Tuesday, January 15, 2019

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល ខេត្តកំពង់ឆ្នាំង​ ចុះពិនិត្យបរិមាណ​ និងគុណភាពប្រេងឥន្ទនៈ​នៅតាមស្ថានីយ៍​មួយចំនួន​នៅក្នុងខេត្ត​

កំពង់ឆ្នាំង៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនៅក្នុងខេត្ត បានកំពុងលក់ជូនអតិថិជន។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា កន្លងមកនៅខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញរបស់សាខាកាំកុងត្រូលខេត្ត បានចុះអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនានាក្នុងខេត្ត អោយចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ក្នុងការលក់ប្រេងឥន្ទនៈជូនពលរដ្ឋ គឺមិនត្រូវកេងបន្លំទាំងបរិមាណ និងគុណភាពនោះទេ ចំពោះតម្លៃត្រូវលក់តាមការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មដែលប្រកាសអោយលក់។
ស្របគ្នានោះ លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់ថា រយៈពេលពេញ១ថ្ងៃ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៤កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីជំនាញររកឃើញថា ស្ថានីយ៍ឥន្ធនៈទាំងបួនកន្លែងនេះ មាន២កន្លែងខុសទាំងបរិមាណ និងគុណភាព រីឯស្ថានីយ៍ប្រេងចំនួន២កន្លែងទៀត មួយកន្លែងខុសបរិមាណតិចតួចនិងមួយកន្លែងទៀត ខុសគុណភាពបន្តិច។ ស្ថានីយ៍ប្រេងទាំង៤កន្លែងនេះ មានភាពមិនប្រក្រតីតិចតួច អាចកែតម្រូវបាន តាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

លោកអនុប្រធាននាយកដ្ឋាន បានអោយដឹងទៀតថា ជានិច្ចកាលក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ទូទាំងប្រទេស ហើយក៏អំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញ៕


No comments:

Post a Comment