Wednesday, January 09, 2019

ខួបទី៤០ ឆ្នាំនៃថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជន និងជាតិមាតុភូមិកម្ពុជាទាំងមូល

ទីបំផុត ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃទី៧ មករា ឆ្នាំ២០១៩ គឺមានរយៈពេល៤០ឆ្នាំគត់ដែល​ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល ត្រូវបានរំដោះចេញពីគុកឥតជញ្ជាំង ហើយគុកឥតជញ្ជាំងនេះ គឺជាពាក្យមួយមាត់ដែលបងប្អូនប្រជាជនខ្មែរដែលមានវ័យលើសពីពាក់កណ្តាលនៃជីវិតមនុស្ស​​បានយល់ដឹង​ដល់​អត្ថន័យសំដៅដល់របបកម្ពុជាប្រជាធិបតេយ្យដែលមានតែឈ្មោះ គឺជារបបប្រល័យពូជសាសន៍​ខ្មែរក្រហម​យ៉ាងប្រាកដ។ របបខ្មៅងងឹតនោះ បានឆក់យកជីវិតខ្មែរអស់ជាងបីលាននាក់ទាំងក្មេង ទាំងចាស់ ដោយគ្មាន​មូលហេតុ និងគ្មានក្តីមេត្តា ហើយប្រព័ន្ធសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំង​មូល​ត្រូវបានកំទេចចោល​ស្ទើរគ្មានសល់។ សិទិ្ធសេរីភាពជាមូលដ្ឋាន និងភាពថ្លៃថ្នូរជាមនុសុ្សត្រូវបានបំបាត់​ទាំងស្រុង។ តើអ្វីទៅជាមាតាទីពីរនៃអ្នកផ្តល់កំណើតដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជា? តើនេះមិនមែនជាការសង្គ្រោះជាតិពិតប្រាកដទេឬ? តើរណសិរ្យសាមគ្គីសង្រ្គោះជាតិជានរណា?
ថ្ងៃ​១៧ មេសា ១៩៧៥ គឺជាថ្ងៃដែលពួកឥតសាសនាចូលកាន់កាប់អំណាច ដែលខ្មែរគ្រប់គ្នាបានដឹងថា ជារបបកម្ពុជាប្រជាធិបតេយ្យ។ ការដឹកនាំក្នុងរបបនេះ គឺ គ្មានទេ សិទ្ធិសេរីជាមូលដ្ឋានរបស់មនុស្ស ហើយកម្មសិទ្ធិគ្រប់យ៉ាងរបស់ប្រជាជនខ្មែរម្នាក់ៗត្រូវបានអង្កការដកហូត។ ការដឹកនាំទាំងមូលរបស់របបកម្ពុជាប្រជាធិបតេយ្យត្រូវសម្រេចដោយអង្កការដែលមានតែឈ្មោះ គ្មានច្បាប់ គ្មានតុលាការ។ បន្ទាប់ពីបានជោគជ័យក្តាប់អំណាចក្នុងឆ្នាំ១៩៧៥ គឺ ទាំងប្រជាជនទូទៅ ក៏ដូចកម្មាភិបាល​របស់​ខ្មែរក្រហមមួយចំនួនធំ គឺ មិនតិចជាង៣លាននាក់ ត្រូវបានរបបនេះកាប់សម្លាប់យ៉ាងសាហាវ។
ក្នុងតថភាពមួយមុនថ្ងៃនៃបុព្វហេតុជោគជ័យជាប្រវត្តិសាស្រ្ត ៧មករា ១៩៧៩ គឺមិនមែនបានកើតឡើង​ដោយចៃដន្យនោះទេ តែនោះ ជាជោគជ័យមួយផ្តើមចេញពីការយកអាយុជីវិតធ្វើពលិកម្ម និងមានការគិតគូរ​យ៉ាងយកចិត្តទុកដាក់ ប្រកបដោយគ្រោះថ្នាក់បំផុតរបស់វរជនទាំងប្រាំនាក់ ដែលក្នុងនោះ មានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ។ វរជនទាំងប្រាំដែលមានលោក ហ៊ុន សែន ជាប្រមុខបានមើលឃើញពីភាពមហន្តរាយ​យ៉ាងធ្ងន់ធ្ងរកើតចេញពីការកាប់សម្លាប់របស់របបកម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្លួនជារៀងរាល់ថ្ងៃ និងមើលឃើញនូវគ្រោះថ្នាក់ដល់ជាតិ និងប្រជាជនទាំងមូល ដែលបានជំរុញឱ្យវរជនទាំងប្រាំនាក់​ដឹកនាំ​ដោយលោក ហ៊ុន សែន ក្នុងពេលនោះ ត្រូវសម្រេចចិត្តចាកចេញពីខ្មែរក្រហមប្រកប​ដោយមហាគ្រោះថ្នាក់ ក្នុងអំឡុងឆ្នាំ១៩៧៧ ហើយបានបង្កើតឱ្យមានកំលាំងតស៊ូប្រដាប់អាវុធនៃ​រណសិរ្យសាមគ្គីសង្រ្គោះជាតិ​មួយក្នុងទឹកដីវៀតណាម ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល​នៃប្រទេសវៀតណាមផងនោះ ទើបចលនាតស៊ូទាំងអស់បានរួបរួមជាកំលាំងចុងក្រោយហៅថា រណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលបានដឹកនាំផ្ទាល់ដោយលោក ហ៊ុន សែន ដើម្បីវាយរំលំរបបកម្ពុជាប្រជាធិបតេ​យ្យ និងបានរំដោះប្រជាជន