Wednesday, January 09, 2019

ក្រសួងការពារជាតិរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការការងារយោធាឆ្នាំ២០១៩ របស់យោធភួមិភាគទី៥

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការការងារយោធាឆ្នាំ២០១៩ របស់យោធភួមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរ រួមមាន ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការ កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកអភិបាលនៃគណៈអភិបាលខេត្តទាំង៤ (បន្ទាយមានជ័យ,បាត់ដំបង,ប៉ៃលិន,ពោធិ៍សាត់) និងប្រតិភូកងទ័ពជើងគោក តំណាងក្រសួងការពារជាតិ តំណាង អគ្គបញ្ជាការ អគ្គស្នងការនគរបាលប្រចាំទិស មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការកងពលតូចថ្មើរជើង (៥១,៥២,៥៣,និង១៤) មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ ស្នងការនគរបាលខេត្តទាំង៤ មេបញ្ជាការកងការពារព្រំដែនទាំង៤ (៥០១,៥០២,៥០៣,៥០៤) ព្រមទាំងមេបញ្ជាការ នាយទាហានចំណុះកងឯកភាពយោធភូមិភាគទី៥ សរុបចំនួន ៣០០នាក់នៅសាលប្រជុំធំយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង នាយសេនាធិការ បានអានសុន្ទរកថាស្វាគមន៍ និងអាននូវរបាយការណ៍លទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការសកម្មភាពឆ្នាំ២០១៩ ជូនអង្គពិធីទាំងមូលផងដែរ៕












កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលប្រកួតប្រជែងផលិតសំលៀកបំពាក់ និងស្បែកជើង សម្រាប់ការនាំចេញ

មិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលជាប្រទេសផលិតសំលៀកបំពាក់ និងស្បែកជើងសម្រាប់ការនាំចេញនោះ គឺមានប្រទេសច្រើនណាស់ ដែលត្រូវធ្វើការប្រកួតប្រជែងគ្នា។ នេះបើតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបានបន្តថា ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង គឺជាប្រទេសដែលគេងាយនឹងបង្វែររោងចក្រទៅកាន់ទីនោះ ហើយក្នុងករណីដែលយើងបាត់បង់រោងចក្រ ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង ជាអ្នកទាញរោងចក្រពីយើងទៅកាន់ទីនោះ ដែលអាចនឹងធ្វើឱ្យប្រទេសរបស់យើង បាត់បង់ការងារធ្វើសម្រាប់កម្មករនិយោជិត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩នេះ គឺមានការប្រកួតប្រជែងជាមួយប្រទេសដទៃ។ សម្រាប់កម្ពុជាយើង ឆ្នាំ២០១៨ គឺ១៧០ដុល្លារ ឆ្នាំ២០១៩នេះ គឺ ១៨២ដុល្លារ ប្រទេសបង់ក្លាដេស ឆ្នាំ២០១៨ គឺ ៦៧ដុល្លារ ឆ្នាំ២០១៩នេះ គឺ៩៩ដុល្លារ ប្រទេសស្រីលង្ការ ឆ្នាំ២០១៨គឺ ៦៧ដុល្លារ ឆ្នាំ២០១៩នេះ នៅ៦៧ដុល្លារដដែល ប្រទេសឥណ្ឌា ឆ្នាំ២០១៨គឺ ៧៧ដុល្លារ- ១៤៣ដុល្លារ ឆ្នាំ២០១៩នេះ គឺ ៨១ដុល្លារ-១៥០ដុល្លារ ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨ គឺ ១០៨ដុល្លារ ឆ្នាំ២០១៩ គឺ១០៨ដុល្លារដដែល ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ គឺ ១០៦ដុល្លារ- ២៦៧ដុល្លារ ឆ្នាំ២០១៩ គឺ១០៦ដុល្លារ- ២៦៧ដុល្លារដដែល ប្រទេសវៀតណាម ឆ្នាំ២០១៨ គឺ១២២ដុល្លារ-១៧៥ដុល្លារ ឆ្នាំ២០១៩ គឺ ១២៨ដុល្លារ-១៨៤ដុល្លារ នៅប្រទេសឡាវ ឆ្នាំ២០១៨ គឺ១៣៣ដុល្លារ នៅឆ្នាំ២០១៩ គឺ១៣៣ដុល្លារដដែល នៅប៉ាគីស្ថាន ឆ្នាំ២០១៨ គឺ ១៣៤ដុល្លារ ឆ្នាំ២០១៩ គឺ១៣៦ដុល្លារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់ ព្យាយាមពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ ដោយសារកត្តាទីផ្សារប្រកួតប្រជែង និងកត្តាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត៕





