Friday, April 10, 2015

ឯកឧត្តម សម រង្ស៊ី និង​លោក​ជំទាវ​ និង​ចូលរួម​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ នៅ​ខេត្ត​សៀម​រាប​ ជាមួយ​សម្តេច​តេជោ ​ហ៊ុន ​សែន​

សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​នៅថ្ងៃទី ០៩​ ខែមេសា​ ឆ្នាំ ​២០១៥នេះ ​នៅមុខ​រដ្ឋសភា​ជាតិ បន្ទាប់ពី​ចេញពី​ប្រជុំ​សភា ​ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​ គ.ជ.ប ​ថ្មី ​បាន​មាន​ប្រសាសន៍​ថា​ តបតាម​ការអញ្ជើញ​ របស់​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ ឯកឧត្តម ​សម​ រង្ស៊ី​ និង​លោក​ជំទាវ​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត ​នៅ​ឯខេត្ត​សៀមរាប​ជាមួយ ​និង​សម្តេច​ដែរ​។​
សម្តេច​តេជោ ​បាន​លើក​ឡើង​ថា​ នេះ​ជាប្រវត្តិ​របស់​កម្ពុជា ​ហើយ​ប្រហែល​ជាកើត​ឡើង​ជាលើក​ដំបូង​នៅ​លើ​ទឹក​ដី​កម្ពុជា​។​ សម្តេច​បន្តថា ​ក្នុង​ប្រវត្តិ​សាស្ត្រ​ទាំង​ពី​អតីត​កាល​ និង​រហូត​មក​ដល់​ពេល​នេះ ​ដែល​មានគណបក្ស​នៅក្នុង​រដ្ឋាភិបាល ​និង​គណបក្ស​នៅក្រៅ​រដ្ឋា​ភិបាល​ ចូលរួម​ជាមួយ​គ្នា​ក្នុង​វេទិកា​នៃ​ទិវា​ចូល​ឆ្នាំរួមគ្នា។
សម្តេច ​បានរំលឹកថា​ ទិវាចូល​ឆ្នាំគេ​តែងតែ​ ចែកគ្នា​ទៅ​កន្លែងរៀងៗ​ខ្លួន​ ប៉ុន្តែ​ឆ្នាំនេះ​ ជាឆ្នាំពិសេស​ដែល​ ឯកឧត្តម ​សម ​រង្ស៊ី ​ក្នុងនាម​ជាបក្ស​ ក្រៅ​រដ្ឋាភិបាល ​និងសម្តេច​ ក្នុងនាម​រាជរដ្ឋាភិបាល​គឺចូលរួម​ជាមួយគ្នា​ក្នុង​ការបើក​អង្គរ​សង្រ្កាន្ត​នៅឯទី​ក្រុង​សៀមរាប។​
ជាមួយ​គ្នានេះ​ដែរ​ ឯកឧត្ត​ម​ សម ​រង្ស៊ី ​បាន​លើក​ឡើងថា ​ពេលនេះ​យើងឈាន​ជិត​ទៅ​ដល់​ចូលឆ្នាំ​ថ្មី​ហើយ ​គឺដូច​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​អញ្ចឹង ​កាយវិការ​របស់​យើង ​នៅ​ពេល​នេះ ​គឺ​ជា​សារ​នយោបាយ​មួយ​ជូន​ចំពោះ​ជន​រួមជាតិ​ខ្មែរ ​ឲ្យ​លោក​មាន​សេចក្តី​ ទុក​ចិត្ត​លើ​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា ​។ ​គឺថ្នាក់​ដឹក​នាំគ្រប់​គណបក្ស​ចេះ​និយាយគ្នា​ ចាប់ដៃ​គ្នារក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ​គឺខ្មែរ​ បាន​សុខ​ ខ្មែរ​ឈប់​ឈ្លោះគ្នា​ ខ្មែរ​ខិតខំ​ប្រើ​ប្រាជ្ញា​របស់ខ្លួន​ដើម្បី​កសាង​ប្រទេស​ជាតិ​ជាមួយ​គ្នា​៕

អត្ថបទ៖ ច័ន្ទ ទេវី

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនយោបាយ​ទាំង​ពីរ​ គឺ ​សម្តេច​ តេជោ ​និង​ឯកឧត្តម ​សម​ រង្ស៊ី ​បង្ហាញការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​បោះឆ្នោត​ជ្រើស​តាំង​សមាស​ភាព ​គ.ជ.ប​ថ្មី

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៥នេះ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំសភា ដែល​បាន​ដំណើរ​ការបោះឆ្នោតជ្រើស​តាំង​សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ថ្មី សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​បង្ហាញ​ការ​សាទរ និងអរគុណ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍សភា ដែល​បាន​គាំទ្រ​សមាជិក គ.ជ.ប.ថ្មី ទាំង​សម្តេច និងឯកឧត្តម សម រង្ស៊ី បាន​បញ្ជាក់​ដូច​គ្នាថា លទ្ធ​ផល​ដែល​កើត​ចេញ​នៅ​ថ្ងៃនេះ សុទ្ធ​តែ​ផ្តើម​​ចេញ​ពី​វប្បធម៌​សន្ទនា។
សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា  ស្មារតី​សន្ទនា​បាន​រីក​ដុះ​ដាល​គ្រប់​ទីក​ន្លែង និង​បន្ត​ធ្វើដល់​មូលដ្ឋាន។ នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមាច​ស៊ី​ត្រីត្រូវបាន​បញ្ចប់​ហើយ។ សម្តេច​បន្តថា ច្បាប់​បោះឆ្នោត​ថ្មី ពិសេស​ណាស់់ គឺ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត សម្រាប់​ការបោះ​ឆ្នោត សង្ឃឹម​ថានឹង​មិន​មាន​បញ្ហា​ជ្រាំ​ដែល​ទៀត​ទេ។
ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម សម រង្ស៊ី មាន​ប្រសាសន៍​បញ្ជាក់​ដែរថា សូម​គាំទ្រ​នូវ​ប្រសាសន៍ របស់​សម្តេច ហ៊ុន សែន ពេញ​ទំហឹង។ រាល់​ពាក្ស​ពេចន៍​សម្តេច​ហ៊ុន សែន ត្រូវ​ចង​ចាំ​ជាប្រវត្តិសាស្ត្រ ។ ឯកឧត្តម អបអរ​សាទរ​ចំពោះ​រដ្ឋសភា​ជាតិ ដែល​បាន​ជ្រើស​រើស​សមាជិក គ.ជ.ប.ថ្មី។ ឯកឧត្តម បញ្ជាក់​ថា ចាប់​ពី​ពេល​នេះតទៅ ប្រជាជនមាន​ជំនឿ​លើ គ.ជ.ប. ហើយ​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​មុខ​មិន​មាន​បញ្ហា​ដូច​មុនៗទេ។  ឯកឧត្តម ឲ្យដឹងទៀត​ថា​រាល់​ការ​សម្រេច​របស់ គ.ជ.ប ថ្មី ត្រូវ​ឈរ​លើ​មតិភាគ​ច្រើន​ក្នុង​ចំណោម​សមាជិក​ទាំង៩ ពោល​គឺ​សំឡេង​ចំនួន៥។
តាម​ប្រសាសន៍​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ បាន​ឲ្យដឹង​ថា សមា​ជិក គ.ជ.ប  ទាំង​៩​នឹង​លាលែង​តំណែង​ពី​គណបក្សនយោបាយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ សម្តេច​បន្តថាសមាជិក​ទាំង​៩នឹង​ជ្រើស​រើសអគ្គលេខា​ធិការ និង​អគ្គលេខាធិការរង គ.ជ.ប ដោយ​ខ្លួន​ឯង និង​គ្មានការ​ជ្រៀតជ្រែក​ពីគណបក្ស​ទាំង​ពីរ ។
សម្តេច​បន្តថា សមាជិក​គ.ជ.បថ្មី​នឹង​ស្បថ​ចូល​កាន់​តំណែ​នៅ​ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រោមវត្ត​មាន​សម្ដេច​ចៅហ្វាវាំង គង់ សំអុល និង​ផ្ទេរ​មុខ​តំណែង​ពីសមាជិកគ.ជ.ប ចាស់​នៅ​ថ្ងៃ​ច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០១៥ ពោល​គឺមុន ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​មួយ​ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​សភាពេញអង្គ នាព្រឹក ថ្ងៃទី០៩ ខែមេសា នេះថា សមាជិក គ.ជ.ប ទាំង​អស់ ចាប់​ពីថ្ងៃ​នេះ​តទៅ លែង​ស្ថិត​នៅ​ក្រោម គណបក្សនយោបាយ​ទៀត​ហើយ។ សម្តេច ក៏បាន​ជំរុញ​ឲ្យ​សមាជិក គ.ជ.ប ថ្មី ត្រូវ​លា​លែង​ពី​តួនាទី​ក្នុង អង្គការ​សសង្គម​ស៊ីវិល ដែល​ខ្លួន​បាន​បំពេញ​ការងារ​នា​ពេល​កន្លង​ទៅ។
គួរបញ្ជាក់​ថា រដ្ឋសភា​នៅ​ព្រឹកថ្ងៃទី ០៩ នេះ បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់ ឯកឧត្តម ស៊ិក ប៊ុនហុក មក​ពី​គណបក្ស​ប្រជាជនកម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ ការបោះឆ្នោត(គ.ជ.ប)ថ្មី និងឯកឧត្តម គួយ ប៊ុនរឿន មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ជាអនុប្រធាន គ.ជ.ប តាម​ការ​រៀប​ចំរបស់​គណបក្ស​ទាំង​ពីរ និង​៧រូប​ទៀត​ជាសមាជិក គ.ជ.ប៕


អត្ថបទ៖ ច័ន្ទ ទេវី

សម្តេចតេជោមោទនភាព​នឹងកំណើន​ផលិតផល​កសិកម្ម​ព្រមទាំង​បន្ទោស​ជនបរទេស​ដែលដើរ​តួជា​ក្រុម​ប្រឹក្សាធម្មនុញ្ញ

នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​ការ​ងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៤-២០១៥ និងទិសដៅ​ឆ្នាំ ២០១៥-២០១៦ ​នា​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៥ បាន​ថ្លែង​ដោយកត់សម្គាល់​ថា នៅក្នុង ២០១៤ កន្លងទៅ ទោះបីជាកម្ពុជាបាន​ទទួល​រង​នូវ​បាតុភូត​គ្រោះធម្មជាតិ ដូចជា ទឹក​ជំនន់ និងគ្រោះរាំងស្ងួត ដែល​បាន​អូសបន្លាយ​កាលពី​ដើមរដូវ ​និងពាក់​កណ្តាល​រដូវ​វស្សា​ក៏ដោយ ក៏​វិស័យ​កសិកម្មកម្ពុជារីកចម្រើន​គួរឱ្យ​កត់សម្គាល់ ដែល​ក្នុង​នោះ ទទួល​បាន​​ផល​ស្រូវ​សរុប​ក្នុង​បរិមាណ​ជាង ៩,៣២​លាន​តោន និង​មាន​អតិរេក​ស្បៀង​ប្រមាណ ៤,៧​លាន​តោន​ស្រូវ ឬ គិត​ជា​អង្ករ សរុប​មាន​ជាង​៣ លាន​តោន ដែល​នេះ​គឺ​ជា​​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា ។
សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញ​​ផលិតកម្ម​កសិកម្ម លើ​គ្រប់​មុខព្រួញ ជាពិសេសការបង្ក​ប​ងើ​ន​ផលដំណាំ​ជា យុទ្ធសាស្ត្រ មាន​ជា​ឤ​ទិ៍​ដំណាំ​កៅស៊ូ និងដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត ដូចជា ពោត​, ដំឡូង​មី​, ម្រេច​, សណ្តែកសៀង​, សណ្តែកបាយ​, សណ្តែកដី​, អំពៅ ៘ ដែល​កំពុងមាន​សន្ទុះ​មួយ​គួរឱ្យ​ចាប់ ឤ​រ​ម្មណ៍ ។
ទោះបីយ៉ាងណា​​សម្តេច​តេ​ជោ ​មាន​ប្រសាសន៍​ទទួល​ស្គាល់​​ថា​ ការនាំ​ចេញ​អង្ករ​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ មិនអាច​ធ្វើទៅ​បានទេ មូលហេតុ​គឺ​ដោយ​សារ​កំរិត​កែ​ច្នៃ និង​ការ​ប្រមូល​ទិញ​ស្តុក​ទុក​នៅ​មាន​កំរិត។​ សម្តេច​តេជោ​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​យោង​តាម​តួរលេខ​នៃការ​វិនិយោគក្នុង​ការ​កសាងរោង​ម៉ាស៊ីន​កិន​ស្រូវ នៅ​ពេល​ខា​ង​មុខ​នេះ កម្ពុជា នឹង​មានលទ្ធភាព​ក្នុង​ការ​ផលិត​អង្ករ​រហូត​ដល់​ ៣លាន​តោនសម្រាប់​នាំ​ចេញ ដែលកន្លង​មក​នេះ កម្ពុជា​មានទីផ្សារ​អង្ករ​ចំនួន ៦០​ប្រទេស​រួច​ទៅហើយ។
សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី បាន​ថ្លែងកោតសរសើរ​ចំពោះ​វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍ​កសិកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​បាន​បញ្ចេញ នូវ​ពូជស្រូវ​ថ្មីៗ ចំនួន​ពីរ​ពូជ​ទៀត គឺ​ពូជស្រូវ ផ្ការំដួល​ប្រាំង និង​ពូជស្រូវ ខា​១៤ ជូន​កសិករ ដាំ​ដុះ​បន្ថែម​លើ​ពូជ​ដំណើប ស្បៃ​មង្គល ដែល​បាន​បញ្ចេញ​នា​ឆ្នាំ ២០១៤ កន្លងមក។
សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​​ថា ​ការយក​ចិត្ត​ទុកដាក់ ក្នុងការ​ជំរុញ​ការងារ​បង្ក​ប​ងើ្ក​ន​ផល​, ការស្តារ​ឡើងវិញ​នូវផ្ទៃដី​ខូចខាត ដោយ​គ្រោះធម្មជាតិ​, ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ប្រព័ន្ធធារាសាស្ត្រ​, ភាពម្ចាស់ការ​របស់ប្រជាកសិករ​លើ​ការងារ​ស្រែចម្ការ​, ការរៀបចំ​សហគមន៍​កសិកម្ម​, ការផ្លាស់ប្តូរ​បច្ចេកទេស​, ការផ្លាស់ប្តូរ​ពូជស្រូវ​ដែល មាន​ទិន្នផល​ខ្ពស់​​​ បាន​ធ្វើឱ្យគុណ​ភាពអង្ករកម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​អង្ករ​ពូជ ផ្ការំដួល នៅ​តែមាន​ការ​ទទួលស្គាល់​ពី​ទីផ្សារ​អន្តរជាតិ និងបានទទួល​ចំណាត់ថ្នាក់​ថា​ជា​អង្ករ​មាន​រសជាតិ​ឆ្ងាញ់លេខ ១ នៅលើ​ពិភពលោក បី​ឆ្នាំ​ជាប់ៗ​គ្នា ចាប់ពី​ឆ្នាំ ២០១២ រហូត មកដល់​ឆ្នាំ ២០១៤ ។
​​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​អំពី​ការ​រីក​ចម្រើ​ន​របស់​កសិករ​ ក្នុង​ការប្រើ​ប្រាស់​ម៉ាស៊ីន​គោយន្ត​សម្រាប់​ជា​មធ្យោបាយ​បង្ក​បង្កើន​ផល សម្ដេច​តេ​ជោបាន​បង្ហាញក្ដី​បារ​ម្ភ ចំពោះ​​ការថយចុះ ការ​ចិញ្ចឹម​គោក្របី ជា​សត្វពាហនៈ ដែល​ការ​ថយ​ចុះ​នេះ ក៏​នាំ ទៅ​ដល់​ការបាត់បង់​ជីធម្មជាតិ​ផងដែរ។​​ ជាថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ លើកទឹកចិត្ត​និង សង្ឃឹម​ថា កសិករ​នឹង​បន្ត​ការចិញ្ចឹម គោក្របី តទៅទៀត បើទោះបី​បច្ចុប្បន្ន កសិករ​បាន​បង្វែរ​កា​រ​ភ្ជួរ​រាស់ និង​ដឹកជញ្ជូន​កសិផល មក​ប្រើ​គោយន្ត ហើយក៏​ដោយ ​។
ទាក់ទិន​នឹង​ការងារ​ការពារ​ព្រៃឈើ សម្ដេច​តេ​ជោបានមាន​ប្រសាសន៍​រំលឹក​​ជាថ្មីទៀត​ថា ​បញ្ហា​ព្រៃឈើ​ជា បញ្ហា​ធ្ងន់ធ្ងរ ហើយ​កុំឱ្យ​ឆ្លើយ​ដាក់គ្នា​ ដោយ​អំណាច​បាន​ប្រគល់ឱ្យ​ថ្នាក់​ក្រោម​​ជាតិ ថ្នាក់​ខេត្ត​អស់ហើយ សំខាន់​អស់លោក​ធ្វើ​ឬ​មិន​ធ្វើ​តែប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ​បញ្ហា​ព្រៃ សម្ប​ទាន សម្តេច​បាន​លើកទឹកចិត្ត​ដោះស្រាយ​ឱ្យបាន​ច្បាស់លាស់ ហើយ​​សុំ​កុំ​ឆ្លើយ​ដាក់គ្នា ហើយ​កំលាំងប្រដាប់អាវុធ​ត្រូវ​ជួយ​គាំទ្រ តែ​មិនត្រូវ​ទៅ​ជួយ​កាប់​ឈើ​ទេ​។ សម្តេចតេជោ​បាន​ណែនាំ​​ថា ​សូម​ក្រោក​ឡើង ឱ្យ​វា​ឌីណាមិច បាន​ន័យ​ថា​​ឱ្យ​រហ័សរ​ហួន ដោយ​ធ្វើការ​ជា​ក្រុម ដោយ​ពុំ​ចាំបាច់​អនុ​សាស​ន៏​សម្តេច​ទៀត​នោះទេ ធ្វើ​ដោយ​ផ្អែកលើ​ច្បាប់ លើ​អនុ​ត្រិ​ត្យ ហើយ​សូមកុំ​ឆ្លើយ​ដាក់គ្នា​ចាប់ពីពេលនេះ​តទៅ​។​
