Tuesday, March 14, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥ នៅខេត្តសៀមរាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៥ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១៣ មិនា ២០១៧។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងឋានៈជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍ តិចតួច (LDCs) ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការ WTO ក្រោមប្រធានបទ«ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍតិចតួច» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗជូនក្រុមប្រទេស LDCs ដ៏ទៃទៀត ដែលបានស្នើសុំចូលជាសមាជិក WTO ឱ្យទទួលបានជោគជ័យដូចប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍ តិចតួចចំនួន៨ផ្សេងទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា កិច្ចប្រជុំតុមូលចិននេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរៀបចំដោយលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក សហការជាមួយនឹងប្រទេសកម្ពុជាដើម្បីជួយពង្រឹងសមត្ថភាពប្រទេស LDCs ដែលបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដោយអនុលោមតាមមាត្រា ១២នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយកំពុងរង់ចាំការអនុម័តពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៤ ធ្នូ ២០១៧ ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំតុមូលចិនឆ្នាំ២០១៧នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា, គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសចិន និងបណ្តាប្រទេសអភិវឌ្ឍតិចតួចច្រើនជាង២០ប្រទេស ហើយនឹងលើកយកប្រធានបទសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជា៖ លក្ខខណ្ឌតម្រូវ, បញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ។
គួររម្លឹកថា កម្ពុជាបានក្លាយជាប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រាប់អណត្តិដែលមានរយៈពេល ១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨។ ក្រុមនេះមានសមាជិកចំនួន ៣៦ និងប្រទេសសង្កេតការណ៍ចំនួន៨ ហើយពិធីផ្ទេរតំណែង បានធ្វើឡើងនៅអង្គការពាណិជ្ជកម្មពិភពលោកប្រទេសស្វីស៕



ក្រសួងទេសចរណ៍ ធ្វើការណែនាំជុំវិញការពង្រឹងគុណភាពសេវាកម្មអាជីវកម្មទេសចរណ៍សម្រាប់ការអបអរពិធីបុណ្យទន្លេលើកទី០៣

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាព​សេវា​​កម្ម​ឧស្សាហកម្មទេសចរណ៍ ក្នុងគោលដៅធានាឱ្យបាននូវសុខុមាលភាពរបស់ភ្ញៀវ​ទេស​ចរ នៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី០៣ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅ ខេត្តស្ទឹងត្រែង ក្រសួង បានធ្វើការណែនាំ​ដល់ប្រតិបត្តិករទេសចរណ៍ ដែល​ប្រកបអា​ជីវ​កម្ម​​ទេស​​​ចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានធ្វើការណែនាំទៅលើចំណុចមួយចំនួន ដូចជា៖ អំពីសោភ័ណភាពទូទៅ អំពីចំណត អំពីមុខសេវាកម្មនិងតម្លៃ អំពីបុគ្គលិក ការថែរក្សា អនាម័យសេវាកម្ម ការគ្រប់គ្រងសំណល់ បង្គន់អនាម័យ ការណែនាំបន្ថែមអំពីមធ្យោបាយដឹក ជញ្ជូនភ្ញៀវទេសចរជាដើម៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖




អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំស្ថាប័នមួយចំនួនរបស់ជប៉ុនដែលបានជួយលើការងារអភិរក្សនៅតំបន់អង្គរ

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលោក បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន ដើម្បីចូលជួបសម្ដែងការគួរសមដល់ថ្នាក់ដឹកនាំស្ថាប័នមួយចំនួនដែលតែងតែផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់កិច្ចការអភិរក្សប្រាសាទនៅតំបន់អង្គរ។

