Wednesday, September 18, 2019

ពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា អង្គសន្និសីទសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
ទី១- បានឯកភាពគ្នាលើផែនទីបង្ហាញផ្លូវទីក្រុងសៀមរាបដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជាត្រីវិស័យក្នុងការសម្រេចឱ្យបាននូវក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។
ទី២- បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។
គួរបញ្ជាក់ថា នៅសណ្ឋាគាររអប្សរាជាឡេស ខេត្តសៀមរាប កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យរបបសន្តិសុខសង្គម» ហើយសន្និសីទនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចពិភាក្សានៃអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការឯកភាពគ្នាលើយន្តការរួមមួយ ឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV។

លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅបរទេស បន្ថែមលើកិច្ចគាំពារសង្គម និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនៅក្នុងប្រទេស ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥), គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) និងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣)៕



កិច្ចសម្ភាសន៍សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកយកព័ត៌មានមកពីសារព័ត៌មានល្បីៗ ចំនួន៣ របស់សាធារណរដ្ឋប្រជាមានិតចិន


កិច្ចសម្ភាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកយកព័ត៌មានមកពីសារព័ត៌មានល្បីៗ ចំនួន៣ របស់សាធារណរដ្ឋប្រជាមានិតចិន ទូរទស្សន៍ CCTV សារព័ត៌មាន Xinhua និងវិទ្យុផ្សាយសម្លេង កម្ពុជា-ចិន ក្នុងឱកាសអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ករណីប្រមាថព្រះមហាក្សត្រ


នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារ ព័ត៌មាន ស្ដីពី “ករណីប្រមាថព្រះមហាក្សត្រ” ដែលនឹងប្រព្រឹត្តទៅនៅសាលប្រជុំ B នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះ នឹងមានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាព និងបណ្ដាញសារព័ត៌មានមួយចំនួនផងដែរ៕

ដោយសារសន្តិភាព និងស្ថិរភាពពេញលេញទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន

ខាងលើនេះគឺជាខ្កឹមសារដែលបានដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃកាន់ បិណ្ឌទី៥។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៥នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕







សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀត​ណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖វិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សានោះ គឺបានៗផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់ចិនដែលជាដៃគូររបស់កម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍គណៈ ប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុមហ៊ុនដែលបានមក​វិនិយោគនៅកម្ពុជាលើវិស័យអគ្គីសនី។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CHINT Group ចំពោះការវិនិ យោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន។
គណៈប្រតិភូក្រុមហ៊ុន CHINT Group បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត្តអោយចូលជួបពិភាក្សាការងារវិនិយោគបន្ត។ គណៈប្រតិភូបានបង្ហាញនូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ។ អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់ គឺកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀតដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា។
កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោងវារីអគ្គីសនីតាតៃខាងក្រោមដែលបានផលិតអគ្គីសនីសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសដោយជោគជ័យ។ ក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជា ដោយបានលើកសំណើគម្រោងវិនិយោគវារីអគ្គិសនីតាតៃខាងលើជម្រាបជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្រុម ហ៊ុនមានជំនឿថាវានឹងផ្ដល់ផលចំណេញយ៉ាងច្រើន ពីព្រោះគម្រោងនេះគឺប្រើប្រាស់បណ្ដាញទឹកតែមួយហើយអាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យបំពេញតម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសដែលកំពុងត្រូវការចាំបាច់ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។
ជាមួយគ្នានោះផងដែរ គណៈប្រតិភូក្រុមហ៊ុន ក៏បានលើកឡើងនូវគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល ដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃភ្លើងផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរនូវគម្រោងនេះ ដោយបានមានប្រសាសន៍ថា នេះគឺជាអត្ថប្រយោជន៍មួយសំខាន់នៅក្នុងយុទ្ធ សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ លោក បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គិសនីត្រូវបានធ្វើការចែកចាយមិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែកចាយដល់ទីជនបទដាច់ស្រយាលផងដែរ។
ស្របពេលក្នុងការបណ្តាក់ទុនជាលើកទី២នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនមិនត្រូវមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិ សេសក្នុងកម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះ មាន ន័យ ថារាល់ការវិនិយោគមិនត្រឹមតែបំរើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផ លិតដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀតខាងក្រៅផងដែរ។
ជារួមនៅក្នុងជំនួបនេះ លោក បានស្វាគមន៍ចំពោះគម្រោងដែលក្រុមហ៊ុនចិនបានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំអោយក្រុមហ៊ុនលោក និងក្រុមហ៊ុនប្រទេសចិនទាំងអស់បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយបានស្នើសុំអោយភាគីមិត្តចិនបើកទីផ្សារអោយបានទូលាយថែមទៀត សម្រាប់នាំចូលនូវផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។

ទន្ទឹមនឹងនោះដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើសុំអោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដើម្បីធានាដល់បរិយាកាសល្អសម្រាប់ក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា៕





គណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅថ្ងៃស្អែកនេះ!

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ អាជ្ញាធរជាតិព្រះវិហារនឹងរៀបចំកិច្ចប្រជុំ បច្ចេកទេស លើកទី៥ នៃគណកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) នៅសាលសន្និសីទ អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល ហើយសម្របសម្រួលដោយ លោក ZHOU Jiagui សហប្រធានចិន និងលោកស្រី Manika JAIN សហប្រធានឥណ្ឌា ដោយមានការ ចូលរួមពីប្រទេសជាសមាជិកស្ថាបនិករួមមាន៖ បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច ព្រមទាំង អ្នកជំនាញការជាតិ និងអន្តរជាតិលើផ្នែកអភិវឌ្ឍន៍ និងអភិរក្សភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ២៥០នាក់។
កម្មវិធីប្រជុំនឹងធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយពេលព្រឹកផ្តោតលើការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារអំពីលទ្ធផលការងារមួយចំនួនដែលបានអនុវត្តកន្លងមកនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកែររួមមាន៖ (១) លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារក្រោមមូលនិធិស្ថានទូតសហរដ្ឋអាមេរិចដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (២) លទ្ធផលការងារអប់រំផ្សព្វផ្សាយអំពីបេតិក- ភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣) លទ្ធផលសិក្សាពីប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤) លទ្ធផលការងារអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥) លទ្ធផលការងាររៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។
ដោយឡែកនៅពេលរសៀល កិច្ចប្រជុំនឹងផ្តោតលើការធ្វើបទបង្ហាញរបស់ដៃគូអន្តរជាតិរបស់អាជ្ញាធរ ជាតិព្រះវិហារមានជាអាទិ៍៖ (១) ចំណាប់អារម្មណ៍របស់លោក CHAO Xiaoming អគ្គនាយកបណ្ឌិតសភា បេតិកភណ្ឌវប្បធម៌ចិន ចំពោះគម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដែលភាគីចិនទទួល (២) បទបង្ហាញ ពីការងារអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយលោក Denvendra Singh SOOD អ្នកជំនាញការឥណ្ឌា (៣) បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយលោក Eric BOURDONNEAU អ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញ សារមន្ទីរជាតិភ្នំពេញ (៤) លទ្ធផលការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ ការងារទីវាលដែលអនុវត្ត នៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយបណ្ឌិត Sarah KLASSEN សាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយលោកបណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។
ក្រៅពីការធ្វើបទបង្ហាញអំពីលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ខាងលើ នៅក្នុងកិច្ចប្រជុំនេះក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី លើគម្រោងសិក្សាស្រាវជ្រាវនៅក្នុងរមណីយ- ដ្ឋានកោះកែរ។
នៅចុងបញ្ចប់នៃកម្មវិធី លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល នឹងធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់យោបល់ ជាយុទ្ធសាស្រ្តជូនដល់អង្គប្រជុំដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តការងារនៅពេលខាងមុខ។

ជាមួយគ្នានេះ នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារ អភិរក្ស និងអភិវឌ្ឍន៍ដែលបានអនុវត្តកន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ៕



ប្រភេទសំណង់ផ្ទះបុរាណ ដែលអាជ្ញាធរជាតិអប្សរាអនុញ្ញាតសម្រាប់អ្នកស្រុកអង្គរ

ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។
អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក្នុងនោះដែរ ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។
ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើតឆាយ ត្រូវបានហាមឃាត់ ពុំអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូចមានចែងក្នុងព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤។





