Wednesday, May 29, 2024

ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងដែលបន្តយករឿងបោះឆ្នោតនៅកម្ពុជា ទៅបង្កើតវិទ្ធង្សនានយោបាយ



ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែលនៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ដើម្បីបង្កើតវិទ្ធង្សនានយោបាយ។ 


ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានលើកឡើងថា ក្រុមអ្នកធ្វើនយោបាយប្រឆាំង ជាពិសេសទណ្ឌិតដែលកំពុងរត់ភៀសខ្លួន និងវិទ្យុបរទេសនៅក្រៅស្រុក ពួកគេតែងតែទាញយកព្រឹត្តិការណ៍នានារបស់កម្ពុជា ដូចជាករណីបោះឆ្នោតជាដើម ទៅបង្កើតវិទ្ធង្សនានយោបាយតាមរូបភាពផ្សេង ដើម្បីតែកេញចំណេញលើការធ្វើនយោបាយរបស់ពួកគេតែប៉ុណ្ណោះ។


ស្របជាមួយនឹងការលើកឡើងខាងលើ ប្រធានក្រុមយុវជនសង្គមស៊ីវិលរូបនេះ បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង និងវិទ្យុបរទេសនៅក្រៅស្រុកដែលពួកគេនៅតែបន្តធ្វើវិទ្ធង្សនានយោបាយចំពោះលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះនៅកម្ពុជា។ 


លោកបន្តថា បច្ចុប្បន្ននេះ សម្ទុះនៃការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការបោះឆ្នោត ឬចេនាអាក្រក់របស់ក្រុមប្រឆាំង គឺពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយ ដូច្នេះការប៉ុនប៉ងវិទ្ធង្សនានយោបាយរបស់ក្រុមប្រឆាំង ដើម្បីតែបង្កើតអស្ថិភាពនយោបាយ និងភាពចលាចលនៅកម្ពុជានោះ គឺមិនអាចទទួលបានជោគជ័យឡើយ៕




ឯកឧត្តម ហេង សួរ បើកសិក្ខាសាលាស្តីពីការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព



នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។


ការរៀបចំធ្វើឡើងនៃសិក្ខាសាលា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយន្តដឹកទំនិញទៅជាប្រភេទរថយន្តដឹកអ្នកដំណើរសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ 


សិក្ខាសាលានេះ គឺជាលើកទី៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឡើងដើម្បីស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន៕





កម្ពុជា ស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ



នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុនឯកជនផងដែរ។ 


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ មានជាអាទិ៍ទៅកាន់ប្រទេសចិន និងប៉ែកអឺរ៉ុប ពីព្រោះផលិតផលកសិកម្មរបស់ខ្មែរ បានកំពុងមានសក្តានុពលរួមមាន ស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករ ដែលត្រូវការក្រុមហ៊ុនជួយផ្សព្វផ្សាយធ្វើទីផ្សារ ដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស។


ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕






ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត



នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប និងជម្រាបលា  ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។  ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។ 


បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។ សម្ដេចធិបតី បានលើកឡើងថា “នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច។ 


បន្ទាប់ពីបញ្ចប់ជំនួបនេះ  សម្ដេចធិបតី  និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង” ផងដែរ ៕





ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា




នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។ ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។


មុននឹងបញ្ចប់ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទរបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀតនឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគនៅកម្ពុជា ៕









សម្ដេចធិបតី​ លើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ព្រោះថា​ ទោះបីជាប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ

 


នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។


បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្ដីអំពីវឌ្ឍនភាពការងារ ការចូលរួមសកម្មភាពសង្គម និង សំណូមពរបស់សមាគមរួចមក សម្ដេចធិបតី បានមានប្រសាសន៍សំណេះសំណាល ដោយបានអរគុណចំពោះសមាគម​ ដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្រ្តាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំងបានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ បន្ថែមលើនេះ  សម្តេចធិបតី ក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេស​ សមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេស​ ការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ 


សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ​ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ការធ្វើទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។


ក្នុងឱកាសនេះ សម្ដេចធិបតី ក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើកិច្ចការសំខាន់៣ ដូចខាងក្រោម៖  (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង​ ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង​ ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។ 


មុននឹងបញ្ចប់ សម្ដេចធិបតី បានសម្រេចចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖ 

១. ឯកភាពតាមការស្នើសុំ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសរួចហើយ  កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអប់រំ ដែលបានផ្តល់ការអនុគ្រោះដូចអ្វីដែលជាការស្នើសុំ របស់សមាគម។

២. ឯកភាព ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនរួមមាន៖ គ្រឹះស្ថានសិក្សាត្រូវអនុវត្តកាតព្វកិច្ចកាន់បញ្ជីគណនេយ្យត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម ហើយគ្រឹះស្ថានសិក្សាគួរមានឆន្ទៈ រៀបចំ ផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សាស្រាវជ្រាវ និងចូលរួមការបណ្ដុះបណ្ដាលស្តង់ដាគណនេយ្យដែលរៀបចំដោយនិយ័តករគណនេយ្យនិងសវនកម្ម និងគ្រឹះស្ថានបណ្ដុះបណ្ដាលផ្សេងៗទៀត ខិតខំជំរុញបន្ថែមនូវសកម្មភាពផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលមានស្រាប់។

៣. ឯកភាពក្នុងការផ្ដល់នូវអគារជាន់ទី១ បន្ថែមទៀត នៃអគារបណ្ណាល័យបច្ចុប្បន្ន ដើម្បីឱ្យសមាគមប្រើប្រាស់ក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។


ជាទីបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិត នៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាពកាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍មូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕




















សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” តសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធ​ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”  តសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។

 «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។ 

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ។