Sunday, September 11, 2022

អតីតបុគ្គលិកក្រុម​​ហ៊ុន​​ណា​ហ្គាវើលដ៏ដែល​បាន​បញ្ឈប់​ពីការងារ​ ដឹកនាំ​ដោយ​ឈឹម ស៊ីថរ ​បង្កភាព​អានាធិបតេយ្យ​កាន់​តែខ្លាំង​ឡើងៗ ក្នុង​រាជធានី​ភ្នំ​ពេញ​

ក្រុម​បាតុករខុសច្បាប់​ប្រមាណ​ជាង​១០០នាក់​ ជា​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ ដឹកនាំ​ដោយ​មេសហជីព​ផុត​អាណត្តិ​ ឈឹម ស៊ីថរ ដែល​បាន​បញ្ឈប់​ពី​ការងារ​អស់​ពេលជាច្រើន​ខែមក​ហើយ ​នៅព្រឹក​ថ្ងៃអាទិត្យទី១១ ខែ​កញ្ញា ឆ្នាំ​២០២២នេះ​​ ដែល​ជាថ្ងៃ​ឈប់​សម្រាករបស់​មន្ត្រីរាជការ​​ បែរជា​ពួក​គេធ្វើ​ការ​​ប្រមូល​ផ្តុំ​គ្នា​ និង​ដើរស្រែក​តវ៉ាយ៉ាង​អានាធិបតេយ្យ​នៅ​តាម​សង​ផ្លូវ​សាធារណៈក្នុង​រាជធានីភ្នំ​ពេញ​ និង​​ពុំ​បាន​ស្នើ​សុំ​ច្បាប់​អនុញ្ញាតពី​សាលារាជធានី​ភ្នំ​ពេញ​ទៀត​ផង​។​

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំ​ណើរ​នៅ​តាម​ដង​ផ្លូវមួយ​ចំ​នួន​ បាន​រិះ​គន់​ចំ​ពោះ​សកម្មភាព​អានាធិបតេយ្យ​នេះយ៉ាង​ខ្លាំង​ និង​​ចាត់​ទុកថាជាទង្វើ​បង្កភាព​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ សន្តិសុខ និង​ជា​ការ​ញុះ​ញង់​ បង្កភាព​វឹក​វរចលាចល​ក្នុង​សង្គម​ ដែល​ជា​ទង្វើ​រំ​លោភ​បំ​ពាន​ម្តង​ហើយ​ម្តង​ទៀត​លើគោល​ការណ៍​ច្បាប់​។

តាម​រយៈការដើរស្រែក​តវ៉ា​ ប្រមូល​ផ្តុំគ្នា​​​ធ្វើ​បាតុកម្មខុសច្បាប់​ ដឹកនាំ​ដោយមេសហជីព​ដែល​គេដឹង​ថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​របៀប​វារៈនយោបាយ​បម្រើ​ក្រុមប្រឆាំង​នៅ​ពីក្រោម​ខ្នង​ ឈ្មោះ​​​ ឈឹម ស៊ីថរ និង​បក្ខពួក​មួយ​ចំ​នួន​នៅ​ថ្ងៃនេះ​ ពួក​គេបាន​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​ទម្លាក់​កំ​ហុស​មកលើ​ក្រសួងការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោយ​ពុំ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ និង​បង្ក​ការ​រំ​ខានដល់សណ្តាប់​ធ្នាប់​ក្នុង​រាជធានី​ភ្នំ​ពេញ ក្រោម​លេសទាម​ទារ​សិទ្ធិ​បង្កើត​សហជីព​ ខណៈដែល​ពួក​ក្រុម​បាតុករខុសច្បាប់​ទាំង​នេះ ត្រូវ​បាន​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏បញ្ឈប់​ពី​ការងារ​ជា​យូរ​មកហើយ​។ អ្វី​ដែល​ហួសចិត្ត​ជាង​នេះ​ទៅទៀតនោះ​ វាជា​ការ​គួរ​ឱ្យ​ខ្មាស់អៀន​ជាទីបំ​ផុត នៅ​ពេល​បាន​ឮនាង ឈឹម ស៊ីថរ មេសហជីព​ក្លែង​ក្លាយ​និយាយ​ទាំង​បំ​ផ្លើស បំ​ភ័ន្តសាធារណមតិ​ និង​ប្រាស់​ចាក​ពី​ការ​ពិត​ដោយ​ចេតនាទុចរិត ដែល​​អះអាង​ថា  « ពួក​គេតស៊ូណាស់ ប្រឹង​ណាស់ សុខ​ចិត្ត​អត់ប្រាក់​ខែ​៩ខែ​...» និងខំ​​ធ្វើ​សកម្មភាព​សព្វ​បែប​យ៉ាង​ដើម្បី​ទាម​ទារចង់​​បង្កើត​សហជីព»។