លោក មាស សំអុល ទទួលជួបពិភាក្សាការងារជាមួយស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ វៀតណាម

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធានស្នងការកម្មាភិបាល កងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ដើម្បីជំរុញការពង្រឹងពង្រីកនៅលើកិច្ចសហប្រតិបត្តិការ នៃការហ្វឹកហ្វឺនបណ្តុះបណ្តាល ការគ្រប់គ្រង និងការដោះស្រាយគោលនយោបាយដល់នាយទាហាន និងពលទាហាន នៃប្រទេសទាំងពីរ។
ក្នុងកិច្ចជំនួបនោះ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ បានមានប្រសាន៍ថា យោងតាមពិធីសារ នៃកិច្ចព្រមព្រៀងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា, គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ កងទ័ពប្រជាជនវៀតណាម បានមកកាន់កម្ពុជា ដើម្បីពិភាក្សាជាមួយនាយកដ្ឋានបុគ្គលិក សិក្សាស្វែងយល់អំពីការបណ្តុះបណ្តាល នៅវិទ្យាស្ថាន និងបណ្តាសាលាកងទ័ពប្រជាជនវៀតណាម។ ក្នុងរយៈពេល៥ឆ្នាំ (ពីឆ្នាំ២០១៥ ដល់ ២០១៩) វិទ្យាស្ថាន និងបណ្តាសាលាកងទ័ពប្រជាជនវៀតណាម ទាំង២៥ បានជួយបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម តាមតម្រូវការរបស់កម្ពុជា មានចំនួន៥,១៦៧នាក់ និងសម្រាកបំប៉នពិនិត្យសុខភាព មានចំនួន៥៨,៦៥១នាក់។ សម្រាប់ឆ្នាំ២០១៩នេះ ទទួលយកបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម នៅវៀតណាម មានចំនួន៣០០នាក់។ ដោយឡែកសិក្ខាកាមវៀតណាម មកសិក្សាភាសានៅកម្ពុជា ចំនួន១៥នាក់ជារៀងរាល់ឆ្នាំ។
ក្នុងនាមអគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានបុគ្គលិក ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ.ភ.ម លោក មាស សំអុល បានថ្លែងនូវការដឹងគុណចំពោះបក្សរដ្ឋ ក្រសួងការពារប្រទេសវៀតណាម និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេស និងប្រជាជពលរដ្ឋកម្ពុជា ឲ្យរួចពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់ការបណ្តុះបណ្តាលដល់ជួរ ខ.ភ.ម។ លោក បានបន្តថា នាយទាហាន ខ.ភ.ម ដែលបានចាត់បញ្ជូនទៅសិក្សាបណ្តុះបណ្តាលនៅវៀតណាម បច្ចុប្បន្នមានសមត្ថភាព និងគុណភាពក្នុងបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន។

លោក មាស សំអុល សង្ឃឹមថា ស្ថិតក្រោមពិធីសារ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា ពិសេសស្នងការកម្មាភិបាល កងទ័ពប្រជាជនវៀតណាម និងនាយកដ្ឋានបុគ្គលិក និងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រួមគ្នាលើកកម្ពស់ពង្រីកសមត្ថភាព គុណភាពដល់ជួរកងទ័ព នៃប្រទេសទាំងពីរ ដើម្បីចូលរួមកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហានរបស់បងប្អូនយោធិនពិការ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិមួយក្រុម អញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ នាយ និងពលទាហាន យោធិនពិការ នៅភូមិអភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះស្លា ព្រមទាំងបាននាំយកអំណោយរបស់លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងភរិយា ទៅចែកជូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា នាពេលខាងមុខ។
ឧត្តម សេនីយ៍ ឯក ទិត្យ ម៉េង ឡុង អគ្គនាយករង យោធ សេវា និងនាយកភូមិអភិវឌ្ឍន៍ យោធិនពិការ៣១៧កោះស្លា បានរាយការណ៍ជូនឱ្យបានជ្រាបអំពីសភាពការណ៍រួម នៅក្នុងមជ្ឈមណ្ឌល នូវចំនួនគ្រួសារយោធិនពិការ, លោកគ្រូ អ្នកគ្រូបង្រៀន និងសិស្ស មានចំនួន៤៤៣ គ្រួសារ។ លោក បានឱ្យដឹងអំពីវិស័យសិក្សាធិការមាន សាលាបឋមសិក្សា និងវិទ្យាល័យ, វិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែក ដែលមានអាគារសម្ភព ព្យាបាលជំងឺទូទៅ, ជំងឺឆ្លង, អាគារសំរាកព្យាបាល និងអាហារដ្ឋាន។
មជ្ឈមណ្ឌលមានវត្ត១ មានព្រះវិហារ មានព្រះសង្ឃគង់ចាំព្រះវស្សា មជ្ឈមណ្ឌលមានផ្សារទំហំ ៨០គុណ ៣០០ម៉ែត្រ។ ផ្នែកអគ្គីសនី មជ្ឈមណ្ឌលក៏ទទួលបានជំនួយរបស់ចៃកាជប៉ុន នូវអគ្គីសនី ដើរដោយថាមពលព្រះអាទិត្យកំលាំង៥០គីឡូវ៉ាត់ ជំនួយអង្គការ កូយការ របស់កូរ៉េ កំលាំង ៦០គីឡូវ៉ាត់ និងអគ្គីសនីរដ្ឋបានតបណ្ដាញចូលមក ធ្វើឲ្យបងប្អូនមានអគ្គិសនីប្រើប្រាស់គ្រប់ក្រុមគ្រួសារ។
មានប្រសាសន៍សំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ នាយ ឧត្តម សេនីយ៍ ជៀង អំ បាន ពាំ នាំ នូវ ការ សាក សួរ សុខ ទុក្ខ ពីលោក ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលតែងតែគិតគូរដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។
លោក បានបន្តទៀតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះ បង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលកន្លងមក។ ហេតុនេះហើយបានជាលោក បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើងកាន់ តែ ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោក បានថ្លែងកោតសសើរចំពោះនាយ និងពលទា ហាន យោធិនពិការ៣១៧យើង ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់ខ.ភ.ម ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។ លោកក៏បានជូនពរដល់នាយ និងពលទាហាន យោធិនពិការ និងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធ បុព្វការីជន វីរយុទ្ធជន ដែលបានទៅកាន់លោកខាងមុខតាមថែរក្សាបងប្អូន ក្នុងឱកាសពិធីភ្ជុំបិណ្ឌ ឲ្យជួបប្រទះតែនឹងសេចក្ដី សុខតរៀងទៅ។

អំណោយ របស់ក្រសួងការពារជាតិ ដែលបានយកទៅចែកជូនបងប្អូនក្នុងឱកាសនោះក្នុងមាន៖ ក្នុង១នាក់ទទួលបានមី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកដោះគោ១កំប៉ុង, ស្កសរ១គីឡូក្រាម និងថវិកា៦ម៉ឺនរៀល និងជូនដល់ភូមិអភិវឌ្ឍន៍យោធិនពិការ៣១៧ ចំនួន៥លានរៀល ទៀត ផង។ ហើយក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី៣ នាយឧត្តម សេនីយ៍ ជៀង អំ និងប្រតិភូបានអញ្ជើញទៅរាប់បាត ប្រគេនទ័យ ទានដល់ព្រះសង្ឃ បានធ្វើទានជូនដល់ចាស់ព្រឹទ្ធាចារ្យ ដូនជី និងតាជីថែមទៀតផង៕






ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង នាំយកអំណោយចែកជូនពលរដ្ឋមូស្លីមចំនួន ៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមចំនួន៧០០គ្រួសារបានសំដែងការសប្បាយរីករាយនៅគ្រាដែលបានឃើញក្រុមការងារមកពីក្រសួងមហាផ្ទៃដឹកនាំដោយលោក សុះ មូហាំម៉ាត់ ទីប្រឹក្សាលោក ឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាំយកអំណោយមកជូនពួកគាត់ខណៈដែលស្ថានការណ៍កំពុងមានអាសន្តអន់ក្រ ។
នៅក្នុងឱកាសនោះ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីលោកឧបនាយករដ្ឋមន្រ្ដី ដែលលោកតែងតែយកចិត្តទុកដាក់ចែករំលែកទុក្ខលំបាកប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ឡើយ។
លោកបន្តថា ដោយសារតែឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ហើយមានចិត្តអាណិតអាសូរ ទើបលោកបានស្នើរទៅរដ្ឋគូវែតមេត្តាផ្ដល់ជំនួយមកដល់ប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះដោយទឹកជំនន់នេះផង ព្រោះការលិចផ្ទះសំបែងនេះ ពិតជាលំបាកណាស់ទៅហើយ។ ជាការឆ្លើយតបនឹងសំនូមពរ ខាងសប្បុរសជននៃរដ្ឋគូវែតក៏បានទទួលសំនូមពរហើយផ្ដល់ជំនួយជាអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនធំ យកមកជូនដល់គ្រួសាររងគ្រោះទាំងអស់ដើម្បីដោះទាល់មួយគ្រាៗសិន ។
លោកទីប្រឹក្សា ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរថា ទីណាមានទុក្ខលំបាក ទីនោះមានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខប្រជារាស្ត្រ ជួយប្រជារាស្ត្រជានិច្ច មិនដូចក្រុមមនុស្សប្រឆាំងទុច្ចរិតមួយចំនួនទេ ដែលនិយាយឲ្យតែរួចពីមាត់ហើយគ្មានឃើញជួយពលរដ្ឋនោះទេ ។
លោក សុះ មូហាំម៉ាត់ ក៏បានផ្ដល់ជាសារប្រុងប្រយ័ត្នកូនតូចៗនៅរដូវទឹកឡើងនេះពីសត្វមានពិស សត្វល្អិតទាំងឡាយ ពិសេសមើលថែកូនចៅកុំឲ្យចុះលែងទឹកផ្ដេសផ្ដាសក្រែងមានបញ្ហាជាយថាហេតុកើតឡើង ។

សូមជម្រាបថា ប្រជាពលរដ្ឋ៧០០គ្រួសារដែលរងគ្រោះ ដោយសារទឹកជំនន់ដែលទទួលបានអំណោយ ដែល៤០០គ្រួសារស្ថិតក្នុងភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ និង ៣០០គ្រួសារទៀត ស្ថិតនៅភូមិទ្រា៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕









រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះពិនិត្យទីតាំងសម្រាប់រៀបចំមជ្ឈមណ្ឌលភូមិមួយ-ផលិតផលមួយ លើវិស័យស្មូនដីកម្ពុជា

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រសម្រាប់ត្រៀមរៀបចំមជ្ឈមណ្ឌលភូមិមួយ-ផលិតផលមួយ លើវិស័យស្មូនដីកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជកម្ម តំណាងវិស័យឯកជន ប្រធានក្រុមប្រឹក្សា អភិបាលស្រុក អាជ្ញាធរឃុំភូមិ និងប្រជាពលរដ្ឋជាអ្នកស្មូនផលិតផលកុលាលភាជន៍នៅក្នុងតំបន់នោះ៕




ពិធីអបអរសាទរទិវាទេសចរណ៍ពិភព លោកលើកទី៤០ ក្នុងបុព្វហេតុ​សម្រាប់ការអភិវឌ្ឍឆ្ពោះទៅ“កម្ពុជាស្អាត កម្ពុជាបៃតង”

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៩​ មន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ សហការជាមួយ​រដ្ឋបាលក្រុង​សំរោង​ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក​លេីកទី៤០​ ក្រោមប្រធានបទ​ “ទេសចរណ៍​ និងការងារ​៖​ អនាគតកាន់តែប្រសេីរសម្រាប់យេីងទាំងអស់គ្នា​”​។ ពិធីនេះត្រូវបានរៀបចំឡេីងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត វរៈការពារព្រំដែនគោកលេខ៤០២ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស ប្រជាការពារភូមិ អាជីវករ​ និងបងប្អូនប្រជាពលរដ្ឋ​ សរុប៨៥០នាក់។
ជាមួយគ្នានេះដែរ​ នៅក្នុងរបាយការណ៍ស្វាគមន៍របស់​លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកំសាន្ត និងស្នាក់នៅ ក្នុងខេត្តឧត្តរមានជ័យ តាមទិន្ន័យសរុបនៅក្នុងឆមាសទី១​ ឆ្នាំ២០១៩ ពិនិត្យឃើញថាអ្នកទេសចរក្នុងស្រុក សរុបមានចំនួន៨០,៤០១នាក់ បើប្រៀបធៀបឆមាសទី១​ ឆ្នាំ២០១៨ មានការកើនឡើង​ ៩%​ ចំណែកឯភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន២,៥៣៦នាក់ បើប្រៀបធៀបត្រីមាសទី១​ ឆ្នាំ២០១៨ ថយចុះ​ ១%។
គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរ មានការកើនឡើងគួរឱ្យកត់សម្គាល់អំឡុងពេលឈប់​សម្រាក ពិធីបុណ្យជាតិផ្សេងៗផងដែរ។
ទន្ទឹមនេះផងដែរលោក ឌី រ៉ាដូ អភិបាលរងខេត្ត​ បានលើកឡើងថា៖ ការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៩នេះ មានគោលបំណងដើម្បីស្វែងរកនូវការចូលរួមរបស់វិស័យទេសចរណ៍ទៅក្នុងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជាការរួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាវិស័យទេសចរណ៍កម្ពុជាយើងឱ្យមានភាពរីកចំរើន ព្រមទាំងការអភិរក្សនូវបរិស្ថាន កាត់បន្ថយភាពក្រីក្រ បង្កើនមិត្តភាព រក្សាសន្តិភាព និងបង្កើនឱកាសការងារតាមរយៈកំណើននៃវិស័យទេសចរណ៍ឱ្យសមស្របតាមប្រធានបទស្តីពី“ទេសចរណ៍ និងការងារ “អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា និងរក្សាបាននូវភាពស្អាត បៃតង ក្នុងការការពារនូវបរិស្ថាន នៅតាមបណ្តាសហគមន៍ និងតាមទីសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមលើកកម្ពស់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ” ក្នុងន័យ ធ្វើឱ្យគ្រប់គោលដៅទេសចរណ៍ ដែលមាននៅតាមមូលដ្ឋាននីមួយៗទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត ហើយចលនានេះគឺជាចលនាមហាជនមួយ ដែលបានបណ្តុះគំនិត ស្មារតី និងការទទួលខុសត្រូវដល់ស្ថាប័នពាក់ព័ន្ធចូលរួមសហការ​គ្នា​ ជាពិសេសប្រតិបត្តិករទេសចរណ៍ ក្នុងបុព្វហេតុ​សម្រាប់ការអភិវឌ្ឍឆ្ពោះទៅ“កម្ពុជាស្អាត កម្ពុជាបៃតង ”៕



ទណ្ឌិត សម រង្ស៊ី រៀបចំថវិកាចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល

ទីបំផុត ទណ្ឌិត សម​ រង្ស៊ី បានបង្ហាញយ៉ាងច្បាស់នូវផែនការបញ្ចេញថវិកាចិញ្ចឹមកងទ័ពឧទ្ទាមក្រៅច្បាប់មួយដែលនឹងកើតឡើងក្នុងពេលទណ្ឌិតរូបនេះសម្រេចវិលចូលស្រុកវិញក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ហើយដែលជាផែនការត្រូវបានទណ្ឌិតបញ្ចេញឱ្យដឹងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញាកន្លងទៅថ្មីៗនេះ។ ក្នុងន័យយ៉ាងដូច្នេះថា យើងត្រូវធ្វើសេចក្តីសម្រេចលម្អិត ប្រមូលកម្លាំងយ៉ាងម៉េច? វិធានការមួយ គឺប្រមូលថវិកាមកចិញ្ចឹមកងទ័ពដែលស្នេហាជាតិ ផ្តាច់ខ្លួនពីរបប ហ៊ុន សែន មកការពារប្រជារាស្រ្តវិញ។ តើនេះជាឧទ្ទាមក្រៅច្បាប់ឬទេ? តើការបង្កើតទ័ពឧទ្ទាមក្រៅច្បាប់នឹងទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឬទេ? តើទ័ពឧទ្ទាមក្រៅច្បាប់នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញឬទេ? ប្រសិនបើ វាទៅជាយ៉ាងនេះ នោះកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលនឹងធ្លាក់ចូលក្នុងភ្លើងសង្រ្គាម កើតវឹកវរ ចលាចលសង្គម អសន្តិសុខ អស្ថិរភាព ដែលនឹងមហាគ្រោះអន្តរាយដល់ជាតិមាតុភូមិជាក់ជាមិនខាន តើប្រជាជនខ្មែរដែលកំពុងទទួលបានរស់នៅក្នុងសុខសន្តិភាព ការរីកចម្រើន និងការអភិវឌ្ឍស្ទើគ្រប់វិស័យក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះសុខចិត្តទាញទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីថ្នូរយកសង្រ្គាមក្នុងស្រុកផ្ទុះឡើងវិញឬទេ? តើសហគមន៍អន្តរជាតិនឹងគាំទ្រចលនាឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ឬទេ?
សញ្ញាដំបូងបំផុតដែលមហាជនទូទៅបានតាមដាន និងយល់ដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាមេក្លោងបង្កើតចលនាឧទ្ទាមក្រៅច្បាប់មួយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលក្នុងចលនានោះ គេឃើញមានសមាសភាពចូលរួមនៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលភាគច្រើនចេញពីកូតារបស់ទណ្ឌិត សម រង្ស៊ី តែម្តង។ ចលនាឧទ្ទាមក្រៅច្បាបនេះពិតជាបានធ្វើសកម្ម​ភាពយ៉ាងសកម្មពីក្រៅប្រទេស ក្នុងបណ្តាញការងារទាក់ទងជាប្រព័ន្ធជាមួយនឹងអតីតសកម្មជនបក្សប្រឆាំងនៅទូទាំងប្រទេស។ ជាញឹកញាប់ គេបានដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី តែងតែអំពាវនាវដោយវោហារ្យសាស្រ្តដ៏គ្រោះថ្នាក់បំផុត ដោយការព្យាយាមដុតកម្តៅ ញុះញង់ បំផុសបំផុល​ ដុតកំហឹង បំបះបំបោរឱ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរ បែរចុងកាណុងសំដៅទៅរកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អុចអាលប្រជាជនឱ្យប្រើប្រាស់អំណាចប្រជាជនដូចអ្វីដែលទណ្ឌិតរូបនេះយល់ថា ជាគំរូដែលធ្លាប់ត្រូវបានអនុវត្តជោគជ័យនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៨៦។
វាមិនចម្លែកទេ ការណ៍ដែលទណ្ឌិតរូបនេះ បានបង្កើតឡើងនូវចលនាឧទ្ទាមក្រៅច្បាប់ គឺវាគ្រាន់តែជាមធ្យោបាយទ័លច្រករបស់ខ្លួន ហើយចលនាឧទ្ទាមបែបនេះ វាបានក្លាយទៅជារឿងហួសសម័យសម្រាប់ប្រទេសកម្ពុជា។ ពីព្រោះ កម្ពុជាមានច្បាប់មួយដាក់កម្ពុជាប្រជាធិបតេយ្យឱ្យនៅក្រៅច្បាប់ ហើយចាត់ទុកចលនាប្រដាប់អាវុធនៅសេសសល់ក្នុងព្រៃជាទ័ពឧទ្ទាមក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤ ដែលពេលនោះ ទណ្ឌិតរូបនេះក៏ធ្លាប់បដិសេធមិនឱ្យមានច្បាប់បែបនេះអនុវត្តចំពោះក្រុមអតីតកម្ពុជាប្រជាធិបតេយ្យ​ហៅថា ខ្មែរក្រហមឡើយ។ ទីបំផុត ចលនាទ័ពឧទ្ទាមក្រៅច្បាប់របស់កម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ទាំងស្រុង ដោយការសម្រេចចិត្តធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមជាតិវិញ ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តីនៅចុងឆ្នាំ១៩៩៨។ ដូច្នេះ ចលនាឧទ្ទាមក្រៅច្បាប់នេះ ត្រូវបានបង្កើតឡើង ក្រោមការផ្តួចផ្តើមគំនិតរបស់ទណ្ឌិត ដែលគ្មានការពិគ្រោះយោបល់ និងឯកភាពផ្ទៃក្នុងពីអតីតថ្នាក់ដឹកនាំបក្សប្រឆាំងឡើយ ហើយថ្នាក់ដឹកនាំភាគច្រើនរបស់ក្រុមនេះ ក៏មិនបានគាំទ្រ និងមិនបានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់នេះ រាប់ទាំងលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារផងដែរ។ ដំបូងចលនានេះ មានគោលដៅធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា គោលដៅទី២ ធ្វើឱ្យមហាជនផ្តើមនិយាយពីឈ្មោះ សម រង្ស៊ី ឡើងវិញ  បន្ទាប់ពីឈ្មោះទណ្ឌិតរូបនេះ ត្រូវបានមនុស្សក្នុងអតីតបក្សប្រឆាំងបំភ្លេចចោលក្រោយពីទណ្ឌិតរូបនេះបានសម្រេចចិត្តលាលែងទាំងសោកស្តាយពីតំណែងប្រធានបក្សសង្គ្រោះជាតិ ដោយសារសម្ពាធរឿងផ្ទាល់ខ្លួនក្នុងគ្រួសារតែប៉ុណ្ណោះ។
តើប្រាកដទេថា ក្រុមប្រឆាំងក្រៅច្បាប់មួយនេះ មានថវិកាគ្រប់គ្រាន់ដើម្បីចិញ្ចឹមកងទ័ពឧទ្ទាមក្រៅច្បាប់ ដែលពួកគេកំពុងតែស្រមើស្រមៃថា នឹងមានការផ្តាច់ខ្លួនពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខណៈពេលដែលក្រុមក្រៅច្បាប់ ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី គ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញសំបុត្រយន្តហោះជូនថ្នាក់ដឹកនាំរបស់ពួកគេ និងអ្នកហែរហមមួយដំបរស្វាមិនទាន់បានផងនោះ? នេះជារឿងលេងសើច បែបកំប្លុកកំប្លែងពេកហើយ ឬជាការធ្វើប្រជាភិថុត និងប្រជានិយម ដែលសុទ្ធសឹងមិនមែនជាផែនការយុទ្ធសាស្រ្តច្បាស់ឱ្យប្រាកដអ្វីទាំងអស់។ ប្រស់បើជារឿងពិត គេក៏មិនត្រូវយកផែនការយុទ្ធសាស្រ្តមកផ្សព្វផ្សាយលេងសើចបែបនេះឡើយ។ ពីព្រោះ ការចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ គឺជារឿងខុសច្បាប់ ហើយប្រភពថវិកាក៏កាន់តែខុសច្បាប់ គ្មានបរទេសណាហ៊ានផ្តល់ថវិកាខុសច្បាប់ដើម្បីបង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌ ឬចលនារដ្ឋប្រហារ  ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជ្រើសតាំងចេញពីការបោះឆ្នោតបានឡើយ។ សហគមន៍អន្តរជាតិបានមើលឃើញកម្ពុជាដើរផ្លូវត្រូវក្នុងការអនុវត្តតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានឱ្យតម្លៃលើសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំរបស់កម្ពុជាដែលជាមូលដ្ឋាន និងជាលក្ខខណ្ឌចាំបាច់សម្រាប់កម្ពុជាឈានឆ្ពោះទៅរកការកសាង ការអភិវឌ្ឍ ដើម្បីមានការរីកចម្រើន វឌ្ឍនភាព វិបុលភាព។
ដូច្នេះ រហូតមកដល់នេះ ទណ្ឌិតសម រង្ស៊ី ដែលជាបុគ្គលអាត្មានិយម បានសម្រេចធ្វើអ្វីៗទាំងអស់ដោយអត្តនោម័ត ជាមនុស្សអំនួតជ្រុល​កំពុងធ្លាក់ខ្លួនចូលក្នុងជ្រោះមរណខាងនយោបាយ ដោយសារការសម្រេចិត្តខុសម្តងហើយម្តងទៀត រើខ្លួនលែងរួចតែម្តង។  ការបាត់បង់ជំហរនយោបាយចុងក្រោយរបស់ទណ្ឌិត គឺដោយសារសហគមន៍អន្តរជាតិនឹងមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ។ លោកប្រធានាធិបតី ដូណាល ត្រាំ បានប្រកាស់ឱ្យដឹងច្បាស់កន្លងទៅថា រដ្ឋបាលរបស់លោកនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាទាំងអស់ នេះជាគោលនយោបាយការបរទេសដ៏ច្បាស់លាស់នៃរដ្ឋបាលរបស់លោក ត្រាំ។ ប្រទេសទាំងអស់ដែលជាសមាជិកនៃអង្កការសមាគមប្រជាជាតិអាស៊ិអាគ្នេយ៍ទាំងអស់ក៏នឹងមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានដែរ។ បើគេនាំគ្នាងាកសម្លឹងទៅពឹងពាក់លើកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ក៏រិតតែលែងជាឧបរកណ៍ ដើម្បីយកមកធ្វើជាដំណោះស្រាយរួមនៃជម្លោះកម្ពុជាបានទៀតដែរ ពីព្រោះបណ្តាប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងក្រុងប៉ារីសមិនអើពើ មិនចាប់អារម្មណ៍យកចិត្តទុកដាក់រឿងរបស់មេឧទ្ទាមនេះឡើយ ព្រោះនោះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទាំងស្រុង។
ប្រឈមមុខនឹងការអស់សង្ឃឹមលើឆាកអន្តរជាតិ គ្មានការគាំទ្រលើឆាកអន្តរជាតិ ទីបំផុត ទណ្ឌិត ពិតជាបានបាត់បង់ជំហរនយោបាយរបស់ខ្លួនទាំងស្រុង ហើយក៏កំពុងកើតក្តីមួម៉ៅក្តៅក្រហាយ ដោយក្តីអស់សង្ឃឹមគ្មានអ្នកជួយ ក៏រអិលមាត់ស្រែកជេរប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលអង្គព្រះមហាក្សត្រមិនអាចត្រូវបាននរណារំលោភបំពានបានឡើយ។ ពីព្រោះ ព្រះអង្គគ្រងរាជ្យសម្បត្តិ តែមិនធ្វើនយោបាយ និងមិនគ្រប់គ្រងអំណាចឡើយ។ វាមិនមែនជារឿងអចេតនានោះទេ តែនោះគឺជាអារម្មណ៍ផ្ទុះឡើងដោយការអស់សង្ឃឹមក្នុងឆាកជីវិតនយោបាយដែលពោរពេញដោយការបរាជ័យ ហើយដោយអស់សង្ឃឹមយ៉ាងដូច្នេះ គឺទណ្ឌិតរូបនេះចាប់ផ្តើមត្រូវបន្ទោសព្រះមហាក្សត្រ ដោយពាក្យប្រមាថយ៉ាងដូច្នេះថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់លោក ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ ការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្របែប គឺពិតជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ជាពាក្យដែលមហាជនទូទៅមិនអាចទទួលយកបាន ក្នុងកាយវិកាអគុណធម៌ អកត្តញ្ញូ មិនគោរពព្រះមហាក្សត្រ ដែលប្រជារាស្រ្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះអង្គជាម្លប់សម្រាប់កូនចៅ ដែលព្រះអង្គ គឺ ជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្ត។
ទោបីយ៉ាងណាក៏ដោយ ជំហរនៃការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិត គឺ នៅតែជាផែនការមិនប្រាកដ គ្មានសង្ឃឹមក្លាយទៅជាការពិត ហើយវាគ្រាន់តែជាការធ្វើប្រជាភិថុត និងប្រជានិយមបោកប្រាស់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនទាំងស្រុង។ ពីព្រោះ រាជរដ្ឋាភិបាលបានសម្រេចយ៉ាងច្បាស់ថា ទោះតម្លៃណាក៏ដោយ ទណ្ឌិតរូបនេះនឹងត្រូវបានចាប់វៃខ្នោះ និងបញ្ជូនចូលគុកភ្លាម ពេលណាបុគ្គុលនេះជាន់ដីខ្មែរ។
ជារួម ការផ្តល់ថវិកាចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ គឺ ជាអំពើខុសច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងជាអំពើរដ្ឋប្រហារ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លួវមិនប្រជាធិបតេយ្យ។ ហើយសម្រាប់កម្ពុជាមិនត្រូវការចលនាឧទ្ទាមក្រៅច្បាប់អ្វីទៀតឡើយ ពីព្រោះ កម្ពុជាបាននឿយណាយនឹងសង្រ្គាម ការធ្វើរដ្ឋប្រហារដូររបបដឹកនាំដ៏មហាគ្រោះថ្នាក់ដែលកម្ពុជា និងប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ក្នុងទសវត្សឆ្នាំ១៩៧០។ ប្រជាជនកម្ពុជាបាននិងកំពុងជ្រោងទង់សន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមនយោ បាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ៕

