Tuesday, April 14, 2015

សម្តេច​តេជោ បន្ត​ចូល​រួម​ដោះ​ស្រាយ​ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​កៅស៊ូ ភូមិ​គោក​ចន្ទ ភូមិ​ព្រៃគុយ ក្នុងក្រុង​សៀមរាប ​ជាបន្ត​ទៀត



បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏នៅ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  ឆ្នាំ២០១៥ នៅ ប្រាសាទអង្គរវត្ត កាលពីព្រឹក១៤ ​ខែមេសា រួចមក នៅរសៀលថ្ងៃ​ដដែលនេះ សម្តេចអគ្គ​ មហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អមដំណើរ​ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  យឹម ឆៃលី ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌល​សៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីអ្នកមុខ អ្នកការ​សំខាន់ៗ​បានអញ្ជើញបន្តដំណើរទៅដោះស្រាយ  ទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ​នៅភូមិចុង​កៅស៊ូ សង្កាត់ស្លក្រាម ភូមិគោកចន្ទ និងភូមិព្រែកគុយ សង្កាត់អំពិល  ក្រុងសៀមរាប ខេត្តសៀមរាប ជាបន្តទៀត​។

ប្រជាពលរដ្ឋ​មាន​ទំ​នាស់​ដីធ្លី​ នៅ​ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមមាន​ចំ​នួន ១៦១គ្រួសារ និង​ភូមិភូមិ​គោកចន្ទ ភូមិព្រៃគុយ សង្កាត់អំពិល  មាន​ចំ​នួន​២៥៥គ្រួសារ សរុបទាំងអស់​ចំនួន​៤១៦គ្រូសារ។ សកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេច ក្នុង​ការ​ចុះ​ដោះ​ស្រាយ​ដោយ​ផ្ទាល់​លើបញ្ហាវិវាទ​ដី​ធ្លីជាបន្តទៀតនេះ បានធ្វើឱ្យប្រជា​ពលរដ្ឋ​ មានសេចក្តីរំភើប​រីករាយ​ និងអំណរ សាទរ យ៉ាងជ្រាលជៅបំផុត រកអ្វីមកប្រៀប​ផ្ទឹម​ពុំបានឡើយ។
នៅភូមិចុងកៅស៊ូ    សម្តេចតេជោនាយករដ្ឋមន្រ្តី​ បន្ទាប់ពីបានស្តាប់នូវសំណូមពរ ​និងសេចក្តី​ត្រូវការ​ចាំបាច់នានារបស់ប្រជាពលរដ្ឋនៅទីនោះរួចមក សម្តេច បានសម្រេចផ្តល់ដីទំហំ ២០​ម៉ែត្រ គុណ៤០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសាររួម​ទាំងផ្តល់ការកសាង​ផ្លូវកៅស៊ូ​ចំនួន​៥ខ្សែ ទទឹង៨ម ប្រវែងជាង១០០០ម ដែលនឹងធ្វើជាជំហានៗ ។
ជាមួយនឹងការ​ដោះ​ស្រាយ​សំណូមពរខាងលើ សម្តេចតេជោ ក៏បានយក​ឱកាសនេះ​ជំរាបជូន​ប្រជាពលរដ្ឋ អំពីការសម្រេចរបស់សម្តេច ដែលបានចុះហត្ថលេខាលើអនុក្រិត្យ​ថ្មីរួចហើយ​ ដែលបានសម្រេចផ្តល់ដីដែលប្រជាពលរដ្ឋកំពុងរស់នៅ ឱ្យមានកម្មសិទ្ធិស្របច្បាប់ ដោយមិន​ឱ្យពួកគាត់ទៅណានោះទេ ប៉ុន្តែអនុក្រិត្យនេះ នឹងត្រូវប្រកាសជូនជាផ្លូវការនៅ​ថ្ងៃទី១៧ខែ​មេសាខាងមុខ។ សម្តេចបានមានប្រសាសន៍ផ្តាំផ្ញើទៅប្រជាពលរដ្ឋទាំងនេះថា បន្ទាប់ពី​បានដីរួច ត្រូវខិតខំធ្វើម៉េច ធ្វើផ្ទះឱ្យបានល្អ ចៀសវាងទាស់គ្នា ហើយ ផ្នែកដែលឆក​ល្វែងណា​នោះ ត្រូវរក្សាទុកសម្រាប់ជាប្រយោជន៍សាធារណៈរបស់ភូមិ ដូចជាការរក្សាទុកសម្រាប់​កសាង​សាលារៀន និងសមិទ្ធផលសាធារណៈផ្សេងៗ ។ ក្រៅ​ពី​នេះ សម្តេតេជោ ​ក៏បាន​ ផ្តាំផ្ញើឱ្យអាជ្ញាធរពាក់ព័ន្ធ​ចុះវាស់វែងជូនពួកគាត់ឱ្យបានឆាប់ ។
ក្នុងពិធីជួបសាកសួរសុខទុក្ខ​ដោយផ្ទាល់នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការអភ័យ​ទោស​ ប្រជាពលរដ្ឋដែលមានបញ្ហាប៉ះពាល់ជាមួយនឹងអនុក្រិត្យដែលបាន ចុះហត្ថលេខា​តាំង​ពី​ឆ្នាំ១៩៩៥ ប៉ុន្តែបញ្ហាពាក់ព័ន្ធខាងលើនេះ គឺសម្តេចទើបនឹងដឹងក្នុងរយៈពេលក្រោយនេះ ជាពិសេស គឺឯកឧត្តម អភិបាលខេត្ត ព្រមទាំងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ​បានលើកឡើង នៅក្នុងមហាសន្និបាត។ ដូច្នេះហើយទើប សម្តេចបញ្ជាឱ្យដោះស្រាយ ប៉ុន្តែ​ការដោះស្រាយមិនទាន់ចេញរួចទៀត ទើបក្នុងពេលនេះ សម្តេច ចុះមកដោយ​ផ្ទាល់​តែ​ម្តង។
នៅចំពោះមុខប្រជាពលរដ្ឋដែលរស់នៅលើដីទំនាស់នោះ សម្តេចតេជោ មាន​ប្រសាស​ន៍ថា ក្នុង​នាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិ​បាល សម្តេច មិនអាចមើលរំលង និងព្រងើយកន្តើយក្នុង​ការ​ រកដំណោះស្រាយជូនប្រជាពលរដ្ឋកម្ពុជាដែលទទួលរងនូវការរំលោភបំពាន និងការ​កៀប​សង្កត់​ដោយរូបភាពណាទាំងអស់ ដែលបង្កឡើងដោយបញ្ហាទំនាស់ដីធ្លីនោះទេ។
សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនៃការអញ្ជើញចូលរួមដោះស្រាយ​ដោយផ្ទាល់ជាមួយ​នឹង​ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាអចិន្រៃ្តយ៍លើកដីទំនាស់ជាមួយនឹងអាជ្ញាធរជាតិអប្សរា សម្តេចតេជោនាយករដ្ឋមន្រ្តី បានតាមដានស្តាប់ដោយយកចិត្តទុកដាក់​បំផុត ពីការលើក​ឡើង​ពីសំណាក់ប្រជាពលរដ្ឋ ប្រធានភូមិ ឯកឧត្តមគណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធហើយតាម​រយៈនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាដោយ​ផ្ទាល់មាត់ ជូនឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានការិយាល័យសូរិយោដីខេត្ត ធ្វើ​ការងារ​ដ៏មានសារៈសំខាន់ជាអាយុជីវិតរបស់ប្រជាពលរដ្ឋនេះ ឲ្យបានហ្មត់ហ្ចត់បំផុត ជាមួយ​នឹងថ្នាក់ដឹកនាំអាជ្ញាធរអប្សរា ដើម្បីកាត់ និងបែងចែកដីទំនាក់នៅក្នុងភូមិទាំងនេះ ជូន​ប្រជា​ពលរដ្ឋប្រើប្រាស់ជាកម្ម​សិទ្ធផ្ទាល់ខ្លួន របស់បងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។
សម្តេចតេជោមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរស់នៅជាយូរ ណាស់​មក​ហើយ មានទាំងការសាងសង់នូវសំណង់លំនៅដ្ឋានដ៏រឹងមាំ និងមានហេដ្ឋា​រចនាសម័ន្ធទៅមក ប្រកបដោយការទាក់ទាញ បើយើងដេញពួកគាត់ចេញពីតំបន់នេះ ថាតើឲ្យពួកគាត់ទៅ​រស់​នៅឯណា? សម្តេច​ បន្ថែម​ថា ទោះជានៅក្នុងឯកសារដែល​គូសឃើញ​មាន ជាង៤០ហិចតា នៅភូមិនេះ ប៉ុន្តែទោះជាគូសឃើញលើសដល់៥០ហិចតា ក៏មិនជា​បញ្ហាទេ។
នៅចុង បញ្ចប់នៃពិធីជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចុងកៅស៊ូ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរទៅកាន់ដីទំនាស់​ដែលប្រជាពលរដ្ឋ​រស់នៅតាម​ការ​អនុញ្ញាត ដោយអនុក្រិត្យឆ្នាំ៩៩ គឺភូមិគោកចន្ទ ភូមិព្រៃគុយ សង្កាត់អំពិល  ​ដែលមាន​ប្រជា​ពលរដ្ឋចំនួន១៩៥គ្រួសារជាបន្តទៀត។