​ថ្លែង​ទៅនឹង​រឿង​នយោបាយ សម្តេច​បាន​បញ្ជាក់ថា សភាព​ការ​ណ៏​នយោបាយ​ខ្មែរ បាន​ឈានដល់​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃស្អែក​នេះ(ទី៩មេសា)ហើយ ដោយ​ការឯកភាព​គ្នា​រវាង បក្ស​នយោ​បាយទាំងពីរ ។
សម្តេចតេជោ​​មានប្រសាសន៍ឲ្យ​ដឹងថា ទី១យើងសម្រេច ការងារ​នេះ​មុន​ផែន​ការ​លើ​កំណែទម្រង់ការបោះឆ្នោត ហើយទី២យើងទុកពេល វេលាវែងឱ្យ​ទៅ​ចូល​ឆ្នាំ។ តាម​គម្រោងការបោះឆ្នោតរើស គជប គឺនៅថ្ងៃទី១៣ ខែមេសា ប៉ុន្តែ​ដោយ​ការ​ស្រុះ​ស្រួល​គ្នា​រវាងគណបក្ស ប្រជាជន កម្ពុជា និងគណ បក្សសង្គ្រោះជាតិ ហើយការ​ជួប​គ្នា​រវាង​ឯកឧត្តម ស ខេង និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី០៦ ខែមេសា និង​ការ​ជួប​គ្នា​រវាង​ខ្ញុំជាមួយឯកឧត្តម សម រង្ស៊ី កាល ពីថ្ងៃទី០៧ ខែមេសា និងការជួប​គ្នា​រវាង​ឯកឧត្តម ស ខេង និងឯកឧត្តម សម រង្ស៊ី នៅល្ងាចថ្ងៃនេះ ដើម្បីផ្គូផ្គងបញ្ជី ដែល​បាន​ត្រូវរ៉ូវ​គ្នា​អស់​ហើយ។ នៅថ្ងៃស្អែក នេះ រដ្ឋសភាមិនមែន​បោះឆ្នោត​រើស​មាជិក​ម្នាក់ៗ​នោះទេ គឺ​បោះ​ឆ្នោត​ទុក​ចិត្តលើ បញ្ជីទាំងមូលតែម្តង ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា យើងបានឯកភាពគ្នាអស់ហើយ ដែល​នេះជា​ស្មារតី​សន្ទនា ដែលបង្កើតឡើងដោយកម្ពុជាខ្លួនឯង។ នៅពេលជួបជាមួយ​ឯកឧត្តម សម រង្ស៊ី ខ្ញុំបាននិយាយថា ឯកឧត្តមខ្មែរយើងចេះទាស់គ្នា ខ្មែរ យើងក៏​ចេះ​និយាយ​គ្នា​ដែរ ហើយនៅក្នុងព្រះរាជសារ ព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូលថា ខ្មែរយើងមានលទ្ធភាពដោះ ស្រាយបញ្ហា តាមរយៈ​ការសន្ទនា​ខាងនយោបាយ ។
ដោយ​បានសម្តែងនូវការសោកស្តាយចំពោះការលើកឡើង មិនថា ជន​នោះ​ជា​ខ្មែរ ឬជាជនជាតិបរទេសទេ ដែលបាននិយាយថា ច្បាប់ថ្មីនេះ (ច្បាប់​ស្តីពីការ​បង្កើត​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត) មិនស្រប​នឹង​រដ្ឋធម្មនុញ្ញ ​ សម្តេចមានប្រសាសន៍ថា ខ្ញុំគ្រាន់តែ​បញ្ជាក់​អស់ លោកទាំងឡាយ​ឱ្យ​បាន​ជ្រាបថា មិនថាខ្មែរឬជនជាតិបរទេសទេ គ្មាន​សិទ្ធិ​នឹង បកស្រាយទេ បើសិន​ជា​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ប្រហែលជាក្រុមប្រឹក្សាធម្មនុញ្ញ របស់កម្ពុជា ទាត់​ចោល​ច្បាប់​នេះ​រួច​ស្រេច​ទៅ​ហើយ។ ស្ថាប័នខ្មែរមិនល្ងង់រហូត ទៅ​ឱ្យជនបរទេស ឬបុគ្គលរូបវ័ន្ត​ណាមួយ​មក​ធ្វើ​ការបកស្រាយច្បាប់ កុំថា ឡើយ រូបវ័ន្ត​បុគ្គល នីតិបុគ្គលក៏​អត់មាន​សិទ្ធិ​ជំនួស​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញទេ។ ខ្ញុំសុំឯកឧត្តមអស់​លោក និងប្រជាពលរដ្ឋយល់ឱ្យបាន ព្រោះ​យើងត្រូវមានការយល់ដឹង មួយច្បាស់​អំពី​សិទ្ធិ​អំណាចនៃស្ថាប័ន ។
សម្តេចតេជោថ្លែងថា បើច្បាប់ខុសរដ្ឋធម្មនុញ្ញតើក្រុមប្រឹក្សាធម្មនុញ្ញទុកធ្វើអ្វី ហើយ​ព្រះមហាក្សត្រឡាយព្រះហស្តលេខាធ្វើអ្វី ? នេះជាការ ប្រមាថធ្ងន់ធ្ងរ លើអធិបតេយ្យ និងលើសិទ្ធិអំណាចរបស់ស្ថាប័នធម្មនុញ្ញ ហើយកាន់តែមើល ស្រាល​ចំពោះ​គណ​បក្ស​ទាំងពីរ​ដែលមានអាសនៈ នៅក្នុងសភា ក្នុងឋានៈជាតំ ណាងឱ្យប្រជាជាតិខ្មែរ ដែល​រួម​គ្នា​ធ្វើ​ច្បាប់នេះ ហើយជាការប្រមាថមើលងាយ ចំពោះស្ថាប័នសភា និងព្រឹទ្ធសភា ក្រុម​ប្រឹក្សាធម្មនុញ្ញ និងព្រះមហាក្សត្រដែល ឡាយព្រះហស្តលេខា ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំគ្រាន់តែចង់ដាស់តឿន ដើម្បី​ឱ្យមាន​ការ​យល់គ្នា ហើយឱ្យគោរពកាតព្វកិច្ច ក្នុងឋានៈជាជន ជាតិខ្មែរឬ ជនជាតិបរទេស។ ទោះ​បីខ្ញុំជា​នាយករដ្ឋមន្ត្រី ក៏ខ្ញុំអត់មានសិទ្ធិបកស្រាយច្បាប់ ជំនួសឱ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញទេ មានរឿងដែល មិនច្បាស់ ត្រូវសួរទៅក្រុមប្រឹក្សា ធម្មនុញ្ញឱ្យគេបកស្រាយ ។ ប៉ុន្តែ​ជា​ការ​គួរឱ្យសោកស្តាយអត្ថាធិប្បាយខ្លះត្រូវ បានបន្លឺនៅទីនេះ នៅទីនោះថា ច្បាប់​នេះមិ​ន​ស្រប​នឹង​រដ្ឋធម្មនុញ្ញទេ។ ខ្លួនឯងជាបុគ្គលម្នាក់ ហើយជួនកាល​ជាជ​ន​ជាតិបរទេស​ទៅ​ទៀត បែរជាមានសិទ្ធិប្រើពាក្យនេះ។ តើអនុ សញ្ញាក្រុងយែន​វា​នៅ​កន្លែង​ណា ដែល​ជន​ជាតិបរទេសមក ហ៊ានជ្រៀតជ្រែកថាច្បាប់នេះត្រូវ ច្បាប់នេះខុស សូម្បី​តែ​ស្ថាប័ន​ជាតិ​រប​ស់ខ្មែរ ក៏គ្មានសិទ្ធិទៅលើការបកស្រាយច្បាប់​ណាមួយ​ជំនួស​ឱ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ៕