ដោយ៖ ឡុង បុរិតា

បទ​អត្ថាធិប្បាយ​ ៖ រត់ចុះរត់ឡើងវិលក្បុងខ្លួនឯង!

ពាក្យ​បុ​រា​ណ​ពោល​ថា​ «យី​អ៊ុន​ដាក់​ អា​រក្ស​ជាន់​» ។ សម្រាប់​ សម​ រង្ស៊ី​ មក​ដល់​ស្ថានភាព​បច្ចុប្បន្ន​​នេះ​គឺ​ដូច​ពាក្យ​បុរាណ​ខាង​លើ​ខ្លាំង​ណាស់​។​ នេះ​ប្រហែល​មក​ពី​ភាព​បរាជ័យ​ផ្ទួនៗ​គ្រប់​ច្រក​​លើ​ផ្លូវ​នៃ​ជី​វិត​ន​យោ​បាយ​ចុង​ក្រោយ​ផង​ និង​វ័យ​កាន់​តែ​ចាស់​របស់​គាត់​ផង​ ដែល​ជម្រុញ​ឱ្យ​គាត់​និយាយ​លែង​ដឹង​ខុស​ត្រូ​វ​ និ​យាយ​ច្រើន​កាន់​តែ​ខុស​ច្រើ​ន​ កាន់​តែ​បាត់​បង់​ការ​ទុក​ចិត្ត​ និង​ការ​គាំ​ទ្រ​​ពី​អ្នក​​នៅ​ជុំ​វិញ​ខ្លួន​ និង​ពី​ប​រ​ទេ​ស​ដែ​ល​ចង់​ជួយ​ពី​ក្រោ​យ​ឆាក​ថែ​ម​ទៀ​ត​។​
និយា​យ​តាម​ត្រង់​ទៅ​ចុះ​ សម​ រ​ង្ស៊ី​ ធ្វើ​នយោបាយ​គ្មាន​ផែន​ការ​និង​គោល​ការណ៍​គ្រឹះជាក់​លាក់​ជា​​លក្ខណៈ​យូរ​អ​ង្វែ​ង​នោះ​ទេ​ នឹ​ក​ឃើ​ញ​អ្វី​ធ្វើ​ក៏​ធ្វើ​ភ្លាម​មួ​យ​ឆា​វ​ដូ​ច​ភ្លើ​ង​ចំ​បើ​ង​ គ្មាន​ស្តាប់​ម​តិ​​ឬ​​យោ​ប​ល់​ ឬ​ពិ​ភា​ក្សា​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួ​ន​នោះ​ឡើយ​។  ជាក់​ស្តែង​ នា​ពេល​កន្ល​ង​ម​ក​ សម​ រ​ង្ស៊ី​ បាន​បង្កើត​នូវ​កំហុស​ឆ្គង​ខាង​នយោ​បាយ​ជា​ច្រើន​លើក​ច្រើ​ន​សារ​រា​ប់​មិន​អស់ ​ដែលទី​បំផុត​​ធ្វើ​​ឱ្យ​​គណ​បក្ស​​គា​ត់​ត្រូវ​រលាយ​ទាំង​ស្រុង​​ ក្នុង​នោះ​មាន​ដូ​ច​ជា៖ ទី១ ​ការ​ចូល​រួម​ធ្វើ​វិ​សោធ​ន​ក​ម្ម​រដ្ឋ​ធម្មនុ​ញ្ញពី​២/៣​មក​៥០​បូក​១​ ដែល​​អនុ​ញ្ញា​ត​ផ្តល់​លទ្ធ​ភាព​ឱ្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឈ្នះ​ការ​បោះ​ឆ្នោ​ត​រហូត​មក​ដល់​ពេល​នេះ​។ ទី២ ​ការ​​សម្រេច​​ក្នុង​​ការ​​សុំ​លាលែង​ពី​មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ដោយ​ទាន់​ហន្តទាំង​ទំនើង​ចិត្ត ​​ដែ​ល​ជា​ការ​ផ្តល់​អំ​ណាច​ដល់​ក្រុម​ កឹម​ សុ​ខា​ គ្រប់​គ្រង​បក្ស​ទាំង​ស្រុង​ ហើយ​ទី​បំផុត​ក៏​រៀប​ចំ​បក្ស​ប្រ​ហារ​ដណ្តើម​អំណាច​ឡើ​ង​ធ្វើ​ជា​ប្រ​ធាន​ស្តី​ទី​បក្ស​វិញ​ទាំង​កំរោ​ល​តាម​ចិត្ត​ចង់​ ទោះ​បី​មិន​ស្រប​តាម​លក្ខ​ន្តិ​កៈ​បក្ស​ក្តី​។​ ទី​៣ ការ​បំផ្លាញ​ចោល​ដោយ​ខ្លួន​ឯង​នូវ​វប្បធម៌​សន្ទនា​ដោយ​ប្រើ​ល្បិច​ចាប់​ដៃ​ហើយ​ជាន់​ជើង​លោក ហ៊ុន សែន​ ដែល​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទនា​មិន​អាច​ទទួល​​យក​​​បាន​ តាម​រយៈពាក្យ​វាយ​​ប្រហារ​ «បើ​ចង់​ចាប់​ចោរ​ ទាល់​តែ​ចូល​ទៅ​ឱ្យ​កៀក​ចោរ​» ដែល​សម្តី​នេះ​គឺ​ជាការ​មើល​ងាយ​ដល់​ដៃ​គូ​សន្ទនា​ដែល​មិ​ន​អាច​អត់​ឱន​ឱ្យ​បាន​តទៅ​ទៀត​។​ ទី​៤​ ទង្វើ​ក្បត់​ជាតិ​ក្នុង​ការ​លប​លួច​ចុះ​ហត្ថ​លេខា​កាត់​ទឹក​ដីខ្មែរ​បួន​ខេត្ត​នៅ​ភាគ​ឥសាន្ត​ទៅ​ឱ្យ​មេដឹកនាំ​យួន​ដេហ្គា​ ដើ​ម្បី​ខ្លួន​បាន​ឡើ​ង​​កាន់​​អំណា​ច​​​ដែល​ជា​​​ទង្វើ​ជ្រុល​និយម​ក្បត់​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់​ធ្ងរ​ រួម​នឹង​នយោបាយ​បោក​ប្រាស់​ ភូត​កុហកជាច្រើន​ទៀត​។ល។​ ថ្មីៗ​នេះ​ទៀត​​​ សម រង្ស៊ី​ ថ្លើម​ធំ​ហ៊ាន​គ្រឡាស់​អណ្តាត​ប្រមាថ​អង្គ​ព្រះមហាក្ស​ត្រ​យ៉ាង​ងងើលនូវ​សម្តី​ដ៏​អសុរស​​​ដោយ​មិន​ប្រមាណ​ខ្លួនទាល់​តែសោះ​។​​​​ កំហុស​ឆ្គង​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ សម រង្ស៊ី​ បាត់​បង់​អស់​​នូវជំនឿពី​អ្នក​ដែល​ធ្លាប់គាំទ្រ​​​ និងបាត់​បង់​នូវ​​​តម្លៃ​ក្នុង​ភាព​ជាអ្នក​​​ដឹក​​នាំ​ និយាយ​ថ្លែង​សារ​របៀប​ដូច​​មនុស្ស​​វិកលចរិត​ដូច្នោះ​ដែរ​។​​
នៅរយៈពេលចុងក្រោយនេះ​គេឃើ​ញ សម​ រង្ស៊ី​ និង​គូ​ក​ន​ រ​ត់​ឆ្លេ​ឆ្លា​ៗ​កាន់​តែ​ខ្លាំង​ ម្តង​ទៅ​អង្វរ​អឺរ៉ុប​ឱ្យ​កាត់​ E​B​A​ ម្តង​រត់​ទៅ​អា​មេ​រិក​ឱ្យ​ដ​ក​ G​S​P​ ម្តង​សុំ​ឱ្យ​ធ្វើ​ច្បា​ប់​ HR​ ដាក់​សម្ពាធ​លើ​រដ្ឋា​ភិ​បាល​លោក​ នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន​ ចំណែក​ខ្លះ​ទៀ​ត​រត់​ទៅ​ធ្វើ​បាតុ​ក​ម្ម​នៅ​ជប៉ុ​ន​ នៅ​កូ​រ៉េ​ នៅ​អូស្ត្រាលី​។​ល​។​ ទន្ទឹង​នឹង​សកម្មភាព​ឆ្លេឆ្លានេះ​​ សម​ រ​ង្ស៊ី​ បែរជាលួច​​​សរ​សេរ​សំ​បុត្រ​ទៅ​សុំ​អង្វរ​ឡើង​ទន់​ឆ្អឹង​ចំពោះ​នាយ​ករ​ដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី​ លោក​ ម​ហា​ធា​ ម​ហា​មេ​ដ​ ដែល​ទើប​មក​ធ្វើ​ទ​ស្សនៈ​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ឱ្យ​លោក​​​ជួយ​​សម្រប​សម្រួល​ឱ្យ​មាន​កិច្ច​ចរ​ចា​ស​ម្រាប់​ខ្លួន​ទៅ​វិញ​ ប៉ុន្តែ​ខ្លឹម​សារ​នៃ​សំបុត្រ​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ ហើយ​ពុំ​មាន​ការ​ឆ្លើយ​តប​អ្វី​ពីលោក​​នា​យក​​រដ្ឋ​​មន្ត្រី​​ម៉ាឡេ​ស៊ី​​នោះ​​ទេ​​ ព្រោះ​​សំបុ​ត្រ​​នោះ​​បា​ន​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​ធុង​​សំរាម​​បាត់​​ទៅ​​ហើ​យ​​​។ និ​យាយ​ឱ្យ​ចំ​ពេ​ល​នេះ​​ សម​ រង្ស៊ី​ និង​គូ​កន​របស់​គាត់​ គឺ​ប្រឹង​រត់​ចុះ​រត់​ឡើង​​វិល​​ក្បុង​​ខ្លួន​​ឯ​​ង​ចង់​​ឡប់​​ស​តិ​​ទៅ​​ហើយ​។ សម្រែក​ក្នុង​ហ្វេសប៊ុក​ ស្រែក​ថា​នឹង​ចូល​ទៅ​ចាប់​លោក ហ៊ុន សែន ប៉ុន្តែនៅ​ពី​ក្រោយ​ឆាក​លួច​សរសេរ​សំបុត្រ​ឱ្យ​ប្រទេស​នានា​ជួយ​សម្រប​ស្រួល​ឱ្យ​មាន​កិច្ច​ចរចា​ តើ​យក​អ្វី​មក​ធ្វើ​ជាទម្ងន់​ដាក់​នៅ​លើ​តុ​ដើម្បី​ជជែក​ បើ​សព្វ​ថ្ងៃ​នេះ​គ្មាន​អ្វី​ក្នុង​ខ្លួន​បន្តិច​បែប​នេះ​?​​ចំណែករដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមានដំណើរការជាប្រក្រតី​ ទាំង​និរន្តរភាព​សេដ្ឋ​កិច្ច​ កំណើន​សេដ្ឋ​កិច្ច​ និង​ទំនាក់​ទំនង​ការទូតជាមួយ​បណ្តាប្រទេស​នានា​ក្នុង​ពិភព​លោក​​។
សរុប​មក​​អ្វី​ដែល​ សម រង្ស៊ី​ ធ្លាប់​និយាយ​ថា​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ វិលក្បុង​នោះ​ ធាតុ​​ពិត​គឺ​ សម រង្ស៊ី​ ខ្លួន​ឯង និង​គូកន​បួន​​នោះ​​ទេ​ដែល​កំពុង​វិល​ក្បុង​នឹង​សំណាញ់​ច្បាប់​ទាំង​នៅ​តុលាការ​កម្ពុជា​​​ពី​បទក្បត់​ជាតិ​ បទ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​ និងនៅ​តុ​លា​ការ​​បារាំង​ពី​បទ​​បរិហា​រ​កេរ្តិ៍​ដែល​កំពុង​រុំខ្លួន​ប្រាណ និង​​​​ខួរក្បាល​​ទណ្ឌិត​​រូប​​នេះ​​ហើយ​អាចនឹង​ធ្វើ​ឱ្យ​គាត់​​​ក្លាយ​​ទៅ​​ជា​មនុស្ស​​វិ​កលច​រិ​ត​​ក្នុង​ពេល​អនាគត​ជាមិន​ខាន​៕​​

ដោយ​៖ យី វិត​ (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​)​

លិខិតមិត្តអ្នកអាន៖ តើជាការត្រូវបណ្តាសាររបស់លោក កឹម សុខា មែនឬ? (video)

ជីវិតនយោបាយរបស់លោក សម រង្ស៊ី បានធ្លាក់ចុះដុនដាបដល់បាតដាល ដែលមិនអាចស្រោចស្រង់ បានឡើយ។ បរាជ័យរបស់លោក សម រង្ស៊ី គឺជាបាបកម្មនៃអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្គ ក្បត់ដៃគូសន្ទនាដ៏វិសេសដែលធ្លាប់បានផ្តល់នូវការឱ្យអភ័យ សណ្តោសប្រណី គឺសម្តេចតេជោ ហ៊ុន សែន ស្ថានិកនៃសន្តិភាព ស្ថានិកនៃការបង្រួបបង្រួមជាតិ ។ តើ សម រង្ស៊ី ដល់ពេលវេលាដែលកម្មធំត្រូវផ្តន្ទាកំរិតធ្ងន់ធ្ងរហើយមែនឬ បានជាជននេះ ហ៊ានប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងខ្មែរមួយនគរយ៉ាងនេះ?

