Friday, October 30, 2015

រដ្ឋសភាបង្ហាញនីតិវិធីផ្លូវច្បាប់ នៃការដកដំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា

បន្ទាប់ពីសម័យ​ប្រជុំលើកទី៥ នីតិកាលទី៥ របស់រដ្ឋសភា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ បានបោះឆ្នោតដក​ដំណែងអនុប្រធានទី១រដ្ឋសភាពី លោក កឹម សុខា បានធ្វើរួចនៅវេលា ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាជាតិនៃព្រះរា​ជាណាចក្រកម្ពុជា ក៏បានចេញ សេចក្តីថ្លែងការណ៍ដែល​បញ្ជាក់ពីនីតិវិធីផ្លូវច្បាប់ ក្នុងដំណើរការបោះ​ឆ្នោតដកតំណែង លោក កឹម សុខា។
រដ្ឋសភាបាន​គូសបញ្ជាក់ថា របៀបវារៈនៃការបោះឆ្នោត​ដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា ពីលោក កឹម សុខា គឺបានធ្វើឡើង​ស្របតាមប្រការ ១៩ និងប្រការ ២០ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា តាមសំណើរបស់​តំណាងស្ត្រចំនួន៦៣រូប ដោយបានស្នើសុំ ចាត់ទុកជាការប្រញាប់។ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានបន្តថាយោងតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការបោះឆ្នោត​ជ្រើសរើសតំណែងប្រធាន និងអនុប្រធាន រដ្ឋសភា គឺត្រូវធ្វើឡើងដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដូចនេះ ក្នុងករណីដែលត្រូវមានការផ្លាស់ប្តូរមុខតំណែងនេះ ក៏ទាមទារឲ្យរដ្ឋសភា​ត្រូវធ្វើការបោះឆ្នោត ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋ​សភាទាំងមូលដូចគ្នាផងដែរ។
ដោយឡែកមាត្រា ៨៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងតែអំពីករណីដែល មុខតំណែងប្រធាន និងអនុប្រធាននៃរដ្ឋសភា នៅទំនេរដោយសារការលាលែង ឬការទទួល អនិច្ចកម្មតែប៉ុណ្ណោះ ប៉ុន្តែមាត្រា៨៧នេះ ពុំបានហាមឃាត់រដ្ឋសភា ក្នុងការផ្លាស់ប្តូរមុខតំណែង ប្រធាន ឬអនុប្រធាននៃរដ្ឋសភាឡើយ។
ជាមួយគ្នានេះដែរ រដ្ឋសភាក៏បានធ្វើលិខិតជូន​គណបក្សសង្រ្គោះជាតិ ដើម្បីស្នើបេក្ខជនថ្មី សម្រាប់តំណែង​អនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ ជំនួសលោក កឹម សុខា ស្របតាមស្មារតី នៃប្រការ៤ នៃកិច្ចព្រម​ព្រៀងស្តីពីដំណោះស្រាយ​នយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ដែលកិច្ចព្រម​ព្រៀងនេះ ពុំបានកំណត់ថា អ្នកណានឹងត្រូវធ្វើ​ជាអនុប្រធានទី១​រដ្ឋសភានោះទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment