Friday, October 30, 2015

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា




រដ្ឋសភាបង្ហាញនីតិវិធីផ្លូវច្បាប់ នៃការដកដំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា

បន្ទាប់ពីសម័យ​ប្រជុំលើកទី៥ នីតិកាលទី៥ របស់រដ្ឋសភា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ បានបោះឆ្នោតដក​ដំណែងអនុប្រធានទី១រដ្ឋសភាពី លោក កឹម សុខា បានធ្វើរួចនៅវេលា ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាជាតិនៃព្រះរា​ជាណាចក្រកម្ពុជា ក៏បានចេញ សេចក្តីថ្លែងការណ៍ដែល​បញ្ជាក់ពីនីតិវិធីផ្លូវច្បាប់ ក្នុងដំណើរការបោះ​ឆ្នោតដកតំណែង លោក កឹម សុខា។
រដ្ឋសភាបាន​គូសបញ្ជាក់ថា របៀបវារៈនៃការបោះឆ្នោត​ដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា ពីលោក កឹម សុខា គឺបានធ្វើឡើង​ស្របតាមប្រការ ១៩ និងប្រការ ២០ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា តាមសំណើរបស់​តំណាងស្ត្រចំនួន៦៣រូប ដោយបានស្នើសុំ ចាត់ទុកជាការប្រញាប់។ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានបន្តថាយោងតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការបោះឆ្នោត​ជ្រើសរើសតំណែងប្រធាន និងអនុប្រធាន រដ្ឋសភា គឺត្រូវធ្វើឡើងដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដូចនេះ ក្នុងករណីដែលត្រូវមានការផ្លាស់ប្តូរមុខតំណែងនេះ ក៏ទាមទារឲ្យរដ្ឋសភា​ត្រូវធ្វើការបោះឆ្នោត ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋ​សភាទាំងមូលដូចគ្នាផងដែរ។
ដោយឡែកមាត្រា ៨៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងតែអំពីករណីដែល មុខតំណែងប្រធាន និងអនុប្រធាននៃរដ្ឋសភា នៅទំនេរដោយសារការលាលែង ឬការទទួល អនិច្ចកម្មតែប៉ុណ្ណោះ ប៉ុន្តែមាត្រា៨៧នេះ ពុំបានហាមឃាត់រដ្ឋសភា ក្នុងការផ្លាស់ប្តូរមុខតំណែង ប្រធាន ឬអនុប្រធាននៃរដ្ឋសភាឡើយ។
ជាមួយគ្នានេះដែរ រដ្ឋសភាក៏បានធ្វើលិខិតជូន​គណបក្សសង្រ្គោះជាតិ ដើម្បីស្នើបេក្ខជនថ្មី សម្រាប់តំណែង​អនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ ជំនួសលោក កឹម សុខា ស្របតាមស្មារតី នៃប្រការ៤ នៃកិច្ចព្រម​ព្រៀងស្តីពីដំណោះស្រាយ​នយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ដែលកិច្ចព្រម​ព្រៀងនេះ ពុំបានកំណត់ថា អ្នកណានឹងត្រូវធ្វើ​ជាអនុប្រធានទី១​រដ្ឋសភានោះទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

តើកម្ពុជាពិតជាប្រទេសដែលមានរបៀបដឹកនាំបែបពួកហ្វាស៊ីស ផ្តាច់ការមែនឬ?

បទអត្ថាធិប្បាយ
អត្ថបទដោយ:
ឧត្តម សក្តិ


ខណ:ពេលដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា លិទ្ធិ​ប្រជាធិបតេយ្យសេរីនៅ​ព្រះរាជាណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យ មានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលគឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញតិ និងនីតិប្រតិបត្តិ ត្រូវបានកំណ​ត់ពីការជ្រើសតាំងទ្បើងវិញ ឫត្រូវជំនួសតាមពេល វេលាទៀងទាត់។ ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ហ៊ានអះអាងថា ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ ប្រៀប​ប្រដូច​ទៅ​ការ​ដឹក​នាំ​តាម​របប​ហ្វាស៊ីស ផ្តាច់ការ ​   ដូចនៅប្រទេស​អ៊ីតាលី​កាល​ពីសង្រ្គាម​លោក​លើកទី​២ នោះ​​ទៅវិញ?

តើអ្វីទៅហៅថារបៀបដឹកនាំនៅកម្ពុជា? ហើយអ្វីទៅហៅថារបៀបដឹកនាំតាមបែបពួក​​ហ្វាស់​​ស៊ី?

