Thursday, November 15, 2018

គណៈមេធាវី ព្រមានចាត់វិធានការចំពោះលោក ហ៊ាង ឫទ្ធី ដែលបន្លំខ្លួនធ្វើជាមេធាវី

លោក សួន វិសាល ប្រធានគណៈមេធាវី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា គណៈមេធាវី កំពុងពិនិត្យលទ្ធភាពដើម្បីចាត់វិធានការលើ លោក ហ៊ាង ឫទ្ធី ដែលបានបន្លំខ្លួនជាមេធាវី។ ប្រតិកម្មរបស់គណៈមេធាវី បានធ្វើឡើងបន្ទាប់ពី លោក ហ៊ាង ឫទ្ធី អតីតប្រធានគណបក្សសំបុកឃ្មុំ បានប្រើប្រាស់តួនាទីជាមេធាវី នៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលលោកមិនមែនជាមេធាវី ដែលមានឈ្មោះ នៅក្នុងបញ្ជីគណៈមេធាវីនោះឡើយ។
លោក សួន វិសាល បានអះអាងថា លោក ហ៊ាង ឫទ្ធី អាចកំពុងធ្វើខុសនឹងច្បាប់បើសិនរកឃើញថា លោកក្លែងបន្លំជាមេធាវី។ លោកអះអាងថា ជនដែលក្លែងបន្លំជាមេធាវីអាចរកការពិន័យ និងខុសនឹងច្បាប់ព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបញ្ជាក់ថា មេធាវីដែលស្របច្បាប់ម្នាក់ លុះត្រាតែឆ្លងកាត់ការប្រឡង និងការពិនិត្យលក្ខណៈសម្បត្តិពីក្រុមប្រឹក្សាមេធាវី ហើយឈ្មោះរបស់គាត់ត្រូវបញ្ចូលទៅក្នុងបញ្ជីគណៈមេធាវី។
សូមបញ្ជាក់ថា ប្រតិកម្មរបស់គណៈមេធាវី ចំពោះលោក ហ៊ាង ឫទ្ធីនេះ ក៏បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានហៅ លោក ហ៊ាង ឫទ្ធី ថាជា «បណ្ឌិតមេធាវី ហ៊ាង ឫទ្ធី» ផងដែរ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេ​ញមកប្រដៅ អ្នកច្បាប់ម្នាក់ឈ្មោះ ហ៊ាង ឫទ្ធី ដែលមិនយល់ច្បាស់អំពីច្បាប់ពាក់ព័ន្ធនឹងនីតិវិធីតុលាការក្នុងការដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌកំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរ ក្នុងការសម្រេចដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោក ហ៊ាង ប្ញទ្ធី មើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ !»។ ប្រតិកម្មអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទា​ប់ពីលោក​ ហ៊ាង ឫទ្ធី តាមរយៈកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី បានរិះគន់ចំ​ពោះ​ចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ៕



នាយករដ្ឋមន្រ្តីសិង្ហបុរី រៀបចំ​ពិធី​លៀងសាយភោជន៍​ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនបណ្តាមេដឹកនាំអាស៊ាន​

នៅរាត្រីថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងលោកស្រី បានប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់របស់អាស៊ាន ព្រមទាំងរដ្ឋមន្រ្តីអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅសាធារណរដ្ឋសិង្ហបុរី។
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ មានប្រសាសន៍ថា យើងបានចំណាយពេលវេលាដ៏យូរ ក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយកាលពីឆ្នាំ២០១៥ ហើយសម្រាប់អនាគតទៅមុខយើងនឹងខិតខំរួមគ្នាបន្តទៀត យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីអនាគតដ៏រុងរឿងរបស់តំបន់ ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។
លោក​ លី​ ស៊ានឡុង​ បានមានប្រសាសន៍បន្តទៀតថា ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន យើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅព្រឹកថ្ងៃទី២៨មេសា ដើម្បីបម្រើប្រយោជន៍តំបន់​ និងប្រជាជននៃយើងទាំងអស់គ្នា។ បណ្តាមេដឹកនាំទាំងអស់ ក៏បានតាមដានទស្សនានូវរបាំចម្រៀង របស់ក្រុមសិល្បៈមហាជន របស់ប្រទេសសិង្ហបុរីផងដែរ។
លោក លី ស៊ានឡុង ក៏បានថ្លែងទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីលៀង សាយភោជន៍ជាមហាកិត្តិយសនោះថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលសិង្ហបុរីសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ក្នុងរយៈពេល១ឆ្នាំកន្លងមក ក្នុងនាមជាប្រធាន អាស៊ានប្តូរវេន។ លោកក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនបណ្តាមេដឹកនាំទាំងអស់ ទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងបុព្វហេតុនៃការបម្រើប្រទេស​ និងប្រជាជនទាំងអស់ ទាំងនៅក្នុងតំបន់​ និងក្រៅតំបន់ ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២០

នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង​ និងអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវការតស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដ៏មានសារសំខាន់នេះ។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបាន ឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ក្នុងរយៈ​ពេល៤៥ ឆ្នាំកន្លងមក។
ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍ និងគាំទ្រចំពោះការចេញ ផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួប លើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួល ផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែល ត្រូវបានអនុម័តកាលពីខែសីហាឆ្នាំ២០១៧ ឲ្យបានពេញ លេញ និងប្រកបដោយប្រសិទ្ធភាពសំដៅ ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងជប៉ុន បានសំដែងនូវការរីករាយដោយបានឃើញកំណើន នៃទំហំពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់ រហូតដល់ ២១៧,៩ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន។
ដូចគ្នា និងបណ្តាមេដឹកនាំអាស៊ានដទៃ​ទៀតនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្មារតីនៃការបង្កើនទំហំ ក៏ដូចជាពង្រីកវិសាលភាពនៃពាណិជ្ជកម្មអាស៊ាន ជប៉ុន កម្ពុជាសូមស្វាគមន៍ការចុះហត្ថលេខាលើពិធី​សារទី១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រម​ព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំ ទូលាយរវាងអាស៊ាន និងជប៉ុន។
លើសពីនោះទៅទៀត កម្ពុជាសូមវាយ​តម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងការកសាង សហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ាន តាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្ត ផែនការមេតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាត់អភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសការគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងការលើកកម្ពស់ទំនា​ក់ទំនងរវាងប្រជាជន និងប្រជាជន។
ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន ក៏បានកោតសរសើរចំពោះការគាំទ្ររបស់ ជប៉ុន ដល់មជ្ឈភាពអាស៊ាន និងបានកត់ សំគាល់នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីក បើកទូលាយ និងចំហរបស់ជប៉ុន ព្រម ទាំងបានលើកទឹកចិត្តឲ្យបន្តកិច្ចសន្ទនា ដើម្បីបង្កើតការយោគយល់ឲ្យកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១នោះដែរ មេដឹកនាំនៃប្រទេសអាស៊ាន ជប៉ុន បានឯកភាពគ្នា ក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១។ សេចក្តីប្រកាសរួមកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៤៥ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន។ របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃការអនុវត្ត សេចក្តីថ្លែងការចក្ខុវិស័យ អំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន និងពិធីសារទី១ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋ កិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន៕





ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយ​មានសារសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ី ក្លាយជាប៉ូលសេដ្ឋកិច្ចស្នូល

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូល រួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានធ្វើការអបអរសាទរដល់បណ្តារដ្ឋមន្រ្តី នៃប្រទេស ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាននូវលទ្ធផលជាដុំកំភួន ក្នុងការឈានទៅបង្កើត តំបន់ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក។
មេដឹកនាំទាំងអស់ក៏បានចាត់ទុកដែរថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច សកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។
ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះ ពារនូវឧបសគ្គតាមវិស័យនីមួយៗ ឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ ដោយថ្នាក់ដឹកនាំនៃប្រទេស សេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋាន មួយចំនួន និងត្រូវផ្តល់នូវការ សម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀត ក៏ដោយ។​ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទាំងអស់ថា កិច្ចព្រមព្រៀង នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមាន លក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។
មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ច តំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍ រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ៕




កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការតម្លើងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញ ចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ ជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្សី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី​លើកទី៣ ដ៏មានសារសំខាន់នេះ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថា វត្តមានរបស់លោកប្រធានាធិបតី រុស្ស៊ី​ មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្ស៉ី ចំពោះទំនាក់ទំនង អាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរិតចំណងទាក់ទងនេះ ឲ្យកាន់តែស្អិតរមួត​ និងស៊ីជំរៅថែមទៀត។
ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន រុស្សី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុងសូឈី សហព័ន្ធរុស្សី។ សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ អាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន​ និងជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា កម្ពុជាយល់ឃើញថាគួររៀបចំឲ្យមាននូវ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្សី ឲ្យបានទៀងទាត់ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។ ក្នុងស្មារតីនេះ​ កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការតម្លើង ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត។ ជាមួយ​ និងភាពមិនប្រាកដប្រជា ពីឥទ្ធិពលនៃ សង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធលទ្ធផលរួមនៃតំបន់ពាណិជ្ជកម្ម សេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអីរ៉ាស៊ី គួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ នេះដែរ មេដឹកនាំអាស៊ាន​ និងរុស្សី បានឯកភាពគ្នាឈាន ទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព័ត៌មាន ទំនាក់ទំនង​ និងបច្ចេកវិទ្យា និងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ឆ្លុះ បញ្ចាំងអំពីវឌ្ឍនភាព ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ២០១៦-២០២០។
អនុស្សារណៈ នៃការយោគយល់គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ណ្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សារណៈនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (អឺរ៉ាស៊ី-Eurasain) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាន និងអឺរ៉ុប បានយាងនិងអញ្ជើញជា សាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ាន ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការនៃ គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ៕





ប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក ត្រូវបានមេដឹកនាំអាស៊ានយកមកពិភាក្សាក្នុងឱកាសពិសារអាហារការងារ

កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីពិសារអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​លោក ចាសស្ទីន ទ្រូដូ (Justin Tru deanu) នាយករដ្ឋមន្រ្តីកាណាដា លោក សេបាសស្ទៀន ពីណេរ៉ា(Seba-Stian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកស្រី គ្រីស្ទីន ឡាហាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលបានឆ្លើយតបការអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
មេដឹកនាំអាស៊ានក៏បានចាត់ទុកថា នេះគឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោម​ប្រធានបទមួយ​ប្រកបដោយសារសំខាន់ណាស់សម្រាប់តំបន់ និងសកល នៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។
ជាក់ស្តែងការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម បាននិងកំពុងតែដាក់ សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍។ ក្នុងបរិកាណ៍នេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើ​សមាហរណកម្មសេដ្ឋ កិច្ចក្នុងតំបន់ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី។
តួយ៉ាអាស៊ានបាន ខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការជំរុញសម្រេចឲ្យបាននូវ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ ដែលនោះគឺជាសក្ខីកម្មនៃការប្តេជ្ញាចិត្តមួយរបស់អាស៊ាន ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំទាំងអស់ បានឯកភាពគ្នា ក្នុងការចេញសេចក្តីប្រកាសរបស់​ប្រធានកិច្ចប្រជុំអាហារថ្ងៃត្រង់ ដែលរៀបចំ ដោយលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕



(សូមទស្សនាវីដេអូ)៖ មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រិះគន់អំពើអគុណធម៌របស់ទណ្ឌិត សម រង្ស៉ី ដែលយកអតីតគូសត្រូវរបស់ខ្លួន គឺលោកកឹម សុខា ធ្វើជាល្បែងភ្នាល់

(សូមទស្សនាវីដេអូ) ទស្សនៈមិត្តអ្នកអាន៖ បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ!

លោក សម រង្ស៊ី កំពុងបំភ័ន្តសាធារណជន ជាពិសេសអន្តរជាតិ ក្នុងខ្លឹមសារអត្ថបទអង់គ្លេស ដោយមិនបញ្ជាក់ថា «នឹងចូលឱ្យចាប់ខ្លួនបើភ្នាល់ចាញ់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»

