Monday, January 08, 2018

លោក ហេង សំរិន ផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោក សាយ ឈុំ និងភរិយាចំពោះមរណភាពឧបាសក គង់ ខាត់

លោក ហេង សំរិន និងភរិយា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតចូលរួមរំលែកនូវមរណទុក្ខ ជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ចំពោះមរណភាពរបស់ឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់លោក សាយ ឈុំ ។ ក្នុងលិខិតចូលរួមរំលែកទុក្ខនោះ បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។

សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាលោក សាយឈុំ ហើយការទទួលមរណភាពនេះដោយសារជរាពាធ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕


No comments:

Post a Comment