Thursday, March 26, 2015

សម្តេច​តេជោ បើកឱកាស​ដល់​សិស្ស​ជាប់បាក់​ឌុប​និទ្ទេស D និង E ប្រលង​ចូលរៀន​ផ្នែក​ពេទ្យ


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសំរេច ជាគោលការណ៍អនុញ្ញាតឲ្យសិស្សដែលទទួលបាននិទ្ទេសD និង និទ្ទេស E ក្នុងការប្រលង មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០១៤​ និងឆ្នាំ បន្តបន្ទាប់ទៀតអាច ធ្វើការប្រលង ចូល សិក្សា ជំនាញពេទ្យ នៅសាកលវិទ្យា ល័យសុខាភិបាល ។

ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនាពេលនេះ គឺនៅគ្រាដែលក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុង ធ្វើ កំណែ     ទំរង់ប្រពន្ធ័អប់រំនៅកម្ពុជា ពិសេសការប្រលងមធ្យម សិក្សាទុតិយភូមិ ក្នុង ឆ្នាំ ២០១៤កន្លងទៅ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី ២៦ មីនា នៅ សាលសន្និសីទនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចតេជោ បានបញ្ជាក់ថា ដោយយោង ទៅ លើបរិបទថ្មី នៃកំណែទំរង់ក្នុងការ ប្រលងមធ្យមសិក្សាទុតិយភូមិ  របស់ក្រសួងអប់រំ  ដែល អត្រា សិស្សជាប់មាន ចំនួនតិច ដូច្នោះចាប់ពីពេលនេះតទៅរាជរដ្ឋាភិបាល ផ្តល់ឱកាស សំរាប់សិស្ស ដែលមាននិទ្ទេស D និង E អាចចូលប្រលងមុខវិជ្ជាពេទ្យ។

យ៉ាងណាក្តីសម្តេច បានបញ្ជាក់ថា មិនមែនយកសិស្សដែលបានប្រលងក្នុងឆ្នាំសិក្សា ២០១២ រឺ ២០១៣នោះទេ គឺយកត្រឹមឆ្នាំ ២០១៤ តទៅ ប៉ុណ្ណោះ។

គួររំលឹកថា​កន្លង ទៅក្រសួង សុខាភិបាល បានសំរេចជ្រើសរើសសិស្សដែលជាប់បាក់ឌុប ចាប់ពី និទ្ទេស A B និង C ទើបអាចមានលទ្ធភាពប្រលងចូលរៀននៅសាលាពេទ្យបាន ដោយ សារអ្នកប្រលងជាប់មានចំនួនច្រើន រហូតដល់ទៅជាង៩០%។ ប៉ុន្តែឆ្នាំ ២០១៤ ផ្ទុយពីឆ្នាំ ២០១៣ ការប្រលងមធ្យមសិក្សាទុតិយភូមិ មានភាពតឹងរ៉ឹងខ្លាំង ដែលធ្វើឲ្យអត្រា ធ្លាក់មាន រហូតដល់ជាង៦០% ដូច្នេះការលើកទឹកចិត្ត និងផ្តល់ឱកាសឲ្យសិស្សនិទ្ទេស D និង E អាច ចូលប្រលង គឺជាភាពចាំបាច់។

គួររំលឹកថា ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤ចំនួនពីរលើកកន្លងទៅ ចំនួនអ្នក ប្រលងជាប់មានប្រមាណ៤០%ប៉ុណ្នោះ ក្នុងចំណោមបេក្ខជនមានសិទ្ធិប្រលងចំនួនជាង ៩ម៉ឺននាក់ នោះក៍ដោយសារការធ្វើកំណែទំរង់ស៊ីជំរៅរបស់រដ្ឋមន្ត្រី ក្រសួងអប់រំថ្មី ឯកឧត្តម ហង់ ជួនណារ៉ុន។
         
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់នៃ​ក្រសួងអប់រំ​ យុវជន និងកីឡា ដោយជំរុញ និងពង្រីកកម្ម វិធីអប់រំកុមារតូច ឲ្យបានល្អ បន្ត​យកចិត្តទុកដាក់លើការពង្រីកកម្មវិធីផ្តល់ អាហារូបករណ៍សំរាប់សិស្សពូកែ និង សិស្សជួបការ​លំបាក សិស្សនារីជាដើម ដើម្បីធានានូវការផ្តល់ឱកាសដល់ពួកគាត់។ ក្នុងនោះត្រូវធានា​ប្រសិទ្ធ​ភាពនៃ ការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភាសា​បរ​ទេស និងវិទ្យាសាស្ត្រសង្គមឲ្យមានប្រសិទ្ធិភាព ពិសេសអនុវត្តឲ្យសកម្មលើគោល​នយោបាយ​លើក​កំពស់គុណភាព និងប្រសិទ្ធិភាពអប់រំនៅកំរិត ឧត្តមសិក្សា។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿង ឥស្សរិយយស​ថ្នាក់​មហាសេរីវឌ្ឍ ជាមួយទឹកប្រាក់១០០លានរៀល ដើម្បីជាគំរូដល់គ្រូទូទៅនៅកម្ពុជា។ ក្នុង​នោះដែរ សម្តេចតេជោ ក៍បានផ្តល់រង្វាន់ នាយកសាលាឆ្នើមចំនួន៣រូប និងគ្រូបង្រៀន​ឆ្នើម​ទូទាំងប្រទេសចំនួន៥នាក់ ផងដែរ៕ 

No comments:

Post a Comment