ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )
សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ក្នុងពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ និងរំឮកវិញ្ញណក្ខន្ធជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥
-
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
-
ឯកឧត្តម Joachim Baron von Marschall ឯកអគ្គរដ្ឋទូតនៃសាធារណៈសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកជំទាវ
-
ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ
-
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាដើមបណ្តឹងរដ្ឋប្បវេណី និងបងប្អូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងអស់
-
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សា នុសិស្សទាំងអស់
ពិធីសម្ពោធ
«បូជនីយដ្ឋាននៃការចងចាំនិងរំឮកវិញ្ញណក្ខន្ធជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»
នាពេលនេះ
គឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតនៅក្នុងគម្រោងសំណងជាលក្ខណៈផ្លូវចិត្ត
និងសមូហភាព ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម
ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសម្រេចឡើង។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា
និងក្នុងនាមជាប្រធានក្រុមការងារសាលាក្តីខ្មែរក្រហម
និងភាគីហត្ថលេខីលើកិច្ចព្រមព្រៀង
ខ្ញុំសូមសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ
និងការចូលរួមចំណែកដ៏ថ្លៃថ្លារបស់បណ្តាប្រទេសម្ចាស់ជំនួយ ជាពិសេស
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ដែលបានផ្ដល់ការគាំទ្រដល់ការចូលរួមរបស់
ជនរងគ្រោះក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី
និងក្នុងគម្រោងសំណងដល់ជនរងគ្រោះ។
ឆ្លៀតក្នុងឱកាសនេះ
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររបស់ជនរងគ្រោះ
ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នៃការធ្លាក់យន្តហោះ
Airbus A320 ជើងហោះហើរលេខ 4U9525 របស់ក្រុមហ៊ុន Germanwings
កាលពីថ្ងៃអង្គារកន្លងទៅនេះ ដែលក្នុងនោះភាគច្រើននៃជនរងគ្រោះ
គឺជាជនជាតិអាល្លឺម៉ង់។
ខ្ញុំសូមរំឮកថា នៅឆ្នាំ១៩៩៧
រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការជួយឧបត្ថម្ភគាំទ្រនិងការចូលរួមពី
អង្គការសហប្រជាជាតិ
ដើម្បីស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៅក្នុង
ប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បង្កឡើងដោយរបបប្រល័យពូជសាសន៍
ប៉ុល ពត ដែលពុំបានរកយុត្តិធម៌ជាយូរណាស់មកហើយ។
អង្គការសហប្រជាជាតិបានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ
ហើយបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា
ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដែលជាយន្តការថ្មីមួយដ៏មានសារៈសំខាន់សម្រាប់ប្រព័ន្ធយុត្តិធម៌
អន្តរជាតិ ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០០៦។ នៅក្នុងឆ្នាំដំបូងនៃដំណើរការនេះ
ផ្នែកមួយចំនួននៃសាលាក្ដីបានផ្តោតជាសំខាន់លើបញ្ហានីតិវិធី
និងការរៀបចំដំណើរការការងារ
រីឯសហព្រះរាជអាជ្ញាបានរៀបចំដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ
និងបានដាក់ដីកានេះនៅពាក់កណ្តាលឆ្នាំ២០០៧។ ក្នុងរយៈពេល៨ឆ្នាំបន្ទាប់