ស្ថាប័នដែលលោកនាយក និងក្រុមការងាររួមជាមួយលោកសាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានចូលជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះរួមមាន៖ ១-ជួបជាមួយលោក Toshiaki koso ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សូហ្វីយ៉ា នៅសាកលវិទ្យាល័យ សូហ្វីយ៉ា ក្រុងតូក្យូប្រទេសជប៉ុន ២-ជួបពិភាក្សាជាមួយលោក YAMAZAKI Hide Yasu អគ្គនាយកបេតិកភណ្ឌវប្បធម៌ រដ្ឋាភិបាលជប៉ុន ៣-ជួបពិភាក្សា និងសម្ដែងការគួរសមជាមួយលោកស្រី Hiroko Tsuka អនុប្រធានស្ថាប័ន Japan Foundation ៤-ជួបជាមួយលោក Makita Shinokawa អគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ទាំងនោះ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះការជួយយកចិត្តទុកដាក់លើកិច្ចការអភិរក្សជួសជុល ក៏ដូចជាការស្រាវជ្រាវក្នុងតំបន់អង្គរនារយៈកាលកន្លងមក។ លោកមក៏មិនភ្លេចថ្លែងអំណរគុណចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈទោះក្នុងស្ថានភាពណាក៏ដោយ។
ថ្នាក់ដឹកនាំនៃស្ថាប័នជប៉ុនដែលអគ្គនាយកបានជួបពិភាក្សា និងសម្ដែងការគួរសមជាបន្តបន្ទាប់នោះ សុទ្ធតែបានអរគុណ និងសន្យាជួយដល់កម្ពុជាជាបន្តទៀតជាពិសេស ផ្ដោតលើកិច្ចការបណ្ដុះបណ្ដាលធនធានមនុស្សការស្រាវជ្រាវ ជួសជុលប្រាង្គប្រាសាទ ក៏ដូចជាការផ្ដល់នូវមធ្យោបាយផ្សេងៗទៀតសម្រាប់បម្រើដល់កិច្ចការអភិរក្សជាដើម៕







នាយ​ករដ្ឋម​ន្រ្តីស្តី​ទី ស ខេង៖ គណ​បក្សសង្រ្គោះ​ជាតិ បាន​ដកមេ​ឃុំជាច្រើន​រូបដែល​មិន​បាន​បម្រើបក្ស!

ថ្លែងចំអកឱ្យគណបក្សសង្រ្គោះជាតិ ដែលបានដាក់ចេញពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» លោកនាយករដ្ឋមន្រ្តីស្តីទី ស ខេង បានទម្លាយឱ្យដឹងថា គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជានោះ បានសម្រេចដកមេឃុំជាច្រើនរូប ដែលមិនបានធ្វើការងារបម្រើបក្ស។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ស ខេង បានគូសបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានដឹងយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិ បានដកមេឃុំជាច្រើនរូប បន្ទាប់ពីមេឃុំទាំងនោះមិនបានបម្រើគណបក្ស។
លោក ស ខេង បានមានប្រសាសន៍ថា៖ «ប៉ុន្តែបញ្ហាអ៊ីចេះ គាត់ (CNRP) គាត់ថាអ៊ីចឹង គាត់ថាដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត ដល់គាត់យ៉ាងម៉េច? មេឃុំណា ជំទប់ណា ដែលគាត់ចាត់ទុកថា ក្បត់គាត់ មិនត្រង់នឹងបក្សគាត់ គាត់ដកមួយគំនរហ្នឹង! ខ្ញុំរដ្ឋមន្រ្តីមហាផ្ទៃខ្ញុំមិនដឹង ព្រោះខ្ញុំអ្នកធ្វើរឿងហ្នឹង គាត់ដកមួយគំនរ។ ចុះអាណុងម៉េចដែរ? ចង់និយាយថា បើបក្សដទៃមិនឱ្យមេឃុំ ដែលសមាជិកបក្សបម្រើបក្សគេទេ តែគាត់មេឃុំមិនបម្រើបក្សគាត់ដក»។
បើទោះបីជាយ៉ាងណាមិនទាន់មានការបង្ហាញរបាយការណ៍ ដោះដូរតំណែងមេឃុំរបស់គណបក្សសង្រ្គោះជាតិនោះទេ ខណៈដែលលោក ខៀវ សុភគ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចស្វែងរកការបញ្ជាក់បន្ថែមបាននៅឡើយទេនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
ពាក់ព័ន្ធនឹងពាក្យស្លោកនយោបាយ ដែលកំពុងធ្វើឱ្យមានការខឹងសម្បាពីមេឃុំ និងចៅសង្កាត់មកពីគណបក្សប្រជាជននេះ លោក ស ខេង ក៏បានថ្លែងក្នុងន័យបញ្ចើចបញ្ចើឱ្យគណបក្សសង្រ្គោះជាតិផងដែរថា រាល់បេក្ខភាពមេឃុំ ចៅសង្កាត់ទាំងអស់សុទ្ធតែត្រូវបានជ្រើសដោយបក្ស ដូច្នេះតើមេឃុំ ឬចៅសង្កាត់ទាំងនោះមិនធ្វើការងារបម្រើបក្សយ៉ាងដូចម្តេចទៅ?
លោក ស ខេង បានថ្លែងទទួលស្គាល់ថា រាល់មេឃុំ ឬចៅសង្កាត់ត្រូវតែធ្វើការងារបម្រើបក្ស តែទន្ទឹមនឹងការធ្វើការងារបម្រើបក្ស ក៏មានបន្ទាត់នយោបាយក្នុងការបម្រើប្រយោជន៍សាធារណៈ និងប្រយោជន៍ប្រជាពលរដ្ឋផងដែរ ដូចជាការសាងសង់ទីអារាម ផ្លូវ សាលារៀន និង សមិទ្ធផលផ្សេងៗទៀត ដែលសមិទ្ធផលទាំងនោះសុទ្ធតែបានបម្រើប្រយោជន៍សាធារណជនមិនបានប្រកាន់និន្នាការបក្ស នយោបាយណាមួយនោះឡើយ។
លោក ស ខេង ក៏បានថ្លែងរិះគន់ដែរថា ពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្ស សង្រ្គោះជាតិ គឺជាពាក្យស្លោកមួយមានចេតនាញុះញង់ធ្វើឱ្យមានការបែកបាក់ ដែលគួរតែមានការកែសម្រួលពាក្យស្លោកនេះចេញ និង ជ្រើសរើសពាក្យណាសមរម្យ។
លោកនាយករដ្ឋមន្រ្តីស្តីទី ក៏បានគូសបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃនឹងពិចារណាទៅលើពាក្យស្លោកនេះ ពេលបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្នុងសមាជបក្សកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិ បានគោលនយោបាយអាទិភាពចំនួន ៥ចំណុចក្នុងការស្វែងរកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គោលនយោបាយអាទិភាពទាំង ៥ចំណុចនោះ ស្ថិតនៅក្រោមពាក្យស្លោករួមថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។
ពាក្យស្លោកនេះ បានធ្វើឱ្យមេឃុំ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនោះ កើតការខឹងសម្បា និងចេញលិខិតថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕
ប្រភព៖ Fresh news