(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗ​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២

(សូមទស្សនាវីដេអូ)៖ ថ្ងៃ៧មករា គឺជាកម្មសិទ្ធិរួមដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស

នាវាកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង ចូលចតកំពង់ផែ​អន្តរជាតិ​ ក្រុងព្រះសីហនុ​ ដើម្បីបំពេញទស្សនៈកិច្ច​នៅកម្ពុជា​ រយៈពេល ៤ថ្ងៃ ​

ព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ នាវាកងទ័ពជើងទឹក រំដោះប្រជាជនចិនចំនួន ០៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនៈកិច្ច នៅព្រះរាជា ណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចិន-កម្ពុជា ឲ្យកាន់តែរឹងមាំ ជាពិសេសការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែស្និទ្ធស្នាលបន្ថែមទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក។
ស្របពេលនេះដែរ នាយ- នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានអញ្ជើញមកទទួលស្វាគមន៍ យ៉ាងរីករាយផងដែរ ចំពោះគណៈប្រតិភូកងទ័ពជើងទឹករំដោះ ប្រជាជនចិន នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងកងទព័ជើងទឹកប្រទេសទាំងពីរ ពិសេសចំណងកាទូតរវាងប្រទេស ទាំងពីរកាន់តែរឹងមាំថែមទៀត។
លោកឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរងនៃកងនាវាសមុទ្រ ខាងជើង បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត និងប្រជាជនខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ការចូលចតរបស់ នាវាកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីខេត្តព្រះសីហនុ។
តាមគម្រោងគណៈប្រតិភូកងទ័ពជើងទឹកចិននេះ នឹងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ កងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានរាម ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ច បរមរាជវាំង សារៈមន្ទីរជាតិ និងជួបជាមួយសមាគមនចិននៅខេត្ត ព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា នាវាទាំងបីគ្រឿងនេះមាន៖
១.មានឈ្មោះ PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរនាវីឯក YANG KAI ។
២.មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក 4,100តោន ដឹកនាំដោយលោកវរនាវីទោ ZHAO SHU QIAN ។
៣.ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក 10ម៉ែត្រ ទម្ងន់ផ្ទុក 20,500តោន ដឹកនាំដោយលោក វរនាវីទោ ZHOU XIAOHUI ។
នាវាទាំង ០៣គ្រឿង ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង ដែលមាននាវឹកសរុបចំនួន ៦៩៥នាក់៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះពួកជ្រុលនិយមមួយចំនួនព្យាយាមបំផ្លិចបំផ្លាញការអភិវឌ្ឍនៅកម្ពុជា ក៏យើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន!