ពាក្យថា ប្រឆាំងនឹងពលរដ្ឋខ្មែរ គឺចង់ប្រាប់ទៅលោក សម រង្ស៊ី វិញថា ប្រជាជនខ្មែរបាននិងកំពុងរស់នៅយ៉ាងសុខសាន្ត និងពោរពេញដោយសុភមង្គលក្នុងជីវភាពគ្រួសារ ក្នុងន័យថា ប្រជាពលរដ្ឋបាននិងកំពុងទទួលផលផ្លែផ្លានៃសុខសន្តិភាព គឺមិនដូចអ្វីដែលលោក សម រង្ស៊ី បានចោទប្រកាន់និងការបន្តុះបង្អាប់យ៉ាងងងើលថា ពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា ឬកំពុងត្រូវប្រឈមនឹងចំណាប់ខ្មាំងរបស់សម្តេចតេជោ ហ៊ុន សែននោះទេ។ ផ្ទុយទៅវិញ ពលរដ្ឋកម្ពុជាបានស្ម័គ្រចិត្តប្រគល់ទឹកដី មាតុភូមិកម្ពុជាទាំងមូលជូនសម្តេចតេជោ ធ្វើជាម្ចាស់ កាន់ចង្កូតដឹកនាំដោយសេចក្តីគោរពស្រឡាញ់បំផុត ហើយក៏ជាមហាភ័ព្វសំណាងផងដែរ ដែលកម្ពុជាមានព្រះមហាក្សត្រ ព្រះអង្គទ្រង់គង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ងាកមកមើលជនក្បត់នគរឯណេះវិញ! សម រង្ស៊ី ដោយសារតែភាពអត្តនោម័ត និងការប្រកាន់យកនូវគំនិតបរទេសនិយមជ្រុលដ៏ហួសហេតុ គួបផ្សំជាមួយនឹងជម្ងឺតួឯកខាងការប្រឆាំង បោកប្រាស់ប្រជាភិថុត បំផ្លាញជាតិ និងការស្រេកឃ្លានអំណាចខ្លាំងពេក ខណៈដែលជាតិកំណើតរបស់ខ្លួនកើតមក គ្មានភ័ព្វវាសនានឹងបានដឹកនាំប្រទេស។ ម៉្យាងទៀតគាត់មានឳពុកជាជនក្បត់ជាតិ បាននាំឱ្យ សម រង្ស៊ី ដក់ជាប់ដោយគំនុំ និងការសងសឹកគ្មានទីបញ្ចប់។ អីឡូវនេះ សារជាតិពិសពុលដ៏អាក្រក់បំផុតហួសនិស្ស័យជាមនុស្ស និងមិនស័ក្តិសមជាជនជាតិខ្មែរដែលត្រូវមាននូវសីលធម៌ និងសេចក្តីថ្លៃថ្នូរ សម រង្ស៊ី បានផុងជ្រៅទៅក្នុងអំពើពាល ដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ គឺថ្លើមធំពាសមេឃ ហ៊ានប្រមាថព្រះមហាក្សត្រ ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងនគរ។
សម្តី និងទង្វើដ៏សាហាវព្រៃផ្សៃ ស្ទើរនឹកស្មានមិនដល់ បានចេញពីបរបូមាត់ និងសំណេរបង្ហោះបំពុលលើបណ្តាញសង្គមក្នុងចេតនាបំផ្លាញកម្ពុជាឱ្យខ្ទេចខ្ទី ក៏ជនក្បត់រូបនេះ គ្មានវប្បដិសារីអ្វីបន្តិចសោះ។
សម រង្ស៊ី មិនខ្លាចញញើតថាមានពៀរវេរា ឬបាបកម្ម ដែលនឹងកើតចេញពីទង្វើលាមករបស់គាត់ នឹងនាំជាតិកំណើតឱ្យធ្លាក់ចូលក្នុងអបាយភូមិ តិរច្ឆាន នរក ប្រែត ឬអសុរកាយនៅពេលអស់ជីវិតទៅនោះទេ គឺជននេះគ្មានថ្ងៃភ្ញាក់រលឹក ឬដឹងកំហុសរបស់ខ្លួនឡើយ។
ដូចនេះ កុំថាឡើយ សម រង្ស៊ី សុខចិត្តកែប្រែឥរិយាបថ ងាកមកចូលរួមកម្លាំងកសាង និងអភិវឌ្ឍប្រទេសជាតិ ផ្ទុយទៅវិញភាពគឃ្លើនរបស់ រង្ស៊ី កាន់តែពិសពុល បានស្តែងចេញជាថ្មី បើទោះជាដឹងថាត្រូវដល់ទឹកចុងក្រោយនៃដង្ហើមនយោបាយក្តី ជននេះកាន់តែព្រៃផ្សៃជាងពពួកទមិឡអន្យតិរ្ថិយទៅទៀត គឺតាមរយៈការប៉ុនប៉ងអនុវត្តផែនការខ្មៅ ដោយគាត់បានប្រកូកប្រកាស បង្ហោះបញ្ជូនសារបោកប្រាស់ ភូតកុហក គ្រប់មធ្យោបាយទុចរិត ដើម្បីញុះញង់ និងល្បួងលួងលោមសកម្មជនងុបងុលមួយចំនួន ឱ្យចេញមុខធ្វើសកម្មភាព ស្ម័គ្រស្លាប់ជំនួសគាត់ គឺគាត់ហ៊ានលះបង់ជីវិតមនុស្សដោយការជួលតម្លៃខ្លួនម្នាក់ៗ១០០$ដើម្បីឱ្យអ្នកដទៃនោះទៅរងគ្រោះ ឬអាចប្រឈមនឹងការចាប់ខ្លួន រងរបួស បង្ហូរឈាម ឬរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផង។ សម រង្ស៊ី មិនខ្លាចសោះឡើយដឹកនាំការដុតបំផ្ទុះកំហឹង ញុះញង់ ធ្វើយ៉ាងណាដើម្បីឱ្យកម្លាំងសមត្ថកិច្ចទប់ស្កាត់ ឬប្រើវិធានការក្តៅ នោះហើយដែលជាគោលបំណងធំរបស់ សម រង្ស៊ី គឺគាត់នឹងយកធ្វើជាជម្រើសនៃការដកថយ ក្នុងផែនការវិលចូលស្រុកវិញ ដោយទម្លាក់កំហុសទាំងអស់ ថាប្រទេសស្ថិតក្នុងស្ថានភាពភាពវឹកវរ ចលាចល ដើម្បីគាត់យកធ្វើជាលេសឱ្យបរទេសស្រែកបំពងសំឡេងគាបសង្កត់មកលើរាជរដ្ឋាភិបាល ឬចោទប្រកាន់ថាប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាដើម។
ម៉្យាងវិញទៀត ការរំពឹងទុកថានឹងមានកម្លាំងគាំទ្រចូលរួមទៅទទួលលោក សម រង្ស៊ី ច្រើនគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ត្រូវបានពួកឧទ្ទាមកំណត់យកការបំផុសចលនាកញ្ជ្រោកពីខាងក្នុងប្រទេស ឱ្យងើបបះបោរ ប៉ុន្តែផែនការខ្មៅនេះ ទទួលបរាជ័យទៅហើយ ដោយសារសមត្ថកិច្ចបានចាត់វិធានការ និងព្រមានចំណាត់ការផ្លូវច្បាប់ក្នុងកម្រិតធ្ងន់ធ្ងរថែមទៀតបើមានក្រុមណាមួយហ៊ានធ្វើសកម្មភាពខុសច្បាប់ បំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។
បញ្ហាត្រួសៗដូចបានពិព៌ណនាមកនេះ ក៏សមល្មមជាការក្រើនរំលឹកដល់ពលរដ្ឋខ្មែរមួយចំនួនតូចដែលនៅបន្តចាញ់ឧបាយកលបោកប្រាស់របស់ពួកក្រុមឧទ្ទាម អាចពិចារណាដកខ្លួនថយចេញឱ្យឆ្ងាយពីការចូលរួមសកម្មភាពជាមួយពួកក្រុមបក្សនយោបាយដែលត្រូវបានរំលាយដោយច្បាប់នេះ។