ការដែល សម រង្ស៊ី បានយកសិទ្ធិសេរីភាពរបស់លោក កឹម សុខា ជាដៃគូនយោបាយរយៈពេល៥ឆ្នាំ ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នានាថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ហើយពួកគេក៏កំពុងរង់ចាំមើលលទ្ធផល និងការអនុវត្តទៅតាមការភ្នាល់គ្នារវាងអ្នកនយោបាយទាំងពីរ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធ្វើការសង្កេតមើលឱ្យម៉ត់ចត់ ទៅលើខ្លឹមសារភាសាអង់គ្លេសរបស់ លោក សម រង្ស៊ី ដែលបង្ហោះនៅលើ Facebook របស់លោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលដាក់ថា «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?» ដែលនៅក្នុងខ្លឹមសារជាភាសាខ្មែរ លោក សម រង្ស៊ី បានលើកឡើងថា បើខ្លួនចាញ់ខ្លួននឹងចូលឱ្យចាប់ខ្លួនតាមច្បាប់ ប៉ុន្តែនៅក្នុង
ខ្លឹមសារជាភាសាអង់គ្លេស សម រង្ស៊ី មិនបានដាក់ថា «នឹងចូលឱ្យចាប់ខ្លួន បើសិនភ្នាល់ចាញ់លោក ហ៊ុន សែន លើរឿងដោះលែង កឹម សុខា» ដូចអត្ថបទខ្លឹមសារភាសាខ្មែរនោះទេ។
ក្រុមអ្នកលេង Facebook និងអ្នកតាមដាននយោបាយបានលើកឡើងថា លោក សម រង្ស៊ី ពេលនេះកំពុងបំភ័ន្តដល់អន្តរជាតិអំពីការភ្នាល់របស់លោក ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែនៅក្នុងអត្ថបទខ្លឹមសារជាភាសាខ្មែរ និងភាសាអង់គ្លេស មិនដូចគ្នា។ ពួកគេអះអាងថា ការដែលមិនរំលេចថា «នឹងចូលឱ្យចាប់ខ្លួន បើចាញ់ការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន» នៅក្នុងខ្លឹមសារជាភាសាអង់គ្លេស នោះក៏ដោយសារតែ លោក សម រង្ស៊ី ខ្លាចខ្មាស់អន្តរជាតិ ដែលតាមដានព្រឹត្តិការណ៍នេះ បើសិនជាខ្លួនចាញ់លោក ហ៊ុន សែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោក សម រង្ស៊ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខា នោះ លោក សម រង្ស៊ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឱ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។
ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ លោកបានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឱ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។
ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងបក្ខពួករបស់ លោក កឹម សុខា បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលចាត់ទុក លោក កឹម សុខា ជាឧបករណ៍នយោបាយ ហើយយកធ្វើជាកម្មវត្ថុក្នុងការភ្នាល់នេះ ដោយមិនបានចាត់ទុកលោក កឹម សុខា គឺជាដៃគូនយោបាយនោះទេ។ យ៉ាងណាក៏ដោយ ក្នុងការភ្នាល់នេះ ក្រុមអ្នកច្បាប់បានមើលឃើញជាមុនបាត់ទៅហើយថា លោក សម រង្ស៊ី អាចនឹងត្រូវចាញ់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការភ្នាល់នាពេលនេះ។ តែអ្វីដែលពួកគេបារម្ភ គឺទណ្ឌិតរូបនេះ មិនហ៊ានទទួលស្គាល់ការចាញ់ និងស្ម័គ្រចិត្តដើរចូលពន្ធនាគារអនុវត្តទោស ដូចអ្វីដែលរូបលោកប្រកាសឡើយ៕


អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងមេធាវីប្រឆាំងមួយរូបសិក្សាស្វែងយល់ឱ្យបានច្បាស់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកទៅកាន់វិទ្យុអាស៊ីសេរី និងមេធាវីមួយរូបដែលមាននិន្នាការទៅខាងក្រុមប្រឆាំងថា សូមឱ្យសិក្សាស្វែងយល់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌដែលបានចែងថា « ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា ប្រសិនបើជនត្រូវចោទនេះ ត្រូវបានចោទប្រកាន់អំពីបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ ការត្រួតពិនិត្យតាមផ្លូវតុលាការ មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឱ្យគោរពកាតព្វកិច្ចមួយឬច្រើនដូចតទៅ៖
១- មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ។ ២- …….»។
លោក គឹម សន្តិភាព បានសរសេរនៅក្នុងហ្វេសប៊ុកថា៖ « សូមបញ្ជាក់ជូនRFA និងលោកបណ្ឌិតមេធាវី! បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌកំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរក្នុងការសម្រេចដាក់អោយជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោកបណ្ឌិតមេធាវីមើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកបណ្ឌិតមេធាវីចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ! សូមលោកបណ្ឌិតមេធាវីកុំតាំងខ្លួនតាមការបញ្ជោររបស់RFA ជាអ្នកវិភាគស្អីគេនោះ ឈប់បានឈប់ទៅ! ប្រសិនបើFRA ខ្វះអ្នកវិភាគផ្នែកច្បាប់អោយបានត្រឹមត្រូវបែបនេះ អាចទាក់ទងទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើមេធាវីដែលមានសមត្ថភាពមកវិភាគផ្នែកច្បាប់ជូន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរី លោកបណ្ឌិតមេធាវី ហៀង ឬទ្ធី បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា តាមដីកា កាលណាគេដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពចេញពីពន្ធនាគារហើយ គេមិនដែលមានដាក់ឃុំក្នុងផ្ទះនោះទេ ប៉ុន្តែគេគ្រាន់តែមានកម្រិតមួយថា ឱ្យជនជាប់ចោទត្រូវមកបង្ហាញខ្លួននៅមុខចៅក្រមឬតុលាការមួយខែម្តងៗ។
គួរបញ្ជាក់ថា នៅក្នុងខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ការត្រួតពិនិត្យតាមផ្លូវតុលាការ មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឱ្យគោរពកាតព្វកិច្ចមួយឬច្រើនដែលចំណុចមួយដែលសំខាន់នោះ គឺ «មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ»៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២០ ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពី ទំនាក់ទំនងអាស៊ានសាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖
ទី១- កម្ពុជាសូមស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជា ក៏ បានកត់សំគាល់ដោយក្តីរីករាយនូវ បំណងតម្លើងកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ ទៅជា កិច្ចប្រជុំកំពូលហើយ រៀបចំកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេលជាមួយ នឹងកិច្ចប្រជុំរំលឹក ខួបអនុស្សាវរីយ៍លើក ទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ។ កម្ពុជា និងបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយ និងបណ្តាប្រទេស សមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផល ប្រកបដោយផ្លែផ្កាសំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។
ទី២- កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗ ទៀត នៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំពន់យើងទាំងពីរ ក៏ដូចជាប្រជា ជនជារួម និង
ទី៣- កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។ ការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យូងយ៉ាងទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការលើកទឹកចិត្តនិងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា ការវិវឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការឈានទៅសម្រេចបានសន្តិភាពអចិន្រៃ្តយ៍ និងការ រំសាយអាវុធនុយក្លែអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០នោះដែរ កិច្ចប្រជុំបាន ឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្ត ផែនការសកម្មភាពអាស៊ាន សាធារណរដ្ឋកូរ៉េដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ២០១៦-២០២០៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២១

