Friday, April 10, 2015

បទវិចារណកថា ដោយ៖ រត្ន័ សណ្ដាប់, ទេវតាឆ្នាំថ្មី នឹងបន្ដប្រោះព្រំពរជ័យដល់ប្រជាជនខ្មែរ!

នៅ ​ថ្ងៃទី​១៤,១៥ និងទី១៦ ខែមេសា ខាងមុខនេះ​ ថ្នាក់ដឹកនំា​រាជរដ្ឋាភិបាល​ គណបក្ស​នយោបាយ​នានា ប្រជាជន​ខ្មែរ​ រួមទំាង​កង​កម្លំាង​ប្រដាប់​អាវុធទូទំាង​ប្រទេស​ នឹង​ប្រារព្វ​ធ្វើ​បុណ្យប្រពៃណី​ជាតិ «​ចូល​ឆ្នាំ​ខ្មែរ»។ គេ​គ្រប់​គ្នា​កំពុង​ត្រៀម​ជា​បណ្ដើរ​ៗ ​កំពុងសញ្ជឹង​គិត​ ថា​តើ​អាត្មា​អញ​​បាន​ធ្វើ​អ្វី​ខ្លះ​ ​នា​ពេល​កន្លងមក​? តើ​អាត្មា​អញបាន​ធ្វើ​អ្វី​ខ្លះក្នុង​ដែល​រៀប​នឹង​កន្លងផុត​ទៅ​ ដែល​ជាសកម្មភាព​នំា​សេចក្ដី​រីក​រាយ​ សេចក្ដី​សុខ​សប្បាយ​ និង​ការ​អភិវឌ្ឍជូន​ស្រុក​ទេសនោះ? ទន្ទឹម​នឹង​នេះ គេ​គ្រប់​គ្នា​ក៏បាន​ត្រៀម​ខ្លួន​បួងសួង​​ដល់​ទេវតា​ឆ្នាំ​ ថ្មី​ ដើម្បី​ជួយ​ជីវិត​ពួក​គេ​ ដើម្បី​បន្ថែម​នូវ​ថាមពល​ដល់​ពួក​គេ ​ឲ្យ​នៅ​តែ​មាន​លទ្ធ​ភាព​បន្ដ​ការ​រស់​ ​នៅ​រឹត​តែ​ប្រសើរ​ជាង ​ឆ្នាំ​ចាស់​ទៀត។​
          ក្នុងន័យ​​នេះ​​ រាជរដ្ឋាភិបាលដែល​មាន​លោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន​ ជាមគ្គុទេសក៍​ ក៏កំពុង​ខិតខំ​បូក​បញ្ជី​របស់​លោក​​ «ថា​តើ​អាត្មា​អញបាន​ធ្វើ​អ្វី​ខ្លះ​ជូន​ប្រជាជន​ខ្មែរ»? តើ​អាត្មា​អញបាន​ដឹកនំា​ស្រុក​ទេស​ដើម្បី​បន្ដ​ការ​អភិ​វឌ្ឈ បន្ត​លើក​កម្ពស់​ជីវភាព​ប្រជាជន​ នឹង​សេដ្ឋកិច្ច​​ប្រទេស​​ជាតិ​នៅ​ឆ្នាំ​ខាង​មុខ​នេះ បែប​ណា​។
ទោះ​ជា​យ៉ាង​ក៏​ដោយ យើង​យល់ថា ប្រជាជន​ទូ​ទៅ​ទូ​ទំាង​ប្រទេស​មាន​ជំនឿយ៉ាងមុខ​មំា​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​នឹង​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ សូម​ផ្តល់នូវ​ថាមពល​ដល់លោក ដើម្បី​បន្ដ​ការងារ​ដឹកនំា​ប្រទេស​ជាតិ​នៅ​ឆ្នាំ​ខាង​មុខ ឲ្យ​បាន​តែ​ចំ​រើន​ឡើង។​