បទវិចារណកថា ដោយ៖ រត្ន័ សណ្ដាប់, ទេវតាឆ្នាំថ្មី នឹងបន្ដប្រោះព្រំពរជ័យដល់ប្រជាជនខ្មែរ!

នៅ ​ថ្ងៃទី​១៤,១៥ និងទី១៦ ខែមេសា ខាងមុខនេះ​ ថ្នាក់ដឹកនំា​រាជរដ្ឋាភិបាល​ គណបក្ស​នយោបាយ​នានា ប្រជាជន​ខ្មែរ​ រួមទំាង​កង​កម្លំាង​ប្រដាប់​អាវុធទូទំាង​ប្រទេស​ នឹង​ប្រារព្វ​ធ្វើ​បុណ្យប្រពៃណី​ជាតិ «​ចូល​ឆ្នាំ​ខ្មែរ»។ គេ​គ្រប់​គ្នា​កំពុង​ត្រៀម​ជា​បណ្ដើរ​ៗ ​កំពុងសញ្ជឹង​គិត​ ថា​តើ​អាត្មា​អញ​​បាន​ធ្វើ​អ្វី​ខ្លះ​ ​នា​ពេល​កន្លងមក​? តើ​អាត្មា​អញបាន​ធ្វើ​អ្វី​ខ្លះក្នុង​ដែល​រៀប​នឹង​កន្លងផុត​ទៅ​ ដែល​ជាសកម្មភាព​នំា​សេចក្ដី​រីក​រាយ​ សេចក្ដី​សុខ​សប្បាយ​ និង​ការ​អភិវឌ្ឍជូន​ស្រុក​ទេសនោះ? ទន្ទឹម​នឹង​នេះ គេ​គ្រប់​គ្នា​ក៏បាន​ត្រៀម​ខ្លួន​បួងសួង​​ដល់​ទេវតា​ឆ្នាំ​ ថ្មី​ ដើម្បី​ជួយ​ជីវិត​ពួក​គេ​ ដើម្បី​បន្ថែម​នូវ​ថាមពល​ដល់​ពួក​គេ ​ឲ្យ​នៅ​តែ​មាន​លទ្ធ​ភាព​បន្ដ​ការ​រស់​ ​នៅ​រឹត​តែ​ប្រសើរ​ជាង ​ឆ្នាំ​ចាស់​ទៀត។​
          ក្នុងន័យ​​នេះ​​ រាជរដ្ឋាភិបាលដែល​មាន​លោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន​ ជាមគ្គុទេសក៍​ ក៏កំពុង​ខិតខំ​បូក​បញ្ជី​របស់​លោក​​ «ថា​តើ​អាត្មា​អញបាន​ធ្វើ​អ្វី​ខ្លះ​ជូន​ប្រជាជន​ខ្មែរ»? តើ​អាត្មា​អញបាន​ដឹកនំា​ស្រុក​ទេស​ដើម្បី​បន្ដ​ការ​អភិ​វឌ្ឈ បន្ត​លើក​កម្ពស់​ជីវភាព​ប្រជាជន​ នឹង​សេដ្ឋកិច្ច​​ប្រទេស​​ជាតិ​នៅ​ឆ្នាំ​ខាង​មុខ​នេះ បែប​ណា​។
ទោះ​ជា​យ៉ាង​ក៏​ដោយ យើង​យល់ថា ប្រជាជន​ទូ​ទៅ​ទូ​ទំាង​ប្រទេស​មាន​ជំនឿយ៉ាងមុខ​មំា​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​នឹង​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ សូម​ផ្តល់នូវ​ថាមពល​ដល់លោក ដើម្បី​បន្ដ​ការងារ​ដឹកនំា​ប្រទេស​ជាតិ​នៅ​ឆ្នាំ​ខាង​មុខ ឲ្យ​បាន​តែ​ចំ​រើន​ឡើង។​
ខ្ញុំ ​ជា​អ្នក​និពន្ធ​ នា​ពេលនេះ មិន​ចង់​រំឭក​នូវ​អ្វី​ដែល​ជា​អវិជ្ជមាន និង​ ទុទិ​ដ្ឋិនិយមនោះ​ទេ​ ព្រោះ​​ថា​ អ្វី​ដែល​គេ​គិត​ថា​ជា​អវិជ្ជ​មាន​​នោះ​ គេ​ត្រូវ​បោះ​បង់ចោល​ឲ្យ​ផុត​ពី​ឆ្នាំ​ចាស់។ គេ​គួរ​រំឭកនូវ​​អ្វី​ដែលមាន​ភាព​ជា​​វិជ្ជមាន ត្រូវ​មាន​គំ​និត​ សុទិដ្ឋិនិយម ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន មាន​មុខ​មាត់​នៅ​ក្នុង​តំបន់ ​ និង​នៅលើ​ឆាក​អន្ដរជាតិ​នោះ​គឺ យ៉ាង​ហោចណាស់មាន​កត្តាដូច​ខាង​ក្រោម ៖
ទី១) ​ ប្រទេស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​ទិ​សទី​។​ សុខ​សន្ដិភាព​ដែល​ប្រជា​ពល​រដ្ឋ​ និង​ប្រទេសជាតិ​ទទួល​បាន​ ញុំាង​ឲ្យ​អ្នក​ដឹកនំា​ប្រ​ទេស​ទូ​ទំាង​ពិភពលោក ​មក​បំពេញ​ទស្សនកិច្ច​នៅ​ កម្ពុជា​​ ដោយពុំមាន​ភាពញញើតញញើម ដូច​កាល​ពី​ទសវត្សរ៍​មុន​ៗនោះ​ទេ។​ កំណើន​ទេស​ចរណ៍ និង​ប្រាក់​ចំណូល​វិស័យ​ទេសចរណ៍រាប់​ពាន់លាន​ដុល្លារអា​មេ​រិក​ជា​រៀង​ រាល់ឆ្នាំ​ បាន​​ជា​​ចំណែក​​មួយ​នៃ​ការ​លើក​កម្ពស់ជីវភាព​ប្រជាជន និង​​​ការ​លើ​ក​កម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ។​
ទី២) ​ បរិស្ថាន​សុខសន្ដិ​ភាព​ និង​មាគ៌ា​នយោបាយ​របស់​រាជរដ្ឋាភិបាល​ បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន ក្រុមហ៊ុន​ឧស្សាហកម្ម​តូចធំ​ មក​វិនិយោគ​នៅ​កម្ពុជា​ រី​ឯ​អ្នក​កំពុង​ធ្វើ​វិនិយោគ​ក៏​បង្កើន​​ទុន​របស់​ខ្លួន​ដែរ​។ កត្ដានេះ​បាន​ញុំាង​ដល់​ការ​ផ្ដល់​លទ្ធ​ភាព​ដល់​យុវជន ​ឲ្យ​មាន​ការ​ធ្វើ​ ដែល​អាច​សន្សំ​នូវ​ប្រាក់​កំរ៉ៃ​ដែល​ខ្លួន​ទទួល​បាន ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ ​របស់​ខ្លួន​នៅ​ស្រុក​ ​មាន​ចំនួន​រាប់ម៉ីន​គ្រួសារ ញុំាង​ឲ្យ​ជីវភាព​ពួក​ គេ​ធំធាត់​ជាង​កាល​ពីមុន​។​ ម្យ៉ាងទៀត ​ក៏​ជា​កត្ដា​ចម្បង​មួយ​អាច​ឲ្យ​វិស័យ​នេះ​ ក្លាយជា​ប្រភព​ចំណូល​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស ​តាម​រយៈ​ការនំា​ចេញ​ផលិតផល​ ​​ទំាង​នេះ​ទៅ​ក្រៅ​ប្រទេស​នានា​លើ​ពិភពលោក ផង​​ដែរ។​
ទី៣) ​ នយោ​បាយ​បើ​ក​ទូ​លាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​ ប្រទេស​អ្នក​ត្រូវការ​​ គួប​ផ្សំនឹង​តម្រូវ​ការ​រក​ការងារ​ធ្វើ​របស់​ប្រជាជន​ខ្មែរ​ ទំាង​ចាស់ទំាង​ ក្មេង​ ពិសេស​យុវជនដែល​​អាច​ធ្វើ​សំណាកស្រុក​ សំណាក​ប្រទេស​ ដូច​ជាទៅ​​ប្រទេស​ថៃ មាទ្បេស៊ី សិង្ហបុរី កូរ៉េ ជាដើម មាន​ចំនួន​រាប់សែន​នាក់។​ លទ្ធ​ផល​គឺ ប្រទេស​ទំាងនោះ​បាន​ផ្ដល់​ប្រាក់​កំរ៉ៃ​ពលករយ៉ាង​​ក្រាស​ក្រែល មក​​ប្រទេស​ របស់​ខ្លួន​។ កត្តា​នេះ​គឺ​ដោយ​សារ​កម្ពុជា​មិន​ទាន់​ក្លាយ​ជា​ប្រទេស​ដែល​អាច​ប្រគួត​ ប្រជែង​ទី​ផ្សារការងារជាមួយ​ប្រទេស​ជិត​ខាង​បាន​នៅ​​ទ្បើយ។ ប្រាក់​ចំណូលដែល​​បានមក​ពី​ការសន្សំ​របស់​បងប្អូន​ប្អូន​យើង ក៏​បាន​​ផ្ញើ​ មក​ក្រុម​គ្រួសារ​ ដែល​ជា​សរុបមាន​ចំនួន​រាប់​រយលាន​ដុល្លារអា​មេរិក​ ប្រៀប​ដូច​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ​ផង​ដែរ។​​ នេះ​ជា​កត្ដា​មួយ​ទៀត​​ជា​អំណោយ​​ផល​ដល់​ជីវភាព​គ្រួសារ​រាប់សែន​នាក់​នៅ​ ក្នុង​ប្រទេស ​ក៏​ដូច​ជា​អំណោយ​ផលនៃ​​កំណើន​សេដ្ឋកិច្ច​​ជាតិ​ ផង​ដែរ។​
