Monday, January 08, 2018

សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ផ្តល់អំណោយមនុស្សធម៌ដល់ជនពិការ១០០នាក់

កំពង់ឆ្នាំង៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា រួមជាមួយលោក លោកស្រី សមាជិករាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានចែកអំណោយជូនជនពិការចំនួន១០០នាក់ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានមានប្រសាសន៍ទៅកាន់ជនពិការថា ថ្ងៃនេះជាថ្ងៃបុណ្យជាតិ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករាឆ្នាំ១៩៧៩ ។ ជ័យជម្នះ៧មករាបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារី និងមានការចូលរួមគាំទ្ររបស់ប្រជាជនយើង ដូច្នេះប្រមុខរាជរដ្ឋាភិបាលមិនបំភ្លេចនូវគុណបំណាច់អ្នកស្នេហាជាតិរបស់យើងនោះទេ ។

ជាក់ស្តែងក្នុងថ្ងៃបុណ្យ៧មករានេះ ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានរៀបចំអំណោយមានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនជនពិការចំនួន១០០នាក់ មកពីស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង។

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាអំណោយមុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនជនពិការដោយមិនប្រកាន់និន្នាការនយោបាយឡើយ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១ការ៉ុងស្មើ៣០គីឡូក្រាម មី១កេះ ឃីត១កញ្ចប់ និងថវិកា៤ម៉ឺនរៀល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុកត្រូវយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ជនពិការគ្រប់ៗរូប ដោយមិនត្រូវអោយជនពិការណាម្នាក់ ឈឺស្លាប់ដោយគ្មានពេទ្យព្យាបាល ឬក៏ដាច់ពោះស្លាប់ដោយសារអត់បាយនោះឡើយ។

ក្នុងពិធីនោះដេរតំណាងជនពិការ បានលើកឡើងថា ពួកលោកជាជនពិការសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងបានគិតគូរជានិច្ចដល់ជនពិការក្រីក្រទាំងអស់ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។ ជនពិការទាំងអស់សូមអរគុណណាស់ចំពោះប្រមុខរាជរដ្ឋាភិបាល ចំពោះកាកបាទក្រហមកម្ពុជា ដោយពួកលោកទាំងអស់គ្នា និងប្តេជ្ញាចិត្តគាំទ្រថ្ងៃ៧មករាជារៀងរហូត ព្រោះថាបើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ គ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានជីវិតរស់មកដល់ថ្ងៃនេះដែរ និងបើគ្មានថ្ងៃ៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ៕






ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ទិវាបុណ្យជ័យជម្នះ ៧មករា

កំពង់ឆ្នាំង៖ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំ​ពង់​ឆ្នាំងបានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាបុណ្យជ័យជម្នះ ៧មករា១៩៧៩-៧មករា ២០១៨ នាព្រឹកថៃ្ងទី០៧ ខែមករាឆ្នាំ ២០១៨ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុ​សិ​ស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន៩.១៩៤នាក់។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ៧មករា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់រប​ស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រ​ល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។ រយៈពេល៣៩ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាត​ដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធា និង មានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារ​ថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

តំណាងអោយសមាជិក សមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវរួមសាគ្គីគ្នា ការពារអោយបានរឹងម៉ាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនៅសមិទ្ធិផល៧មករា ,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល , ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ , មានសម្តេច ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព»។

នៅចុងបញ្ចប់គណៈអធិបតី និងសមាជិកអង្គមិទិ្ទញចូលរួមរាប់បាតប្រគេនព្រះសង្ឃ១០០អង្គដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តានដែលបានពលីជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








អគ្គស្នងការដ្ឋាននគរបាលជាតិ បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ២០១៧ និងលើកទិសដៅការងារបន្តប្រចាំខែមករា ឆ្នាំ២០១៨

នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំកិច្ចប្រជ្រុំបូកសរុបលទ្ធផល ការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារអនុវត្តបន្ត ប្រចាំខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ និងស្នងការរងមកពីទូទាំង២៥រាជធានី-ខេត្តផងដែរ ៕


គ.ជ.ប នឹងចាប់ឆ្នោត ដើម្បីកំណត់លេខរៀងគណបក្ស ដែលចូលរួមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការចាប់ឆ្នោតជាសាធារណៈ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីកំណត់លេខរៀងគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៤។

ការចាប់ឆ្នោតនេះ នឹងធ្វើឡើងនៅក្រសួងមហាផ្ទៃវេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ហើយលទ្ធផលនៃការចាប់ឆ្នោតនេះ នឹងប្រកាសដោយ លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតនេះមាន​ចំនួន​៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២រូប ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា មិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប ៖


លោកឧបនាយករដ្ឋមន្រ្តី ស ខេង ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោក សាយ ឈុំ និងភរិយាចំពោះមរណភាពឧបាសក គង់ ខាត់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតចូលរួមរំលែកនូវមរណទុក្ខ ជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ចំពោះមរណភាពរបស់ឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់លោក សាយ ឈុំ ។ ក្នុងលិខិតចូលរួមរំលែកទុក្ខនោះ បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាលោក សាយឈុំ ហើយការទទួលមរណភាពនេះដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕


លោក ហេង សំរិន ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោក សាយ ឈុំ និងភរិយាចំពោះមរណភាពឧបាសក គង់ ខាត់

លោក ហេង សំរិន និងភរិយា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតចូលរួមរំលែកនូវមរណទុក្ខ ជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ចំពោះមរណភាពរបស់ឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់លោក សាយ ឈុំ ។ ក្នុងលិខិតចូលរួមរំលែកទុក្ខនោះ បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាលោក សាយឈុំ ហើយការទទួលមរណភាពនេះដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕


លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នេះ បានសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពមហាឧបាសិកា គង់ ខាត់ ដែលបានធ្វើអនិច្ចកម្ម នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៨នេះ វេលាម៉ោង ៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់ឧបាសិកា គង់ ខាត់ ដែលនេះ គឺជាការបាត់បង់ បិតាក្មេក បិតាបង្កើត ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលនៅក្នុងជីវិតរបស់មហាឧបាសិកា បានធ្វើពលីកម្មយ៉ាងច្រើន បូជាគ្រប់បែបយ៉ាង ដោយមិនគិតពីការនឿយហត់ ការលំបាក ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង ។

ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខដោយក្ដីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយ លោក សាយ ឈុំ និងភរិយា បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយក្ដីសង្វេក និងក្រៀមក្រំជាទីបំផុត ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា គង់ ខាត់ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



ស្ថានទូតអាមេរិកនៅកម្ពុជាចូលរួមអបអរសាទរខួប៣៩ឆ្នាំនៃទិវា៧មករា

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសម្តែងការ អបអរសាទរខួបលើកទី៣៩ឆ្នាំ នៃទិវាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ – ៧ មករា ឆ្នាំ២០១៨ ដោយបានប្រកាស គាំទ្រជានិច្ចចំពោះទិវាប្រវត្តិសាស្រ្តនេះ ខណៈ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននោះ។

តាមរយៈហ្វេសបុករបស់ខ្លួននាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នេះ ស្ថានទូតអាមេរិកបានលើកឡើងថា ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបខ្មែរក្រហមហើយប្រទេសកម្ពុជា បានចាប់ផ្តើមនូវដំណើររបស់ខ្លូនឆ្ពោះទៅរកអនាគតមួយកាន់តែភ្លឺស្វាងនិងពោពេញទៅដោយក្តីសង្ឃឹមថែមទៀត។ «នៅខួបលើកទី៣៩ឆ្នាំនៃប្រវត្តិសាស្រ្តនេះស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញចង់ចាំថាប្រជាជនជាងពីរលាននាក់បានបាត់បង់ជីវិតនៅក្នុងអំឡុងពេលសករាជរបស់ពួកខ្មែរក្រហម ហើយជាច្រើនលាននាក់ទៀតទទួលរងការឈឺចាប់យ៉ាងក្រៃលែងបំផុត»។