ប្រទេសកម្ពុជាទើបតែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញរយៈពេល ២០ឆ្នាំតែប៉ុណ្ណោះ គិតចាប់ពីការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានាឆ្នាំ១៩៩៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជាទទួលបានការការអភិវឌ្ឍយ៉ាងលឿនក្នុងអំឡុងពេល២០ឆ្នាំនេះក៏ដោយ ប៉ុន្តែបានទទួលរងការបំផ្លិចបំផ្លាញ រំខានយាយីឥតឈប់ឈរពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន «យើងទើបតែធ្វើខួបទី២០ នៃនយោបាយឈ្នះ-ឈ្នះ យើងទើបតែមានពេល ២០ឆ្នាំក្នុងការកសាងប្រទេសឡើងវិញជាមួយនឹងការបំផ្លិចបំផ្លាញជាបន្តនៃពួកក្រុមជ្រុលនិយមមួយចំនួន ដែលដើរទៅប្រាប់បរទេស កុំផ្តល់ជំនួយ កុំមកវិនិយោគ កុំឱ្យទិញទំនិញពីកម្ពុជា ក៏ប៉ុន្តែយើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន»។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។
លោកនាយករដ្ឋមន្ត្រី បានបន្តថាទោះបីប្រទេសយើងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតពីរបបប្រល័យពូជន៍សាសន៍ ប៉ុល ពត ក៏សន្ទុះនៃការអភិវឌ្ឍមានល្បឿនលឿនជាង ឬក៏ស្មើប្រទេសដែលគ្មានរបបដ៏យង់ឃ្នងនេះ «៤០ឆ្នាំក្រោយ យើងសង្កេតឃើញអ្វីខ្លះពីថ្ងៃរំដោះ ៧មករា ប្រទេសខ្លះ គេមានសន្តិភាព គេអត់មានរបបប្រល័យពូជសាសន៍នោះទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់គេនៅទាបជាងយើង ឬក៏ស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបដូចយើងដែរ»៕





ទស្សនៈមិត្តអ្នកអាន៖ មេក្លោងបង្កអំពើហឹង្សានៅផ្លូវវេងស្រេង មិនអាចគេច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​

ប៉ុន្មានថ្ងៃនេះប្រព័ន្ធឃោសនារបស់បរទេសដែលផ្សាយជាភាសាខ្មែរ ហើយដែលនរណាក៏ដឹងដែរថាជា​ចៅហ្វាយរបស់ក្រុមប្រឆាំងនៅកម្ពុជា បានខិតខំផ្សាយឆ្កិះរំលឹកអំពីអំពើហឹង្សានៅផ្លូវ វេង ស្រេង កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៤  ដែលបង្កឡើងដោយការញុះញង់របស់ សម រង្ស៊ី និងក្រុមប្រឆាំង ដើម្បីដុតកំហឹងយុវជនសារជាថ្មីទៀត ឱ្យស្អប់រដ្ឋអំណាចដែលការពិត រឿងនេះ​គឺជាឧបាយកលរបស់​អតីតបក្សប្រឆាំង ក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើកម្លាំងបដិវត្តន៍ប្រជាជនដូច​នៅ​បណ្តាប្រទេសអារ៉ាប់ដូច្នោះដែរ។ គេនៅចាំបានថា អំពើហឹង្សានោះ បានធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញ នាំឱ្យប្រជាពលរដ្ឋភ័យរន្ធត់ រហូតដល់មានការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន និងឈានដល់មានការស្លាប់ និងរបួស ដល់យុវជនដែលជឿតាមការញុះញង់របស់មេក្លោងបាតុកម្មគឺ សម រង្ស៊ី និងបក្ខពួករបស់គាត់​ទៀតផង។ មកដល់ចំណុចនេះ ក្រុមប្រឆាំង និងប្រព័ន្ធឃោសនារបស់គេបានខិតខំបំភ្លៃការពិត ដោយផ្សព្វផ្សាយថា ព្រឹត្តិការណ៍ហឹង្សា ដែលឈានដល់ក្លាយជាចលនាកុប្បកម្មនៅផ្លូវវេងស្រេង​នោះ ជាការសម្តែងមតិ និងជាការតវ៉ាអហឹង្សាទៅវិញ។ តើអ្វីទៅជាការសម្តែងមតិអហឹង្សា? ហើយតើអ្វីទៅជាការ​តវ៉ាដោយអំពើហឹង្សា និងជាចលនាកុប្បកម្ម?
ការសម្តែងមតិដោយអហឹង្សា គឺជាកាយវិការបង្ហាញពីការចង់បានរបស់បុគ្គល ឬក្រុមណាមួយ នៅទីតាំងមួយមានរយៈពេលកំណត់ច្បាស់លាស់ ដោយមិនបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធិពលរដ្ឋដ៏ទៃទៀត ដោយ​ការសរសេរពាក្យស្លោក និងការស្រែកទាមទារ ដោយមានសណ្តាប់ធ្នាប់។ ផ្ទុយទៅវិញ ការតវ៉ាដែលមាន​អ្នកនយោបាយជាមេក្លោងដឹកមុខកាលនោះ គឺ សម រង្ស៊ី ផ្ទាល់តែម្តងដែលបានចុះទៅញុះញង់កម្មករនៅមុខ​រោ​ងចក្រឱ្យឈប់ធ្វើការ ហើយចេញមកធ្វើបាតុកម្ម វាយរំលំទ្វាររោងចក្រ ដែលជាទ្រព្យសម្បត្តិឯកជនរបស់គេ និងបិទផ្លូវសាធារណៈ ដុតកង់ឡាន។ តើជាការសម្តែងមតិដោយអហឹង្សាឬ? ការប្រកាសជាចំហរដោយ ហូរ វ៉ាន់ ឱ្យយុវជនបិទផ្លូវនៅតំបន់សួនឧស្សាហកម្ម ផ្លូវវេងស្រេង និងការប្រើចំពាមកៅស៊ូគ្រាប់ដែក ដបសាំង និងគ្រាប់ឃ្លី បាញ់ទៅលើសមត្ថកិច្ច ព្រមទាំងការប្រើ​ដំបងដែកវាយទៅលើសមត្ថកិច្ច តើវាជាការសម្តែងមតិ​ដោយ​អហឹង្សា ឬជាការតវ៉ាដោយអំពើហឹង្សា? សកម្មភាពទាំងនេះ គឺពិតប្រាកដណាស់ ជាអំពើហឹង្សាដែលចាំ​បាច់​រដ្ឋអំណាចត្រូវឆ្លើយតបវិញដោយវិធានការណ៍ច្បាប់។
ប្រការដែលអាចបញ្ជាក់ច្បាស់ជាងនេះពីចេតនាអាក្រក់បំផុតរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនៅពេលនោះ គឺការញុះញង់ ឱ្យក្រុមបាតុករឈានទៅ​អនុវត្តនូវចលនាកុប្បកម្មតែម្តង តាមរយៈការប្រើប្រាស់គ្រាប់បែកដបសាំង (Molotov Cock-tail ) និងដាវសាម៉ូរៃ ជាអាវុធប្រឆាំងតប​ជាមួយសមត្ថកិច្ច ដែលសកម្មភាពនេះ គឺដូចគ្នាបេះបិទ ទៅ និងចលនាបដិវត្តន៍ពណ៌ នៅពិភពអារ៉ាប់ដូច្នោះដែរ។ តើសកម្មភាពបែបនេះឬ ដែលក្រុមប្រឆាំង និងប្រព័ន្ធឃោសនាបរទេសផ្សាយជាភាសាខ្មែរចាត់ទុកថាជា ការសម្តែងមតិដោយអហឹង្សា​នោះ?