ខ្ញុំ ​ជា​អ្នក​និពន្ធ​ នា​ពេលនេះ មិន​ចង់​រំឭក​នូវ​អ្វី​ដែល​ជា​អវិជ្ជមាន និង​ ទុទិ​ដ្ឋិនិយមនោះ​ទេ​ ព្រោះ​​ថា​ អ្វី​ដែល​គេ​គិត​ថា​ជា​អវិជ្ជ​មាន​​នោះ​ គេ​ត្រូវ​បោះ​បង់ចោល​ឲ្យ​ផុត​ពី​ឆ្នាំ​ចាស់។ គេ​គួរ​រំឭកនូវ​​អ្វី​ដែលមាន​ភាព​ជា​​វិជ្ជមាន ត្រូវ​មាន​គំ​និត​ សុទិដ្ឋិនិយម ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន មាន​មុខ​មាត់​នៅ​ក្នុង​តំបន់ ​ និង​នៅលើ​ឆាក​អន្ដរជាតិ​នោះ​គឺ យ៉ាង​ហោចណាស់មាន​កត្តាដូច​ខាង​ក្រោម ៖
ទី១) ​ ប្រទេស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​ទិ​សទី​។​ សុខ​សន្ដិភាព​ដែល​ប្រជា​ពល​រដ្ឋ​ និង​ប្រទេសជាតិ​ទទួល​បាន​ ញុំាង​ឲ្យ​អ្នក​ដឹកនំា​ប្រ​ទេស​ទូ​ទំាង​ពិភពលោក ​មក​បំពេញ​ទស្សនកិច្ច​នៅ​ កម្ពុជា​​ ដោយពុំមាន​ភាពញញើតញញើម ដូច​កាល​ពី​ទសវត្សរ៍​មុន​ៗនោះ​ទេ។​ កំណើន​ទេស​ចរណ៍ និង​ប្រាក់​ចំណូល​វិស័យ​ទេសចរណ៍រាប់​ពាន់លាន​ដុល្លារអា​មេ​រិក​ជា​រៀង​ រាល់ឆ្នាំ​ បាន​​ជា​​ចំណែក​​មួយ​នៃ​ការ​លើក​កម្ពស់ជីវភាព​ប្រជាជន និង​​​ការ​លើ​ក​កម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ។​
ទី២) ​ បរិស្ថាន​សុខសន្ដិ​ភាព​ និង​មាគ៌ា​នយោបាយ​របស់​រាជរដ្ឋាភិបាល​ បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន ក្រុមហ៊ុន​ឧស្សាហកម្ម​តូចធំ​ មក​វិនិយោគ​នៅ​កម្ពុជា​ រី​ឯ​អ្នក​កំពុង​ធ្វើ​វិនិយោគ​ក៏​បង្កើន​​ទុន​របស់​ខ្លួន​ដែរ​។ កត្ដានេះ​បាន​ញុំាង​ដល់​ការ​ផ្ដល់​លទ្ធ​ភាព​ដល់​យុវជន ​ឲ្យ​មាន​ការ​ធ្វើ​ ដែល​អាច​សន្សំ​នូវ​ប្រាក់​កំរ៉ៃ​ដែល​ខ្លួន​ទទួល​បាន ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ ​របស់​ខ្លួន​នៅ​ស្រុក​ ​មាន​ចំនួន​រាប់ម៉ីន​គ្រួសារ ញុំាង​ឲ្យ​ជីវភាព​ពួក​ គេ​ធំធាត់​ជាង​កាល​ពីមុន​។​ ម្យ៉ាងទៀត ​ក៏​ជា​កត្ដា​ចម្បង​មួយ​អាច​ឲ្យ​វិស័យ​នេះ​ ក្លាយជា​ប្រភព​ចំណូល​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស ​តាម​រយៈ​ការនំា​ចេញ​ផលិតផល​ ​​ទំាង​នេះ​ទៅ​ក្រៅ​ប្រទេស​នានា​លើ​ពិភពលោក ផង​​ដែរ។​