លោក ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្នុងឱកាស ទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»

នៅថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៧នេះ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងភរិយា ព្រមទាំង សហការីទាំងអស់​នៃ​អង្គភាព​​ព័ត៌មាន និងប្រតិកម្មរហ័ស បានផ្ញើសារលិខិតជូនពរជូនចំពោះ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសដែលព្រះមហាក្សត្រទ្រង់ប្រោស​ព្រះរាជ​ទាន​គោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»
លោក ស្វាយ ស៊ីថា បានបញ្ជាក់នៅក្នុងសារលិខិតជូនពរថា ឆ្លៀត​ក្នុង​ឱកាសដ៏ប្រពៃ​ថ្លៃ​ថ្លា​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ សូម​បួង​សួង​ដល់គុណ​បុណ្យ​ព្រះ​រតនត្រ័យ​ កែវ​ទាំង​បី ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ វត្ថុ​ស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែ​រក្សា​ទឹក​ដី នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​ សូម​តាម​ជួយ​អភិបាលប្រោះ​ព្រំសព្វ​សាធុការ​ពរជ័យ​គ្រប់​ប្រការ​ជូន​ចំ​ពោះ​សម្តេច​វិបុល​បញ្ញា សុខ អាន​ សូម​បាន​ប្រកប​ដោយ​សព្ទសាធុការ​ពរ ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​វាង​វៃ​ អាយុ​យឺន​យូរ ដើម្បី​ចូល​រួម​បន្ត​ដឹកនាំប្រទេស​ជាតិ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាពនិង​ភាព​សម្បូរសប្បាយ​ជា​រៀង​រហូត​តរៀង​ទៅ។

សូម​ សម្តេច​វិបុល​បញ្ញា សុខ អាន និង​ភរិយា ព្រម​ទាំង​ បុត្រា‑ បុត្រី ចៅប្រុស​‑ ចៅស្រី​ជា​ទី​ស្រឡាញ់ ជួប​តែសេចក្តី​សុខ សុភមង្គល និង​ប្រកប​ដោយ​ពុទ្ធពរទាំង​៤ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​៕


CMAC៖ លុយកម្ពុជាជំពាក់អាមេរិកកើនដល់៦៦២លានដុល្លារហើយ គេបានកើនលុយ កម្ពុជាកើនស្លាប់មនុស្សពិតជាអយុត្តិធម៌ណាស់!

