Monday, January 08, 2018

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នេះ បានសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពមហាឧបាសិកា គង់ ខាត់ ដែលបានធ្វើអនិច្ចកម្ម នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៨នេះ វេលាម៉ោង ៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់ឧបាសិកា គង់ ខាត់ ដែលនេះ គឺជាការបាត់បង់ បិតាក្មេក បិតាបង្កើត ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលនៅក្នុងជីវិតរបស់មហាឧបាសិកា បានធ្វើពលីកម្មយ៉ាងច្រើន បូជាគ្រប់បែបយ៉ាង ដោយមិនគិតពីការនឿយហត់ ការលំបាក ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង ។

ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខដោយក្ដីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយ លោក សាយ ឈុំ និងភរិយា បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយក្ដីសង្វេក និងក្រៀមក្រំជាទីបំផុត ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា គង់ ខាត់ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



No comments:

Post a Comment