ទី៣) ​ នយោ​បាយ​បើ​ក​ទូ​លាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​ ប្រទេស​អ្នក​ត្រូវការ​​ គួប​ផ្សំនឹង​តម្រូវ​ការ​រក​ការងារ​ធ្វើ​របស់​ប្រជាជន​ខ្មែរ​ ទំាង​ចាស់ទំាង​ ក្មេង​ ពិសេស​យុវជនដែល​​អាច​ធ្វើ​សំណាកស្រុក​ សំណាក​ប្រទេស​ ដូច​ជាទៅ​​ប្រទេស​ថៃ មាទ្បេស៊ី សិង្ហបុរី កូរ៉េ ជាដើម មាន​ចំនួន​រាប់សែន​នាក់។​ លទ្ធ​ផល​គឺ ប្រទេស​ទំាងនោះ​បាន​ផ្ដល់​ប្រាក់​កំរ៉ៃ​ពលករយ៉ាង​​ក្រាស​ក្រែល មក​​ប្រទេស​ របស់​ខ្លួន​។ កត្តា​នេះ​គឺ​ដោយ​សារ​កម្ពុជា​មិន​ទាន់​ក្លាយ​ជា​ប្រទេស​ដែល​អាច​ប្រគួត​ ប្រជែង​ទី​ផ្សារការងារជាមួយ​ប្រទេស​ជិត​ខាង​បាន​នៅ​​ទ្បើយ។ ប្រាក់​ចំណូលដែល​​បានមក​ពី​ការសន្សំ​របស់​បងប្អូន​ប្អូន​យើង ក៏​បាន​​ផ្ញើ​ មក​ក្រុម​គ្រួសារ​ ដែល​ជា​សរុបមាន​ចំនួន​រាប់​រយលាន​ដុល្លារអា​មេរិក​ ប្រៀប​ដូច​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ​ផង​ដែរ។​​ នេះ​ជា​កត្ដា​មួយ​ទៀត​​ជា​អំណោយ​​ផល​ដល់​ជីវភាព​គ្រួសារ​រាប់សែន​នាក់​នៅ​ ក្នុង​ប្រទេស ​ក៏​ដូច​ជា​អំណោយ​ផលនៃ​​កំណើន​សេដ្ឋកិច្ច​​ជាតិ​ ផង​ដែរ។​
ទី៤)​ រាជរដ្ឋាភិ​បាល​អាណត្ដិ​ទី​៥​ ក្នុង​យុ​ទ្ធសាស្រ្ដ​របស់ខ្លួន​ បាន​កែលម្អ​ជីវភាព​របស់​ប្រជាជន និង​ប្រទេស​ជាតិ​ ក្នុង​បរិការ​ចាំ​បាច់​តម្រូវ​ដល់​​ដំណើរ​ការ​អភិវឌ្ឈ​សេដ្ឋ​កិច្ច​ របស់​ប្រជា​ជន​ និង​ប្រទេស​ជាតិ គឺ​​ត្រូវ​ធ្វើ​ការ​ស្ដារ​ និង​អភិវឌ្ឈ​ហេដ្ឋារចនា​សម្ព័ន្ធ​​​។ ក្នុង​នោះ​ គឺ​ស្ថាបនា​ផ្លូវ​ថ្នល់​ និង​ស្ពាន​។​ បច្ចុប្បន្ន ​គ្មាន​នរណា​ម្នាក់​ អាច​​ចោទ​សួរ​ជា​សំនួរ​ថា​ យើង​គ្មាន​ផ្លូវ​ថ្នល់​ ឬ​ថា​​ យើងគ្មាន​ស្ពាន​ ទ្បើយ។ ​ផ្លូវ​ថ្នល់​តូចធំ​ នៅ​ទី​ក្រុង ​ក៏ដូច​នៅ​តាម​ជន​បទ ​បានត្រូវ​ជួស​ជុល​ និង​ស្ថាបនា​ថ្មី​រាប់រយ​ខ្សែ​ រាប់​ពាន់​គី​ទ្បូ​ម៉ែត្រ។​ ស្ពាន​បេតុង​ថ្មី​ៗវែង​ខ្លី​ត្រូវ​បាន​ស្ថាបនា​។​ ស្ពាន​ឆ្លង​កាត់​ទន្លេ​ក៏​ត្រូវ​បាន​សាងសង់​ជាច្រើន។ ​ជា​សក្ខី​ភាព កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​ ប្រមុខ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ រួម​នឹង​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ម្ចាស់​ជំនួយគឺ​​ជប៉ុន​ បាន​ប្រារព្វ​ពិធី​ជា​ផ្លូវ​ការ​ បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ត្សឹបាសា (​Tsubasa) នៅ​ អ្នក​លឿង​ មាន​ប្រ​វែង​ជាង ​២០០០ ​ម៉ែត្រ​ បូក​ផ្សំ​នឹង​តួ​ផ្លូវ​​ភ្ជាប់នឹង​សាច់​ស្ពាន​ សរុប​ប្រមាណជាង​៥ពាន់​ម៉ែត្រ ​ ដែល​មាន​ទទឹង​១៣ម៉ែត្រ​ គឺ​ជា​ស្ពាន​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ ក្នុង​ពិ​ធី​ដ៏​ប្រពៃនេះ​ តំណាង​រដ្ឋាភិបាល​ជប៉ុន​ បាន​សន្សា​ចំពោះ​ប្រ​មុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ប្រជាជន​កម្ពុជា ​ថាប្រទេស​ជប៉ុន​​ មានមោទនភាពនឹង​​ធ្វើ​កិច្ច​សហ​ប្រតិ​បត្ដិ​​ការ​ជា​មួយ​កម្ពុជា​​ ទំាង​ វិស័យសេដ្ឋ​កិច្ច និង​វិស័យ​ដ៏ទៃ​ទៀត​ និង​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​ធ្វើ​កិច្ច​សហ​ ប្រតិបត្ដិការ​ជា​មួយ​កម្ពុជា​តទៅ​ទៀត​​ ។ តើ​នេះ ពុំមែន​ជា​មោទនភាព​​​របស់​ខ្មែរ​ទេ​អី?​ ​​​
ទី៥) ក្នុង​វិស័យ​កែលម្អ​សេវា​សាធារណៈ​ រាជរដ្ឋាភិបាលបាន ​ដាក់​ទិស​ចាប់តាំង​ពី​ថ្ងៃ​បដិ​សន្ធិ​រាជរដ្ឋារដ្ឋាភិបាល​អាណត្ដិទី៥​ នូវ​កំណែទម្រង់​ស៊ី​ជម្រៅ ​ដែល​ប្រ​ជាជន​ក្ដី​ ប្រទេស​ជា​មិត្ដ​ក្ដី​បាន​​ មើ​ល​ឃើ​ញ​កំណែ​ទម្រង់​នេះ​បាន​វិវត្ដន៍​ទៅមុខ​យ៉ាង​ស្រួច​ស្រាវ។ ក្នុង​នោះ​មាន​កំណែទម្រង់​អភិបាល​កិច្ច​ល្អ នៅ​​ថ្នាក់​ក្រោម​ជាតិ​ ពី​ឃុំ ស្រុក ខេត្ដ រាជធានី  រហូត​ដល់​ថ្នាក់ជាតិ ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវាកម្ម​ជូន​ប្រ​ជាជន​ឲ្យ​មាន​ ភាព​កក់​ក្ដៅ​។​ កំណែ​ទម្រង់​វិស័យ​អប់រំ សុខាភិបាល​ សង្គមកិច្ច​​ បរិស្ថាន តុលាការ​។ល។ ក៏ឃើញ​មាន​ដំណើរការ​ឈាន​ទៅ​មុខ​ក្នុង​ភាព​វិជ្ជមាន។​
