទាំងនេះត្រូវបានសម្តេចផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣ផងដែរ។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ ហើយបានត្រឡប់មកប្រទេសកម្ពុជា ៕




ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជាសះស្បើយមិនមាននោះទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជាសះស្បើយមិនមាននោះទេ។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៤នាក់ ដែល នៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ចំនួន ៥២នាក់ និង មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ២១នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់ ៕