Thursday, November 15, 2018

ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយ​មានសារសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចតំបន់អាស៊ី ក្លាយជាប៉ូលសេដ្ឋកិច្ចស្នូល

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូល រួមកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានធ្វើការអបអរសាទរដល់បណ្តារដ្ឋមន្រ្តី នៃប្រទេស ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាននូវលទ្ធផលជាដុំកំភួន ក្នុងការឈានទៅបង្កើត តំបន់ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក។
មេដឹកនាំទាំងអស់ក៏បានចាត់ទុកដែរថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច សកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។
ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះ ពារនូវឧបសគ្គតាមវិស័យនីមួយៗ ឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ ដោយថ្នាក់ដឹកនាំនៃប្រទេស សេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋាន មួយចំនួន និងត្រូវផ្តល់នូវការ សម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀត ក៏ដោយ។​ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទាំងអស់ថា កិច្ចព្រមព្រៀង នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមាន លក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។
មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ច តំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍ រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ៕




No comments:

Post a Comment