Monday, January 08, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែរឹងមាំឡើង

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើង ដើរស្របជាមួយគោលការណ៍នីតិរដ្ឋ នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេ ដែលត្រូវបានលុបបំបាត់។ គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ។ គណបក្សនឹងចូលរួមប្រកួតប្រជែងដោយសេរី និងស្មើភាពជាមួយបណ្តាគណបក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បណ្តាប្រទេសដែលបានយល់ច្បាស់អំពីសភាពការណ៍ពិត និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយបាន និងកំពុងផ្តល់ជំនួយឧបត្ថម្ភដ៏ស្មោះសដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាជំរុញអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃគ្រប់ស្ថាប័នសាធារណៈគ្រប់ថ្នាក់ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីធានាប្រសិទ្ធភាពនៃរាល់ការងារ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាសាធារណៈកាន់តែកៀកនឹងប្រជាជន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការប្តេជ្ញាចិត្តថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន ព្រមទាំងបន្តជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕







No comments:

Post a Comment