ការធ្វើកុប្បកម្មដ៏ហឹង្សា​នេះបានកើតឡើងនៅពាក់កណ្តាលអាធ្រាត្រ​ដែលមិនមែនជាករណី​ធម្មតានៃការធ្វើ​បាតុកម្មតវ៉ាដោយអហិង្សា របស់កម្មករនិយោជិតឡើយ តែវាជាការរៀបគម្រោងការដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតទៅវិញទេ។
ក្នុងកុប្បកម្មហឹង្សា​នាពេល​នោះ ក្រុមអ្នកតវ៉ាបានព្យាយាម​ប្រើដំបង គប់ដុំថ្ម និងដបសាំងទៅលើ សមត្ថកិច្ចយ៉ាងសាហាវ។ ដោយមើលឃើញពីសភាពមិនធម្មតានេះ អាជ្ញា​ធរមានសមត្ថកិច្ចក៏បានធ្វើការបង្រ្កាប​រហូតរំលាយកុប្បកម្ម ដែលមានឧបាយកលទុច្ចរិតនេះបានជាស្ថាពរ។ រៀងរាល់លើក សម រង្ស៊ី មិនថានៅក្រៅ ឬក្នុងប្រទេសឡើយ ជនល្មោភអំណាចម្នាក់នេះតែងតែញុះញង់ឱ្យប្រជាពលរដ្ឋ ពិសេស​យុវជន​បង្កចលាចល​ក្រោមលេសនៃ​ការសម្តែងមតិ ប៉ុន្តែក្រោយពេលមានសោកនាដកម្មដល់ពលរដ្ឋ ទណ្ឌិតរូបនេះមិនដែល​ទទួលកំហុសពីទង្វើរបស់ខ្លួនម្តងណាឡើយ ។
ជារួម ការចាត់វិធានការណ៌ទប់ស្កាត់អំពើកុប្បកម្មនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤ បានទាន់ពេលវេលា គឺជាភ័ពសំណាងខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះថាក្រោយការបែកធ្លាយវីដេអូសារភាពរបស់ កឹម សុខា អំពីផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាលទើបយើងមើលឃើញកាន់តែច្បាស់អំពីគោលបំណងនៃការ​ធ្វើកុប្បកម្មនៅ​ផ្លូវវេង​ស្រេង កាលពីពេលនោះ គឺជាឈ្នួនបំផ្ទុះភ្លើងសង្គ្រាមដណ្តើមអំណាចរបស់ក្រុមប្រឆាំង​ដោយប្រើកម្លាំងប្រជាជនដូចនៅប្រទេស ទុយនេស៊ី ស៊ែប៊ី អញ្ចឹងដែរ។ រាជរដ្ឋាភិបាលស្របច្បាប់មានកាតព្វ​កិច្ចពេញលេញក្នុងការថែរក្សា និងការពារដាច់ខាតនូវសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ដូច្នេះ ស្ថាប័នច្បាប់នឹងមិនអនុញ្ញាតឱ្យមេក្លោងរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជារួចផុតពីសំណាញ់ច្បាប់ឡើយ។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន និងក្រុមគ្រួសារជនរងគ្រោះ នៅតែទាមទារឱ្យមាន​ការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិតខណៈទ្រព្យសម្បត្តិសាធារណៈ ជាច្រើនត្រូវបានខូចខាត​ដោយគ្មានសំណង។ ដូច្នេះ ច្បាប់នឹងមិនអត់ឱនឱ្យមេក្លោងដែលញុះញង់ឱ្យមានអំពើកុប្បកម្មនេះឡើយ​ហើយ​​នរណាក៏ដឹងដែរថា​មេក្លោងដែលបង្កឱ្យមានសោកនាដកម្មនៅផ្លូវវេងស្រេង នាពេលនោះ គឺ សម រង្ស៊ី និង កឹម សុខា នេះ ឯង ៕
ដោយ៖ សួន ចំរើន



លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក គង់ គាំ បានដាក់ចូលក្រសួងមហាផ្ទៃហើយ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឱ្យដឹង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះថា លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី នោះ បានចូលដល់ក្រសួងមហាផ្ទៃហើយនៅវេលាម៉ោងប្រមាណជាង១០៖៣០ព្រឹកថ្ងៃទី០៩ ខែមករានេះ។