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពិតជារងនូវភាពអយុត្តិធម៌ និងឈឺចាប់ខ្លាំងណាស់ ចំពោះបញ្ហាបំណុល ដែលជំពាក់អាមេរិក ដោយបំណុលនេះ អាមេរិក ចេះតែអះអាងថា កើនឡើងជាបន្តបន្ទាប់ ខណៈប្រជាជនកម្ពុជា ស្លាប់ដោយគ្រាប់បែកអាមេរិក ទម្លាក់លើដីខ្មែរ ចេះតែកើនឡើងផងដែរ។
លោក ហេង រតនា បានលើឡើងយ៉ាងដូច្នេះ បន្ទាប់ពីសារព័ត៌មានបរទេសមួយឈ្មោះថា «The Sudney Morning Herald» បានចុះផ្សាយអត្ថបទមួយ ចំណងជើងថា «Fury in Cambodia as US asks to be paid back hundreds of millions in war debts» ដោយលើកឡើងថា បំណុលសង្គ្រាមដែលកម្ពុជា ជំពាក់អាមេរិកនៅសម័យ លន់ នល់ បានកើនឡើងពី២៧៤លានដុល្លារអាមេរិក មកដល់៦៦២លានដុល្លារអាមេរិកទៅហើយ។ អគ្គនាយក CMAC រូបនេះយល់ឃើញថា ការកើនឡើងបំណុលដល់៦៦២លានដុល្លារនេះ គឺជាការប្រាក់ ដែលពេលកន្លងមកអ្នកការទូតអាមេរិក (ឯកអគ្គរដ្ឋទូតអាមេរិក) ព្យាយាមមិនប្រើប្រាស់តួលេខ ដែលច្បាស់លាស់ពេក ដោយបានអះអាងជាលេខមូលថា ៥០០លានដុល្លារ ដែលតាមពិតកើនដល់ ៦៦២លានដុល្លារអាមេរិកទៅហើយ។
លោក ហេង រតនា បានបញ្ជាក់ថា «បំណុលនេះ វាអយុតិ្តធម៌ និងជាការបន្ថែមការឈឺចាប់ សម្រាប់ប្រជាជនកម្ពុជា។… លុយជំពាក់អាមេរិក បានកើនពី២៧៤លាន ដល់៦៦២លានដុល្លារហើយ! គេបានកើនលុយ ចំណែកកម្ពុជាបានកើនស្លាប់មនុស្ស និងបង្កអសុវត្ថិភាព និងភាពភ័យខ្លាច ដល់ភាពសុខសាន្តនៃជីវភាព រស់នៅរបស់ប្រជាជន និងសង្គមជាតិ!»។ លោកយល់ឃើញថា បំណុលដែលអាមេរិកអះអាងថា កម្ពុជាជំពាក់ដ៏ច្រើនលានដុល្លារនេះ គឺជាការបន្ថែមការឈឺចាប់ចំពោះជនរងគ្រោះ និងអ្នកស្លាប់ដោយសារគ្រាប់បែកទម្លាក់ដោយទ័កអាកាសរបស់អាមេរិក ដែលគ្រាប់បែកទាំងនោះ ត្រូវបានប្រទះឃើញនៅលើទឹកដីខ្មែរជារៀងរាល់ថ្ងៃ។លើសពីនេះ វាជារឿងអយុត្តិធម៌បំផុត ចំពោះកម្ពុជា ដែលអាមេរិកយកគ្រាប់បែកទម្លាក់ សម្រាប់ប្រជាជនកម្ពុជាហើយ មកទារលុយថ្លៃគ្រាប់បែកនោះទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់។ តើប្រជាពលរដ្ឋខ្មែរ អាចទទួលយកបានទេ ចំពោះបំណុលនេះ?។
មន្ត្រីដែលកំពុងដឹកនាំក្រុមការងារ ដោះគ្រាប់បែកទម្លាក់ដោយអាមេរិករូបនេះ បញ្ជាក់ទៀតថា ក្រៅតែបង្កក្តីឈឺចាប់ និងភាពយុត្តិធម៌ហើយនោះ បំណុលនេះ បានក្លាយជាចំណាប់ខ្មាំងខាងសេដ្ឋកិច្ច លើប្រទេសកម្ពុជាផងដែរ ដែលវាជាទណ្ឌកម្មជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង World Bank ជាដើម ដែលមិនអាចផ្តល់ជំនួយដល់កម្ពុជា។ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តសៀមរាប-អង្គរ បានថ្លែងរិះគន់ខ្លាំងៗចំ ពោះមហាអំណាចអាមេរិកថា បានយកគ្រាប់បែកមកទម្លាក់ លើក្បាលកម្ពុជាហើយ បែរជាត្រូវមកទារបំណុលពីកម្ពុជាថែមទៀត។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកបង្កហេតុលើប្រទេសខ្ញុំ ហើយទារលុយខ្ញុំទៀត។ ខ្ញុំមិនបានទាន់លើកសំណើផ្លូវការ ទៅប្រធានាធិបតីថ្មី របស់អាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យលុបបំណុលកម្ពុជា។ រឿងយកគ្រាប់បែកទម្លាក់លើក្បាលកម្ពុជា ហើយត្រូវឱ្យកម្ពុជា សងលុយទៀត អានេះវ៉ៃទារលុយ។ មិនដឹងប្រទេសដទៃយ៉ាងម៉េច ចំពោះប្រទេសខ្ញុំវាអីចឹង គេយកគ្រាប់បែកទម្លាក់លើក្បាល យើងហើយ គេប្រាប់ឱ្យយើងសង ដល់យើងមិនទាន់បានសងប្រាប់ IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) កុំឱ្យខ្ចីលុយ។ អើ! មិនឱ្យខ្ចីទេ ខ្ញុំមានសេដ្ឋកិច្ច ៧ភាគរយ អត់មាន IMF ចូលរួមចំណែកទេ។ អត់ IMF ក៏វាមិនងាប់ខ្មែរដែរ»។
អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
ប្រភព៖ Fresh News




រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវឱ្យចូលរួមឧបត្ថម្ភដល់ កងទ័ពការពារព្រំដែនខេត្តព្រះវិហារ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ ក្នុងខណ្ឌឫស្សីកែវ ឱ្យចូលរួមឧបត្ថម្ភដល់កងទ័ពការពារព្រំដែនខេត្តព្រះវិហារ ដែលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងដឹកនាំប្រតិភូនាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរៈសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំងឈរជើង នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មានចំនួន១៣១គ្រួសារ និងកងទ័ព ចំនួន១៥២នាក់ ដែលជាអង្គភាពសម្ព័ន្ធ មេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ។
ការចុះសាកសួរសុខទុក្ខនេះ ដើម្បីជាការលើកទឹកចិត្តដល់គ្រួសារកងទ័ព ក៏ដូចជាកងទ័ពដ៏អង់អាចក្លាហាន របស់យើង ដែលបាននិងកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ និងដើម្បីរួមចំណែកក្នុងស្មារតី ស្នេហាជាតិតាមពាក្យស្លោកពោលថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
ជាមួយគ្នានោះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ សូមមេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ឬជាថវិកាក្ដីតាមលទ្ធភាពជាក់ស្ដែង ដល់រដ្ឋបាលខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ឱ្យបានមុនថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ឬទំនាក់ទំនងតាមទូរសព្ទលេខ០១២ ៥៣៩ ០៣៩ /០៧៧ ៩០៨ ៩០៩ /និង០៧៧ ៥៧១ ០១០។

រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់ថា លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ ពិតជាចូលរួមចំណែកតាមការអំពាវនាវ ខាងលើជាក់ជាមិនខាន៕




