Friday, February 19, 2021

ក្រសួងប្រៃសណីយ៍៖ មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ

 នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួង សង្កេតឃើញថាមានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន។

ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ការចោទប្រកាន់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះគឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យនេះ ហើយច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់មិនមែនមានតែការគ្រោងរៀបចំបង្កើតនៅកម្ពុជានោះទេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការរៀបចំអនុក្រឹត្យស្តីពី ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។ ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករព្រមទាំងជួយទប់ស្កាត់ការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ជាថ្មីថា មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ទន្ទឹងនឹងនេះ ក្រសួងគ្រោងនឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ៕




No comments:

Post a Comment