Wednesday, September 18, 2019

គណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅថ្ងៃស្អែកនេះ!

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ អាជ្ញាធរជាតិព្រះវិហារនឹងរៀបចំកិច្ចប្រជុំ បច្ចេកទេស លើកទី៥ នៃគណកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) នៅសាលសន្និសីទ អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល ហើយសម្របសម្រួលដោយ លោក ZHOU Jiagui សហប្រធានចិន និងលោកស្រី Manika JAIN សហប្រធានឥណ្ឌា ដោយមានការ ចូលរួមពីប្រទេសជាសមាជិកស្ថាបនិករួមមាន៖ បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច ព្រមទាំង អ្នកជំនាញការជាតិ និងអន្តរជាតិលើផ្នែកអភិវឌ្ឍន៍ និងអភិរក្សភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ២៥០នាក់។
កម្មវិធីប្រជុំនឹងធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយពេលព្រឹកផ្តោតលើការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារអំពីលទ្ធផលការងារមួយចំនួនដែលបានអនុវត្តកន្លងមកនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកែររួមមាន៖ (១) លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារក្រោមមូលនិធិស្ថានទូតសហរដ្ឋអាមេរិចដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (២) លទ្ធផលការងារអប់រំផ្សព្វផ្សាយអំពីបេតិក- ភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣) លទ្ធផលសិក្សាពីប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤) លទ្ធផលការងារអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥) លទ្ធផលការងាររៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។
ដោយឡែកនៅពេលរសៀល កិច្ចប្រជុំនឹងផ្តោតលើការធ្វើបទបង្ហាញរបស់ដៃគូអន្តរជាតិរបស់អាជ្ញាធរ ជាតិព្រះវិហារមានជាអាទិ៍៖ (១) ចំណាប់អារម្មណ៍របស់លោក CHAO Xiaoming អគ្គនាយកបណ្ឌិតសភា បេតិកភណ្ឌវប្បធម៌ចិន ចំពោះគម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដែលភាគីចិនទទួល (២) បទបង្ហាញ ពីការងារអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយលោក Denvendra Singh SOOD អ្នកជំនាញការឥណ្ឌា (៣) បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយលោក Eric BOURDONNEAU អ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញ សារមន្ទីរជាតិភ្នំពេញ (៤) លទ្ធផលការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ ការងារទីវាលដែលអនុវត្ត នៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយបណ្ឌិត Sarah KLASSEN សាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយលោកបណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។
ក្រៅពីការធ្វើបទបង្ហាញអំពីលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ខាងលើ នៅក្នុងកិច្ចប្រជុំនេះក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី លើគម្រោងសិក្សាស្រាវជ្រាវនៅក្នុងរមណីយ- ដ្ឋានកោះកែរ។
នៅចុងបញ្ចប់នៃកម្មវិធី លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល នឹងធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់យោបល់ ជាយុទ្ធសាស្រ្តជូនដល់អង្គប្រជុំដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តការងារនៅពេលខាងមុខ។

ជាមួយគ្នានេះ នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារ អភិរក្ស និងអភិវឌ្ឍន៍ដែលបានអនុវត្តកន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ៕



No comments:

Post a Comment