សេចក្តីថ្លែងការណ៍ក្នុងទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកបន្តទៀតថា អាមេរិកសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ លើកទឹកចិត្តនិងគាំទ្រជានិច្ចជាមួយនិងប្រជាជនកម្ពុជា ដែលបានងើបចេញពីរបបដ៏ខ្មៅងងិតហើយបានស្ថាបនាប្រទេសឡើងវិញ និងបានធ្វើដំណើរឆ្ពោះទៅរកការ ផ្សះផ្សារជាតិរបស់ខ្លួនបានយ៉ាងល្អនោះ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាងកងរំពង់ជារៀងរាល់ឆ្នាំទាំងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំង ប្រទេស ខណៈពួកគេបានចាត់ទុកថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយពិភពលោកបានចាត់ទុកថា ជារបបដ៏ខ្មៅងងិតដោយបានកាប់សម្លាប់និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរងទុក្ខរាប់លាននាក់នោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថាបនិកថ្ងៃរំដោះ៧មករា បានប្រសាសន៍ឲ្យដឹងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃដែលបានបើកឡើងវិញនូវ ទំព័រសករាជថ្មីរបស់កម្ពុជា គឺបានធ្វើឲ្យកម្ពុជាមាននូវ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយប្រទេសសកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះគឺបានកើតចេញពីថ្ងៃ៧មករានេះឯង៕


លោក ហ៊ុន សែន ថ្លែងថា មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិ និងអ្នកដែលភ្លេចកំណើត ភ្លេចជាតិ និងភ្លេចប្រជាជនរបស់ខ្លួនទេដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិឲ្យវិលថយក្រោយទៅវិញ និង​អ្នកដែលភ្លេចកំណើតរបស់ខ្លួន ភ្លេចជាតិរបស់ខ្លួន និងភ្លេចប្រជាជនខ្លួនទេ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧មករា  (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា ស្មារតី ៧ មករា ស្ថិតស្ថេរអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត , ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យពុះពារជម្នះបានគ្រប់ឧបសគ្គ និងការលំ​បាកនៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជម្នះ , ស្មារតី ៧ មករា ជាកម្លាំងមហាសាមគ្គីជាតិដែលគ្មានអ្វីអាចមកបំបែកបានឡើយ ។ យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រំស្មារតី ៧ មករា ឲ្យភ្លឺចែងចាំងជានិច្ច ដើម្បីស​ម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិ និងទប់ស្កាត់កុំឲ្យសង្រ្គាម វិនា​សកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អាចកើតឡើងជាថ្មីលើមាតុភូមិរបស់យើងបាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងកាន់តែរឹងមាំ ធានាដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិ ។ ជាពិសេស ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលឃុបឃឹតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ។ ក្បាលម៉ាស៊ីនអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាដែលបានបោកប្រាស និងក្បត់ឆន្ទៈរបស់ប្រជាជនត្រូវបានរំលាយ បុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធក៏ត្រូវបានតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។ លើមូលដ្ឋាននេះ កម្ពុជាបានការពារយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន បញ្ចៀសគ្រោះមហន្តរាយជាថ្មីសម្រាប់ជាតិ និងធានាដល់ការបន្តលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តាមគន្លងដ៏ត្រឹមត្រូវ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើន ៦,៩% ក្នុងឆ្នាំ ២០១៧ ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេស​ចរណ៍ និងអចលនទ្រព្យជាដើម ។ គួរកត់សម្កាល់ថា កម្ពុជាកំពុងតែផ្លាស់ប្តូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សា​ហកម្ម និងសេវាកម្ម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូល សូមបង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បី​ការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលយើងបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិត​យករូបភាពទាំងឡាយដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិយើង ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែរឹងមាំឡើង

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើង ដើរស្របជាមួយគោលការណ៍នីតិរដ្ឋ នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេ ដែលត្រូវបានលុបបំបាត់។ គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ។ គណបក្សនឹងចូលរួមប្រកួតប្រជែងដោយសេរី និងស្មើភាពជាមួយបណ្តាគណបក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បណ្តាប្រទេសដែលបានយល់ច្បាស់អំពីសភាពការណ៍ពិត និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយបាន និងកំពុងផ្តល់ជំនួយឧបត្ថម្ភដ៏ស្មោះសដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាជំរុញអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃគ្រប់ស្ថាប័នសាធារណៈគ្រប់ថ្នាក់ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីធានាប្រសិទ្ធភាពនៃរាល់ការងារ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាសាធារណៈកាន់តែកៀកនឹងប្រជាជន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការប្តេជ្ញាចិត្តថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន ព្រមទាំងបន្តជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕







លោក អាលីអាឡាតាស៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមនុស្សឆ្លាត និងចេះបត់បែន អាចដឹកនាំប្រទេសបានយូរ

សម្តីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រីក្រសួងការបរ​ទេ​សឥណ្ឌូនេស៊ី ដែលលោកបានមានប្រសាសន៍ប្រាប់អ្នកកាសែតខ្មែរដ៏ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុងពេលលោក និងអ្នកកាសែតផ្សេងទៀត បានជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅប្រទេសឥណ្ឌូនេស៊ី ។

ខ្ញុំសូមដកស្រង់នូវប្រសាសន៍របស់អតីតសហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់ បានធ្វើជាសហប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។ លើសពីនេះទៅទៀត ខ្ញុំសូមដកស្រង់ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់អតីត ព្រះម​ហាក្ស​ត្រដ៏ល្បាញល្បីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋ ព្រះបាទ នរោត្ដម សី​ហនុ ដែលបានមានព្រះរាជបន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង ។

នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្ដិ សាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដកស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំ​ខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់លោក ។ ខ្លឹមសារ មានដូចតទៅ ៖

ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៥ តាម រយៈការរៀបចំ ពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរ​ទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់ បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុងដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោមភាគីជម្លោះទាំងអស់របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស “ Smar​t and flexible” ឬ “ ឆ្លាត និងចេះបត់បែន ”។ លោក អាឡាតាស់ បានបញ្ជាក់ថា “ មនុ​ស្សនេះពិតជាអាច ដឹកនាំប្រទេសបានយូរអង្វែង” ។ អាឡាតាស់ បានអះ អាងថា លោក ធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គ នៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅ ក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើ ទោះជាខ្លួននៅវ័យក្មេង និងមានបទពិសោធន៍នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះ បានដោយមិន ចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្ស ដែលមានទេពកោសល្យពីកំណើត ហើយទេពកោ​សល្យពីកំណើតបែបនេះគឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។

លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ ២០១១) ដែលជាអ្នក រិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាលពីចុងទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា “ហ៊ុន សែន ជាមនុស្សឆ្លាត និងជាមនុស្សល្អ ” ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយ អះ​អាងថា បើទោះជានៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាង អ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគីជម្លោះកម្ពុជាដែរ ។

នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែង ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ ” ។ នៅចំពោះមុខមនុស្សរាប់ម៉ឺននាក់ សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់លោក ហ៊ុន សែន បានទាញ ប្រទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជា អ្នកមាន អំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ « ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិលើគ្រប់វិស័យ » ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោក សាយ ឈុំ និងភរិយាចំពោះមរណភាពឧបាសក គង់ ខាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមរំលែកនូវមរណ ទុក្ខ ជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ចំពោះមរណភាពរប​ស់ឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់លោក សាយ ឈុំ ។ នៅក្នុងលិខិតចូលរួមរំ​លែកទុក្ខនោះ បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រ​កបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រ​កបដោយគន្លងធម៌។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធ​ស​ភា បានទទួលមរណភាពនៅវេលាម៉ោង៥៖៣៦នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕


វិដេអូឯកសារ៖ ” ស្មារតី ៧ មករា នៅតែចែងចាំងជានិច្ច ក្នុងបេះដូងយើង “