Monday, January 08, 2018

ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ទិវាបុណ្យជ័យជម្នះ ៧មករា

កំពង់ឆ្នាំង៖ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំ​ពង់​ឆ្នាំងបានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាបុណ្យជ័យជម្នះ ៧មករា១៩៧៩-៧មករា ២០១៨ នាព្រឹកថៃ្ងទី០៧ ខែមករាឆ្នាំ ២០១៨ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុ​សិ​ស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន៩.១៩៤នាក់។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ៧មករា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់រប​ស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រ​ល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។ រយៈពេល៣៩ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាត​ដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធា និង មានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារ​ថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

តំណាងអោយសមាជិក សមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវរួមសាគ្គីគ្នា ការពារអោយបានរឹងម៉ាំស្ថិតស្ថេរ និងរីកចំរើនថែមទៀតនៅសមិទ្ធិផល៧មករា ,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល , ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ , មានសម្តេច ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព»។

នៅចុងបញ្ចប់គណៈអធិបតី និងសមាជិកអង្គមិទិ្ទញចូលរួមរាប់បាតប្រគេនព្រះសង្ឃ១០០អង្គដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តានដែលបានពលីជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








No comments:

Post a Comment