ទី៦) ក្នុង​ការលើ​កម្ពស់​នូវអត្ដសញ្ញាណ​វប្បធម៌របស់​ជាតិ​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត និង​គំាទ្រ​ឲ្យ​ក្រុម​យុវជន​ដែលមាន​ឈ្មោះថា​ សហភាពសហព័ន្ធយុវជន​កម្ពុជា «ស....» ដឹកនាំ​ការងារដ៏វិសេសវិសាល ​រៀបចំ​កម្មវិធី​ដ៏​ថ្លៃថ្លា​ ក្នុង​ការទទួល​ទេវតា​ឆ្នាំថ្មី​ ដែលនឹង​​ប្រព្រឹត្ដ​ទៅ​នៅ​ដែនដី​អច្ឆរិយៈ ទីក្រុងអង្គរ ខេត្ដ​​សៀមរាប ។ កម្មវិធី​នេះ​គឺ​សំដៅ​ជា​ចម្បង ​ទៅ​លើ​ការ​លើក​កម្ពស់​អត្ដសញ្ញាណវប្បធម៌​ ខ្មែរ ​ដែលមាន​តំាង​ពី​សម័យអង្គរ​មក​ ឲ្យមាន​ភាព​រស់​រវើក​​ ដូច​ជា​ល្បែង​ចោល​​ឈូង បោះអង្គញ់ ទាញព្រ័ត លោតអន្ទាត់ លាក់កន្សែង ចាប់កូន​ខ្លែង​ ស្ដេចចង់ ត្រុដិ ប្រដាល់ក្បាច់ខ្មែរ​ ជាដើម។ ក្នុងនេះ​ក៏​បាន​បង្ហាញ​ ថា​ យុវជន​ក្មេង​ៗ បានធ្វើ​ការ​​កៀត​ស្មា​នឹង​ស្មា ​ជា​មួយ​អ្នក​ចាស់ទុំ​ អ្នកកាន់អំណាច​ ក្នុង​ន័យ «​ទំពំាង​ស្នង​ឫស្សី​»។ ព្រឹត្ដិការណ៍នេះ ​ត្រូវ​បាន​បណ្ដោញ​ព័ត៌មាន​ធំៗ លើ​ពិភពលោក ដូច​ជា CNN បានផ្សព្វផ្សាយការ​រៀប​ចំ​នេះ​ពេញ​ពិភព​លោក ដែ​លជាហេតុអាច​​ទាក់ទាញ​អ្នក​ទេសចរណ៍​​ ងាក​មក​ទស្សនា​កម្ពុជា ​នៅ​ក្នុង​ ពិធី​អបអរសា​ទរ​​ចូលឆ្នាំ​ថ្មី​ ជា​មួយប្រ​ជា​ជន​ខ្មែរ​ ។ អ្នក​វិភាគ​ខាង​វិស័យ​ទេសចរណ៏​បានប្រមើល​ថា អាច​នឹងទាក់ទាញ​អ្នក​ទេសចរបាន​ប្រមាណ១លាននាក់។​

ជា ​សរុប មជ្ឃដ្ឋានជាតិ និងអន្ដរជាតិ​ ថ្នាក់ដឹក​នាំ​កំពូលៗ រួម​ទំាង​អ្នក​គំាទ្រ​គណ​បក្ស​នយោបាយ​ទំាង​អស់ ​ក្នុងរបប​ប្រជាធិប​ តេយ្យ សេរីពហុបក្ស​ នៅ​ព្រះរាជាណាចក្រកម្ពុជា ​ច្បាស់​ជា​នឹងខិតខំ​បន្ដ​នូវ​អ្វីៗ គេបាន​ឃើញ​សមិទ្ធិផល​ដ៏ប្រពៃ ដូច​បាន​រៀប​រាប់​ខាង​លើ​ ដើម្បី​បន្ត​និរន្ដរ​ភាព  ហើយ​សុំ​ទេវតា​ឆ្នាំថ្មី​បន្ដ​ប្រោះព្រំ​ពរជ័យ​ ដល់​កម្ពុជា​ នៅ «​ឆ្នាំ​ មមែ» នេះ៕

No comments:

Post a Comment