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានសម្រេចនូវសមិទ្ធផលការងារជាច្រើន ដូចដែលឯកឧត្តម ក្រាញ់ តូនី
បានបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើស្រាប់។ ជាក់ស្ដែង រហូតមកដល់ពេលនេះ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានចេញសាលក្រមដ៏សំខាន់ចំនួនពីរ គឺសាលក្រមស្ថាពរក្នុងសំណុំរឿង០០១
និងសាលក្រមនៃសំណុំរឿង០០២ ដំណាក់កាលទីមួយ
ហើយអ្នកដែលទទួលខុសត្រូវនៃឧក្រិដ្ឋកម្មទាំងនោះ
ត្រូវបានរកឃើញថាមានពិរុទ្ធភាព
និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ ការចេញសាលក្រមទាំងនោះ
គឺជាសមិទ្ធផលយ៉ាងធំធេងនៅក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ
និងគ្រួសាររបស់ពួកគេ។ បន្ថែមលើនេះ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
បានផ្តល់ឱកាសឱ្យជនរងគ្រោះចូលរួមក្នុងអង្គជំនុំជម្រះ
ដែលប្រការនេះមិនធ្លាប់មានពីមុនមកឡើយ។ ជនរងគ្រោះចំនួនប្រមាណ ៤០០០ នាក់
បានចូលរួមជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងដំណើរការព្រហ្មទណ្ឌ
និងបានស្នើសុំ
សំណងជាលក្ខណៈផ្លូវចិត្ត និងសមូហភាព
ដូចមានចែងនៅក្នុងវិធានផ្ទៃក្នុង
នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
គម្រោងសំណងជាច្រើនចំពោះដើមបណ្តឹងរដ្ឋប្បវេណី
ត្រូវបានចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងទទួលស្គាល់
ហើយសង្ឃឹមថាអាចជួយបន្ធូរបន្ថយដល់ភាពឈឺចាប់របស់បងប្អូនអស់រយៈពេលជាយូ
រណាស់មកហើយ។ ក្រៅពីសំណងដែលសម្រេចនិងទទួលស្គាល់ដោយតុលាការ
អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ
កម្ពុជា ដោយសហការជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល
និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ
បានបង្កើតនូវគម្រោងសំខាន់ផ្សេងៗទៀត ហៅថា«
សំណងក្រៅតុលាការ» ដើម្បីផ្តល់ជាប្រយោជន៍ឲ្យកាន់តែទូលំទូលាយដល់ជនរងគ្រោះទូទៅ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សានុសិស្ស
ដូចយើងទាំងអស់គ្នាបានដឹងហើយថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ប្រជាជនកម្ពុជាជាងបីលាននាក់បានបាត់បង់ជីវិត។ អ្នកទាំងនោះ គឺជាជីដូនជីតា
ឪពុកម្តាយ កូនចៅ សាច់ញាតិ សហសេវិក និងមិត្តភក្តិរបស់យើង។
យើងទាំងអស់គ្នាដែលរស់រានមានជីវិតពីរបបនេះ បានរស់នៅដោយក្តីឈឺចាប់
និងសេចក្តីសោកសង្រេងអស់រយៈពេលជាងបីទសវត្សរ៍មកហើយ
ដោយសារតែការបាត់បង់អ្នកដែលជាទីស្រឡាញ់របស់យើង
ហើយយើងតែងតែមានសុបិន្តអាក្រក់អំពីអតីតកាលនោះជានិច្ច។
សូម្បីតែក្មួយៗដែលកើតក្រោយឆ្នាំ១៩៧៩
ដែលមិនបានជួបប្រទះដោយផ្ទាល់នូវឧក្រិដ្ឋកម្មទាំងនោះក៏ដោយ
ក៏ត្រូវប្រឈមនឹងបន្ទុកដ៏ធ្ងន់ធ្ងរដែរ ដោយក្មួយៗបានមើលឃើញឪពុកម្តាយ
បងប្រុស បងស្រី របស់ខ្លួននៅមានក្តីឈឺចាប់នៅឡើយ
និងបានឃើញការអភិវឌ្ឍរបស់ប្រទេសដើរថយក្រោយនាពេលនោះ
បើប្រៀបធៀបទៅនឹងប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។
ដើម្បីរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនេះ
ដែលមិនមែនគ្រាន់តែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនកម្ពុជាប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងមូលផង
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើ
កិច្ចសហការយ៉ាងជិតស្និទជាមួយសហគមន៍អន្តរជាតិ
នៅក្នុងក្របខ័ណ្ឌនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដើម្បីធ្វើការកាត់ទោសមេដឹកនាំកំពូល
និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតរបស់របបខ្មែរក្រហម។
ថ្ងៃនេះ យើងមកជួបជុំគ្នា ចូលរួមក្នុងពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ
និងរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ដើម្បីជាការឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត
ជាពិសេសអ្នកដែលត្រូវបានឃុំឃាំង ធ្វើទារុណកម្ម
និងបាត់បង់ជីវិតនៅគុកទួលស្លែងនេះ ក៏ដូចជាទីកន្លែងពាក់ព័ន្ធផ្សេងទៀត
ដូចជាវាលពិឃាតជើងឯកនិងការដ្ឋានបង្ខំឲ្យធ្វើការនៅព្រៃស (មន្ទីរ
ស-២៤)។
បូជនីយដ្ឋាននៃការចងចាំ
និងរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នេះ
ត្រូវបានសាងសង់ឡើងនៅលើទីតាំងបូជនីយដ្ឋានចាស់
ដែលសាងសង់ពីឈើនៅទសវត្សរ៍ឆ្នាំ១៩៨០
ដោយរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។
កាលពី៥០ ឆ្នាំមុន ទីនេះគឺជាទីធ្លាសម្រាប់សិស្សានុសិស្សរត់លេង ដែលពោរពេញទៅដោយសំឡេងសើចក្អាកក្អាយ និងប្រកបដោយសុទិដ្ឋិនិយមអំពីអនាគត ហើយ
កាលពី៤០ ឆ្នាំមុន
ស្រមោលនៃសង្គ្រាមបានគ្របដណ្តប់មកលើទីធ្លាសាលារៀននេះ
ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងបានថា ភាពខ្មៅងងឹតនោះ នឹងមានទំហំធំប៉ុណ្ណាទេ
នៅឆ្នាំបន្តបន្ទាប់នោះ។ ទីនេះបានក្លាយជាទីកន្លែងប្រកបដោយអំពើយង់ឃ្នង
ការឈឺចាប់ និងការភ័យរន្ធត់។ ប៉ុន្តែ ស្លាកស្នាមនៃអំពើយង់ឃ្នង
ការឈឺចាប់នេះហើយ
ដែលជាហេតុនាំទៅដល់ការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះឧក្រឹដ្ឋកម្ម
ដែលបានប្រព្រឹត្តិនៅទីនេះ។ ថ្ងៃនេះ យើងទាំងអស់គ្នាឈរនៅទីនេះ
ដើម្បីផ្តល់កិត្តិយស និងចងចាំដល់អ្នកដែលបានបាត់បង់ជិវិត
និងប្រកាសនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការទប់ស្កាត់នូវឧក្រឹដ្ឋកម្មបែបនោះមិនឲ្យវិលត្រឡប់មកវិញ
ទាំងនៅកម្ពុជាក៏ដូចជាទីកន្លែងដទៃទៀតនៅលើពិភពលោកនេះ។ ដូច្នេះ
ខ្ញុំជឿជាក់ថា បូជនីយដ្ឋានដែលទើបសាងសង់ថ្មីនេះ មានគោលដៅដូចខាងក្រោម៖
១. បូជនីយដ្ឋាននេះ
គឺជាទីកន្លែងដ៏សំខាន់មួយសម្រាប់អ្នករស់រានមានជីវិត
និងក្រុមគ្រួសារជនរងគ្រោះ
ដើម្បីរំឮកដល់សាច់ញាតិដែលបានស្លាប់បាត់បង់ជីវិត
និងដើម្បីបន្ធូរបន្ថយនូវក្តីឈឺចាប់ និងសេចក្តីសោកសង្រេងរបស់ខ្លួន។
២. តាងនាមឱ្យប្រជាជនកម្ពុជាបច្ចុប្បន្ន
បូជនីយដ្ឋាននេះគឺជាការទទួលស្គាល់នូវការរងទុក្ខវេទនាដ៏ធំធេងនិង
មិនអាចបំភ្លេចបានរបស់ជនរងគ្រោះ
និងអ្នកដែលនៅរស់រានមានជីវិតពីគុកទួលស្លែង
ក៏ដូចជារបបកម្ពុជាប្រជាធិបតេយ្យទំាងមូល។
៣. បូជនីយដ្ឋាននេះ គឺជាការរំលឹកដល់ប្រជាជនកម្ពុជា
និងអ្នកដែលមកទស្សនាទីនេះទាំងអស់ ឱ្យនឹកឃើញជានិច្ច និងមិនអាចបំភ្លេចបាន
នូវឧក្រិដ្ឋកម្មដ៏រន្ធត់
ដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
៤. សម្រាប់កូនចៅរបស់យើង បូជនីយដ្ឋាននេះ
រួមជាមួយនឹងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផង
គឺជាទីកន្លែងមួយសម្រាប់អប់រំដល់មនុស្សជំនាន់ក្រោយឱ្យចងចាំ
និងចូលរួមទប់ស្កាត់កុំឱ្យរបបដ៏ខ្មៅងងឹតនេះវិលត្រឡប់មកជាថ្មី
ម្តងទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សានុសិស្ស
ក្នុងឱកាសដ៏វិសេសវិសាលនេះ និងដោយមានវត្តមានជនរងគ្រោះជាច្រើននាក់
ជាពិសេសអ្នកដែលនៅរស់រានមានជីវិតពីឧក្រិដ្ឋកម្មនៃគុកទួលស្លែងនេះផង
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការសាងសង់បូជនីយដ្ឋាននេះឡើង
នឹងជួយបន្ធូរបន្ថយផ្នែកផ្លូវចិត្តរបស់បងប្អូន
និងសាច់ញាតិរបស់ជនរងគ្រោះដែលបានបាត់បង់អាយុជីវិត
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ខ្ញុំសូមអរគុណជាពិសេសដល់លោកពូ ជុំ ម៉ី និងលោកពូ ប៊ូ ម៉េង
ដើមបណ្តឹងរដ្ឋប្បវេណី
និងជនរងគ្រោះដទៃទៀតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ដែលបានស្នើសុំឲ្យមានការសាងសង់បូជនីយដ្ឋាននៅសារមន្ទីប្រល័យពូជ
សាសន៍ទួលស្លែងនេះ និង
ផ្តល់មតិយោបល់ដ៏មានអត្ថន័យក្នុងការធ្វើឲ្យបូជនីយដ្ឋាននេះលេចចេញជារូប
រាងពិតប្រាកដឡើង។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពគាំពារជនរងគ្រោះ
នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចំពោះការរៀបចំ
និងសម្របសម្រួលការសាងសង់នេះ
ដោយសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ជាពិសេសអគ្គនាយកដ្ឋានបេតិកភណ្ឌ។ ការសាងសង់បូជនីយដ្ឋាននេះឡើង
គឺជាផ្នែកមួយនៃកម្មវិធីសំណងមានលក្ខណៈផ្លូវចិត្តនិងសមូហភាពរបស់អង្គជំនុំ
ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា
ជានិច្ចជាកាលតែងតែបានគាំទ្រយ៉ាងសកម្ម នាពេលកន្លងមក ក៏ដូចជាទៅអនាគត
ដើម្បីបន្តកសាងសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនានា
សំដៅផ្តល់សំណងលក្ខណៈផ្លូវចិត្តនិងសមូហភាពផ្សេងៗទៀតជូនដល់ជនរងគ្រោះ
និងនាំមកនូវសន្តិភាព ស្ថិរភាព និងភាពសម្បូរណ៍រុងរឿងជូនប្រជាជន
និងប្រទេសកម្ពុជាទាំងមូល។
ខ្ញុំមានជំនឿថា ប្រជាជនកម្ពុជា ក៏ដូចជាអ្នកដែលបានជួយឧបត្តម្ភគ្រាំទ្រ
នឹងមានអារម្មណ៍ធូរស្បើយ ហើយបន្តកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល
ក្នុងការផ្តល់នូវយុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាល
និងប្រជាជនអាល្លឺម៉ង់ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត Joachim Baron von
Marschall ដែលជានិច្ចកាលបានជួយគាំទ្រដល់ដំណើរការស្វែងរកយុត្តិធម៌
និងការផ្សះផ្សារជាតិនៅកម្ពុជា
ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ
កម្ពុជាតាំងពីដើមដំបូងមក
ជាពិសេសបានជួយគាំទ្រដល់អង្គភាពគាំពារជនរងគ្រោះ
និងកម្មវិធីសំណងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
និងបានធ្វើឲ្យបូជនីយដ្ឋាននេះលេចចេញជារូបរាងឡើង។
មុននឹងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា
ខ្ញុំសូមសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្ត
គាំទ្រពេញទំហឹងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ហើយខ្ញុំក៏សូមបញ្ជាក់សារជាថ្មីម្តងទៀតនូវឆន្ទៈរបស់រាជរដ្ឋាភិបាល
ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ
និងភាគីពាក់ព័ន្ធទាំងអស់
ដើម្បីឱ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបេសកកម្ម
របស់ខ្លួនដោយជោគជ័យ និងដើម្បីផ្ទេរនូវកេរដំណែលដ៏មានអត្ថន័យ
និងយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូលផងដែរ។
ជាទីបញ្ចប់ ខ្ញុំសូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
និងសូមជូនពរដល់ឯកឧត្តម លោកជំទាវ តំណាងស្ថានទូតទាំងអស់ ព្រមទាំងឯកឧត្តម
លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ លោក លោកស្រី
និងជនរងគ្រោះទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អ
ទទួលបានជោគជ័យក្នុងការងារ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។