Wednesday, September 18, 2019

លោក មាស សំអុល ទទួលជួបពិភាក្សាការងារជាមួយស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ វៀតណាម

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធានស្នងការកម្មាភិបាល កងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ដើម្បីជំរុញការពង្រឹងពង្រីកនៅលើកិច្ចសហប្រតិបត្តិការ នៃការហ្វឹកហ្វឺនបណ្តុះបណ្តាល ការគ្រប់គ្រង និងការដោះស្រាយគោលនយោបាយដល់នាយទាហាន និងពលទាហាន នៃប្រទេសទាំងពីរ។
ក្នុងកិច្ចជំនួបនោះ ឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ បានមានប្រសាន៍ថា យោងតាមពិធីសារ នៃកិច្ចព្រមព្រៀងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា, គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខ កងទ័ពប្រជាជនវៀតណាម បានមកកាន់កម្ពុជា ដើម្បីពិភាក្សាជាមួយនាយកដ្ឋានបុគ្គលិក សិក្សាស្វែងយល់អំពីការបណ្តុះបណ្តាល នៅវិទ្យាស្ថាន និងបណ្តាសាលាកងទ័ពប្រជាជនវៀតណាម។ ក្នុងរយៈពេល៥ឆ្នាំ (ពីឆ្នាំ២០១៥ ដល់ ២០១៩) វិទ្យាស្ថាន និងបណ្តាសាលាកងទ័ពប្រជាជនវៀតណាម ទាំង២៥ បានជួយបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម តាមតម្រូវការរបស់កម្ពុជា មានចំនួន៥,១៦៧នាក់ និងសម្រាកបំប៉នពិនិត្យសុខភាព មានចំនួន៥៨,៦៥១នាក់។ សម្រាប់ឆ្នាំ២០១៩នេះ ទទួលយកបណ្តុះបណ្តាលនាយទាហាន ខ.ភ.ម នៅវៀតណាម មានចំនួន៣០០នាក់។ ដោយឡែកសិក្ខាកាមវៀតណាម មកសិក្សាភាសានៅកម្ពុជា ចំនួន១៥នាក់ជារៀងរាល់ឆ្នាំ។
ក្នុងនាមអគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានបុគ្គលិក ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ.ភ.ម លោក មាស សំអុល បានថ្លែងនូវការដឹងគុណចំពោះបក្សរដ្ឋ ក្រសួងការពារប្រទេសវៀតណាម និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេស និងប្រជាជពលរដ្ឋកម្ពុជា ឲ្យរួចពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់ការបណ្តុះបណ្តាលដល់ជួរ ខ.ភ.ម។ លោក បានបន្តថា នាយទាហាន ខ.ភ.ម ដែលបានចាត់បញ្ជូនទៅសិក្សាបណ្តុះបណ្តាលនៅវៀតណាម បច្ចុប្បន្នមានសមត្ថភាព និងគុណភាពក្នុងបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន។

លោក មាស សំអុល សង្ឃឹមថា ស្ថិតក្រោមពិធីសារ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ និងអនុសារណៈយោគយល់ រវាងអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងអគ្គយោធសេវា ក្រសួងការពារជាតិកម្ពុជា ពិសេសស្នងការកម្មាភិបាល កងទ័ពប្រជាជនវៀតណាម និងនាយកដ្ឋានបុគ្គលិក និងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រួមគ្នាលើកកម្ពស់ពង្រីកសមត្ថភាព គុណភាពដល់ជួរកងទ័ព នៃប្រទេសទាំងពីរ ដើម្បីចូលរួមកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕



No comments:

Post a Comment