Monday, January 13, 2020

កិច្ចប្រជុំក្តាប់សភាពការណ៍សន្តិសុខ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ពង្រឹងបង្ការទប់ស្កាត់បំបែក រាល់បាតុភាពបង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណ:អភិបាលខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ស្ថាប័នតុលាការ កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ជាពិសេសត្រូវសំរេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានដាក់បញ្ជារចេញទៅ ដែលជាការអនុវត្តន៍តាមគោលការ ផែនការ ការតព្វកិច្ច ភារកិច្ច តាមគោលដៅរៀងខ្លួន គឺដាច់ខាតត្រូវធ្វើឲ្យខានតែបាន ពោលគឺការពារប្រសើរជាងព្យាបាល ដែលស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។
បន្ថែមលើសពីនេះ កងកំលាំងមានសមត្ថកិច្ចទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុងស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឲ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្តុំ រាល់បាតុភាពបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ឲ្យមានប្រសិទ្ធភាពដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕


លោក ប៉ាន សូរស័ក្តិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ

កំពង់ចាម៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យ និងសមិទ្ធផលនានានៅវត្តកុមារាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រៃឈរ និង ស្រុកបាធាយ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ «អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឃុំបឹងណាយដែលបានចំណាយពេលវេលា និងធនធានជាច្រើន ក្នុងការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍ឃុំ ក្នុងនោះបានឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ គ្រួសារសព គ្រួសារជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងវត្តអារាមជាដើម។
ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានរំលេចពីសមិទ្ធផលធំៗយ៉ាងច្រើន ដែលកើតចេញកិច្ចខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានគួរជាទីមោទនៈដូចជា៖
– សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំធ្វើឱ្យប្រជាជនបាននឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។
– ដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តបន្តប្រកបដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
– សន្តិភាព និងស្ថេរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
– លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច និងការបែងចែកផ្លែផ្កានៃកំណើនសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.៥៤៨ (មួយពាន់ប្រាំរយសែសិបប្រាំបី) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ (មួយពាន់ប្រាំមួយរយចិតសិបប្រាំបួន) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម១០% នាពេលបច្ចុប្បន្ន ហើយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយទោះបីជាត្រូវបង់ដោយតម្លៃណាក្តី៕




រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ នៅក្នុងប្រការ៣នៃសេចក្តីសម្រេចដដែលនេះបានឱ្យដឹងថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមអានសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖




កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យការដាំបង្គោលអគ្គិសនីប៉ះពាល់ដើមឈើក្នុងចម្ការព្រៃឈើរបស់រដ្ឋជាមួយក្រុមហ៊ុនអគ្គិសនី

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោក ស្រី សុទ្ធា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារដាំបង្គោលអគ្គិសនីប៉ះពាល់ដើមឈើក្នុងចម្ការព្រៃឈើរបស់រដ្ឋ ជាមួយភាគីពាក់ព័ន្ធរួមមានក្រុមហ៊ុនអគ្គិសនី កែ វ៉ារិន សាខាលង្វែក និងចុះទៅពិនិត្យទីតាំងផ្ទាល់ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ។

ដោយមានការចូលរួមពីរដ្ឋបាលព្រៃឈើថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ក្រុមការងារលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អាជ្ញាធរឃុំក្រាំងល្វា និងលោកមេភូមិខ្សាច់សរ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ។ តាមរយៈកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុនអគ្គិសនី កែ វ៉ារិន សាខាលង្វែក បានលើកឡើងថា បង្គោលដែលដាំហើយប៉ះពាល់ដើមឈើត្រូវកាប់ ប្រមាណ ៤២០ដើម ស្ថិតក្នុងប្រវែងដី ១៥០០ម៉ែត្រ។ ខណ្ឌរដ្ឋបាលព្រៃឈើបានលើកឡើងថារដ្ឋបាលព្រៃឈើបានមកចូលរួមប្រជុំរឿងនេះជាមួយអាជ្ញាធរស្រុក និងក្រុមហ៊ុន ១លើករួចមកហើយ ដោយផ្អាកការកាប់កូនឈើសិនដោយរងចាំការដោះស្រាយពីក្រសួងសិន។

បន្ទាប់ពីកិច្ចប្រជុំនេះក្រុមកាងារ និងភាគីពាក់ព័ន្ធ បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដើមឈើដែលត្រូវកាប់នោះ។ ជាលទ្ធផលលោក ស្រី សុទ្ធា នឹងរៀបចំឯកសារពាក់ព័ន្ធចងក្រងជារបាយការណ៍ដាក់ជូនលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីស្នើសុំយោបល់ ៕





រាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យផ្លាស់ប្តូរទីតាំងវិនិយោគព្រលានយន្តហោះកោះកុងថ្មី ពីក្រុងខេមរភូមិន្ទ ទៅស្រុកមណ្ឌលសីមា លើផ្ទៃដីពី៤០០-៦០០ហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ឲ្យមានការផ្លាស់ប្តូរទីតាំងវិនិយោគ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ពីទីតាំងចាស់ក្នុងក្រុងខេមរភូមិន្ទ ទៅកាន់ទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា។ នេះតាមលិខិត លេខ ១៩២២សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះ លើផ្ទៃដីទំហំប្រមាណពី៤០០ហិកតា ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបន្តនីតិវិធីដើម្បីចាប់ផ្តើមកសាង»។
លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាំទ្រចំពោះការផ្តាល់ប្តូរទីតាំងចាស់ទៅទីតាំងថ្មីនេះ ប៉ុន្តែក្នុងនាមជាស្ថាប័នជំនាញ ចាំបាច់ត្រូវការសិក្សាដើម្បីធានាថា ការហោះហើររបស់កម្ពុជា មិនប៉ះពាល់ដល់ដែនអាកាសរបស់ប្រទេសថៃ។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបានដឹងពីការផ្លាស់ប្តូរទីតាំងព្រលានយន្តហោះនេះហើយ ប៉ុន្តែខាងជំនាញត្រូវការត្រួតពិនិត្យបន្ថែមបន្តិចទៀត ដើម្បីសិក្សាពីលទ្ធភាពក្នុងការប្រើប្រាស់ដែនអាកាស ដើម្បីធានាថាការហោះហើររបស់យើង មិនប៉ះពាល់ទៅនឹងអធិបតេយ្យភាព ដែនអាកាសនៃប្រទេសជិតខាង»។
សូមជម្រាបថា គម្រោងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុងនេះ ជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។
ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី ៕

អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យពលរដ្ឋយកពាក្យ«អរគុណសន្តិភាព» ចងចាំក្នុងចិត្ត និងចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណី នៅបឹងក្រម ក្នុងស្រុកមេមត់ទាំងអស់គ្នា

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានស្នើពលរដ្ឋទូទាំងខេត្ត យកពាក្យអរគុណសន្តិភាព ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេសជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដើម្បីកូនចៅយើងជំនាន់ក្រោយ បានទទួលផលយ៉ាងលើសលប់នៃសុខសន្តិភាព។ លោកបានថ្លែងបែបនេះ ទៅកាន់លោកតាលោកយាយ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសលោកតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់កុដិថ្មី និងសមិទ្ធិផលនានា ក្នុងវត្តពោធិ៍សុវណ្ណមុនីរាម (ហៅវត្តពោធិ៍ងើប) ភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើការកសាងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នឹងបន្តឈរលើទស្សនៈវិស័យច្បាស់លាស់ ដោយក្នុងនោះកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០។
លោកបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសអ្នកមានទៅបាននោះ លុះត្រាតែមានសុខសន្តិ ភាពពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិ បាលកម្ពុជា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាបទៅ។
ជាមួយគ្នានោះ លោក ជាម ច័ន្ទ សោភ័ណ បានអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីតាមបែបប្រពៃណីរបស់បងប្អូននៅបឹងប្រវត្តិសាស្ត្រ បឹងក្រម ក្នុងឃុំជាំ ក្រវៀន ស្រុកមេមត់ នាដើមខែកុម្ភៈខាងមុខនេះ ដែលជាទេសចរណ៍រដូវកាល ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតាបុព្វបុរសរបស់យើង និងបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូន មកពីគ្រប់ទិសទី ក្នុងពេលដែលយើងមានសន្តិភាពពេញលេញនេះ ក្នុងនោះក៏មានជារង្វាន់ សម្រាប់អ្នកចាប់ត្រីបានច្រើនជាងគេផងដែរ។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងភរិយា បានប្រគេនបច្ច័យ១០លានរៀលដល់វត្តពោធិ៍សុវណ្ណមុនីរាម ព្រមទាំងចែកជូនថវិកាដល់លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំង និងសិស្សានុសិស្សដែលបានចូលរួម ដោយសរុបទាំងអស់ថវិការ២០លានរៀលផងដែរ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីមានឱកាសអភិវឌ្ឍន៍ឲ្យរីកចម្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងឲ្យដឹងថា ប្រទេសកម្ពុជា បច្ចុប្បន្នមានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋ ចង់ធ្វើដំណើរកំសាន្តសប្បាយនៅតាមទីរមណីយដ្ឋានជិត ឬឆ្ងាយដោយមិនភ័យព្រួយ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១២មករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិត ឬឆ្ងាយក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សង្ឃឹមថា នឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅអាទិត្យក្រោយនេះ។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា។
អរគុណសន្តិភាព

ប្រជាពលរដ្ឋស្រុកកំពង់សៀមប្រមាណ៧ពាន់នាក់មកពិនិត្យ-ព្យាបាលជម្ងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី

កំពង់ចាម៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានរៀបចំពិធីពិនិត្យ-ព្យាបាលជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅវិទ្យាល័យសម្តេចជួនណាត ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖
– ប្រធានក្រុមការងារចុះជួយឃុំទាំង ១៥ឃុំ ក្នុងស្រុកកំពង់សៀម,ក្រុមប្រឹក្សាស្រុក,គណៈអភិបាលស្រុក,មន្ទីរ-អង្គភាពវិញខេត្ត
– លោក លេង ផាលី រដ្ឋលេខាក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
– លោក ចាន់ សុវុឌ្ឍ សមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា
– សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម
– លោក លោកស្រី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៥៤៩នាក់ ស្រី ៣៥១នាក់។
– មានបងប្អូនប្រជាពលរដ្ឋមក ពិនិត្យ-ព្យាបាលជម្ងឺ ចំនួន ៦,៧៨៩នាក់ ស្រី ៤,៤៨១នាក់ ។
ក្នុងកម្មវិធីនេះមានការឧបត្ថម្ភពីលោក វេង សាខុន រដ្ឋ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ឧបត្ថម្ភ ថវិកា ១៧,០០០,០០០រៀល និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភថវិកា ៤,០០០,០០០រៀល៕



ប្រធានរដ្ឋសភាកម្ពុជា ប្រាប់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកថា យន្តការសភាមានសារៈសំខាន់ ក្នុងការកសាងសន្តិភាព ហើយកម្ពុជាគំាទ្រនយោបាយពហុនិយម !

អូស្រ្តាលី៖ លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF លើកទី២៧ បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
លោកបានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការ និងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ។
លោកប្រធានរដ្ឋសភា បានជម្រាបវេទិកា APPF ថា អំណាចរបស់សភា ស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាច ដល់ការចូលរួមរបស់ប្រជាជន ក្នុងនយោបាយពិភពលោក។
កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។
ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។
លោក ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកនេះដែរ ក្នុងនាមលោក ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។
លោក ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។
លោកបានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេច បាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែក ចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅចំពោះមុខប្រតិភូចូលរួម ទំាងសមាជិក និងអ្នកសង្កេតការណ៍ប្រមាណ៣០ប្រទេស លោក តូនី ស្មីត ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋ ដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ។
ប្រធាន APPF លើកទី២៨ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការស្រឡាញ់ជុំវិញបញ្ហាសន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេចលើវិស័យទំាងអស់នោះ នឹងបម្រើដល់ផលប្រយោជន៍ប្រជាជន នៅក្នុងតំបន់ និងសកលលោក។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក «The Asia Pacific Parliamentary Forum» ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក។
អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។
លោក តូនី ស្មីត បានស្វាគមន៍ដល់បណ្តាប្រទេសផ្សេងទៀត ចូលជាសមាជិក APPF ជាពិសេសបណ្តាប្រទេស ដែលជាកោះនៅជុំវិញប្រទេសអូស្ត្រាលី។ ប្រធានរដ្ឋសភាអូស្រ្តាលី គូសបញ្ជាក់ថា APPF បានផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រតិបត្តិការមួយដ៏ស្មោះត្រង់ ក្នុងការដោះស្រាយបញ្ហារួមជូនពលរដ្ឋ៕
ខាងក្រោមនេះជាខ្លឹមសារទំាងស្រុងនូវសុន្ទរកថារបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំ APPF លើកទី២៨ នៅប្រទេសអូស្រ្តាលី៖









លោក ហេង សំរិន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំប្រចំាឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នៅប្រទេសអូស្ត្រាលី

អូស្រ្តាលី៖ លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅវិមានរដ្ឋសភាប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំសំខាន់មួយ ដើម្បីអនុម័តលើរបៀបវារៈដំណើរការ នៃកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។
លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធានAPPF លើកទី២៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលមានសមាជិកចូលរួមដូចជា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្សឡង់ និងកាណាដា។
ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំអញ្ជើញឲ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ទំាងខ្លឹមសារកិច្ចប្រជុំ និងការរៀបចំ ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលី រំពឹងថា ជាបទពិសោធន៍ល្អពីកម្ពុជា ដែសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំ APPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ទៅមុខទៀត។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ត្រូវបានសម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យឡើងមានប្រសាសន៍ ជម្រាប APPF ពីជោគជ័យសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧កាលពីឆ្នាំ២០១៩៕



ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទីនឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានថ្លែងថា ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណ ងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប។ តាមរយៈទំព័រ Facebook លោក ហ៊ុន សែន បានថ្លែងអរគុណជន រួមជាតិ ដែលបានចូលរួមលើកតម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិ ភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរការធ្វើ ដំណើររបស់ប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នាផងដែរ៕