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីរួចហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលកិច្ចប្រជុំនេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍លើប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគតបានបានធ្វើការគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបាន របស់អាស៊ាន ទោះស្ថិតក្នុងកាលៈទេសៈនិងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់។ នៅក្នុងបទអន្តារាគមន៍នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ក្នុងនោះរួមមាន៖
ទី១- កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវចក្ខុវិស័យយន្តការ និងទិសដៅខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។
ទី២- កម្ពុជាសូមស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ដោយសង្ឃឹមថា សមាជិកអាស៊ាននិងចិននឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាពនិងគម្រោងនានាពាក់ព័ន្ធនិងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យជាពិសេសរួមចំណែកដល់ការកសាងជំនឿនិងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជន និង ប្រជាជន។
ទី៣- កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធនឹងវិស័យតភ្ជាប់ និងការបន្តគាំទ្ររបស់ចិន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នានិងការបំពេញឱ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយ របស់ចិន និង
ទី៤- កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងអាស៊ាននិងចិនឱ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន របាយការណ៍ វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ រួមស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិង វិបុលភាព។ បញ្ជីសកម្មភាព សម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជី សកម្មភាពសម្រាប់ឆ្នាំ នៃនវានុវត្តន៍អាស៊ាន-ចិន៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលីក្នុងពិធីពិសារអាហារការងារពេលព្រឹក

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ក្នុងពិធីពិសារអាហារការងារពេលព្រឹក។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស្កុត ម៉ូសីស សុន (Scott Morrison) ដែលទទួលបានការជ្រើសតាំងជានាយករដ្ឋ មន្រ្តីថ្មីរបស់ប្រទេសអូស្រ្តាលី និងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី នាពេលនេះ។ មេដឹកនាំនៃប្រទេសអាស៊ានក៏បានធ្វើការកត់សំគាល់នូវលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ដែលយើងទាំងអស់គ្នា ត្រូវបន្តជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត។
មេដឹកនាំនៃប្រទេសអាស៊ាន និងអូស្រ្តាលី មានសេចក្តីរំភើបចំពោះកំណើននៃទំហំពាណិជ្ជកម្ម រវាងតំបន់ទាំងពីរដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្រ្តាលី មានទំហំ ៥៩ប៊ីលានដុល្លាអាមេរិក កើនជាង១១,៧% ប្រៀបធៀបនិងឆ្នាំ២០១៦ ហើយការវិនិយោគ ដោយផ្ទាល់របស់អូស្រ្តាលីមកកាន់តំបន់អាស៊ានកើនឡើងប្រមាណ ៣៣,៤%។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្រ្តាលី បន្តជំរុញនិងគាំទ្របន្ថែមទៀតតាមរយៈការលើកកម្ពស់សកម្មភាពនៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណៈ និងឯកជន ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។ នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនោះដែរ បណ្តាមេដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្រ្តាលីដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីលើកកម្ពស់ថែមទៀតនូវការតភ្ជាប់រវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្រ្តាលី មកសិក្សានិងអនុវត្តការងារនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-អូស្រ្តាលី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ អាស៊ាន-អូស្រ្តាលី ពិសេសការ ជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការតភ្ជាប់ពីគ្រប់ផ្នែកទាំងអស់រវាងអាស៊ាននិងអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះដែរ កិច្ចប្រជុំ បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ និងពិធីទទួលទានអាហារការងារពេលព្រឹកនៃមេ ដឹកនាំអាស៊ាន-អូស្រ្តាលី៕




មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រិះគន់អំពើអគុណធម៌របស់ទណ្ឌិត សម រង្ស៉ី ដែលយកអតីតគូសត្រូវរបស់ខ្លួន គឺលោកកឹម សុខា ធ្វើជាល្បែងភ្នាល់

លោក គង់ បូរ៉ា កូនប្រុសបង្កើតរបស់លោក គង់ គាំ អតីតតំណាងរាស្រ្តខ្មោចបក្សសង្រ្គោះជាតិ បានផ្ញើសារ​លើបណ្តាញផ្សព្វផ្សាយសង្គម ហាក់បីដូចជាចង់ប្រដៅទៅ ទណ្ឌិត សម រង្ស៊ី ដែលធ្លាប់ជាមេរបស់ខ្លួន ថា បានយកសេរីភាព និងជីវិតនយោបាយរបស់ លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់ ដែលទង្វើនោះ លោកថា ជាអំពើមិនសមរម្យ។ មិនត្រឹមតែប្រដៅចំពោះលោក សម រង្ស៊ីប៉ុណ្ណោះទេ លោក គង់ បូរ៉ា ក៏បានឆ្លៀតទះកំផ្លៀងអតីតគូជម្លោះរបស់ខ្លួន គឺលោក អេង ឆៃអ៊ាងផងដែរថាជាអ្នកញៀនល្បែង ស្រីញី និងវក់ជាមួយនឹងការភ្នាល់ ញុះញង់ និងមេគំនិតនៅពីក្រោយការជំរុញឲ្យ សម រង្ស៊ី ហ៊ានភ្នាល់ជាមួយលោក ហ៊ុន សែន ។ ប៉ុន្តែ ទោះយ៉ាងណា លោក គង់ បូរ៉ា បានចំអកដល់មនុស្សមួយចំនួនថា បានចាញ់បោក លោក សម រង្ស៉ី ក្នុងរឿងនេះ ដោយសង្ឃឹមថា អតីតគណបក្សសង្រ្គោះជាតិ នឹងរស់ឡើងវិញ។
ដោយឡែក លោក សុខ សុវណ្ណ វឌ្ឍនាសាពង្ស ប្រធានគណបក្សខ្មែរក្រោក (KRP) យល់ថា ទង្វើរបស់លោកសម រង្ស៊ី ដែលបានបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកជីវិតវាសនានយោបាយលោក កឹម សុខា មកភ្នាល់បែបនេះវាជាភាព «អសីលធម៌នយោបាយ» ហើយលោកបានបន្ថែមថា ការបកស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលគឺជារឿងត្រឹមត្រូវដោយសារលោកពុំមានបុព្វសិទ្ធិក្នុងការស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រឡើយ បើសាលក្រមមិនទាន់ស្ថាពរ។
កាលពីពេលកន្លងទៅនេះ លោក ហ៊ុន កុសល ដែលជាអ្នកគាំទ្រសកម្មមួយលើលោក សម រង្ស៉ី កន្លងមក ក៏បានចេញមុខប្រឆាំងនឹងយុទ្ធសាស្រ្តចុងក្រោយរបស់ លោក សម រង្ស៉ី ដែលបានយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុនៃការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ប៉ុន្តែលោកថា លោកប្រកាន់ជំហរ មិនគាំទ្រសារនយោបាយរបស់លោក សម រង្ស៊ីជាដាច់ខាត ដែលបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នាដាក់សេរីភាពព្រោះធ្វើឱ្យប៉ះពាល់ស្មារតីសាមគ្គីរបស់បក្សសង្រ្គោះជាតិ។ និងបានប្រកាសជំទាស់ជាមួយ លោក សម រង្ស៊ី ហើយចាត់ទុកថា យុទ្ធសាស្រ្តភ្នាល់ គឺជាយុទ្ធសាស្រ្តខុសឆ្គង»។
គួរបញ្ជាក់ថា លោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឱ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ។ ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង ដោយបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឱ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។
ការដាក់ចេញយុទ្ធសាស្រ្តភ្នាល់របស់ លោក សម រង្ស៉ី បានធ្វើឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពី អ្នកគាំទ្ររបស់ លោក កឹម សុខា នៅឯក្រៅ និងក្នុងប្រទេស ដែលក្នុងនោះមានទាំងក្រុមគ្រួសាររបស់លោក និងមេធាវីរបស់លោកថែមទៀតផង។ បើតាមអ្នកច្បាប់ ស្ថិតក្នុងដំណាក់កាលនេះ នាយករដ្ឋមន្រ្តី ពុំមានសិទ្ធិសម្រេចស្នើលើកលែងទោសដល់លោក កឹម សុខានោះទេ ដោយសារតែលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត មិនទាន់ក្លាយទៅជាទណ្ឌិត ដែលមានសាលក្រមស្ថាពរ ឬដែលត្រូវស្នើទៅព្រះមហាក្រត្សដើម្បីការលើកលែងទោសបានឡើយ៕

យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងផ្តល់កិច្ចសម្ភាសដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មនុស្សដែលចូលចិត្តវាយប្រហារលោក គឺគេអត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយនិងផ្លូវច្បាប់ដែលរូបលោកបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់លោក តែពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ លោក ហ៊ុន សែន បន្តថា «ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជិវិតនយោបាយ ដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់»។
គួរបញ្ជាក់ថាការប្រកាសផ្តាំផ្ញើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលមាននិន្នាការប្រឆាំងបែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់ និងមេធាវីទាំងនោះ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី​ នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ការមិនដោះលែងលោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទាគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវ នូវភាសារបស់នាយករដ្ឋមន្ត្រី»៕

កូនប្រុសលោក គង់ គាំ ដាស់តឿន សម រង្ស៉ី កុំឱ្យជឿលើបុគ្គលកំពូលតណ្ហាក្រាស់ និងកំពូលល្បែងពាលា

លោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលជាកូនប្រុសម្នាក់ទៀតរបស់ លោក គង់ គាំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញមុខដាស់តឿន លោក សម រង្ស៉ី កុំឱ្យជឿលើបុគ្គលកំពូលតណ្ហាក្រាស និងកំពូលល្បែងពាលាដែលបង្កប់ខ្លួននៅជាមួយរូបលោករហូតដល់ធ្វើឱ្យគណបក្សសង្រ្គោះជាតិរំលំរលាយ។
លោក គង់ បូរ៉ា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំអ្នក សម រង្ស៉ី និយម គ្រាន់តែដាស់សម្បជញ្ញៈ លោកប្រធាន សម រង្ស៉ី កុំជឿលើបុគ្គលមេដឹកនាំកំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ដែលផ្តុំគ្នាជុំវិញលោកប្រធាន សម រង្ស៉ី ហើយធ្វើឱ្យគណបក្សសង្រ្គោះជាតិ ត្រូវបានរលាយ»។
លោក គង់ បូរ៉ា នាពេលកន្លងទៅ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងដាក់លោក អេង ឆៃអ៊ាង ដែលបានហៅឪពុករបស់លោក គឺលោក គង់ គាំ ថាបានផ្លាស់ប្តូរនយោបាយ ព្រោះតែប្រយោជន៍របស់ខ្លួន។ ជាមួយគ្នានេះលោកក៏ធ្លាប់បានបង្ហាញជំហរគាំទ្រដល់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយប្អូនប្រុសរបស់លោកផងដែរ។ លោក គង់ បូរ៉ា បានបន្តទៀតថា «សម្រាប់ខ្ញុំ ខ្ញុំនៅតែប្រកាន់យកឧត្តមគតិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមនឹងការរិះគន់ដាស់តឿនដល់មេចាស់របស់ខ្លួន ដែលកំពុងយកសេរីភាព និងជីវិតនយោបាយរបស់ លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់នោះ លោក គង់ បូរ៉ា ក៏បានចំអកដល់អ្នកដែលចាញ់បោក លោក សម រង្ស៉ី ហើយស្មោះស្ម័គ្រ នឹងអតីតគណបក្សសង្រ្គោះជាតិ ដែលពួកគេសង្ឃឹមថាបក្សនេះនឹងរស់ឡើងវិញ។ លោក គង់ បូរ៉ា បាន Comment តបទៅបុរសម្នាក់ ដែលទំនងជាសមាជិករបស់ក្រុមប្រឆាំង ដែលងប់ងល់នឹងមនោគមន៍វិជ្ជារបស់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រឹងរកស៊ី ចិញ្ចឹម កូនៗ ទៅ ចាំគេកើតមកវិញ ចាំទៅបម្រើគេទៀត មិនទាន់ហួសពេលទេ»៕
ប្រភព៖ Fresh News