ទី៤)​ រាជរដ្ឋាភិ​បាល​អាណត្ដិ​ទី​៥​ ក្នុង​យុ​ទ្ធសាស្រ្ដ​របស់ខ្លួន​ បាន​កែលម្អ​ជីវភាព​របស់​ប្រជាជន និង​ប្រទេស​ជាតិ​ ក្នុង​បរិការ​ចាំ​បាច់​តម្រូវ​ដល់​​ដំណើរ​ការ​អភិវឌ្ឈ​សេដ្ឋ​កិច្ច​ របស់​ប្រជា​ជន​ និង​ប្រទេស​ជាតិ គឺ​​ត្រូវ​ធ្វើ​ការ​ស្ដារ​ និង​អភិវឌ្ឈ​ហេដ្ឋារចនា​សម្ព័ន្ធ​​​។ ក្នុង​នោះ​ គឺ​ស្ថាបនា​ផ្លូវ​ថ្នល់​ និង​ស្ពាន​។​ បច្ចុប្បន្ន ​គ្មាន​នរណា​ម្នាក់​ អាច​​ចោទ​សួរ​ជា​សំនួរ​ថា​ យើង​គ្មាន​ផ្លូវ​ថ្នល់​ ឬ​ថា​​ យើងគ្មាន​ស្ពាន​ ទ្បើយ។ ​ផ្លូវ​ថ្នល់​តូចធំ​ នៅ​ទី​ក្រុង ​ក៏ដូច​នៅ​តាម​ជន​បទ ​បានត្រូវ​ជួស​ជុល​ និង​ស្ថាបនា​ថ្មី​រាប់រយ​ខ្សែ​ រាប់​ពាន់​គី​ទ្បូ​ម៉ែត្រ។​ ស្ពាន​បេតុង​ថ្មី​ៗវែង​ខ្លី​ត្រូវ​បាន​ស្ថាបនា​។​ ស្ពាន​ឆ្លង​កាត់​ទន្លេ​ក៏​ត្រូវ​បាន​សាងសង់​ជាច្រើន។ ​ជា​សក្ខី​ភាព កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​ ប្រមុខ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ រួម​នឹង​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ម្ចាស់​ជំនួយគឺ​​ជប៉ុន​ បាន​ប្រារព្វ​ពិធី​ជា​ផ្លូវ​ការ​ បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ត្សឹបាសា (​Tsubasa) នៅ​ អ្នក​លឿង​ មាន​ប្រ​វែង​ជាង ​២០០០ ​ម៉ែត្រ​ បូក​ផ្សំ​នឹង​តួ​ផ្លូវ​​ភ្ជាប់នឹង​សាច់​ស្ពាន​ សរុប​ប្រមាណជាង​៥ពាន់​ម៉ែត្រ ​ ដែល​មាន​ទទឹង​១៣ម៉ែត្រ​ គឺ​ជា​ស្ពាន​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ ក្នុង​ពិ​ធី​ដ៏​ប្រពៃនេះ​ តំណាង​រដ្ឋាភិបាល​ជប៉ុន​ បាន​សន្សា​ចំពោះ​ប្រ​មុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ប្រជាជន​កម្ពុជា ​ថាប្រទេស​ជប៉ុន​​ មានមោទនភាពនឹង​​ធ្វើ​កិច្ច​សហ​ប្រតិ​បត្ដិ​​ការ​ជា​មួយ​កម្ពុជា​​ ទំាង​ វិស័យសេដ្ឋ​កិច្ច និង​វិស័យ​ដ៏ទៃ​ទៀត​ និង​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​ធ្វើ​កិច្ច​សហ​ ប្រតិបត្ដិការ​ជា​មួយ​កម្ពុជា​តទៅ​ទៀត​​ ។ តើ​នេះ ពុំមែន​ជា​មោទនភាព​​​របស់​ខ្មែរ​ទេ​អី?​ ​​​
ទី៥) ក្នុង​វិស័យ​កែលម្អ​សេវា​សាធារណៈ​ រាជរដ្ឋាភិបាលបាន ​ដាក់​ទិស​ចាប់តាំង​ពី​ថ្ងៃ​បដិ​សន្ធិ​រាជរដ្ឋារដ្ឋាភិបាល​អាណត្ដិទី៥​ នូវ​កំណែទម្រង់​ស៊ី​ជម្រៅ ​ដែល​ប្រ​ជាជន​ក្ដី​ ប្រទេស​ជា​មិត្ដ​ក្ដី​បាន​​ មើ​ល​ឃើ​ញ​កំណែ​ទម្រង់​នេះ​បាន​វិវត្ដន៍​ទៅមុខ​យ៉ាង​ស្រួច​ស្រាវ។ ក្នុង​នោះ​មាន​កំណែទម្រង់​អភិបាល​កិច្ច​ល្អ នៅ​​ថ្នាក់​ក្រោម​ជាតិ​ ពី​ឃុំ ស្រុក ខេត្ដ រាជធានី  រហូត​ដល់​ថ្នាក់ជាតិ ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវាកម្ម​ជូន​ប្រ​ជាជន​ឲ្យ​មាន​ ភាព​កក់​ក្ដៅ​។​ កំណែ​ទម្រង់​វិស័យ​អប់រំ សុខាភិបាល​ សង្គមកិច្ច​​ បរិស្ថាន តុលាការ​។ល។ ក៏ឃើញ​មាន​ដំណើរការ​ឈាន​ទៅ​មុខ​ក្នុង​ភាព​វិជ្ជមាន។​
ទី៦) ក្នុង​ការលើ​កម្ពស់​នូវអត្ដសញ្ញាណ​វប្បធម៌របស់​ជាតិ​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត និង​គំាទ្រ​ឲ្យ​ក្រុម​យុវជន​ដែលមាន​ឈ្មោះថា​ សហភាពសហព័ន្ធយុវជន​កម្ពុជា «ស....» ដឹកនាំ​ការងារដ៏វិសេសវិសាល ​រៀបចំ​កម្មវិធី​ដ៏​ថ្លៃថ្លា​ ក្នុង​ការទទួល​ទេវតា​ឆ្នាំថ្មី​ ដែលនឹង​​ប្រព្រឹត្ដ​ទៅ​នៅ​ដែនដី​អច្ឆរិយៈ ទីក្រុងអង្គរ ខេត្ដ​​សៀមរាប ។ កម្មវិធី​នេះ​គឺ​សំដៅ​ជា​ចម្បង ​ទៅ​លើ​ការ​លើក​កម្ពស់​អត្ដសញ្ញាណវប្បធម៌​ ខ្មែរ ​ដែលមាន​តំាង​ពី​សម័យអង្គរ​មក​ ឲ្យមាន​ភាព​រស់​រវើក​​ ដូច​ជា​ល្បែង​ចោល​​ឈូង បោះអង្គញ់ ទាញព្រ័ត លោតអន្ទាត់ លាក់កន្សែង ចាប់កូន​ខ្លែង​ ស្ដេចចង់ ត្រុដិ ប្រដាល់ក្បាច់ខ្មែរ​ ជាដើម។ ក្នុងនេះ​ក៏​បាន​បង្ហាញ​ ថា​ យុវជន​ក្មេង​ៗ បានធ្វើ​ការ​​កៀត​ស្មា​នឹង​ស្មា ​ជា​មួយ​អ្នក​ចាស់ទុំ​ អ្នកកាន់អំណាច​ ក្នុង​ន័យ «​ទំពំាង​ស្នង​ឫស្សី​»។ ព្រឹត្ដិការណ៍នេះ ​ត្រូវ​បាន​បណ្ដោញ​ព័ត៌មាន​ធំៗ លើ​ពិភពលោក ដូច​ជា CNN បានផ្សព្វផ្សាយការ​រៀប​ចំ​នេះ​ពេញ​ពិភព​លោក ដែ​លជាហេតុអាច​​ទាក់ទាញ​អ្នក​ទេសចរណ៍​​ ងាក​មក​ទស្សនា​កម្ពុជា ​នៅ​ក្នុង​ ពិធី​អបអរសា​ទរ​​ចូលឆ្នាំ​ថ្មី​ ជា​មួយប្រ​ជា​ជន​ខ្មែរ​ ។ អ្នក​វិភាគ​ខាង​វិស័យ​ទេសចរណ៏​បានប្រមើល​ថា អាច​នឹងទាក់ទាញ​អ្នក​ទេសចរបាន​ប្រមាណ១លាននាក់។​