សម្តីរបស់​នាង ឈឹម ស៊ីថរ តវ៉ាក្នុង​បញ្ហានេះ​ ពិតជាការ​បោកប្រាស់​ដ៏អាក្រក់​ ពី​ព្រោះ​នៅលើ​លោកនេះ តើមានក្រុមហ៊ុនណានៃ​ប្រទេស​ណា​មួយ​ ដែល​បន្ត​បើក​ប្រាក់​ខែទៅ​ដល់​បុគ្គលិក​ដែលត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ហើយ​នោះ​? ចម្លើយ គឺប្រាកដជា​គ្មានទេ។​

 

តាម​ច្បាប់ការងារ​​ ក្រុម​បាតុករអតីតបុគ្កលិក​ណា​ហ្គាវើល​ដ៏ដែល​កំ​ពុង​តវ៉ាអស់​ទាំង​នេះ​​ គ្មាន​សិទ្ធិ​ដើម្បី​បង្កើត​សហជីព ឬមាន​អ្នក​តំ​ណាង​​ថ្មីណាទៀត ដើម្បី​​បង្កើតនូវ​ភាព​អានាធិបតេយ្យ​ អុកឡុក​​ រំ​ខាន​កិច្ច​ការងារ​ប្រកប​អាជីវកម្ម​​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏បាន​ទៀតឡើយ ពី​ព្រោះ​ពួក​គេសព្វ​ថ្ងៃនេះ​​មិន​មែន​ជា​បុគ្កលិករបស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏ ហើយ​ក្រុម​ហ៊ុន​ក៏មិន​អាច​ទទួល​យក​សំ​ណូម​ពររបស់​ពួក​គេ ដែលសុំ​ទាម​ទារ​​ប្រាស់​ចាកពី​គោល​ការណ៍​ដែល​មាន​ចែក​ក្នុង​ច្បាប់​ការងារ​បាន​ឡើយ​​ ​។ ដូច​នេះ ក្រុម​បាតុករដែលដឹ​កនាំ​ដោយនាង​ ឈឹម ស៊ីថរ​ គឺពុំ​អាច​ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​ការ​បន្ត​ស្រែក​តវ៉ា​ ការ​ប្រមូល​ផ្តុំ​គ្នា​ ឬ​ក៏​ប្រើ​ភាព​ជា​តំ​ណាង​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏ស្រប​ច្បាប់​បាន​ទៀត​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេគប្បី​ទៅ​ស្វែង​រក​ការងារ​ថ្មី​ ដែល​ជា​ជម្រើសល្អ​ ដែល​មិន​ត្រូវ​បន្ត​ដឹកនាំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​យ៉ាង​អានាធិបតេយ្យ​បែប​នេះ​ឡើយ។

 

ទង្វើ​អានាធិបតេយ្យ​ ដឹកនាំ​ដោយ​ នាង​ ឈឹម ស៊ីថរ ត្រូវ​បាន​អ្នក​ធ្វើ​ដំ​ណើរនៅ​តាម​ដង​ផ្លូវ​ បាន​លើក​ឡើង​ជា​សំ​ណូម​ពរថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែចាត់​វិធាន​ការ​ច្បាប់​ ដែល​មិន​គួរ​បន្ត​បណ្តែតបណ្តោយឱ្យ​ពួក​គេដើរស្រែក​តវ៉ា​ តាម​ទី​សាធារណៈយ៉ាង​អានាធិបតេយ្យ​បែប​នេះ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ​ ប្រជា​ពលរដ្ឋមួយ​ចំ​នួន​​ទៀត​បាន​និយាយ​ថា សមត្ថកិច្ចរបស់​រាជរដ្ឋាភិបាល​ត្រូវ​តែឆាប់​បំ​ផ្លាញ​ក្រុម​នេះ​ តាម​វិធាន​ការ​ច្បាប់​ឱ្យបាន​ទាន់​ពេល​វេលា ដែល​ពុំ​គួរ​ទុក​ឱ្យ​ពួក​គេប៉ុនប៉ង​ប្រព្រឹត្ត​តាម​ទង្វើ​របស់​ក្រុម​គណបក្សប្រឆាំង​ដែល​បាន​បង្ក​ភាព​វឹក​វរចលាចល​សង្គម​ដូចព្រឹត្តិការ​ណ៍​​កាល​ពីអំ​ឡុង​ឆ្នាំ​២០១៣នោះ​ឡើយ​៕