សូមជម្រាបថា លោក គង់ គាំ បានប្រកាសដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។ លោកបានបញ្ជាក់ប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងរីករាយជាមួយវិសោធនកម្មច្បាប់នេះ ហើយសុំឱ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើសេចក្តីស្នើទៅនាយករដ្ឋមន្រ្តី ដើម្បីនាយករដ្ឋមន្រ្តី លោកអាចដាក់សំណើទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយដល់រូបខ្ញុំ»។
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើក ផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមព្រះរាជក្រមដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្ត ចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ ឯកភាពទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាព នយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ក្រៅពីលោក គង់ គាំ, អតីតតំណាងរាស្រ្តម្នាក់ទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ គឺលោក គង់ បូរ៉ា ក៏បានប្រកាសដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅថ្ងៃនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា លោក ខៀវ សុភ័គ បានអះអាងថា រហូតមកដល់វេលាថ្ងៃត្រង់នេះ ក្រសួងមិនទាន់ទទួលបានលិខិតពីលោក គង់ បូរ៉ា នៅឡើយទេ។
លោក គង់ គាំ និង លោក គង់ បូរ៉ា រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការជឿជាក់ថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ៕

ខួបទី៤០ ឆ្នាំនៃថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជន និងជាតិមាតុភូមិកម្ពុជាទាំងមូល

ទីបំផុត ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃទី៧ មករា ឆ្នាំ២០១៩ គឺមានរយៈពេល៤០ឆ្នាំគត់ដែល​ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល ត្រូវបានរំដោះចេញពីគុកឥតជញ្ជាំង ហើយគុកឥតជញ្ជាំងនេះ គឺជាពាក្យមួយមាត់ដែលបងប្អូនប្រជាជនខ្មែរដែលមានវ័យលើសពីពាក់កណ្តាលនៃជីវិតមនុស្ស​​បានយល់ដឹង​ដល់​អត្ថន័យសំដៅដល់របបកម្ពុជាប្រជាធិបតេយ្យដែលមានតែឈ្មោះ គឺជារបបប្រល័យពូជសាសន៍​ខ្មែរក្រហម​យ៉ាងប្រាកដ។ របបខ្មៅងងឹតនោះ បានឆក់យកជីវិតខ្មែរអស់ជាងបីលាននាក់ទាំងក្មេង ទាំងចាស់ ដោយគ្មាន​មូលហេតុ និងគ្មានក្តីមេត្តា ហើយប្រព័ន្ធសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំង​មូល​ត្រូវបានកំទេចចោល​ស្ទើរគ្មានសល់។ សិទិ្ធសេរីភាពជាមូលដ្ឋាន និងភាពថ្លៃថ្នូរជាមនុសុ្សត្រូវបានបំបាត់​ទាំងស្រុង។ តើអ្វីទៅជាមាតាទីពីរនៃអ្នកផ្តល់កំណើតដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជា? តើនេះមិនមែនជាការសង្គ្រោះជាតិពិតប្រាកដទេឬ? តើរណសិរ្យសាមគ្គីសង្រ្គោះជាតិជានរណា?
ថ្ងៃ​១៧ មេសា ១៩៧៥ គឺជាថ្ងៃដែលពួកឥតសាសនាចូលកាន់កាប់អំណាច ដែលខ្មែរគ្រប់គ្នាបានដឹងថា ជារបបកម្ពុជាប្រជាធិបតេយ្យ។ ការដឹកនាំក្នុងរបបនេះ គឺ គ្មានទេ សិទ្ធិសេរីជាមូលដ្ឋានរបស់មនុស្ស ហើយកម្មសិទ្ធិគ្រប់យ៉ាងរបស់ប្រជាជនខ្មែរម្នាក់ៗត្រូវបានអង្កការដកហូត។ ការដឹកនាំទាំងមូលរបស់របបកម្ពុជាប្រជាធិបតេយ្យត្រូវសម្រេចដោយអង្កការដែលមានតែឈ្មោះ គ្មានច្បាប់ គ្មានតុលាការ។ បន្ទាប់ពីបានជោគជ័យក្តាប់អំណាចក្នុងឆ្នាំ១៩៧៥ គឺ ទាំងប្រជាជនទូទៅ ក៏ដូចកម្មាភិបាល​របស់​ខ្មែរក្រហមមួយចំនួនធំ គឺ មិនតិចជាង៣លាននាក់ ត្រូវបានរបបនេះកាប់សម្លាប់យ៉ាងសាហាវ។
ក្នុងតថភាពមួយមុនថ្ងៃនៃបុព្វហេតុជោគជ័យជាប្រវត្តិសាស្រ្ត ៧មករា ១៩៧៩ គឺមិនមែនបានកើតឡើង​ដោយចៃដន្យនោះទេ តែនោះ ជាជោគជ័យមួយផ្តើមចេញពីការយកអាយុជីវិតធ្វើពលិកម្ម និងមានការគិតគូរ​យ៉ាងយកចិត្តទុកដាក់ ប្រកបដោយគ្រោះថ្នាក់បំផុតរបស់វរជនទាំងប្រាំនាក់ ដែលក្នុងនោះ មានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ។ វរជនទាំងប្រាំដែលមានលោក ហ៊ុន សែន ជាប្រមុខបានមើលឃើញពីភាពមហន្តរាយ​យ៉ាងធ្ងន់ធ្ងរកើតចេញពីការកាប់សម្លាប់របស់របបកម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្លួនជារៀងរាល់ថ្ងៃ និងមើលឃើញនូវគ្រោះថ្នាក់ដល់ជាតិ និងប្រជាជនទាំងមូល ដែលបានជំរុញឱ្យវរជនទាំងប្រាំនាក់​ដឹកនាំ​ដោយលោក ហ៊ុន សែន ក្នុងពេលនោះ ត្រូវសម្រេចចិត្តចាកចេញពីខ្មែរក្រហមប្រកប​ដោយមហាគ្រោះថ្នាក់ ក្នុងអំឡុងឆ្នាំ១៩៧៧ ហើយបានបង្កើតឱ្យមានកំលាំងតស៊ូប្រដាប់អាវុធនៃ​រណសិរ្យសាមគ្គីសង្រ្គោះជាតិ​មួយក្នុងទឹកដីវៀតណាម ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល​នៃប្រទេសវៀតណាមផងនោះ ទើបចលនាតស៊ូទាំងអស់បានរួបរួមជាកំលាំងចុងក្រោយហៅថា រណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលបានដឹកនាំផ្ទាល់ដោយលោក ហ៊ុន សែន ដើម្បីវាយរំលំរបបកម្ពុជាប្រជាធិបតេ​យ្យ និងបានរំដោះប្រជាជន និងប្រជាជាតិទាំងមូលពីការកាប់សម្លាប់នៃរបបនេះ បានទាំងស្រុង នៅថ្ងៃ៧ មករា ១៩៧៩។ ហើយ​ជាភ័ព្វសំណាង គឺ ៧ មករា  ត្រូវបានមហាជនខ្មែរទាំងមូលបានចាត់ទុកថា ជាយុគ្គនៃពន្លឺសេរីភាពសព្វ​បែបយ៉ាងបានជះរស្មី      ចិញ្ចែងចិញ្ចាំងមកលើប្រទេសកម្ពុជាសារជាថ្មីឡើងវិញ។ ខ្មែរគ្រប់រូបបានហៅ ៧ មករា ថាជាមាតាទី២ ឬជាថ្ងៃកំណើតទី២ ហើយជីវិតត្រូវបានគេចផុតពីការកាប់សម្លាប់ ជីវិតដែលរបបកម្ពុជា​ប្រជាធិបតេយ្យបានដកហូតសិទិ្ធសេរីសព្វបែបយ៉ាងរបស់មនុស្ស។