ជា ​សរុប មជ្ឃដ្ឋានជាតិ និងអន្ដរជាតិ​ ថ្នាក់ដឹក​នាំ​កំពូលៗ រួម​ទំាង​អ្នក​គំាទ្រ​គណ​បក្ស​នយោបាយ​ទំាង​អស់ ​ក្នុងរបប​ប្រជាធិប​ តេយ្យ សេរីពហុបក្ស​ នៅ​ព្រះរាជាណាចក្រកម្ពុជា ​ច្បាស់​ជា​នឹងខិតខំ​បន្ដ​នូវ​អ្វីៗ គេបាន​ឃើញ​សមិទ្ធិផល​ដ៏ប្រពៃ ដូច​បាន​រៀប​រាប់​ខាង​លើ​ ដើម្បី​បន្ត​និរន្ដរ​ភាព  ហើយ​សុំ​ទេវតា​ឆ្នាំថ្មី​បន្ដ​ប្រោះព្រំ​ពរជ័យ​ ដល់​កម្ពុជា​ នៅ «​ឆ្នាំ​ មមែ» នេះ៕

លោកជំទាវ អាយ អាន្នី សុខ អាន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចំរើនព្រះបរិត្​ត លើក​ជោគជតា ​សិរីសួស្តី មុនចូលឆ្នាំថ្មី នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​

ដើម្បីចូលរួមអបអរសារទរចូលឆ្នំាថ្មី ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រីរាជការ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បានរៀបចំពិធី​ចំរើន​ព្រះ​បរិត្ត សម្រាប់ឱកាសចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដ​ស័ក ព.ស ២៥៥៩ ដែលនឹងចូល មកដល់ថ្ងៃខាងមុខនេះ ។
ពិធីនេះ ប្រារព្ធនៅអគារ​មិត្តភាព នាព្រឹកថ្ងៃទី៩ ខែមេសានេះ ដោយមាន​និមន្ត​ សម្ដេចព្រះ អគ្គមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក គណៈមន្ត្រីសង្ឃ​ និង​ព្រះសង្ឃ ចំនួន៧អង្គ​ ​ចំរើន​ព្រះ​បរិត្ត ប្រោះព្រំ ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី ចំពោះលោកជំទាវអាយ អានី សុខ អាន , ព្រមទាំង សមាជិក​សមាជិការាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់ និងមន្ត្រីរាជការ​ទាំងអស់ នៃ​ទីស្តីការ​គណៈ​រ​ដ្ឋមន្ត្រី នៅក្នុងការបំពេញភារៈកិច្ច នាឆ្នាំថ្មីខាងមុខ ។
គួរ​កត់សំគាល់ថា ជា​រៀងរាល់ឆ្នាំ នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ថ្នាក់ដឹកនាំ ​និង​មន្ត្រីរាជការ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី តែងតែ​ប្រារព្ធ​ពិធី ព្រះពុទ្ធសាសនា​បែបនេះ ម្យ៉ាង​ គឺដើម្បី​សុំ​សេចក្តីសុខ​ចំរុងចំរើន ដល់​មន្ត្រី​រាជការ និង​ម្យ៉ាងទៀត ដើម្បីប្រោះព្រំ ឲ្យ​មាន​ភាពសុខដុមរមនា ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ទីតាំងស្ថាប័ន​កំពូលមួយរបស់​រាជរដ្ឋាភិបាល ជា​ក្បាលម៉ាស៊ីនប្រមូលផ្តុំ នូវ​កម្លាំង​បញ្ញាញាណ ​គ្រប់​ស្រទាប់ ដែលបម្រើ​ឲ្យ​គ្រប់កិច្ចការ​នយោបាយរបស់​រាជរដ្ឋាភិបាល ទាំង​លើ​ការងារអភិបាលកិច្ច និង​កំណែ​ទំរង់​នានា ។

ក្រោយពីបញ្ចប់កម្មវិធីចម្រើនព្រះបរិត្ត ​លោកជំទាវ អាយ អាន្នី សុខ អាន ព្រមទាំង​ឯកឧត្ដម លោកជំទាវ ជា​សមាជិក សមាជិកា រាជរដ្ឋាភិបាល និង មន្ត្រីរាជការ​ ក្រោម​ឱវាទ​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បន្តទៅ​ទស្សនារបាំ​ត្រុដ  និង របាំ​ជូនពរ ដែលសិល្បករ សិល្ប​ការិនី សំដែង​នៅ​ខាង​មុខ វិមាន​​សន្តិភាព ដើម្បី​អបអរ​សារ​ទរ ជូនពរ ជាពិសេស បណ្តេញ​ឲ្យ​អស់នូវ​ភាព​ឧបទ្រុប​ទាំង​ឡាយ​ក្នុង​ឆ្នាំ​ចាស់ និង​ផ្លាស់​យក​ជោគជ័យ​ សិរី​សួស្តី សម្រាប់ឆ្នាំថ្មី ៕


សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ស្តីពីលទ្ធផល​នៃកិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា


សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៥


សារ​លិខិត​​ជូនពរ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជូន​សម្តេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​ជូនពរ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​​ថ្វាយ​ព្រះពរ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ថ្វាយ​​​ សម្តេចព្រះមហាក្សត្រី​ ព្រះវ​ររាជ​​មាតា​ជាតិ​ខ្មែរ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​​ថ្វាយ​ព្រះពរ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ថ្វាយ​​​​ព្រះ​ករុណា​ ព្រះ​មហា​ក្សត្រ ក្នុង​​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​ជូនពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន​ ជូន​សម្តេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​​ថ្វាយ​ព្រះពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន​ ថ្វាយ​​​ សម្តេចព្រះមហាក្សត្រី​ ព្រះវ​ររាជ​​មាតា​ជាតិ​ខ្មែរ ក្នុង​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ


សារ​លិខិត​​​ថ្វាយ​ព្រះពរ ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ​ អាន​ ថ្វាយ​​​​ព្រះ​ករុណា​ ព្រះ​មហា​ក្សត្រ ក្នុង​​ឱកាស​​ពិធី​បុណ្យ​​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំមមែ