Thursday, November 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២១

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីរួចហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលកិច្ចប្រជុំនេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍លើប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគតបានបានធ្វើការគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបាន របស់អាស៊ាន ទោះស្ថិតក្នុងកាលៈទេសៈនិងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់។ នៅក្នុងបទអន្តារាគមន៍នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ក្នុងនោះរួមមាន៖
ទី១- កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវចក្ខុវិស័យយន្តការ និងទិសដៅខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។
ទី២- កម្ពុជាសូមស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ដោយសង្ឃឹមថា សមាជិកអាស៊ាននិងចិននឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាពនិងគម្រោងនានាពាក់ព័ន្ធនិងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យជាពិសេសរួមចំណែកដល់ការកសាងជំនឿនិងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជន និង ប្រជាជន។
ទី៣- កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធនឹងវិស័យតភ្ជាប់ និងការបន្តគាំទ្ររបស់ចិន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នានិងការបំពេញឱ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយ របស់ចិន និង
ទី៤- កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងអាស៊ាននិងចិនឱ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន របាយការណ៍ វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ រួមស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិង វិបុលភាព។ បញ្ជីសកម្មភាព សម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជី សកម្មភាពសម្រាប់ឆ្នាំ នៃនវានុវត្តន៍អាស៊ាន-ចិន៕







No comments:

Post a Comment