Friday, October 19, 2018

រូបភាពពិធីបើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២







































នាយករដ្ឋមន្រ្តីចិនគាំទ្រកិច្ចប្រជុំកំពូល​អាស៊ី​ អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០​ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

បន្ទាប់ពីបានជួបអនុប្រធានគណៈកម្មការអឺរ៉ុប ទទួល បន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ រួចហើយនោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីបន្តជាមួយលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ជាបន្តទៀត។
​​ក្នុងជំនួបពិភាក្សា​គ្នានោះ លោក Li Keqiang បានមានប្រសាសន៍អបអរសាទរ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។ លោកមានប្រសាសន៍បន្តថា លោកចង់​ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ចិន កាន់តែបោះជំហានទៅមុខ​ខ្លាំង​ក្លាឡើងថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹក ជូនលោកនាយករដ្ឋមន្រ្តីចិន អំពីដំណើរនៃ​ការ​អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការដឹកនាំកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាង នៅកម្ពុជា​កាល​ពីពេលកន្លងមក។
ក្នុងជំនួបពិភាក្សាគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនលោកនាយក​រដ្ឋ​មន្រ្តីចិន ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ​២០២០​ខាងមុខ ដែលតាមរយ:នោះ លោកសូមគោរពអញ្ជើញ ​នាយករដ្ឋមន្រ្តីចិន ​ចូល​រួម​ក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះ។ ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ ភាគីទាំងពីរ​បាន​ឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងហុភាគី បញ្ហាតំបន់ ​និង​អន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខ​រដ្ឋាភិ​បាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លង​មក​ចិន​បានផ្តល់កូតា​នាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន​៣០ម៉ឺនតោន។

លោកនាយករដ្ឋមន្រ្តីចិន បានមាន​ប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូល​អាស៊ី​អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០​ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា ចិននឹងបន្ត​គាំទ្រ​ដល់​ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ទៀត៕




លោកនាយករដ្ឋមន្រ្តីរុស្ស៊ី​ ថ្លែងថា រុស្ស៊ីបង្វែរបំណុលដែលកម្ពុជាជំពាក់ទៅជាការវិនិយោគនៅកម្ពុជាព្រមទាំងផ្តល់ជំនួយបច្ចេកទេស​មួយចំនួនទៀតដល់កម្ពុជា

នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបទ្វេភាគី​ ជាមួយនាយករដ្ឋមន្ត្រីចិនរួចមក​ លោក ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ​ លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
នៅក្នុងជំនួបនេះ​ លោក​នាយករដ្ឋមន្ត្រី​ រុស្ស៊ី​ បានមានប្រសាសន៍ថា លោកពិតជា​មានការ​រីករាយដោយបានជួបលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន សារថ្មីម្តងទៀត បន្ទាប់ពីជួបលោកក្នុង​ឱកាសនៃការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ លោកបានមានប្រសា​សន៍​​បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានភាពល្អប្រសើរខ្លាំង​ណាស់ ក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជា​ឱកាសដ៏ល្អ និងមានសារ:សំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបលោក បានជួបសន្ទនា​ដោយផ្ទាល់ជាមួយលោក ហ៊ុន សែន សារជាថ្មីម្តងទៀត។
​​ក្នុងជំនួបពិភាក្សាគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរាបជូនលោកនាយករដ្ឋមន្រ្តី រុស្ស៊ី ពីការ​ដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ​២០២០ខាងមុខ និងសូមអញ្ជើញ​លោកនាយករដ្ឋមន្ត្រីរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយ:កិច្ចសន្ទនាដោយផ្ទាល់នោះដែរ លោកមានប្រ​សា​សន៍​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតជូនចំពោះលោកនាយក​រដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសា​ទរ និងជូនពរលោកដែលត្រូវបាន​តែង​តាំងជានាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត។
​​លោកនាយក​រដ្ឋ​មន្រ្តីរុស្សី​ បានមានប្រសាសន៍ថា រុស្សីតែងតែគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រទេសកម្ពុជា​។ លោកបន្តថា លោកបានជួបសន្ទនាដោយផ្ទាល់ជាមួយលោកមុនពេល ដែលកម្ពុជារៀប​ចំ​ការបោះឆ្នោត ហើយលោកបានប្រាប់ពីការបោះឆ្នោតនៅកម្ពុជា​ ហើយតាមរយៈនោះ​លោកបានបញ្ជូនអ្នក​សង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី ពិសេសសូមអរគុណចំពោះ​រុស្ស៊ីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារៈមួយចំនួនដល់ដំណើរការបោះឆ្នោតក្នុងប្រ​ទេសកម្ពុជា។ លោកក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៊ី លើការ​ប្រ​យុទ្ធ​ប្រឆាំងភេរវកម្ម តាមរយៈនេះលោកស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិ​ការ​លើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រ​ពីរុស្ស៊ី លើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយ​នឹងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជានាពេល​ខាងមុខ។
ក្នុងជំនួបទ្វេភាគីនោះដែរ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពី​បំណុល​ដែល​កម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែរបំណុលនោះ ទៅជាការវិនិយោគ​នៅកម្ពុជា។ លោកក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមាន​តម្លៃ​បំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។
​​លោកនាយករដ្ឋមន្រ្តីរូស្ស៊ីបានមានប្រសាសន៍បន្តថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង​ នៃប្រ​ទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់​ជំនួយ​មួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការ​អន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។

ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អ​សម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកក៏បានជំរាបពីការផ្តល់ជំនួយបច្ចេកទេស​មួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រុស្ស៊ីក៏មានបំណងជួយ​ដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍​រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕




ចលនាសង្គ្រោះជាតិកំពុងរៀបចំធ្វើបក្សប្រហារ ដើម្បីបណ្តុប សម រង្ស៊ី ធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិ​ជាផ្លូវការនៅខែធ្នូ

ខណៈរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះ កិត្យានុភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា​ឱ្យកាន់​តែរឹងមាំថែមនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យជម្នះ មានប្រៀបលើគ្រប់សមរភូមិទាំងក្នុង និងក្រៅប្រទេស ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងតែបែកបាក់ និងចែកផ្លូវគ្នាដើរ។ កម្លាំងនយោបាយទាំងពីរដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ដែលមានកឹម មនោវិទ្យា ជាកូនស្រីចេញ​មុខ​ដឹកនាំ​កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពល និងអាចគ្រប់គ្រងឥទ្ធិពលដាច់តែ​ឯងលើខ្មោច​គណបក្សសង្គ្រោះជាតិ។
ក្រុម សម រង្ស៊ី និយមបានព្យាយាមគ្រប់គ្រងលើសមរភូមិការទូត និងនាំមុខក្រុម កឹម មនោវិទ្យា ហើយប៉ុនប៉ង​ឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិបានស្លាប់ជាខ្មោចទៅហើយ ដែលខ្លួនធ្លាប់គ្រប់គ្រងធ្វើប្រធានឡើងវិញ​តាមរយៈ​ការធ្វើសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិនៅខែធ្នូខាងមុខ។ ប៉ុន្តែត្រូវបានក្រុម កឹម សុខា និយមវាយបកយ៉ាងចាស់ដៃ ដោយចោទក្រុមសម រង្ស៊ីថា ជាក្រុមដង្កូវក្នុងសាច់ និងជាអ្នកដែលធ្វើ​ឱ្យគណបក្សសង្គ្រោះជាតិរលាយ ហើយចលនាសង្គ្រោះជាតិដឹកនាំដោយ សម រង្ស៊ី គឺជាចលនានយោបាយ គ្មានគោលការណ៍ច្បាស់លាស់ ហើយបាននិងកំពុងអនុវត្តផែនការធ្វើបក្សប្រហារ។
ការបែកបាក់ដ៏ធ្ងន់ធ្ងរ និងការចែកផ្លូវគ្នារបស់កម្លាំងនយោបាយ សម រង្ស៊ីនិយម និងកឹម សុខានិយម នេះត្រូវបានលេចឡើងកាន់តែច្បាស់នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងព្រឹត្តិការណ៍ ២ សំខាន់គឺ ទី១)នៅឯកិច្ចប្រជុំសហភាពអន្តរសភានៅប្រទេសស្វីស សម រង្ស៊ី ប្រធានចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដែលលែងមានតួនាទីអ្វីទាក់ទងនឹងគណបក្សសង្គ្រោះជាតិ បានយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅប្រើប្រាស់ និងព្យាយាមទាញផលប្រយោជន៍នយោបាយសម្រាប់ស្វែងរក ដំណោះស្រាយ លើសំណុំរឿង​របស់ខ្លួនដែលជាប់ជំពាក់ជាមួយច្បាប់ នៅប្រទេសកម្ពុជា។
សម រង្ស៊ី គ្មានឈ្មោះក្នុងកិច្ចប្រជុំបានត្រឹមតែទៅឈរ អើតមើលកិច្ចប្រជុំក្រៅផ្លូវតែប៉ុណ្ណោះ ដើម្បីបង្អួតសកម្មជន​អ្នកគាំទ្ររបស់ខ្លួនក្នុងបំណងបង្ហាញថា ខ្លួនបានដើរតួនាទីសំខាន់ក្នុងការ ស្រោចស្រង់ និងប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ទី២) ក្រុមសម រង្ស៊ី និយមដែលកំពុងដឹកនាំ​ចលនាសង្គ្រោះជាតិ​ខុសច្បាប់ បានបន្លំប្រើប្រាស់ឈ្មោះថា ជាប្រធានសាខាគណបក្សនៅតាមប្រទេសនានា បានគ្រោងរៀបចំសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគ្រោង​នឹងធ្វើឡើង​នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅរដ្ឋចរជៀ សហរដ្ឋអាមេរិក ដោយមានតំណាងពីប្រទេស​នានា​ក្នុងពិភពលោក។ ការរៀបចំសន្និសីទនេះឡើងនេះ ទោះប្រើក្នុងលេសដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានប្រភពនានាបង្ហើបឱ្យដឹងថាគឺជាការ ធ្វើបក្សប្រហារ​ពីសំណាក់ក្រុម សម រង្ស៊ី និយមយ៉ាងច្បាស់ដែលចេញមុខដោយឈ្មោះ អ៊ុង រិទ្ធី និងលី សុខា យឹម ស៊ីណន ហៃ វណ្ណា ជុំ សេរីសុខុម ជាដើមដោយមាន សម រង្ស៊ី អេង នៅពីក្រោយខ្នង ដើម្បីលើកបន្តុបទណ្ឌិត សម រង្ស៊ី ធ្វើជាប្រធានស្របច្បាប់ឡើងវិញដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។
ទំនងដោយសារតែមើលឃើញពីសកម្មភាពក្បត់ដៃគូរបស់ខ្លួន ដូច្នេះហើយបានជាក្រុមកឹម សុខា និយមបាននាំគ្នាប្រតិកម្មតបតាមរយៈសំឡេង របស់ ហ៊ីង សុខសាន្ត ប្រធានចលនាយុវជន​ខ្មោចបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ កឹម សុខា និងកឹម មនោវិទ្យា បានបង្ហាញពីការមិនគាំទ្រលើយុទ្ធសាស្ត្រនយោបាយបែបអង្ករកំប៉ុង ឬនយោបាយកំប៉ុងជើងធូបរបស់ សម រង្ស៊ី។ លើហ្វេសប៊ុករបស់ ហ៊ីង សុខសាន្ត នៅថ្ងៃទី១៨ ខែតុលា នេះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិមិនមែនជាចលនានយោបាយបែបអាណាធិបតេយ្យ ធ្វើសកម្មភាពតាមអារម្មណ៍ និងនយោបាយច្រាសជើងឡើយ។ យើងមានផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រច្បាស់លាស់់។ ន័យនេះចង់បង្ហាញភាពខ្លាំងរបស់សង្គ្រោះជាតិ ហើយដើម្បីប្រាប់ទៅបុគ្គលក្នុងសង្គ្រោះជាតិខ្លះ កុំឱ្យធ្វើអ្វីគ្មានវិន័យ តាមអារម្មណ៍ និងអាណាធិបតេយ្យដែលនាំឱ្យប៉ះពាល់កិត្តិយស​របស់​គណបក្សសង្គ្រោះជាតិ»។
ការលើកឡើងនេះប្រៀបបាននឹងការទះកំផ្លៀង សម រង្ស៊ី និងតំណាងចលនាសង្គ្រោះជាតិ តាមបណ្តាប្រទេស​នានា​ដែលធ្វើសកម្មភាពតាមការនឹកឃើញ និងមានបំណងយកខ្មោច បក្សសង្គ្រោះជាតិទៅគ្រប់គ្រងតែឯង ខណៈ កឹម សុខា កំពុងស្ថិតស្ថានភាពដោះលែងក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការបែកបាក់គ្នារបស់ក្រុមប្រឆាំងនេះ មិនមែនត្រឹមតែ ពាក្យសម្តីទេ គឺរួមទាំងសកម្មភាពថែមទៀតផង។ ភស្តុតាងបង្ហាញយ៉ាងច្បាស់គឺ សម រង្ស៊ី និងកឹម មនោវិទ្យា ឈ្លោះគ្នាដណ្តើមឥទ្ធិពលគ្នា​ហើយជម្លោះ​នេះមាន​តាំង ពីដើម រៀងមក។ គេនៅចាំបានថា កឹម មនោវិទ្យា បានចោទធ្ងន់ៗលើសម រង្ស៊ី ថាមិនមែនជាមនុស្ស​ទទួលខុសត្រូវ និងអាងអីអាងតែរត់គេចខ្លួន ព្រមទាំងចោទ សម រង្ស៊ី ថា ដឹកនាំបក្ស ដោយប្រើប្រាស់​ឥទ្ធិពលបុគ្គលនិយម។ កឹម មនោវិទ្យា លើកឡើងថាពេលដែល សម រង្ស៊ី លាលែងពីតំណែងជា​ប្រធានបក្សសង្គ្រោះជាតិ នោះបក្សនេះនឹងមានឱកាសរៀបចំ យន្តការដឹកនាំច្បាស់លាស់ មិនស្ថិតនៅលើឥទ្ធិពលរបស់បុគ្គលដូចពីមុនឡើយ។
តាមពិតទៅ ក្រុម សម រង្ស៊ី និយម និងកឹម សុខា និយមនេះបានបែកបាក់គ្នាចាប់តាំងពីការរួបរួមគ្នា បង្កើតជា​បក្សតែមួយ នៅខែកក្កដា ឆ្នាំ២០១២ មកម៉្លេះ ព្រោះពួកគេតែងតែដណ្តើម ឥទ្ធិពលគ្នាទៅវិញទៅ​មកនៅ​ក្នុងបក្ស។ បច្ចុប្បន្ននេះពួកគេបែកបាក់ ចែកចានចែកឆ្នាំងគ្នាក្នុងផ្ទៃក្នុង ប៉ុន្តែជារូបភាពធ្វើជាថា​រួបរួមគ្នាព្រោះ​ពួកគេមិនអាចបែកចេញពីគ្នាដាច់ ដូចពីមុនឡើយព្រោះចៅហ្វាយនាយបរទេសរបស់ពួកគេមិនអនុញ្ញាត​ឱ្យចែកក្រុមបក្សពួកទៀតឡើយ។ ការបង្ហាញពីការបែកគ្នាជាពីរកាន់តែខ្លាំងគឺនៅដើមឆ្នាំ ២០១៨ នេះ ពេលដែល សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ ក្រោយពីទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិស្លាប់ ហើយមិនអាចជួយសង្គ្រោះបានទៀតឡើយ គឺត្រូវបង្កើតចលនាមួយ ដើម្បីសង្គ្រោះបក្ស និងជួយសង្គ្រោះ កឹម សុខា ពីគុក។ ឥឡូវនេះ សម រង្ស៊ី ហាក់ដូចជាបានឡើងគ្របដណ្តប់ឥទ្ធិពលកម្លាំងនយោបាយនៃ ខ្មោចបក្សសង្គ្រោះជាតិហើយពេលដែលកឹម សុខា នៅក្នុងឃុំហើយ កឹម មនោវិទ្យា មិនមានសកម្មភាពខ្លាំង។ ក្រុមទាំងពីរនេះមិនត្រឹមតែដណ្តើមអំណាច និងឥទ្ធិពលបក្សនៅក្នុងប្រទេសទេ សូម្បីនៅក្រៅប្រទេស​ក៏បាន​ប្រយុទ្ធគ្នា ដើម្បីក្តោបក្តាប់ឥទ្ធិពលនយោបាយលើគ្នាទៅវិញទៅមកដែរ។
កម្ពុជាពិតជាសំណាងណាស់ ដែលក្រុមអ្នកនយោបាយប្រឆាំងល្មោភអំណាចទាំងអស់នេះ ត្រូវបានខ្ចាត់ព្រាត់ និងបន្តការហែកហួរក្រុមគ្នាឯងនៅក្រៅប្រទេស។ កម្ពុជាពិតជាមិនត្រូវការក្រុម ជនក្បត់ជាតិទាំងនេះឡើយ។ ផែនការបំផ្លាញជាតិរបស់ពួកគេមិនទទួលបានជោគជ័យឡើយ ហើយការបំបែកបំបាក់ជាតិខ្មែរ ក៏មិនទទួល​បានជ័យជម្នះទេ គឺពួកគេបានទទួលបរាជ័យនៅគ្រប់សមរភូមិទាំងនយោបាយ ការទូត និងកម្លាំងគាំទ្រ​ពីប្រជាពលរដ្ឋ និងមានការបែកបាក់គ្នា វៃប្រហារគ្នាដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមកទៀត។ ចំណែករាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការគាំទ្រដ៏ ច្រើនលើសលុបពី​ពលរដ្ឋម្ចាស់ឆ្នោតទាំងក្នុងនិងក្រៅប្រទេស បានទទួលជោគជ័យសមិទ្ធិផលជាតិ ជាច្រើន និងបានលើក​តម្កើងមុខមាត់ជាតិ ព្រមទាំងពង្រឹងតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោកក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក ៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨
ស្រុកកំចាយមារ ខេត្តព្រៃវែង



រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងចុះកិច្ចព្រមព្រៀងចែកចាយផលិតផលត្រាក់ទ័រម៉ាក សូលីស (Solos)

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សាន់វ៉េ មានរៀបចំពិធីសម្ពោធជាផ្លូវការ និងចុះកិច្ចព្រមព្រៀង ចែកចាយផលិតផលត្រាក់ទ័រម៉ាក សូលីស (Solos) នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកឧកញ្ញ៉ា លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងនូវការចូលរួមអបអរសារទរ ជាមួយនឹងការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមហ៊ុន ម៉ែន សារុន អ៊ឹមឌី អ ខូ អិល ធី ឌី ដែលមានបំណងបោះទុនវិនិយោគក្នុងវិស័យកសិកម្ម ដោយបានសម្រេចចិត្តនាំចូល និងចែកចាយ ផ្តាច់មុខនូវត្រាក់ទ័រម៉ាក សូលីស ដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រភេទត្រាក់ទ័រ ផលិតនៅប្រទេសឥណ្ឌាដោយក្រុមហ៊ុន International Tractor Limited ដែលបានសហការជាមួយក្រុមហ៊ុនត្រាក់ទ័រជប៉ុន ម៉ាកយាន់ម៉ា ហើយមានបទពិសោធន៍លក់ និងចែកចាយនៅលើទីផ្សារបណ្តាប្រទេសចំនួនជាង ១០០ នៅលើពិភពលោក ។
លោករដ្ឋមន្រ្តី វេង សាខុន បានបន្ថែមទៀតថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនាថ្ងៃនេះ គឺបាននិងកំពុងដើរស្របជាមួយយុទ្ធសាស្រ្តថ្មី និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យជាអាទិភាពនានា ជាពិសេស ចក្ខុវិស័យវិស័យកសិកម្ម គឺប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ជាមួយនឹងការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស និងវិស័យឯកជនក្នុងស្រុក ដែលជាឧបករណ៍គន្លឹះ ដើម្បីសម្រេចបានតាមគោលដៅនៃយុទ្ធសាស្រ្តកំណើនថ្មីរបស់កម្ពុជា។
ម៉្យាងទៀតគឺបានឆ្លើយតបទៅនឹងនិន្នាការនៃការថយចុះនៃការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលយើងបានសង្កេតឃើញថាប្រជាកសិករបានភ្ជួររាស់ដោយ គោ ក្របី នៅសល់ប្រមាណតែ ៣,៦២% និងដោយគ្រឿងយន្តបានកើនឡើងរហូតដល់ប្រមាណ៩៦,៣៨%។ ទន្ទឹមនឹងនេះ តាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញយ៉ាងច្បាស់ថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកពី៨០% នៅឆ្នាំ១៩៩៣ មកត្រឹម ៦០% នៅឆ្នាំ២០០៥ និងបានបន្តធ្លាក់មកជិត៤០% នៅឆ្នាំ២០១៧ កន្លងមកនេះ។

ទន្ទឹមនឹងនេះ លោក វេង សាខុន ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ក្នុងការនាំចូលនូវគ្រឿងយន្តកសិកម្មនេះឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៅលើ៖
១) ការរិះរក និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅដល់ការបំពាក់ដល់គ្រឿងយន្តកសិកម្មបន្ថែមទៀត លើការរៀបចំដី ការសាបព្រោះពូជនិងការប្រមូលផល ដំណាំ ឲ្យមានលក្ខណៈសមស្របទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់កសិករកម្ពុជានាពេលបច្ចុប្បន្ន ស្របតាមលក្ខណៈភូមិសាស្រ្ត និងប្រភេទដីនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់នេះធ្វើឡើងស្របទៅតាមរបត់ថ្មីនៃការចូលរួមធ្វើបដិវត្តន៍ឧស្សាហកម្ម ដំណាក់កាលទី ៤ នាសម័យកាល Digital ។
២) ការប្រើប្រាស់ឲ្យបានយូ ដោយមានភាពធន់នឹងការប្រើប្រាស់ ជាមួយនឹងការផ្តល់សេវាល្អប្រសើរដល់អ្នកប្រើប្រាស់៕