Friday, April 10, 2015

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនយោបាយ​ទាំង​ពីរ​ គឺ ​សម្តេច​ តេជោ ​និង​ឯកឧត្តម ​សម​ រង្ស៊ី ​បង្ហាញការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​បោះឆ្នោត​ជ្រើស​តាំង​សមាស​ភាព ​គ.ជ.ប​ថ្មី

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៥នេះ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំសភា ដែល​បាន​ដំណើរ​ការបោះឆ្នោតជ្រើស​តាំង​សមាសភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ថ្មី សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​បង្ហាញ​ការ​សាទរ និងអរគុណ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍សភា ដែល​បាន​គាំទ្រ​សមាជិក គ.ជ.ប.ថ្មី ទាំង​សម្តេច និងឯកឧត្តម សម រង្ស៊ី បាន​បញ្ជាក់​ដូច​គ្នាថា លទ្ធ​ផល​ដែល​កើត​ចេញ​នៅ​ថ្ងៃនេះ សុទ្ធ​តែ​ផ្តើម​​ចេញ​ពី​វប្បធម៌​សន្ទនា។
សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា  ស្មារតី​សន្ទនា​បាន​រីក​ដុះ​ដាល​គ្រប់​ទីក​ន្លែង និង​បន្ត​ធ្វើដល់​មូលដ្ឋាន។ នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមាច​ស៊ី​ត្រីត្រូវបាន​បញ្ចប់​ហើយ។ សម្តេច​បន្តថា ច្បាប់​បោះឆ្នោត​ថ្មី ពិសេស​ណាស់់ គឺ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត សម្រាប់​ការបោះ​ឆ្នោត សង្ឃឹម​ថានឹង​មិន​មាន​បញ្ហា​ជ្រាំ​ដែល​ទៀត​ទេ។
ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម សម រង្ស៊ី មាន​ប្រសាសន៍​បញ្ជាក់​ដែរថា សូម​គាំទ្រ​នូវ​ប្រសាសន៍ របស់​សម្តេច ហ៊ុន សែន ពេញ​ទំហឹង។ រាល់​ពាក្ស​ពេចន៍​សម្តេច​ហ៊ុន សែន ត្រូវ​ចង​ចាំ​ជាប្រវត្តិសាស្ត្រ ។ ឯកឧត្តម អបអរ​សាទរ​ចំពោះ​រដ្ឋសភា​ជាតិ ដែល​បាន​ជ្រើស​រើស​សមាជិក គ.ជ.ប.ថ្មី។ ឯកឧត្តម បញ្ជាក់​ថា ចាប់​ពី​ពេល​នេះតទៅ ប្រជាជនមាន​ជំនឿ​លើ គ.ជ.ប. ហើយ​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​មុខ​មិន​មាន​បញ្ហា​ដូច​មុនៗទេ។  ឯកឧត្តម ឲ្យដឹងទៀត​ថា​រាល់​ការ​សម្រេច​របស់ គ.ជ.ប ថ្មី ត្រូវ​ឈរ​លើ​មតិភាគ​ច្រើន​ក្នុង​ចំណោម​សមាជិក​ទាំង៩ ពោល​គឺ​សំឡេង​ចំនួន៥។
តាម​ប្រសាសន៍​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ បាន​ឲ្យដឹង​ថា សមា​ជិក គ.ជ.ប  ទាំង​៩​នឹង​លាលែង​តំណែង​ពី​គណបក្សនយោបាយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ សម្តេច​បន្តថាសមាជិក​ទាំង​៩នឹង​ជ្រើស​រើសអគ្គលេខា​ធិការ និង​អគ្គលេខាធិការរង គ.ជ.ប ដោយ​ខ្លួន​ឯង និង​គ្មានការ​ជ្រៀតជ្រែក​ពីគណបក្ស​ទាំង​ពីរ ។
សម្តេច​បន្តថា សមាជិក​គ.ជ.បថ្មី​នឹង​ស្បថ​ចូល​កាន់​តំណែ​នៅ​ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រោមវត្ត​មាន​សម្ដេច​ចៅហ្វាវាំង គង់ សំអុល និង​ផ្ទេរ​មុខ​តំណែង​ពីសមាជិកគ.ជ.ប ចាស់​នៅ​ថ្ងៃ​ច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០១៥ ពោល​គឺមុន ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​មួយ​ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​សភាពេញអង្គ នាព្រឹក ថ្ងៃទី០៩ ខែមេសា នេះថា សមាជិក គ.ជ.ប ទាំង​អស់ ចាប់​ពីថ្ងៃ​នេះ​តទៅ លែង​ស្ថិត​នៅ​ក្រោម គណបក្សនយោបាយ​ទៀត​ហើយ។ សម្តេច ក៏បាន​ជំរុញ​ឲ្យ​សមាជិក គ.ជ.ប ថ្មី ត្រូវ​លា​លែង​ពី​តួនាទី​ក្នុង អង្គការ​សសង្គម​ស៊ីវិល ដែល​ខ្លួន​បាន​បំពេញ​ការងារ​នា​ពេល​កន្លង​ទៅ។
គួរបញ្ជាក់​ថា រដ្ឋសភា​នៅ​ព្រឹកថ្ងៃទី ០៩ នេះ បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់ ឯកឧត្តម ស៊ិក ប៊ុនហុក មក​ពី​គណបក្ស​ប្រជាជនកម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ ការបោះឆ្នោត(គ.ជ.ប)ថ្មី និងឯកឧត្តម គួយ ប៊ុនរឿន មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ជាអនុប្រធាន គ.ជ.ប តាម​ការ​រៀប​ចំរបស់​គណបក្ស​ទាំង​ពីរ និង​៧រូប​ទៀត​ជាសមាជិក គ.ជ.ប៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment