Monday, January 08, 2018

លោក ហ៊ុន សែន ថ្លែងថា មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិ និងអ្នកដែលភ្លេចកំណើត ភ្លេចជាតិ និងភ្លេចប្រជាជនរបស់ខ្លួនទេដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិឲ្យវិលថយក្រោយទៅវិញ និង​អ្នកដែលភ្លេចកំណើតរបស់ខ្លួន ភ្លេចជាតិរបស់ខ្លួន និងភ្លេចប្រជាជនខ្លួនទេ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧មករា  (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា ស្មារតី ៧ មករា ស្ថិតស្ថេរអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត , ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យពុះពារជម្នះបានគ្រប់ឧបសគ្គ និងការលំ​បាកនៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជម្នះ , ស្មារតី ៧ មករា ជាកម្លាំងមហាសាមគ្គីជាតិដែលគ្មានអ្វីអាចមកបំបែកបានឡើយ ។ យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រំស្មារតី ៧ មករា ឲ្យភ្លឺចែងចាំងជានិច្ច ដើម្បីស​ម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិ និងទប់ស្កាត់កុំឲ្យសង្រ្គាម វិនា​សកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អាចកើតឡើងជាថ្មីលើមាតុភូមិរបស់យើងបាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងកាន់តែរឹងមាំ ធានាដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិ ។ ជាពិសេស ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលឃុបឃឹតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ។ ក្បាលម៉ាស៊ីនអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាដែលបានបោកប្រាស និងក្បត់ឆន្ទៈរបស់ប្រជាជនត្រូវបានរំលាយ បុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធក៏ត្រូវបានតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។ លើមូលដ្ឋាននេះ កម្ពុជាបានការពារយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន បញ្ចៀសគ្រោះមហន្តរាយជាថ្មីសម្រាប់ជាតិ និងធានាដល់ការបន្តលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តាមគន្លងដ៏ត្រឹមត្រូវ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើន ៦,៩% ក្នុងឆ្នាំ ២០១៧ ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេស​ចរណ៍ និងអចលនទ្រព្យជាដើម ។ គួរកត់សម្កាល់ថា កម្ពុជាកំពុងតែផ្លាស់ប្តូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សា​ហកម្ម និងសេវាកម្ម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូល សូមបង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បី​ការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលយើងបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិត​យករូបភាពទាំងឡាយដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិយើង ៕







No comments:

Post a Comment