Tuesday, January 15, 2019

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមគ្នាពិភាក្សា អំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច បញ្ហាប្រឈមសាកល សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនងអន្តរជាតិ និងការទូតសភា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនូវបញ្ហាសាកល ដូចជាសង្រ្គាមពាណិជ្ជកម្ម ភេរវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយអន្តរជាតិ អសន្តិសុខតំបន់ ភាពក្រីក្រ ដែលកំពុងគម្រាមកំហែងដល់សន្តិសុខសាកល។ ដូចនេះ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ពិតជាមានសារៈសំខាន់ សម្រាប់តំបន់ក៏ដូចជាកម្ពុជា ដើម្បីពង្រីងភាពជាដៃគូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕





No comments:

Post a Comment