ជាការពិតប្រសិនបើគ្មាន៧ មករា គឺ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១  គ្មាន៧ មករា គឺ គ្មានរបបរាជានិយមទីពីរ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ហើយគ្មាន ៧  មករា គឺ  គ្មានសន្តិភាព និងការអភិវឌ្ឍ​បាន​ដល់សព្វថ្ងៃនេះទេ។ ៧ មករា ជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិទាំងមូល និងបាននាំយក​របបប្រជាធិបតេយ្យសេរីពហុបក្ស សិទិ្ធសេរីភាពជាមូលដ្ឋានរបស់មនុស្ស  និងភាពថ្លៃថ្នូរជាមនុស្ស ពិសេស ផ្តល់នូវភាពឥស្សរភាព វិបុលភាព    និងការរីកចម្រើនជូនដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជាឡើងវិញ។
ឆ្លងកាត់ការតស៊ូពីបាតដៃទទេ និងការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល  កម្ពុជា ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ ក្នុងនោះកម្ពុជាបានក្លាយជាសមាជិកនៃសមា​គម​ប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្នុងក្របខណ្ឌនៃអង្កការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងទ័ពមនុស្សធម៌ទៅ​កាន់បណ្តាប្រទេសនានាក្នុងពិភពលោកក្នុងកិច្ចការមនុស្សធម៌ ហើយកម្ពុជាក៏បានដើរតួរនាទីយ៉ាង​សំខាន់កិច្ចការខាងវប្បធម៌ក្នុងក្របខណ្ឌនៃអង្កយូណេស្កូ និងក្របខណ្ឌអន្តរជាតិដទៃទៀត។ល។
ប្រជាជនកម្ពុជាគ្រប់រូបបានសាទរចំពោះខួបទី៤០ នៃថ្ងៃដែលអាយុជីវិតប្រជាជនកម្ពុជា​គ្រប់រូបត្រូវ​បាន​សង្រ្គោះពីសេចក្តីស្លាប់ ហើយទទួលបានត្រឡប់មកវិញនូវសិទ្ធិសេរីភាពសព្វយ៉ាងដែលមនុស្សជាតិ​ទូទៅត្រូវទទួលបាន ក្នុងភាពថ្លៃថ្នូររស់ជាមនុស្សឡើងវិញ។ ហើយប្រជាជនគ្រប់រូបពិតជាប្តេជ្ញាចូល​រួមរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានផ្លាស់ប្តូរ​ប្រទេសដ៏ក្រីក្រមួយ មកជាប្រទេសដែលមានកំរិតប្រាក់ចំណូលមធ្យមកំរិតទាប ហើយបានរំដោះភាព​ក្រីក្រ​របស់ប្រជាជនពី១០០% ពីឆ្នាំ១៩៧៩ ធ្លាក់មកសល់ត្រឹមប្រហែល៩%ក្នុងឆ្នាំ២០១៩ ក្នុងកំរិតកំណើន​សេដ្ឋកិច្ចប្រហែល៧% ក្នុងមួយឆ្នាំៗ និងបន្តភាពរឹងមាំក្នុងឆ្នាំ២០១៩នេះ។ មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច គឺ ក្រៅពីការយកចិត្តទុកដាក់លើវិស័យកសិកម្មជាអាទិភាព គឺវិស័យឧស្សាហកម្ម ទេសចរណ៍ និងសំណង់បាន​ដើរតួរ​​យ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបពីមួយឆ្នាំ​ទៅ​មួយឆ្នាំ។ ធនធានមនុស្សកំពុងត្រូវបានបណ្តុះបណ្តាលលើវិជ្ជាជីវៈគ្រប់វិស័យ គួបផ្សំនឹង​ការកសាងហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តក៏រិតតែបានបង្ករលក្ខណៈពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលឱ្យបានរីកចំរើនយ៉ាង​ប្រាកដនាពេលអនាគត។