ធនា​គារជាតិនៃ​កម្ពុជាកំណត់​មិន​ឱ្យគ្រឹះស្ថា​នមីក្រូហិរ​ញ្ញវត្ថុយកការប្រា​ក់លើសពី១.៥ភាគរ​យក្នុង១ខែ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាស លម្អិតជុំវិញការកំណត់អត្រាការប្រាក់ ឥណទាន (កម្ចី) ក្នុងកម្រិតមិនឱ្យលើសពី១៨% ក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ។
សេចក្តីប្រកាសធនាគារជាតិបានបញ្ជាក់ថា ប្រកាសនេះធ្វើឡើងក្នុងគោលដៅការពារអតិថិជន ពីការគិតអត្រាការប្រាក់ខ្ពស់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ ឥណទានឱ្យមានប្រសិទ្ធភាព។ ការអនុវត្តអត្រាការប្រាក់មិនឲ្យលើសពី១៨% ឬ ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត៕




ហ្វេសប៊ុក ចៅចាក់ស្មុក៖ គ្រាប់ពូជជេរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «គ្រាប់ពូជជេរ» ដែលបានបកស្រាយជូនសាធារណជនឱ្យបានយល់ការពិត យល់ច្បាស់ពីទង្វើ និងសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដែលចេះតែជេរប្រមាថ គេគ្រប់រូបភាព ដែលមានខ្លឹមសារដូចខាងក្រោម៖
«ពួកលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា, ពួកក្បាលយួន, ពួកនេះ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត, ក្រុមថោកនៅតែថោក, ពួកក្បត់ជាតិ…»។ ទាំងអស់នេះគឺជាពាក្យជេរប្រមាថប្រទេចផ្តាសារបស់ក្រុមសកម្មជន និងអ្នកគាំទ្របន្ទាយព្រះអាទិត្យចំពោះអតីតសហការីរបស់ខ្លួនដែលអស់ចិត្តអស់ជំនឿលើមេទ័ពព្រះអាទិត្យហើយបានចាកចេញពីបន្ទាយដ៏ក្តៅក្រហាយនេះ និងមកចូលរួមជីវភាពនយោបាយក្រោមផ្ទះទេវតា ដ៏ត្រជាក់ត្រជុំនិងរីកចម្រើនគួរជាទីមោទនៈ។
តម្លៃសកម្មជនដែលបានចាកចេញបានធ្លាក់ពី «វីរៈបុរស អ្នកស្នេហាជាតិ អ្នកជាតិនិយម» ទៅជា «ក្រុមក្បត់ជាតិ ពួកលក់ខ្លួន ឬពួកក្បត់បក្ស» ជាដើម។ តើនេះ ឬជាតម្លៃនៃគោលនយោបាយរបស់បន្ទាយព្រះអាទិត្យដែលអះអាងថា «មិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវ»នោះ? មាត់ដែលនិយាយចេញមកល្អណាស់គឺជាទេវតា ប៉ុន្តែទង្វើដែលធ្វើនេះ គឺបង្កប់ដោយគំនិតអាក្រក់ពិសពុល និងប្រកាន់ពូជសាសន៍ និងបង្កើតភាពស្អប់ខ្ពើមក្នុងសង្គមខ្មែរ។