អវសាន្តនៃជីវិតនយោបាយរបស់ ទណ្ឌិត សម រង្ស៊ី បានខិតជិតមកដល់ហើយ។ បាបកម្ម នៃអំពើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ពិតជាបានកើតចេញពីទង្វើដ៏អាក្រក់ជួរជាតិរបស់បុគ្គលរូបនេះ ដែលបានប្រព្រឹត្តនូវកំហុសម្តងហើយម្តងទៀត ទាំងកំហុសនៃអំពើក្បត់ដៃគូសន្ទនា ទាំងសកម្មភាពនៃការប៉ុនប៉ងដណ្តើមអំណាចក្រៅច្បាប់ និងមិនធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ បានរុញ សម រង្ស៊ី ឱ្យដើរដល់មាត់ជ្រោះមរណៈ ឬស្ថិតក្នុងសភាព « ចុះទឹកក្រពើ ឡើងលើខ្លា» ដូច្នោះដែរ។
កំហុសយុទ្ធសាស្ត្រនយោបាយ ឬការប្រថុយបំផុសយកកម្លាំងប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី នឹងមិនអាចកើតមានបានឡើយ។ រាសីរបស់ទណ្ឌិត សម រង្ស៊ី បានធ្លាក់ចុះទាបបំផុត គឺជើងលេខស្ថិតនៅចំកន្លែង « កំបុតក្បាល»។ នេះហើយដែលគេហៅថា « យីអ៊ុនដាក់អារ័ក្សជាន់»។ តើហេតុអ្វីបានជា សម រង្ស៊ី ត្រូវអស់លក្ខណ៍ និងស្គាល់តែពាក្យចាញ់ក្នុងមួយជីវិតបែបនេះ?
ប្រជាជនខ្មែរភាគច្រើន ពិតជាមានជំនឿលើវត្ថុស័ក្តិសិទ្ធក្នុងលោក និងប្រកាន់ខ្ជាប់នូវពាក្យសច្ចាប្រណិធាន ការស្បថស្បែរ គឺគេជឿថា បើកើតមកជាមនុស្សគប្បីខិតខំកសាងនូវអំពើល្អ ទាំងកាយ វាចា និងចិត្ត ហើយបើជាអ្នកនយោបាយ ឬជាឥរស្សរជនដែលមានបំណងខ្ពស់ក្នុងការដឹកនាំជោគវាសនារបស់ប្រទេសជាតិទៀតនោះ គឺដាច់ខាតមិនធ្វើនូវទង្វើណាដែលជាអំពើក្បត់ផលប្រយោជន៍ប្រជាជន ឬក៏មិនប្រព្រឹត្តនូវទង្វើដែលប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរបស់បុគ្គលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសនោះទេ។ ដូចនេះ សម រង្ស៊ី គ្មានលក្ខណៈសម្បត្តិស័ក្តិសមជាបុគ្គលដែលមានតម្លៃក្នុងសង្គម ឬដើម្បីនឹងនាំកិត្តិយស ឬភាពសុខសាន្តជូនប្រជាជនកម្ពុជាសោះឡើយ ។ ទណ្ឌិត សម រង្ស៊ី បានរួមរិតដោយសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី បន្ថែមលើ « ទោសពានវាំងផង និងទោសក្បត់ជាតិ» ទៀតផង ។ បើតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី ត្រូវប្រឈមនឹងការស្រូបទោស ដោយសារតែសកម្មភាពភាពនៃការប្រព្រឹត្តបទល្មើសត្រូវទទួលទោសច្រើនឆ្នាំក្នុងសំណុំរឿងនីមួយៗ។ ដូចនេះ បើទោះបីជាគាត់ស្លាប់ទៅ ក៏មិនទាន់រួចផុតអំណាចសាលដីកាដែលបានវិនិច្ឆ័យសេចក្តីតាមផ្លូវច្បាប់សម្រាប់ផ្តន្ទាទោសចំពោះអំពើល្មើសរបស់គាត់ផង។
រៀបរាប់មកដល់ចំណុចនេះ ធ្វើឱ្យគេនឹកឃើញដល់សម្តីវាយប្រហារ ជេរប្រមាថគ្នាខ្លាំងៗរវាងលោក កឹម សុខា និងលោក សម រង្ស៊ី កាលពីអតីតកាល គឺជនទាំងពីរនេះ ប្រៀបបាននឹងគូសត្រូវដ៏ខ្លាំងក្លា។ នៅពេលមួយនោះ ដើម្បីដណ្តើមប្រៀបឈ្នះ លោក កឹម សុខា បានដាក់ទំនាយទៅលោក សម រង្ស៊ី ថា « បើ សម រង្ស៊ី បង្ខូចគាត់ សូមឱ្យបក្សសម រង្ស៊ី រលាយ ហើយមេដឹកនាំហ្នឹងខ្ចាត់ព្រាត់»។ លោក កឹម សុខា ក៏បានបន្ថែមនូវពាក្យសម្តីវាយប្រហារមួយចំនួនទៀតផងដែរទៅលើលោក សម រង្ស៊ី។
ដូចនេះ ការរលំរលាយបាត់បង់ហិចហោចខ្ទេចខ្ទីអស់គណបក្ស ការវិនាសខ្ចាត់ព្រាត់ ការរត់ចោលស្រុកនៃឆាកជីវិតរបស់ទណ្ឌិតសម រង្ស៊ី ពិតណាស់ថា វាជាបាបកម្មរបស់មនុស្សចាញ់ពាក្យសម្បថ ឬក៏ជាការត្រូវទំនាយ បណ្តាសាររបស់លោក កឹម សុខា ដែលអតីត និងបច្ចប្បន្នជាគូសត្រូវឈាមត្រជាក់នឹងគ្នានេះឯងផងក៏ថាបាន នេះមិនគិតដល់ការស្បថបំពាននៅចំពោះមុខព្រះមហាស្វេតឆ័ត និងវត្ថុស័ក្តិសិទ្ធនៅឯប្រាសាទអង្គវត្តដ៏ល្បាញល្បីកសាងដោយបុព្វបុរសខ្មែរទៀតផង។
ស្ថានភាពរបស់ទណ្ឌិត សម រង្ស៊ី នៅពេលនេះ គឺប្រៀបបាននឹងមនុស្សត្រដរខ្យលជិតស្លាប់ ឬប្រៀបដូចជនក្បត់ដែលកំពុងជួបគ្រោះធំដោយសារតែទេវតាបរាមុខ អ័ព្វអស់រាសី គ្មានតម្លៃជាមនុស្សដែលប្រជាជនខ្មែរស្វាគមន៍ទៀតឡើយ។ សម រង្ស៊ី គឺជាជនថោកទាបដែលប្រជាជនខ្មែរទូទាំងនគរប្រកាសថ្កោលទោស។ ទណ្ឌិត សម រង្ស៊ី ពិតជាត្រូវបណ្តាសាររបស់លោក កឹម សុខា ពិតមែន!
សូមស្តាប់ការវាយប្រហារ និងការដាក់បណ្តាសាររបស់លោក កឹម សុខា ទៅលើលោក សម រង្ស៊ី ដូចតទៅ៖
ដោយ៖ ស៊ុន គឹមស៊ាន

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​បើក កិច្ចប្រជុំថ្នាក់​មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ និងវៀតណាម (CLMTV)



ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី​បើក កិច្ចប្រជុំថ្នាក់​មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ និងវៀតណាម (CLMTV) ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