ក្នុងឱកាសនៃការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី នៅលើទឹកដីអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ ឯកឧត្តម សម រង្ស៊ី ថាជាដៃគូសន្ទនាដៃល្អមួយក្នុងការដោះស្រាយបញ្ហា។
ថ្លែងប្រាប់តំណាងអង្គទូតប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ សម្តេចតេជោ បានមានប្រសាសន៍ថា «យើងខ្ញុំចេះទាស់គ្នា យើងខ្ញុំក៏ចេះត្រូវគ្នាដែរ»។ សម្តេច បន្តថា ព្រឹត្តិការណ៍នយោបាយថ្មីៗនេះជាដំណាក់កាលថ្មីដែលបានមកពី វប្បធម៌សន្ទនា ជំនួសដោយវប្បធម៌ប្រទុស្តរាយ និងការកាប់សម្លាប់។ សម្តេច តេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា «ខ្ញុំបានធ្វើកិច្ចការនេះដោយអំណត់ជាមួយសមភាគីរបស់ខ្ញុំ គឺឯកឧត្តមសម រង្ស៊ី»។
សម្តេច បានឲ្យដឹងថា ជាងពាក់កណ្តាលជីវិតរបស់សម្តេច គឺសម្តេចបាន តស៊ូ ឆ្លងកាត់តំណាក់កាលនៃការចរចាជាច្រើន ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ និងនាំឲ្យមានការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពទឹកដីមកដល់សព្វថ្ងៃនេះ។ ក្នុងន័យថា ក្នុងដំណើរជីវិតរបស់សម្តេច គឺសម្តេចតែងតែជាអ្នកចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជា ជាជាងការប្រើប្រដាប់អាវុធ។ ក្នុងនោះសម្តេចក៏បានរំលឹកអំពី ប្រវត្តិនៃការចរចាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ រហូតទទួលបានជោគជ័យ រំលឹកអំពី បញ្ហាប្រឈមមុនឆ្នាំ១៩៩៥ ខ្មែរមានបែងចែកជា៥ក្រុម គឺខ្មែរខៀវ ខ្មែរស ខ្មែរក្រហម ខ្មែរស៊ីជម្ពូរ និងខ្មែរខាងភាគីរដ្ឋាភិបាល គឺខ្មែរមានការបែកបាក់សាមគ្គីជាតិ និងបន្តរហូតមកដល់ឆ្នាំ១៩៧០ ដល់១៩៧៥ ខ្មែរបែកជាពីរទៀត គឺសម្តេចព្រះនរោត្តម សីហនុ និងសេនាប្រមុខលន់ នល់ ហើយបន្ទាប់ពីរបប លន់ នល់ដួលរលំ គឺប្រទេសត្រូវបានគ្រប់គ្រង បំផ្លិចបំផ្លាញដោយរបបប្រល័យពូចសាសន៍ប៉ុល ពត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា សង្រ្គាមកើតឡើងដែលជាបទពិសោធន៍មួយសម្រាប់រូបសម្តេច ប៉ុន្តែ ដោយសារសម្តេចគិតថា ជម្រើសតែមួយគត់សម្រាប់ដោះស្រាយគឺ «ទុកច្រកឲ្យគេរស់ ទុកច្រកឲ្យគេមានលទ្ធភាពនៃការធ្វើអ្វីដែលខុសពីយើង»។ ដូច្នេះ អីឡូវនេះគ្មានការដោះស្រាយណាមួយតាមកម្លាំងប្រដាប់អាវុធទៀតនោះទេ យើងមានតែការស្រុះស្រួលគ្នា ហើយនិងត្រូវបន្តលើកកម្ពស់វប្បធម៌សន្ទនានេះថែមទៀត ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះ ឯកឧត្តម សម រង្ស៊ី និងចាត់ទុក ឯកឧត្តម សម រង្ស៊ី ថាជាសហស្ថាបនិកនៃវប្បធម៌សន្ទនា។ សម្តេចបញ្ជាក់ថា បើគ្មានឯកឧត្តម សម រង្ស៊ី អ្វីៗក៏ធ្វើមិនបានដែរ។ សម្តេចតេជោ បានបន្តថា ការសន្ទនានេះ គឺដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានបើកឱកាសឲ្យពង្រីកវប្បធម៌សន្ទនានេះ បើអាចធ្វើបាន គឺធ្វើជាមួយគណបក្សនយោបាយដទៃទៀត គឺធ្វើតាមរូបមន្ត ២ បូកអ៊ិច ( 2+X ឬ1+x ) ដែលសម្តេចមានជំនឿថា គណបក្សកាន់អំណាច និងគណបក្សឯកឧត្តម សម រង្ស៊ី គឺអាចធ្វើទៅកើត។ សម្តេចតេជោ បានបន្ថែមថា នៅក្នុងវប្បធម៌សន្ទនារវាងសម្តេច និងឯកឧត្តម សម រង្ស៊ី គឺគ្មានការសន្ទនាណាមួយ ដែលនាំដល់ការបំផ្លាញប្រទេសជាតិនោះទេ។ សម្តេច បានបញ្ជាក់ជាថ្មីទៀតថា វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ត្រូវបានបញ្ចប់ហើយ ហើយសម្តេចក៏បានរំលឹកពីសម្តីរបស់ ឯកឧត្តម សម រង្ស៊ី ថាធ្លាប់បាននិយាយជាមួយសម្តេចថា បើខ្មែរសាមគ្គីគ្នា គឺខ្មែរខ្លាំង ។ ពិតមែនតែការតស៊ូមតិលើកឡើងពីខំណុចខុសគ្នាខ្លះ ប៉ុន្តែ គោលការណ៍ជារួម គឺខ្មែរសាមគ្គីគ្នា និយាយគ្នាបាន ដូច្នេះ មិនចាំបាច់ឲ្យបរទេសមកគាបសង្កត់ខ្មែរនោះទេ។ យ៉ាងណាមិញ ពាក់ព័ន្ធ នឹងការជួយសម្រួលនិតិវិធីតាមផ្លូវច្បាប់ អ្នកជាប់ទោសមួយចំនួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ជួបជុំក្រុមគ្រួសារ គឺបានកើតចេញពីការយោគយល់គ្នា សន្ទនាគ្នារវាងខ្មែរ និងខ្មែរ។ សម្តេចថ្លែងថា សហរដ្ឋអាមេរិកធ្លាប់បានគាបសង្កត់ឲ្យសម្តេច ត្រូវតែដោះលែងអ្នកជាប់ទោសមួយចំនួនជាបន្ទាន់ ប៉ុន្តែ សម្តេចតេជោ មានប្រសាសន៍ថា ប្រទេសមួយចំនួនកំពុងគាបសង្កត់លើទឹកចិត្ត និងអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែ តាមរយៈ វប្បធម៌សន្ទនា ដោយឈរលើស្មារតីឯកភាពជាតិ សម្តេចតេជោ ក៏បានយល់ព្រមសម្រួលលើការងារមួយចំនួនតាមការយោគយល់គ្នាជាមួយ ឯកឧត្តម សម រង្ស៊ី។ សម្តេចតេជោ បានបញ្ជាក់ជាច្រើនដងថា « មានតែដៃគូសន្ទនាដែលមានភាពស័ក្តិសម ទើបអាចធ្វើការជាមួយគ្នាបាន និងដោះស្រាយបញ្ហាចេញ បានជោគជ័យ»៕