ហេតុអ្វីបានជាក្រុមសកម្មជន និងអ្នកគាំទ្របន្ទាយព្រះអាទិត្យពូកែជេរប្រមាថ និងលាបពណ៌ជនជាតិឯងម៉្លេះ? ដោយមិននិយាយពីគ្រាប់ពូជជេរដែលបង្កើតឡើងដោយ LDP ការជរប្រមាថ មាក់ងាយមនុស្សរបស់បន្ទាយព្រះអាទិត្យ គឺជាគ្រាប់ពូជដែលបន្ទាយនេះបានសាបព្រួសតាំងពីការកកើតបក្សមកជាមួយកម្មវិធីនយោបាយរបស់ខ្លួនដោយសុន្ទរកថាស្អប់ផ្សេងៗ ដូចជាបង្កាត់ភ្លើងកំហឹងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម បង្កើតឱ្យមានកំហឹងវណ្ណៈក្នុងសង្គមខ្មែររវាងអ្នកមាន និងអ្នកក្រ រវាងរាស្ត្រ និងមន្ត្រីជាដើម និងការប្រើវោហាសាស្ត្រជេរបញ្ចោររបស់មេបន្ទាយនេះតរៀងមក។
ឥឡូវនេះគ្រាប់ពូជដែលបន្ទាយព្រះអាទិត្យបានបណ្តុះមកគឺជាធនធានមនុស្សដែល ពូកែជេរ និងគ្មានហេតុផល គឺ ជួបជេរ ប៉ះជេរ ឃើញជេរ។ ក្រុមបន្ទាយព្រះអាទិត្យត្រូវដឹងថា បន្ទាយខ្លួនបានចោទក្រុម LDP របស់លោក ខឹម វាសនា ថា ពូកែជេរ និងមានគោលនយោបាយជេរ ប៉ុន្តែបន្ទាយខ្លួនឯងវិញមើលមិនឃើញ តាមពិតបន្ទាយព្រះអាទិត្យនេះ សម្បូរដោយអ្នកជេរដូចគ្នា។ ទោះជាពួកគេពូកែជេរ ប៉ុន្តែអ្វីដែលសំខាន់គួរដឹងខុសត្រូវថា ដោយសារតែក្នុងបន្ទាយរបស់ខ្លួនមានបញ្ហាក្តៅក្រហល់ក្រហាយ រួមនឹងការអស់ជំនឿជាមួយនឹងកម្មវិធីនយោបាយបោកប្រាស់ ទើបអ្នកដែលធ្លាប់តែគាំទ្រខ្លួន សម្រេចចិត្តចាកចេញ និងស្វែងរកកន្លែងដែលផ្តល់សេចក្តីសុខ ភាពថ្លៃថ្នូរដល់ខ្លួន និងដល់គ្រួសារ និងសង្គមជាតិទាំងមូល។ ពួកគេ គួរតែចេះគោរពមនុស្សដូចគ្នា គោរពសិទ្ធិ និងសេរីភាពនៃការមាននិន្នាការនយោបាយ ចូលក្នុងគណបក្សនយោបាយណាមួយរបស់បុគ្គលម្នាក់ៗ។ ហេតុអ្វីបានជាត្រូវជេរគេ ចោទគេ និងប្រមាថគេ នៅរាល់ពេលដែលគេចាកចេញពីក្រុមរបស់ខ្លួន ឬមួយនេះគឺជាវប្បធម៌របស់បន្ទាយព្រះអាទិត្យ?
ចៅចាក់ស្មុក យល់ថាបងប្អូនដែលទទួលរងនូវការជេរប្រមាថពីសំណាក់ក្រុមបន្ទាយព្រះអាទិត្យ គួរខាំមាត់សង្កត់ចិត្ត និងសូមរីករាយចំពោះការសម្រេចចិត្តត្រូវរបស់ខ្លួនដែលបានចាកចេញពីបន្ទាយជេរ បន្ទាយគ្មានហេតុផល មករកបន្ទាយហេតុផល និងរាប់អានគ្នាដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាភាតរភាពជាបងប្អូនដើម្បីរួមគ្នាកសាងជាតិ៕





នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន លើកយក​បញ្ហាគ្រឿង​ញៀនទៅពិ​ភាក្សាជា​មួយស្ថា​ប័ន​ជំនាញរបស់ចិន ស្វែង​រក​ជំនួយប​ច្ចេកទេស

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែ គឹមយាន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាពីបញ្ហាគ្រឿងញៀន ជាមួយអ្នកជំនាញរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
សូមជម្រាបផងដែរថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងរកជំនួយសម្ភារៈ បច្ចេកទេស និងបរិក្ខាវេជ្ជសាស្ត្រមួយចំនួន ក្នុងការបម្រើដល់យុទ្ធនាការបង្ក្រាបគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា៕


ហ្វេសបុកBoulam San ៖ ហេតុអ្វីវិទ្យុអាស៊ីសេរី មិនដែលនិយាយអំពើអាក្រក់ទាំងឡាយរបស់ពួកប្រឆាំង?

នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧នេះ ម្ខាស់ទំព័រហ្វេសបុកដែលមានឈ្មោះថា Boulam San បានបង្ហោះផ្សាយនៅទស្សនៈផ្ទាល់ខ្លួនជុំវិញបញ្ហាវិទ្យុអាស៊ីសេរីដែល ខិតខំបិទបាំងអំពើអាក្រក់ទាំងឡាយរបស់ពួកប្រឆាំង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ហេតុអ្វីវិទ្យុអាស៊ីសេរីមិនដែលនិយាយបញ្ហាទាំងនេះ?វិទ្យុបរទេសមួយនេះតែងតែនិយាយម្តងហើយម្តងទៀតអំពីការបង្ក្រាប ការពារអំណាច របស់រដ្ឋាភិបាលដោយខិតខំទាញបន្លំ បំភាន់មហាជនថាជាការប្រើអំណាចផ្តាច់ការ ដើម្បីក្រាញអំណាច ប៉ុន្តែ វិទ្យុនេះបានខិតខំបិទបាំងអំពើ អាក្រក់ទាំងឡាយរបស់ពួកប្រឆាំង។ ពួកដែលបាន និងកំពុងដុតបំផ្លាញសន្តិភាព បំផ្លាញការអភិវឌ្ឍន៍ និងបំផ្លាញភាពសុខសាន្តរបស់ប្រជា ពលរដ្ឋ។ ពួកប្រឆាំងដឹកនាំដោយសម រង្ស៊ី និង កឹម សុខា បានប៉ុនប៉ងបំផ្លាញលទ្ធផលបោះឆ្នោតម្តងហើយម្តងទៀត បំពានឆន្ទៈម្ចាស់ឆ្នោត ដោយបានខិតខំប្រមែប្រមូលពួកឧទ្ទាម ម៉ាហ្វីយ៉ា ដែលជាកូនចៅ មកដុតបំផ្លាញប្រទេសក្នុងគោលបំណងដណ្តើមអំណាចក្រៅប្រព័ន្ធ បោះឆ្នោតតាមរយៈការប្រើកម្លាំងដោយហិង្សា។
តើវិទ្យុអាស៊ីសេរីដែលនិយាយ ឬវិភាគពីបញ្ហានេះទេ? តើពួកអ្នកវិភាគមាត់ស្អុយទាំងឡាយ និងពួកសង្គមស៊ីវិលខ្លាចដាច់អាជីពទាំងឡាយ ដែលហ៊ានលើកបញ្ហានេះមកវិភាគទេ? ពួកគេមានតែផ្តុំក្បាលគ្នាការពារ លើកទឹកចិត្តអំពើហិង្សាទាំងនេះ ហើយបែរជានាំគ្នាចោទកម្លាំង សមត្ថកិច្ចរបស់រដ្ឋាភិបាលដែលគ្រាន់តែការពារលទ្ធផលឆ្នោតស្របច្បាប់ និងគ្រាន់តែរក្សាសណ្តាប់ធ្នាប់សង្គមនោះថាជាអ្នកខុសទៅវិញ។
នេះហើយជាចរិតពុតត្បុត ចង់បំផ្លាញខ្មែរពីសំណាក់វិទ្យុអាស៊ីសេរី និងពួកប្រឆាំងដោយមានការគាំទ្រពីពួកសង្គមស៊ីវិល និងពួកអ្នកវិភាគកន្តឿ ខាងបញ្ញាស្មារតីមួយចំនួន!


កាដូថ្មីសម្រាប់ពលរដ្ឋខ្មែរ៖ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទម្លាក់អត្រាការប្រាក់ឥណទាន នៅត្រឹម១៨%ក្នុង១ឆ្នាំ

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ពិដានអត្រាការប្រាក់ឥណទានមាន កម្រិត ១៨% ក្នុងមួយឆ្នាំ ដែលស្មើនឹង ១.៥% ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះតទៅជាកំហិត។ ការដាក់ពិដានឥណទាននេះ គឺជាការដាក់កម្រិតអតិបរមានៃអត្រាការប្រាក់ឥណទាន ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ អាចកំណត់យក ពីអតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថាន។
សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថាដើម្បីរួមចំណែកគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រការពារអតិថិជនពីការគិតការប្រាក់ក្នុងអត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការផ្តល់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ទើបធនាគារជាតិនៃកម្ពុជា សម្រេចដាក់ពិដាន អត្រាការប្រាក់ទៅលើឥណទានដែលផ្តល់ឱ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