ប្រជាធិបតេយ្យ ឬផ្តាច់ការហ្វាស៊ីស មិនសំដៅលើការអះអាង ចោទប្រកាន់ និងការស្រាយ របស់បុគ្គលណាម្នាក់នោះទេ ពោលគឹវាស្ថិតនៅលើការអនុវត្តជាក់ស្តែងរបស់មេដឹកនាំរដ្ឋនីមួយៗតែប៉ុណ្ណោះ។ ជាក់ស្តែងកម្ពុជាបានអនុវត្ត​តាមគន្លងប្រជាធិបតេយ្យ​ពេញលេញ លើគោលការណ៍សំខាន់ៗ ដែលរួមមាន ៖ ប្រពន្ធ័ពហុបក្ស ការបោះឆ្នោតសេរី ត្រឹមត្រូវនិងទៀងទាត់  ​ការទទួលស្គាល់លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការអត់អោន​ខាងនយោបាយ ការទទួលខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភអំណាច កាការសិទ្ធិមនុស្ស នីតិរដ្ឋ សេដ្ឋកិច្ចទីផ្សារសេរី។ល។

ការអនុវត្ត​យ៉ាងខ្ជាប់​​ខ្ជួន​​របស់រាជរដ្ឋាភិបាលលើគោលកាណ៍ខាងលើ  ត្រូវបានធានាយ៉ាងច្បាស់ថា គណបក្ស​នយាបាយ​ទាំងអស់នៅ​កម្ពុជា អាច​ប្រកួតប្រជែង​​គ្នា​នៅ​ក្នុង​រង្វង់​ច្បាប់ តាមរយ:ការបង្កអោយមាន​ការ​បោះឆ្នោត​ទៀងទាត់​ ដើម្បីជ្រើសរើស​​តំណាង​រាស្រ្ត​ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង​ ឃុំ​ សង្កាត់ ដោយមាន​ការ​បោះឆ្នោត​ទូលំ​ទូលាយ​​ ដោយសេរី​ និង​យុត្តិធម៌​ អាច​ទទួលយក​បាន​ពីគ្រប់​ភាគី​ ដែលបច្ចុប្បន្ន​រដ្ឋា​ភិបាល​កំពុង​តែអនុវត្ត​យ៉ាងខ្ជាប់ខ្ជួន។ លទ្ធផល​នៃការ​បោះឆ្នោត​ម្តងៗ​ ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នក​សង្កេត​ការណ៍ជាតិ និង​អន្តរជាតិ​។​

ជាងនេះទៅទៀត នៅកម្ពុជា​មាន​ការបែងចែក​អំណាចច្បាស់​លាស់​ ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​អំណាច​​នីតិ​បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ​។ ទន្ទឹមនឹង​នេះ កម្ពុជាក៏មាន​ស្ថាប័ន​ឯករាជ្យ​​មួយចំនួន ​​ដូចជា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាជ្ញាធរ​សវនកម្ម​ជាតិ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​​។ រាល់កិច្ចការ​នយោបាយ​ និង​កិច្ចការ​ធំៗ​របស់​ជាតិ ត្រូវបាន​សម្រេច​​ដោយមតិ​​ភាគ​ច្រើន​គឺ៥០​បូក​១ ដែលកម្ពុជាបាន និងកំពុង​អនុវត្ត​កិច្ច​ការ​នេះនៅក្នុង​រដ្ឋសភាបច្ចុប្បន្ន ។

តើនៅលើពិភពលោកនេះមានប្រទេសណា​មួយទៀត ​ដែលគេកំ​ពុង​អនុវត្តនូវគោលការណ៍ខាងលើដូចកម្ពុជា ហើយ​ លោក​ សម​ រាំ​ង្ស៊ី ចោទ​ថា​​ គេ​កំ​ពុងមាន​​របៀបដឹកនាំប្រ​ទេស​របស់​គេ​បែបហ្វាស៊ីផ្តាច់ការនោះ​?

ក្នុងនយ័នេះ លោក សម រស្ស៊ី ពិតជាវង្វេងរង្វាន់ ឬក៏​ធ្វើជាមិនដឹងខ្យល់ ថានៅក្នុងលទ្ធិហ្វាស៊ីស​ផ្តាច់ការ បុគ្គល ឬមនុស្សមួយក្រុមតូចជាអ្នកកាន់អំណាច រាល់ផលប្រយោជន៍ទាំងអស់ ពួកគេជាអ្នកទទួល។ សម្តីរបស់មេដឹកនាំហ្វាស៊ីសផ្តាច់ការគឺជាច្បាប់។​ ជនផ្តាច់ការ ឬក្រុមអ្នកដឹកនាំហ្វាស៊ីសទាំងនោះមិនដែលចេះទទួលខុសត្រូវចំពោះឆន្ទ:របស់រាស្រ្ត​​ម្តងណាទ្បើយ។

ក្នុង​ន័យ​នេះ បើកម្ពុជាជាប្រទេសហ្វាស៊ីសផ្តាច់ការពិត​មែន​នោះ តើលោកសមរង្ស៊ី និងបក្សពួកអាចធ្វើនយោបាយបែបអនាធិបតេយ្យ ញ៉ុះញ៉ុង បំភ្លើសបំភ្លៃ បំបែកបំបាក់ ដឹក​នាំ​ចលនា​​ផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយ:បដិវត្តពណ៍ បង្កព្យុះភ្លៀងនៅកម្ពុជាតាមតែទំនើងចិត្ត ដូចបច្ចុប្បន្ននេះបានដែរឬទេ?

ក្នុងដំ​ណើរ​ការ​ពង្រីក​ និង​ពង្រឹងខ្លួនលើមាគ៌ាប្រជាធិបតេយ្យ    លោក ហ៊ុន សែន  បាន​ដឹក​​នាំ​​រាជ រដ្ឋាភិបាល​ ពី​ដំណាក់កាលមួយ​ទៅ​ដំ​ណាក់​កាល​មួយ ពីប្រទេស​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ ​ មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នក​ផ្ដល់​ជំនួយ និងអ្នក​វិនិ​យោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក-ក្រៅស្រុក បាន​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​ច្រើន។ ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់។ ផលិត​ផល​នាំ​ចេញ​ក៏​បាន​កើន​ជា​លំដាប់។ កម្ពុជា​ត្រូវបានអន្ដរជាតិវាយតម្លៃថា មានកំណើនសេ​ដ្ឋកិច្ចខ្ពស់​។

ការ​ប្រកាន់​យក​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​​លទ្ធិប្រជា​ធិបតេយ្យ សេរី​ពហុបក្ស ​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​ការ​សង្គម និងសេដ្ឋកិច្ច​ ពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​ការ​​ប្រកាន់​យ​ក​​គ្រប់​វិធានការ​ច្បាប់ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ តើ​នេះ​ជា​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ បែប​​របប​ហ្វាស៊ីសផ្តាច់ការមែន​ឬ?

ចុះបើ លោក​ សមរង្ស៊ី​ និងបក្សពួកអាចធ្វើនយោបាយបែបអនាធិបតេយ្យ អាច​ដឹក​នាំ​ចលនា​​ផ្តូលរំលំរដ្ឋាភិបាលតាមរយ:បដិវត្តពណ៍នៅ​កម្ពុជា​ដូច​សព្វ​ថ្ងៃ ចុះបើ​គណ​:ដឹក​នាំ​របស់ ​លោក​ សមរង្ស៊ី​ របស់​គណ​បក្ស​សង្រ្គោះ​ជាតិ ធ្វើ​ការ​ដឹក​នាំ​​សំ​រេច​ការ​ងារ​ក្នុង​ជួរបក្ស​តាម​បែប​ផ្តាច់​ការ​ ចង់​ដេញ​ឬ​ដក​សមាជិកគណកម្មការជាន់ខ្ពស់បាន​​​ស្រេច​តែចិត្ត ...​។ល។​តើ​មិន​បាន​ន័យ​ថា ​លោក​ សមរង្ស៊ី និង​​គូកន គឺ​ជា​ក្រុម​ដែល​មាន​និន្នាការ​ «ហ្វាស៊ីស-ផ្តាច់​ការ»​ ទៅ​វិញទេ​ឬ​អី?

លទ្ធផលស្ទង់មតិពលរដ្ឋក្នុងនិងក្រៅប្រទេសអំពីការទម្លាក់តំណែងលោកកឹម សុខាពីអនុប្រធានទី១រដ្ឋសភា

គ្រាន់តែរយៈពេល​ប្រមាណ២ម៉ោងប៉ុណ្ណោះ ប្រជាពលរដ្ឋប្រមាណ 151392នាក់ បានបោះឆ្នោតគាំទ្រ ការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ខណៈដែលសម្លេងមិនគាំទ្រ មានប្រមាណជាង ២ម៉ឺនប៉ុណ្ណោះ ​ ​នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

ជាលទ្ធផល​នៃការស្ទង់មតិ ប្រជាពលរដ្ឋចុច បោះឆ្នោតថា គាំទ្រ មានចំនួន 151392សម្លេង ស្មើនឹង86% និងចុចបោះឆ្នោតថា មិនគាំទ្រ មានចំនួន24051ស្មើនឹង១៤% ដែលការបោះឆ្នោតសរុបមានចំនួន175443សម្លេង។

លោក កឹម សុខា ត្រូវបានដកដំណែងអនុប្រធានទី១រដ្ឋសភា ដោយសម្លេង៦៨ លើ៦៨

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោត ដកតំណែងហើយ នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីរដ្ឋសភាបានបើកកិច្ចប្រជុំ ដែលមានរបៀបវារៈបោះឆ្នោតដកតំណែង លោក កឹម សុខា នៅវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃសុក្រនេះ។ ការដកតំណែងនេះ ក៏ធ្វើឡើងបន្ទាប់ពីមានបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅនៅមុខរដ្ឋសភា ដោយប្រជាពលរដ្ឋបានសំណូមពរឲ្យ ដកដំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតទម្លាក់តំណែង លោក កឹម សុខា ធ្វើឡើងក្រោម អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយ រដ្ឋសភាបានសម្រេចបោះឆ្នោតទម្លាក់ តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់លោក កឹម សុខា ដោយសម្លេង៦៨ លើ៦៨។
ក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ ដកតំណែងរបស់លោក កឹម សុខា នេះធ្វើឡើងតាមសំណើររបស់ ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។
ការដកដំណែង លោក កឹម សុខា នេះដែរ រដ្ឋសភាក៏មានឯកសារស្តីពីសម្រង់ញត្តិ របស់ប្រជាពលរដ្ឋដែលទាមទារឲ្យដកដំណែងអនុប្រធានទី១នៃរដ្ឋសភាពីលោក កឹម សុខា ដោយក្នុងនោះញត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួនប្រមាណជាង៥០០០នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ចំនួន ១៩.១៨៤នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តត្បួងឃ្មុំ ចំនួន ១០.៣៨១នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ចំនួនប្រមាណជាង ១៥.០០០នាក់ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ និងញត្តិរបស់ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ចំនួន ១៨៣.០០០នាក់ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥។
ក្រៅពីនោះក៏មានញត្តិរបស់តំណាងរាស្ត្រ គោរពជូន សម្តេចប្រធានរដ្ឋសភា ដោយបាន សរសេរថា យើងខ្ញុំជាតំណាងរាស្ត្រ ដែលមានឈ្មោះ និងហត្ថលេខា ប៉ែន បញ្ញា និង ជាម យៀប សូមជម្រាបជូនថា លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ក្រោយពីបានទទួល តំណែងអនុប្រធានទី១ រដ្ឋសភា បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្តីពីលក្ខនត្តិកៈតំណាងរាស្ត្រ។ ជាមួយគ្នានេះ នៅពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ឬសមាជិកខ្លួន ឬទៅបរទេសក្នុង លក្ខណៈឯកជន លោក កឹម សុខា តែងតែឆ្លៀតប្រើសិទ្ធិជាអនុប្រធានទី១ រដ្ឋសភា រំលោភលើ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។ ជាងនេះទៅទៀត លោក កឹម សុខា បានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ និងសេចក្តីថ្លែងការណ៍រួម រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥។ លោក កឹម សុខា បានវាយប្រហារ ជេរប្រមាថ ជាបន្តបន្ទាប់មកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជាផ្ទុយនឹងគោលការណ៍នៃវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ។ ញុះញង់បញ្ហាព្រំដែន ព្រមទាំងបញ្ឆេះនូវគំនុំជាតិសាសន៍ ជាមួយប្រទេសជិតខាង ហើយបង្កឲ្យមានចលាចល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់ សន្តិសុខជាតិ និងធ្វើសកម្មភាពឃោសនា ញុះញង់បំបែកបំបាក់ បង្កអស្ថិរភាពក្នុងសង្គមជាតិ។
ផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតនៅព្រឹកនេះ ការដកតំណែងលោក កឹម សុខា ត្រូវបានធ្វើឡើងដោយរលូនជាទីបំផុត។ ទន្ទឹមនឹងរដ្ឋសភា បានបោះឆ្នោត ដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាមកទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ទាំង២៣រូប ក៏ត្រូវបញ្ចប់តំណែងជាស្វ័យប្រវត្តិជាមួយនឹងលោក កឹម សុខា នេះផងដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី