Tuesday, January 15, 2019

ប្រធានរដ្ឋសភាវៀតណាម កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម នៅណ្ឋាគារសុខាសៀមរាប។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានបង្ហាញសេចក្តីសោមនស្សរីករាយ និងបានអបអរសាទរជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីលទ្ធផលល្អនៃសន្និបាតគណបក្សប្រជាជនកម្ពុជាកន្លងមក ព្រមទាំងការប្រាព្ធខួប៤០ឆ្នាំ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ៧ មករា និងខួប២០ឆ្នាំ នៃជោគជ័យក្រោម នយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាមួយនឹងការសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិកត្រចះត្រចង់ និងជោគជ័យ។
លោកស្រីប្រធានរដ្ឋសភាពវៀតណាមបានបន្តថា ក្នុងរយៈពេលតែ២ឆ្នាំ ប៉ុណ្ណោះ លោកស្រីសង្កេតឃើញ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកស្រីក៏បានកោតសរសើរចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងឡើង។
លោកស្រី Nguyen Thi Kim Ngan បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមមកកម្ពុជា រួមមានទាំងប្រធាន អនុប្រធាន រួមនឹងប្រតិភូផ្សេងៗជាច្រើនទៀត ដើម្បីមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asia Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ទន្ទឹមនឹងនេះដែរ លោកស្រី ក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ APPF ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោកស្រីប្រធានរដ្ឋសភាវៀតណាម និងពាក្យពេចន៍ល្អៗជាមួយនឹងការអបអរសាទរ ចំពោះការរីកចម្រើននៃប្រទេសកម្ពុជា។ លោក បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ។ មុននឹងបញ្ចប់ការពិភាក្សា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី និងជូនពរ លោកស្រី Nguyen Thi Kim Ngan និងសមាជិកប្រតិភូជាន់ខ្ពស់ទាំងអស់ ទទួលបានជោគជ័យក្នុងកិច្ចប្រជុំ APPF-27 ព្រមទាំងនៅក្នុងការប្រកាសបើកក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council- ACC) នៅទីលានជល់ដំរីលើទឹកដីអង្គរនៅល្ងាចនេះផងដែរ៕




កម្ពុជាផ្តើមពីចំណុច០ ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦

គិតរហូតមកដល់ឆ្នាំ២០១៩នេះ កម្ពុជាទើបតែមានសុខសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ផ្តើមចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨។ ពាក់ព័ន្ធនឹងសន្ទុះសេដ្ឋកិច្ចកម្ពុជាគិតចាប់ពីឆ្នាំ១៩៩៨មក លោកនាយករដ្ឋមន្ត្រី បានថ្លែងថា «បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុច ០ ហើយក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់នៃប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ ក្នុងពិភពលោក»។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាបានសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ តាមរយៈកំណើនឥតឈប់ឈរ វិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន»។ លោកបានបន្តទៀតថា «ដោយឡែករចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម»៕





ខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាស​កំណត់តំបន់​ធ្វើការវិនិច្ឆ័យ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨៖០០ នាទីព្រឹក នៅបរិវេណវត្ត ពលិសបព្វតារ៉ាម (ហៅវត្តភ្នំសន្ទូច) ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល ខេត្តកំពង់ឆ្នាំង​ ចុះពិនិត្យបរិមាណ​ និងគុណភាពប្រេងឥន្ទនៈ​នៅតាមស្ថានីយ៍​មួយចំនួន​នៅក្នុងខេត្ត​

កំពង់ឆ្នាំង៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនៅក្នុងខេត្ត បានកំពុងលក់ជូនអតិថិជន។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា កន្លងមកនៅខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញរបស់សាខាកាំកុងត្រូលខេត្ត បានចុះអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនានាក្នុងខេត្ត អោយចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងការលក់ប្រេងឥន្ទនៈជូនពលរដ្ឋ គឺមិនត្រូវកេងបន្លំទាំងបរិមាណ និងគុណភាពនោះទេ ចំពោះតម្លៃត្រូវលក់តាមការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មដែលប្រកាសអោយលក់។
ស្របគ្នានោះ លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់ថា រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៤កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីជំនាញររកឃើញថា ស្ថានីយ៍ឥន្ធនៈទាំងបួនកន្លែងនេះ មាន២កន្លែងខុសទាំងបរិមាណ និងគុណភាព រីឯស្ថានីយ៍ប្រេងចំនួន២កន្លែងទៀត មួយកន្លែងខុសបរិមាណតិចតួចនិងមួយកន្លែងទៀត ខុសគុណភាពបន្តិច។ ស្ថានីយ៍ប្រេងទាំង៤កន្លែងនេះ មានភាពមិនប្រក្រតីតិចតួច អាចកែតម្រូវបាន តាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

លោកអនុប្រធាននាយកដ្ឋាន បានអោយដឹងទៀតថា ជានិច្ចកាលក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ទូទាំងប្រទេស ហើយក៏អំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញ៕


រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមគ្នាពិភាក្សា អំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច បញ្ហាប្រឈមសាកល សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនងអន្តរជាតិ និងការទូតសភា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនូវបញ្ហាសាកល ដូចជាសង្រ្គាមពាណិជ្ជកម្ម ភេរវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយអន្តរជាតិ អសន្តិសុខតំបន់ ភាពក្រីក្រ ដែលកំពុងគម្រាមកំហែងដល់សន្តិសុខសាកល។ ដូចនេះ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ពិតជាមានសារៈសំខាន់ សម្រាប់តំបន់ក៏ដូចជាកម្ពុជា ដើម្បីពង្រីងភាពជាដៃគូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទើបតែប្រារព្ធខួបនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលគិតចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៨ មានរយៈពេល ២០ឆ្នាំហើយ។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងធ្លាប់មានតំបន់ត្រួតត្រារហួតទៅដល់ ៤ ក្នុងពេលតែមួយ យើងធ្លាប់មានតំបន់ត្រួតត្រាមិនតិចជាង ២ និងរដ្ឋាភិបាល ២ក្នុងពេលតែមួយ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ ពេលដែលយើងខ្ញុំអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ យើងខ្ញុំបានសម្រេចតាំងពីពេលនោះ រហូតមកដល់ពេលនេះ គឺបានក្លាយទៅជាប្រទេសមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញ១ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំរបស់កម្ពុជា»។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី បានបន្តថា «បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុច០ ហើយក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ ក្នុងពិភពលោក»៕