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន»

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។
ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ លោក លី ស៊ានឡុង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាស៊ានដែលមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា រួមទាំងការរៀបចំកិច្ចប្រជុំអាស៊ាននានា ដូចជាអាស៊ានបូកបី និង EAS ជាដើម។ នៅថ្ងៃនេះអាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ានកំពុងមានភាពភ្លឺស្វាង។ នៅពេលនេះគឺយើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗដោយផ្អែកលើយុទ្ធសាស្រ្តថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងបានផ្លាស់ប្ដូរទម្លាប់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងរបស់យើង រួមមានទាំងការវាយប្រហារតាមព័ត៌មានវិទ្យាទៀតផង។ ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់របស់យើងផងដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់ជាតិសាសន៍នានា និង សាសនាជាច្រើននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។
លោក លី ស៊ានឡុង បានបន្តថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យបណ្ដាប្រទេសអាស៊ានមួយចំនួនងាយរងគ្រោះនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការកើនឡើងសីតុណ្ហភាព និងកំដៅផែនដីកំពុងបង្កផលប៉ះពាល់ជាមួយនឹងការបង្កជាជំងឺតំបន់ត្រូពិចដែលគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជន។ ទាំងអស់នេះមានន័យថាកិច្ចសហប្រតិបត្តិការពហុភាគីគឺមានសារៈសំខាន់ និងជាបន្ទាន់បំផុតជាងពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះគឺមានភាពស្មុគស្មាញនឹងមិនធ្លាប់មាន ហើយដំណោះ ស្រាយក៏មិនមានប្រទេសណាដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបាននៅឡើយដែរ។ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។ នេះហើយគឺមូលហេតុរុញឱ្យប្រទេសសិង្ហបុរីជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់អាស៊ានរបស់យើង។
នាយករដ្ឋមន្រ្តីសិង្ហបុរី មានក្តីរំភើបយ៉ាងខ្លាំងដែលក្នុងអាណត្តិជាប្រធាន គឺប្រទេសសមាជិកទាំងអស់បានអនុវត្តន៍ទ្វេឡើងនូវកិច្ចខិតខំប្រឹងប្រែងដែលបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផលនៃការរួបរួម ប្រសិទ្ធភាព និងសម្ព័ន្ធភាពក្នុងនាមជាអាស៊ាន។ ទន្ទឹមនឹងនោះដែរ អាស៊ានបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់កិច្ចចរចានានាទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុងនៃបណ្តាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សាយភ្ជាប់គ្នា ចែក រំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នាដើម្បីលើកស្ទួយគុណភាពរស់នៅដែលជាប្រយោជន៍របស់ប្រជាជន។
លោកបានបន្ថែមថា យើងបានពង្រឹងមូលដ្ឋានសម្រាប់បរិស្ថានតំបន់ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាននៃសន្ធិសញ្ញាបណ្តោះអាសន្នជាគំរូរបស់អាស៊ាន។ យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធើណេត និងការប្រែប្រួលអាកាសធាតុ។ លទ្ធផលទាំងនេះបង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ាន ចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចំរើន និងស្ថេរភាពនៃតំបន់។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នោះដែរ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានអញ្ជើញជូនរង្វាន់ដល់ជ័យលាភី តម្លៃប្រមាណ ២ម៉ឺន៥ពាន់ដុល្លា ដល់តំណាងអង្គការថែរក្សាកុមារអន់សតិក្នុងប្រទេសហ្វីលីពីន។ បន្ទាប់មក មេដឹកនាំអាស៊ានទាំងអស់ក៏បានថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ។
សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានអញ្ជើញតាមដានស្តាប់នូវបទបង្ហាញដោយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងបានអញ្ជើញបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៣ និងពិធីពិសារភោជនាហារការងារពេលល្ងាចដែលបានរៀបចំដោយលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