និងប្រជាជាតិទាំងមូលពីការកាប់សម្លាប់នៃរបបនេះ បានទាំងស្រុង នៅថ្ងៃ៧ មករា ១៩៧៩។ ហើយ​ជាភ័ព្វសំណាង គឺ ៧ មករា  ត្រូវបានមហាជនខ្មែរទាំងមូលបានចាត់ទុកថា ជាយុគ្គនៃពន្លឺសេរីភាពសព្វ​បែបយ៉ាងបានជះរស្មី      ចិញ្ចែងចិញ្ចាំងមកលើប្រទេសកម្ពុជាសារជាថ្មីឡើងវិញ។ ខ្មែរគ្រប់រូបបានហៅ ៧ មករា ថាជាមាតាទី២ ឬជាថ្ងៃកំណើតទី២ ហើយជីវិតត្រូវបានគេចផុតពីការកាប់សម្លាប់ ជីវិតដែលរបបកម្ពុជា​ប្រជាធិបតេយ្យបានដកហូតសិទិ្ធសេរីសព្វបែបយ៉ាងរបស់មនុស្ស។
ជាការពិតប្រសិនបើគ្មាន៧ មករា គឺ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១  គ្មាន៧ មករា គឺ គ្មានរបបរាជានិយមទីពីរ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ហើយគ្មាន ៧  មករា គឺ  គ្មានសន្តិភាព និងការអភិវឌ្ឍ​បាន​ដល់សព្វថ្ងៃនេះទេ។ ៧ មករា ជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិទាំងមូល និងបាននាំយក​របបប្រជាធិបតេយ្យសេរីពហុបក្ស សិទិ្ធសេរីភាពជាមូលដ្ឋានរបស់មនុស្ស  និងភាពថ្លៃថ្នូរជាមនុស្ស ពិសេស ផ្តល់នូវភាពឥស្សរភាព វិបុលភាព    និងការរីកចម្រើនជូនដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជាឡើងវិញ។
ឆ្លងកាត់ការតស៊ូពីបាតដៃទទេ និងការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល  កម្ពុជា ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ ក្នុងនោះកម្ពុជាបានក្លាយជាសមាជិកនៃសមា​គម​ប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្នុងក្របខណ្ឌនៃអង្កការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងទ័ពមនុស្សធម៌ទៅ​កាន់បណ្តាប្រទេសនានាក្នុងពិភពលោកក្នុងកិច្ចការមនុស្សធម៌ ហើយកម្ពុជាក៏បានដើរតួរនាទីយ៉ាង​សំខាន់កិច្ចការខាងវប្បធម៌ក្នុងក្របខណ្ឌនៃអង្កយូណេស្កូ និងក្របខណ្ឌអន្តរជាតិដទៃទៀត។ល។
ប្រជាជនកម្ពុជាគ្រប់រូបបានសាទរចំពោះខួបទី៤០ នៃថ្ងៃដែលអាយុជីវិតប្រជាជនកម្ពុជា​គ្រប់រូបត្រូវ​បាន​សង្រ្គោះពីសេចក្តីស្លាប់ ហើយទទួលបានត្រឡប់មកវិញនូវសិទ្ធិសេរីភាពសព្វយ៉ាងដែលមនុស្សជាតិ​ទូទៅត្រូវទទួលបាន ក្នុងភាពថ្លៃថ្នូររស់ជាមនុស្សឡើងវិញ។ ហើយប្រជាជនគ្រប់រូបពិតជាប្តេជ្ញាចូល​រួមរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានផ្លាស់ប្តូរ​ប្រទេសដ៏ក្រីក្រមួយ មកជាប្រទេសដែលមានកំរិតប្រាក់ចំណូលមធ្យមកំរិតទាប ហើយបានរំដោះភាព​ក្រីក្រ​របស់ប្រជាជនពី១០០% ពីឆ្នាំ១៩៧៩ ធ្លាក់មកសល់ត្រឹមប្រហែល៩%ក្នុងឆ្នាំ២០១៩ ក្នុងកំរិតកំណើន​សេដ្ឋកិច្ចប្រហែល៧% ក្នុងមួយឆ្នាំៗ និងបន្តភាពរឹងមាំក្នុងឆ្នាំ២០១៩នេះ។ មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច គឺ ក្រៅពីការយកចិត្តទុកដាក់លើវិស័យកសិកម្មជាអាទិភាព គឺវិស័យឧស្សាហកម្ម ទេសចរណ៍ និងសំណង់បាន​ដើរតួរ​​យ៉ាងសំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបពីមួយឆ្នាំ​ទៅ​មួយឆ្នាំ។ ធនធានមនុស្សកំពុងត្រូវបានបណ្តុះបណ្តាលលើវិជ្ជាជីវៈគ្រប់វិស័យ គួបផ្សំនឹង​ការកសាងហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តក៏រិតតែបានបង្ករលក្ខណៈពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលឱ្យបានរីកចំរើនយ៉ាង​ប្រាកដនាពេលអនាគត។




No comments:

Post a Comment