សួរនាំអំពីសំណូមពរនានា ​ សម្រាប់អ្នកភូមិនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រសាសន៍ថាក្រៅពី ដីនៅតំបន់នេះដែលពាក់ព័ន្ធជាមួយអាជ្ញាធរជាតិ​អប្សារា ហាមឃាត់ ហើយធ្វើសកម្មភាពណាមួយមកលើប្រជាពលរដ្ឋត្រូវតែបញ្ឈប់ជាបន្ទាប់ មានន័យថាបើ​អាជ្ញាធរអប្សារា ធ្វើអ្វីពាក់ព័ន្ធ ប្រជាពលរដ្ឋត្រូវតែមានគោលនយោបាយ គឺបានសេចក្តីថា ដូចជាការទិញពីពួកគាត់យ៉ាងដូច្នោះដែរ គឺអត់មានមកធ្វើប្រថុយប្រថាន លេងសើច ឬអាចជា ការទិញពីប្រជាពលរដ្ឋ១០ដុល្លារ រួចហើយយកទៅលក់ឱ្យគេ១០០ដុល្លារជាដើម។ដូច្នេះ ដល់តែខឹងគោវៃរទេះ ។
​ផ្តើមពីទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយព្រហ្មវិហារធម៌របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នៅក្នុងឱកាសនេះ ប្រជាពលរដ្ឋបានសំដែងការអបអរសាទរ រីករាយយ៉ាង ខ្លាំង ហើយ​បន្ទាប់ពីបានស្តាប់សំណូមពរនានាជាច្រើនទៀតពីប្រជាពលរដ្ឋេរងគ្រោះ ជាពិសេសចំពោះ អ្នកមីង ប៉ង់ ភាត់ អាយុ៦២ឆ្នាំនៅភូមិព្រៃគុយដែលជួប​ការ​លំ​បាកដោយ​សារ​ប្រឈម​នឹង​ជម្លោះ​ដីធ្លី ​នេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានក្តីធម៌មេត្តាអាណិត​អាសូយ៉ាងខ្លាំង និងផ្តល់ថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ដើម្បីឱ្យអ្នកមីង ប៉ង់ ភាត់ បានសាងសង់ផ្ទះសម្រាប់ស្នាក់នៅ។
ជាមួយនិងការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រជាពលរដ្ឋ​អបអរសាទរ​និងថ្លែងនូវអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុត។ សូមបញ្ជាក់ដែរថា ការ​អនុវត្តគោលនយោ​បាយ​ចាស់ សកម្មភាព​ថ្មី លើវិស័យ​ដីធ្លី ដែល​បានអនុវត្ត​យ៉ាង​​សកម្មកាលពីឆ្នាំ២០១៣ គឺជា​ផ្នែក​មួយនៃនៃការអនុវត្ត​កម្មវិធី នយោបាយ​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំ​ណាក់​កាលទី២ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការដឹក​នាំប្រកប​ដោយកិត្តិ​បណ្ឌិតរបស់ សម្តេច​អគ្គ​មហា​សេ​នា​បតីតេជោ ហ៊ុន សែន បន្ទាប់​ពីការ​កែទំរង់​ដ៏ស៊ី​ជំរៅនិងដាច់ខាតលើវិស័យ​ជល​ផល កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ ដែលធ្វើឲ្យប្រជា​ពល​រដ្ឋ​មាន​ការ​សប្បាយ​រីក​រាយ ពេញចិត្តពេញ​ថ្លើម និង​គាំទ្រយ៉ាង​ពេញ​ទំហឹង  ចំពោះ​គោល​នយោបាយជាអាទិ​ភាព​នោះ។
ការ​ចូល រួមដោះស្រាយទាន់ពេលវេលា និងបានផ្តល់នូវទំនុកចិត្តខ្ពស់ថែមទៀត ក្នុងការរស់ នៅប្រកបមុខរបរចិញ្ចឹមជីវិត ពិសេសការកសាងសមិទ្ធផលសង្គមដែល​បំរើឲ្យការអភិវឌ្ឍ​សមិទ្ធ​ផល សង្គម សេដ្ឋកិច្ច និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុង រហូតដល់​ជន​បទ ពិសេសការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជា​ពលរដ្ឋកម្ពុជា៕  




No comments:

Post a Comment